បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/២ ទំ. ៤-៧
  • របៀបដោះស្រាយបញ្ហាដោយសន្ដិវិធី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបដោះស្រាយបញ្ហាដោយសន្ដិវិធី
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពី​អំពើ​ឃោរឃៅ​ទៅ​ការ​ត្រា​ប្រណី​វិញ
  • ការ​ប្រឈម​នឹង​ភាព​ទោរ​ទន់​ទៅ​រក​ការ​ប្រើ​អំពើ​ហឹង្សា
  • តើ​អាច​ធ្វើ​ទៅ​បាន​ឬ​ទេ?
  • ដូចសាវ័កប៉ុល ចូរបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អក្នុងកិច្ចបម្រើព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • តើអ្នកដែលធ្វើអំពើអាក្រក់អាចកែប្រែទេ?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ក្រុមជំនុំ«មានសេចក្ដីសុខសាន្តមួយគ្រា»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ហេតុដែលគេធ្វើអំពើហឹង្សា
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/២ ទំ. ៤-៧

របៀប​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្ដិវិធី

អំពើ​ហឹង្សា​រវាង​មនុស្ស គឺ​សឹង​តែ​មាន​ចំណាស់​ដូច​មនុស្ស​លោក​ដែរ។ ព្រះ​គម្ពីរ​តាម​ដាន​អំពើ​ហឹង្សា​ដល់​គ្រា​កាអ៊ីន ដែល​ជា​បង​ប្រុស​របស់​អេបិល ហើយ​ជា​កូន​ច្បង​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​ដំបូង។ នៅ​ពេល​ដែល​ព្រះ​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​របស់​អេបិល​ជា​ជាង​របស់​គាត់ នោះ​កាអ៊ីន​បាន​ខឹង​ឡើង​យ៉ាង«ក្ដៅ​ក្រហាយ»។ តើ​គាត់​ដោះ​ស្រាយ​នឹង​ស្ថានការណ៍​នេះ​ដោយ​ដូច​ម្ដេច? «កាអ៊ីន​ក្រោក​ឡើង​សំឡាប់​អេបិល​ជា​ប្អូន​ទៅ»។ ក្រោយ​មក នោះ​គាត់​ក៏​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ជា​មួយ​នឹង​ព្រះ។ (លោកុប្បត្តិ ៤:៥, ៨​-​១២) អំពើ​ហឹង្សា​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ជា​សណ្ឋាន​ដ៏​អាក្រក់​របស់​កាអ៊ីន នៅ​ចំពោះ​ព្រះ​អាទិទេព​របស់​គាត់​នោះ​ទេ។

តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជៀស​វាង​ពី​ដំណើរ​ដូច​កាអ៊ីន ក្នុង​ការ​ប្រើ​អំណាច​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ?

ពី​អំពើ​ឃោរឃៅ​ទៅ​ការ​ត្រា​ប្រណី​វិញ

សូម​ពិចារណា​មើល​បុរស​ម្នាក់ ដែល​បាន​ឈរ​មើល​ដោយ​ព្រម​ឲ្យ​គេ​សម្លាប់​ស្ទេផាន ដែល​ជា​ទុក្ករបុគ្គល​គ្រីស្ទាន​ទី​មួយ។ (កិច្ច​ការ ៧:៥៨; ៨:១) បុរស​នេះ ឈ្មោះ​សុល​ពី​ស្រុក​តើសុស ដែល​មិន​យល់​ស្រប​នឹង​ជំនឿ​របស់​ស្ទេផាន នោះ​បាន​គាំទ្រ​នូវ​ការ​សម្លាប់​យ៉ាង​ឃោរ​ឃៅ​នេះ ថា​ជា​ផ្លូវ​យុត្ដិកម្ម ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ស្ទេផាន។ ពិត​ហើយ សុល​ប្រហែល​ជា​មិន​មែន​ជា​មនុស្ស​ឃោរ​ឃៅ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​គាត់​នោះ​ទេ។ ប៉ុន្តែ គាត់​បាន​សុខ​ចិត្ត​យល់​ព្រម​នឹង​អំពើ​ឃោរឃៅ ជា​វិធី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​ស្ទេផាន​បាន​ស្លាប់​ទៅ នោះ​សុល«បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ[គ្រីស្ទាន]ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះ ចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក»។—កិច្ច​ការ ៨:៣

