សកម្មភាព
២៥ ដូច្នេះ បីថ្ងៃបន្ទាប់ពីភេស្ទុសចូលកាន់អំណាចនៅខេត្តរបស់គាត់ នោះគាត់ក៏ចេញពីក្រុងសេសារៀហើយឡើងទៅក្រុងយេរូសាឡិម។ ២ រួចមក ពួកសង្ឃនាយកនិងពួកបុរសដែលមានមុខមាត់ក្នុងចំណោមជនជាតិយូដាបានប្ដឹងគាត់អំពីប៉ូល។ ម្ល៉ោះហើយ ពួកគេចាប់ផ្ដើមអង្វរគាត់ ៣ ដោយសុំគាត់អនុគ្រោះចាត់គេឲ្យនាំប៉ូលមកក្រុងយេរូសាឡិម ព្រោះពួកគេកំពុងរៀបចំឲ្យគេពួនចាំសម្លាប់ប៉ូលតាមផ្លូវ។ ៤ ក៏ប៉ុន្តែភេស្ទុសតបថា ត្រូវឃុំប៉ូលនៅក្រុងសេសារៀ ក៏ប្រាប់ថាមិនយូរទៀតខ្លួនគាត់នឹងចាកចេញទៅក្រុងនោះដែរ។ ៥ គាត់និយាយថា៖ «ដូច្នេះ ចូរឲ្យពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាចុះទៅជាមួយនឹងខ្ញុំ ហើយចោទប្រកាន់គាត់ ប្រសិនបើបុរសនោះមានកំហុសមែន»។
៦ ម្ល៉ោះហើយ បន្ទាប់ពីគាត់នៅក្រុងយេរូសាឡិមត្រឹមតែប្រាំបីឬដប់ថ្ងៃប៉ុណ្ណោះ គាត់ក៏ចុះទៅក្រុងសេសារៀ។ លុះស្អែកឡើងគាត់អង្គុយនៅកន្លែងវិនិច្ឆ័យក្ដី ហើយបង្គាប់ឲ្យគេនាំប៉ូលចូលមក។ ៧ កាលដែលគាត់មកដល់ ជនជាតិយូដាដែលបានចុះមកពីក្រុងយេរូសាឡិមក៏ឈរជុំវិញគាត់ ហើយចោទប្រកាន់អំពីរឿងដ៏ធ្ងន់ធ្ងរជាច្រើន តែពួកគេមិនអាចរកសំអាងបញ្ជាក់បានឡើយ។
៨ ប៉ុន្តែប៉ូលនិយាយការពារខ្លួនថា៖ «ខ្ញុំមិនបានធ្វើខុសនឹងច្បាប់* ជនជាតិយូដា វិហារ ឬសេសារ* ឡើយ»។ ៩ ដោយសារភេស្ទុសចង់ផ្គាប់ចិត្តជនជាតិយូដា គាត់តបទៅប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡិម ដើម្បីទទួលការវិនិច្ឆ័យនៅមុខខ្ញុំនៅទីនោះទេ?»។ ១០ ប៉ុន្តែប៉ូលនិយាយថា៖ «ខ្ញុំកំពុងឈរនៅកន្លែងវិនិច្ឆ័យក្ដីរបស់សេសារហើយ ជាកន្លែងដែលខ្ញុំគួរទទួលការវិនិច្ឆ័យ។ ខ្ញុំមិនបានធ្វើអ្វីខុសនឹងជនជាតិយូដាទេ ដូចលោកបានឃើញច្បាស់ហើយ។ ១១ ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើអាក្រក់មែន ហើយបានធ្វើអ្វីគួរនឹងទទួលទោសដល់ស្លាប់ ខ្ញុំសុខចិត្តស្លាប់ទៅចុះ។ ក៏ប៉ុន្តែប្រសិនបើគ្មានរឿងទាំងប៉ុន្មានដូចបុរសទាំងនេះចោទប្រកាន់ខ្ញុំ គ្មានអ្នកណាអាចប្រគល់ខ្ញុំឲ្យពួកគេដើម្បីផ្គាប់ចិត្តពួកគេបានទេ។ ខ្ញុំសូមលើករឿងក្ដីទៅសេសារ!»។ ១២ បន្ទាប់ពីភេស្ទុសពិភាក្សាជាមួយនឹងពួកទីប្រឹក្សា គាត់តបថា៖ «អ្នកសុំលើករឿងក្ដីទៅសេសារ ដូច្នេះ អ្នកនឹងទៅជួបសេសារ»។
១៣ ច្រើនថ្ងៃកន្លងផុតទៅ ស្តេចអាគ្រីប៉ានិងប៊ើនីសបានមកដល់ក្រុងសេសារៀ ដើម្បីចូលជួបភេស្ទុសសម្ដែងការគួរសម។ ១៤ ដូច្នេះ ដោយសារពួកគេនឹងនៅទីនោះជាច្រើនថ្ងៃ ភេស្ទុសរៀបរាប់ប្រាប់ស្តេចអំពីរឿងប៉ូលថា៖