យោង​ទៅ​តាម​វិជ្ជាករ​ខាង​ព្រះ​គម្ពីរ លោក​អាល​បឺត បាន្ស ពាក្យ​ភាសា​ក្រិក​ដែល​បាន​បក​ប្រែ​នៅ​ទី​នេះ​ថា‹ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង› ឲ្យ​អត្ថន័យ​ជា​ការ​ហិនហោច ដែល​សត្វ​សាហាវ ដូច​តោ​និង​ឆ្កែ​ចចក អាច​ធ្វើ​ឲ្យ​មាន​នោះ។ លោក​បាន្ស ពន្យល់​ថា «សុល​បាន​មាន​កំហឹង​ប្រឆាំង​សាសនា​នោះ ដូច​ជា​សត្វ​សាហាវ នេះ​ជា​ពាក្យ​ធ្ងន់​មួយ ដោយ​ឲ្យ​អត្ថន័យ​ជា​ការ​ខ្នះ​ខ្នែង​និង​កំហឹង ដែល​គាត់​មាន​ក្នុង​ការ​ធ្វើ​ទុក្ខ​បៀត​បៀន​នោះ»។ នៅ​ពេល​ដែល​សុល​បាន​ធ្វើ​ដំណើរ​ទៅ​ដាម៉ាស ដើម្បី​ប្រមូល​ពួក​កាន់​តាម​របស់​ព្រះ​គ្រីស្ទ នោះ​គាត់«នៅ​តែ​បញ្ចេញ​សេចក្ដី​គំរាម នឹង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សំឡាប់ ដល់​ពួក​សិស្ស​នៃ​ព្រះ​អម្ចាស់[ព្រះ​គ្រីស្ទ]នៅ​ឡើយ»។ នៅ​តាម​ផ្លូវ នោះ​ព្រះ​យេស៊ូ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​មាន​បន្ទូល​ជា​មួយ​នឹង​គាត់ ហើយ​មាន​លទ្ធផល ជា​ការ​ផ្លាស់​ប្រែ​របស់​សុល​ទៅ​ចូល​សាសនា​គ្រីស្ទាន​វិញ។—កិច្ច​ការ ៩:១​-​១៩

ក្រោយ​ពី​ការ​ផ្លាស់​ប្រែ​នេះ នោះ​របៀប​ដែល​សុល​ទាក់​ទង​ជា​មួយ​អ្នក​ដទៃ​គឺ​ខុស​ពី​មុន។ ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​១៦​ឆ្នាំ​ក្រោយ​មក បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ផ្លាស់​ប្ដូរ​នេះ។ មនុស្ស​មួយ​ក្រុម​បាន​មក​ក្រុម​ជំនុំ​របស់​គាត់​នៅ​ស្រុក​អាន់ទីយ៉ូក ហើយ​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​នៅ​ទី​នោះ ឲ្យ​ធ្វើ​តាម​ក្រិត្យ​វិន័យ​ម៉ូសេ។ ជា​លទ្ធផល គឺ​មាន«សេចក្ដី​ដេញ​ដោល​គ្នា​ជា​ខ្លាំង»។ សុល ដែល​ឥឡូវ​នេះ​បាន​គេ​ស្គាល់​ជា​ប៉ុល ក៏​បាន​កាន់​ជំហរ​ក្នុង​ការ​ជជែក​នេះ។ តាម​មើល​ទៅ ពួក​គេ​មាន​ការ​ជជែក​យ៉ាង​ខ្លាំង​មែន។ ប៉ុន្តែ ប៉ុល​មិន​បាន​ធ្វើ​អំពើ​ហឹង្សា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​យល់​ព្រម​ធ្វើ​តាម​ការ​សំរេច​ចិត្ត​របស់​ក្រុម​ជំនុំ ដោយ​យក​រឿង​នេះ​ទៅ​ឲ្យ​ពួក​សាវ័ក និង​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​ជំនុំ​នៅ​ឯ​ក្រុង​យេរូសាឡិម។—កិច្ច​ការ ១៥:១, ២

ក្នុង​ក្រុង​យេរូសាឡិម ក៏«បាន​ជជែក​គ្នា​ជា​យូរ»នៅ​ឯ​ការ​ប្រជុំ​ក្នុង​ចំណោម​ពួក​អ្នក​ចាស់​ទុំ។ ប៉ុល​បាន​រង់​ចាំ​រហូត​ដល់«ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​នៅ​ស្ងៀម» ហើយ​រួច​មក គាត់​បាន​រាយ​ការណ៍​នូវ​កិច្ច​ការ​ដ៏​អស្ចារ្យ​នៃ​វិញ្ញាណ​របស់​ព្រះ ក្នុង​ចំណោម​ពួក​អ្នក​ជឿ​ដែល​ឥត​កាត់​ស្បែក។ ក្រោយ​ពី​បាន​ពិគ្រោះ​បទ​គម្ពីរ​ហើយ នោះ​ពួក​សាវ័ក​និង​ពួក​ចាស់​ទុំ​ក្នុង​ក្រុង​យេរូសាឡិម «បាន​ព្រម​ព្រៀង​គ្នា»មិន​ចង់​ដាក់​បន្ទុក​អ្វី​ទៀត​លើ​ពួក​អ្នក​ជឿ​ដែល​ឥត​កាត់​ស្បែក ក្រៅ​ពី​ដាស់​តឿន​គេ​ឲ្យ«ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ នឹង​សេចក្ដី​កំផិត​១»។ (កិច្ច​ការ ១៥:៣​-​២៩) ប្រាកដ​ហើយ ប៉ុល​បាន​ផ្លាស់​ប្ដូរ​មែន។ គាត់​បាន​រៀន​ដោះ​ស្រាយ​រឿង​ដោយ​ឥត​ប្រើ​អំពើ​ហឹង្សា។

ការ​ប្រឈម​នឹង​ភាព​ទោរ​ទន់​ទៅ​រក​ការ​ប្រើ​អំពើ​ហឹង្សា

ក្រោយ​មក​ប៉ុល​បាន​ដាស់​តឿន​ថា៖ «មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះ​អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាពរាបសា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់​ធ្មត់​ផង ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹង​ទទែង​ដោយ​មាន​ចិត្ត​សុភាព»។ (ធីម៉ូថេ​ទី​២ ២:២៤, ២៥) ប៉ុល​បាន​ដាស់​តឿន​ធីម៉ូថេ ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ដ៏​ក្មេង​ជាង ឲ្យ​ដោះ​ស្រាយ​ស្ថានការណ៍​ដ៏​ពិបាក​ដោយ​សម្លូត។ ប៉ុល​បាន​និយាយ​ត្រឹម​ត្រូវ​មែន។ គាត់​បាន​ដឹង​ថា ទឹក​ចិត្ត​អាច​មាន​ផ្ទុះ​ឡើង សូម្បី​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​ផង។ (កិច្ច​ការ ១៥:៣៧​-​៤១) ដោយ​មាន​មូលហេតុ​ល្អ នោះ​គាត់​បាន​ឲ្យ​ឱវាទ​ថា៖ «ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ»។ (អេភេសូរ ៤:២៦) ការ​ទប់​កំហឹង​ដោយ​មិន​ឲ្យ​វា​ផ្ទុះ​ឡើង​នោះ ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​នឹង​អារម្មណ៍​បែប​នោះ។ ប៉ុន្តែ តើ​អាច​សម្រេច​រឿង​នេះ​យ៉ាង​ដូច​ម្ដេច?