«មានបុរសម្នាក់ដែលភេលីចបានទុកឲ្យជាប់គុក ១៥ កាលដែលខ្ញុំនៅក្រុងយេរូសាឡិម ពួកសង្ឃនាយកនិងពួកបុរសចាស់ទុំជនជាតិយូដា បានប្ដឹងអំពីបុរសនោះ ដោយសុំឲ្យដាក់ទោសគាត់។ ១៦ ប៉ុន្តែខ្ញុំប្រាប់ពួកគេថា ច្បាប់រ៉ូមមិនអនុញ្ញាតឲ្យប្រគល់មនុស្សណាម្នាក់ដើម្បីផ្គាប់ចិត្តអ្នកណាឡើយ ទាល់តែចុងចោទបានជួបដើមចោទដោយផ្ទាល់ ហើយមានឱកាសនិយាយការពារខ្លួនស្តីអំពីរឿងដែលគេចោទប្រកាន់។ ១៧ ដូច្នេះ កាលដែលពួកគេបានមកជួបជុំគ្នានៅទីនេះហើយ ខ្ញុំមិនបានបង្អង់ឡើយ តែស្អែកឡើងខ្ញុំបានអង្គុយនៅកន្លែងវិនិច្ឆ័យក្ដី ហើយបង្គាប់ឲ្យគេនាំបុរសនោះមក។ ១៨ កាលដែលពួកអ្នកចោទប្រកាន់ឡើងនិយាយ ពួកគេមិនបានចោទអំពីការអាក្រក់ណាមួយ ដូចខ្ញុំបាននឹកស្មាននោះទេ។ ១៩ ពួកគេគ្រាន់តែមានទំនាស់ជាមួយនឹងបុរសនោះអំពីសាសនារបស់ពួកគេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូដែលបានស្លាប់ហើយ តែប៉ូលចេះតែអះអាងថានៅរស់។ ២០ ដូច្នេះ ដោយសារខ្ញុំមិនដឹងថាត្រូវដោះស្រាយទំនាស់នេះយ៉ាងដូចម្ដេច ខ្ញុំសួរឲ្យដឹងថាគាត់ចង់ទៅក្រុងយេរូសាឡិមហើយទទួលការវិនិច្ឆ័យសេចក្ដីអំពីរឿងទាំងនេះឬទេ។ ២១ ប៉ុន្តែពេលដែលប៉ូលសុំយើងឃុំគាត់រហូតដល់ទទួលការវិនិច្ឆ័យសេចក្ដីពីអធិរាជ នោះខ្ញុំបង្គាប់ឲ្យគេឃុំគាត់ រហូតដល់ខ្ញុំបញ្ជូនឡើងទៅជួបសេសារ»។
២២ នោះអាគ្រីប៉ានិយាយទៅភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនោះដែរ»។ ភេស្ទុសនិយាយថា៖ «ថ្ងៃស្អែកលោកនឹងបានស្ដាប់គាត់»។ ២៣ ម្ល៉ោះហើយ ស្អែកឡើងអាគ្រីប៉ានិងប៊ើនីសបានមកយ៉ាងអ៊ឹកអធឹកទាំងវាយឫក ក៏ចូលសាលសវនាការជាមួយនឹងពួកមេបញ្ជាការនិងពួកបុរសជាវរជននៃក្រុងនោះ។ ពេលដែលភេស្ទុសចេញបញ្ជា នោះគេក៏នាំប៉ូលចូលមក។ ២៤ រួចភេស្ទុសនិយាយថា៖ «ស្តេចអាគ្រីប៉ានិងអស់លោកដែលមានវត្តមាននៅទីនេះ ខ្ញុំសូមជម្រាបថា បុរសដែលអ្នករាល់គ្នាកំពុងឃើញនេះ ជាអ្នកដែលជនជាតិយូដាទាំងឡាយបានមកប្ដឹងខ្ញុំនៅក្រុងយេរូសាឡិមនិងនៅទីនេះដែរ ដោយស្រែកថាគាត់មិនសមនឹងរស់តទៅទៀតឡើយ។ ២៥ ប៉ុន្តែខ្ញុំយល់ឃើញថា គាត់មិនបានធ្វើអ្វីគួរនឹងទទួលទោសដល់ស្លាប់ទេ។ ដូច្នេះ ពេលដែលបុរសនេះសុំលើករឿងក្ដីទៅអធិរាជ ខ្ញុំក៏សម្រេចចិត្តបញ្ជូនគាត់ទៅ។ ២៦ ប៉ុន្តែមិនមានអ្វីដែលខ្ញុំអាចសរសេរទៅកាន់អធិរាជ* ស្តីអំពីបុរសនេះទេ។ ហេតុនេះ ខ្ញុំបាននាំគាត់មកឲ្យឈរនៅមុខអ្នករាល់គ្នា ជាពិសេសស្តេចអាគ្រីប៉ា ដើម្បីខ្ញុំអាចមានអ្វីសរសេរ បន្ទាប់ពីបានសួរចម្លើយគាត់។ ២៧ ព្រោះចំពោះខ្ញុំ គឺមិនសមហេតុសមផលទេ ប្រសិនបើបញ្ជូនអ្នកទោសទៅដោយមិនបញ្ជាក់ថាអ្នកនោះត្រូវគេចោទប្រកាន់អំពីរឿងអ្វី»។