សព្វ​ថ្ងៃ​នេះ គឺ​មិន​ជា​ការ​ស្រួល​ទេ ក្នុង​ការ​ទប់​កំហឹង​របស់យើង​នោះ។ លោក​ស្រី​បណ្ឌិត​ឈ្មោះ ដេបូរ៉ា ផ្រុត្រូស្ទីត ដែល​ជា​នាយិកា​ជំនួយ​នៅ​ឯ​សាលា​ហា​វឺ​ត​ខាង​សុខាភិបាល​សាធារណៈ បាន​មាន​ប្រសាសន៍​ថា «ចិត្ត​ចង់​ធ្វើ​បាប​គេ​គឺ​ប្រជាប្រិយ​ណាស់។ តាម​ការ​ពិត សមត្ថភាព​ចេះ​ចុះ​ចូល​នឹង​គ្នា ដូច​ជា​ការ​ចរចា ការ​សម្រប​សម្រួល ការ​យល់​ចិត្ត ការ​អត់​ឱន​ទោស គឺ​ជា​អ្វី​ដែល​គេ​ធម្មតា​ចាត់​ទុក​ថា​ជា​របស់​មនុស្ស​ទន់​ខ្សោយ»។ ប៉ុន្តែ ទាំង​នេះ​ជា​គុណសម្បត្ដិ​ដ៏​ខ្លាំង​ក្លា ហើយ​ជា​កត្ដា​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ទប់​ទំនោរ​ឃោរ​ឃៅ ដែល​មាន​ក្នុង​ខ្លួន​យើង។

ក្រោយ​ពី​បាន​ទៅ​ជា​គ្រីស្ទាន​ម្នាក់ នោះ​ប៉ុល​បាន​រៀន​ដឹង​វិធី​ល្អ​ប្រសើរ​ជាង​នៃ​ការ​ទាក់​ទង​នឹង​មតិ​ដែល​ទាស់​គ្នា។ នេះ​គឺ​មាន​មូលដ្ឋាន​លើ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ។ ជា​វិជ្ជាករ​ដ៏​ចេះ​ដឹង​ម្នាក់​ខាង​សាសនា​យូដា នោះ​ប៉ុល​បាន​ស្គាល់​បទ​គម្ពីរ​ភាសា​ហេព្រើរ។ គាត់​ច្បាស់​ជា​ដឹង​អំពី​បទ​គម្ពីរ​ដូច​ជា «កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​ឲ្យ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ។ អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កំឡាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទី​ក្រុង​ទៅ​ទៀត។ បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់​គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង»។ (សុភាសិត ៣:៣១; ១៦:៣២; ២៥:២៨) ប៉ុន្តែ ចំណេះ​នេះ​ពុំ​បាន​បង្ការ​ប៉ុល​ទេ មុន​នឹង​គាត់​បាន​កែ​ប្រែ​ចិត្ត ពី​ការ​ធ្វើ​អំពើ​ហឹង្សា​ប្រឆាំង​នឹង​ពួក​គ្រីស្ទាន។ (កាឡាទី ១:១៣, ១៤) ប៉ុន្តែ តើ​អ្វី​ដែល​បាន​ជួយ​ប៉ុល ឲ្យ​ដោះ​ស្រាយ​រឿង​រ៉ាវ ដោយ​ការ​វែក​ញែក​និង​ការ​នាំ​ឲ្យ​យល់​ស្រប​តាម ជា​ជាង​ការ​ប្រើ​អំពើ​ហឹង្សា​នោះ?

ប៉ុល​ឲ្យ​យើង​ដឹង នៅ​ពេល​ដែល​គាត់​បាន​និយាយ​ថា៖ «ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ​គ្រីស្ទ​ដែរ»។ (កូរិនថូស​ទី​១ ១១:១) គាត់​បាន​អបអរ​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ​សំរាប់​គាត់។ (ធីម៉ូថេ​ទី​១ ១:១៣, ១៤) ព្រះ​គ្រីស្ទ​បាន​ក្លាយ​ទៅ​ជា​គំរូ​សំរាប់​ឲ្យ​គាត់​យក​តម្រាប់​តាម។ គាត់​បាន​ដឹង​នូវ​របៀប​ដែល​ព្រះ​យេស៊ូ​បាន​រង​គ្រោះ សំរាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ដែល​មាន​បាប។ (ហេព្រើរ ២:១៨; ៥:៨​-​១០) ប៉ុល​អាច​បញ្ជាក់​នូវ​ទី​សំអាង​ដែល​ថា​ទំនាយ​របស់​អេសាយ អំពី​ព្រះ​មេស្ស៊ី​បាន​ត្រូវ​សម្រេច​ដោយ​ព្រះ​យេស៊ូ ដែល​ថា៖ «ទ្រង់​ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សំឡាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ»។ (អេសាយ ៥៣:៧) សាវក​ពេត្រុស​បាន​សរសេរ​ថា៖ «កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់[ព្រះ​យេស៊ូ] នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក​កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ​ជំរះ​ដោយ​សុចរិត​វិញ»។—ពេត្រុស​ទី​១ ២:២៣, ២៤

ការ​អបអរ​របស់​ប៉ុល​ចំពោះ​របៀប​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ បាន​ប្រឈម​នឹង​ស្ថានការណ៍​ដ៏​ពិបាក បាន​ជំរុញ​ឲ្យ​គាត់​កែ​ប្រែ​ចិត្ត​មែន។ គាត់​អាច​ដាស់​តឿន​ពួក​អ្នក​ជឿ​គ្នី​គ្នា​ថា៖ «ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។ (កូល៉ុស ៣:១៣) ការ​ទទួល​ស្គាល់​ថា​យើង​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ហឹង្សា នោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ការ​អបអរ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ​សំរាប់​យើង ជួយ​យើង​ឲ្យ​មាន​ការ​ជំរុញ​ចិត្ត​ដើម្បី​មាន​ជ័យ​ជំនះ​លើ​ទំនោរ​ខាង​អំពើ​ដ៏​ឃោរ​ឃៅ។

តើ​អាច​ធ្វើ​ទៅ​បាន​ឬ​ទេ?

បុរស​ម្នាក់​នៅ​ប្រទេស​ជប៉ុន បាន​ត្រូវ​ការ​នូវ​ការ​ជំរុញ​ចិត្ត​ដ៏​ខ្លាំង​បែប​នេះ។ ឪពុក​របស់​គាត់ ដែល​ជា​ទាហាន គឺ​មាន​ចិត្ត​ឆេវ​ឆាវ​ណាស់ ហើយ​បាន​ជិះ​ជាន់​លើ​គ្រួសារ​ដោយ​ប្រើ​អំពើ​ហឹង្សា។ ជា​អ្នក​រង​គ្រោះ​នឹង​អំពើ​ហឹង្សា​បែប​នេះ ហើយ​ដោយ​បាន​ឃើញ​ម្ដាយ​របស់​គាត់​រង​គ្រោះ​ដូច​នេះ​ដែរ នោះ​បុរស​នេះ​ក៏​បាន​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​ឃោរ​ឃៅ​ដែរ។ គាត់​បាន​កាន់​ដាវ​របស់​ជប៉ុន​ពីរ​ដែល​ហៅ​ថា​សាម៉ូរៃ ដែល​មាន​ប្រវែង​ខុស​គ្នា ដែល​គាត់​បាន​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា ព្រម​ទាំង​គំរាម​កំហែង​មនុស្ស។

នៅ​ពេល​ដែល​ប្រពន្ធ​របស់​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ នោះ​គាត់​បាន​អង្គុយ​ជា​មួយ​នៅ​ពេល​គេ​សិក្សា ដោយ​ឥត​សូវ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​នោះ​ទេ។ ក្រោយ​ពី​បាន​អាន​កូន​សៀវភៅ​ដែល​មាន​ចំណង​ជើង ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ a នោះ​គាត់​បាន​កែ​ប្រែ​ចិត្ត​គំនិត​របស់​គាត់។ ហេតុ​អ្វី? គាត់​ពន្យល់​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​អាន​ពត៌មាន​ក្រោម​ចំណង​ជើង ‹ព្រះ​គ្រីស្ទ​យេស៊ូ› ហើយ​អំពី‹តម្លៃ​លោះ› នោះ​ខ្ញុំ​មាន​ចិត្ត​អាម៉ាស់​ណាស់។ ទោះ​ជា​ខ្ញុំ​ប្រកប​ជីវិត​យ៉ាង​ព្រៃ​ផ្សៃ​ក៏​ដោយ ក៏​ខ្ញុំ​ចង់​ប្រព្រឹត្ត​យ៉ាង​សប្បុរស​ចំពោះ​អស់​អ្នក​ដែល​ខ្ញុំ​ចូល​ចិត្ត​ដែរ។ ខ្ញុំ​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ពួក​ម៉ាក​របស់​ខ្ញុំ​សប្បាយ​ចិត្ត ប៉ុន្តែ​គ្រាន់​តែ​ធ្វើ​ឡើង​ដល់​កំរិត​ណា ដែល​មិន​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ។ តែ​បុត្រា​របស់​ព្រះ ព្រះ​យេស៊ូ​បាន​ត្រូវ​សុខ​ចិត្ត​បូជា​ជីវិត​របស់​ទ្រង់​សំរាប់​មនុស្ស​លោក រួម​បញ្ចូល​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ខ្ញុំ​នោះ​ផង។ ខ្ញុំ​មាន​ចិត្ត​ស្ងើច​អស្ចារ្យ​ណាស់ ហាក់​ដូច​ជា​ខ្ញុំ​បាន​ត្រូវ​ដំ​ដោយ​ញញួរ​អញ្ចឹង»។

គាត់​បាន​ឈប់​សេព​គប់​ជា​មួយ​ពួក​ម៉ាក​របស់​គាត់​ពី​មុន ហើយ​មិន​យូរ​ប៉ុន្មាន ក៏​បាន​ចុះ​ឈ្មោះ​ក្នុង​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ​ក្នុង​ក្រុម​ជំនុំ​មួយ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ សាលា​នេះ​បាន​ជួយ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ ឲ្យ​ទទួល​នូវ​ការ​ប៉ិន​ប្រសប់​ខាង​ការ​បង្រៀន​ព្រះ​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ សាលា​នេះ​បាន​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​ថែម​ទៀត​សំរាប់​បុរស​នេះ។ គាត់​នឹក​ឃើញ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​រក​តែ​គំរាម​កំហែង​និង​រក​ប្រើ​អំពើ​ឃោរឃៅ ពី​ព្រោះ​ខ្ញុំ​មិន​អាច​សម្ដែង​អារម្មណ៍​របស់​ខ្ញុំ​ដល់​អ្នក​ឯ​ទៀត។ កាល​ដែល​ខ្ញុំ​បាន​រៀន​ចេះ​សម្ដែង​ប្រាប់​ពី​គំនិត​ខ្ញុំ​ទៅ​អ្នក​ឯ​ទៀត នោះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​វែក​ញែក​ជា​មួយ​គេ ជា​ជាង​ធ្វើ​អំពើ​ហឹង្សា​នោះ​ឡើយ»។

ដូច​ប៉ុល​ដែរ តើ​បុរស​នេះ​បាន​យក​ផ្លូវ​របស់​ព្រះ​គ្រីស្ទ​ជា​របស់​ផង​ខ្លួន​ហើយ​ឬ​ទេ? ជំនឿ​របស់​គាត់​បាន​ត្រូវ​ល្បង​ល នៅ​ពេល​ដែល​អតីត​មិត្ត​របស់​គាត់ ដែល​គាត់​បាន​ជាប់​នឹង​សេចក្ដី​ស្បថ​ជា​សម្ព័ន្ធមិត្ត បាន​ខំ​បញ្ឈប់​គាត់​ពី​ការ​ក្លាយ​ទៅ​ជា​គ្រីស្ទាន។ «មិត្ត»របស់​គាត់​បាន​វាយ​គាត់ ហើយ​បាន​ប្រមាថ​មើល​ងាយ​ព្រះ​របស់​គាត់ គឺ​ព្រះ​យេហូវ៉ា។ បុរស​ដែល​មាន​ចិត្ត​ឃោរ​ឃៅ​ពី​ដើម​នេះ បាន​ទប់​ចិត្ត​របស់​គាត់ ហើយ​បាន​សុំ​ទោស ដែល​គាត់​មិន​អាច​រក្សា​សេចក្ដី​ស្បថ​នេះ។ ដោយ​ការ​តូច​ចិត្ត នោះ«បង​ប្រុស»របស់​គាត់​នេះ ក៏​មិន​បាន​រំខាន​គាត់​ទៀត​ទេ។

ដោយ​មាន​ជ័យ​ជំនះ​លើ​ទំនោរ​ឃោរ​ឃៅ​បែប​នេះ អតីត​បុរស​ដែល​មាន​ចិត្ត​ឆេវ​ឆាវ​នេះ មាន​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​ជា​ច្រើន​នាក់ ដែល​មាន​សាមគ្គីភាព​ដោយ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។ (កូល៉ុស ៣:១៤) តាម​ការ​ពិត ក្រោយ​ពី​បាន​ទៅ​ជា​គ្រីស្ទាន​បាន​២០​ឆ្នាំ​មក​ហើយ​នោះ ឥឡូវ​នេះ គាត់​បំរើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ គឺ​មាន​អំណរ​អ្វី​ម្ល៉េះ​ហ្ន៎ ដែល​គាត់​អាច​បង្ហាញ​ពី​ព្រះ​គម្ពីរ​ថា​បុរស​ដែល​មាន​ចិត្ត លក្ខណៈ​ដូច​សត្វ អាច​រៀន​ដោះ​ស្រាយ​បញ្ហា ដោយ​ឥត​ប្រើ​អំពើ​ឃោរឃៅ ដូច​គាត់​បាន​រៀន​នោះ​ដែរ! ហើយ​ជា​ឯកសិទ្ធិ​ដ៏​ល្អ​មែន ដែល​គាត់​អាច​ចង្អុល​ទៅ​ការ​សម្រេច​យ៉ាង​អស្ចារ្យ​នៃ​ពាក្យ​ទំនាយ ដែល​ថា៖ «វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ»!—អេសាយ ១១:៩

ដូច​សាវ័ក​ប៉ុល​ហើយ​និង​អតីត​បុរស​ឃោរ​ឃៅ​ម្នាក់​នេះ អ្នក​ក៏​អាច​រៀន​ដោះ​ស្រាយ​ស្ថានការណ៍​ដែល​អាច​ធ្វើ​ឲ្យ​ខឹង ដោយ​ដោះ​ស្រាយ​តាម​សន្ដិវិធី​ដែរ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​តំបន់​របស់​អ្នក​នឹង​មាន​ចិត្ត​រីករាយ ដើម្បី​នឹង​ជួយ​អ្នក។

[កំណត់​សម្គាល់]

a បាន​ត្រូវ​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥]

ប៉ុល​មាន​ចិត្ត​សម​ហេតុ​ផល។ គាត់​បាន​ដឹង​ថា អារម្មណ៍​ក៏​អាច​ទៅ​ជា​ឆួល​ឡើង​ដែរ សូម្បី​ក្នុង​ចំណោម​ពួក​គ្រីស្ទាន។

[រូប​ភាព​នៅ​ទំព័រ​៧]

ការ​អបអរ​ចំពោះ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សំរាប់​យើង នោះ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ក្សេម​ក្សាន្ត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក