ម៉ាថាយ
៧ «ឈប់វិនិច្ឆ័យអ្នកឯទៀត ដើម្បីកុំឲ្យអ្នកទទួលការវិនិច្ឆ័យ ២ ព្រោះអ្នកវិនិច្ឆ័យអ្នកឯទៀតយ៉ាងណា អ្នកនឹងទទួលការវិនិច្ឆ័យយ៉ាងនោះដែរ ហើយអ្នកវាល់ឲ្យគេប៉ុណ្ណា នោះគេនឹងវាល់ឲ្យអ្នកប៉ុណ្ណឹងដែរ។ ៣ បើដូច្នេះ ហេតុអ្វីអ្នកមើលកម្ទេចក្នុងភ្នែករបស់បងប្អូនអ្នក តែមិនគិតអំពីធ្នឹមដែលនៅក្នុងភ្នែករបស់អ្នកវិញ? ៤ ហើយតើអ្នកអាចប្រាប់បងប្អូនបានយ៉ាងដូចម្ដេចថា៖ ‹សូមឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកអ្នក› ពេលដែលអ្នកមានធ្នឹមក្នុងភ្នែកខ្លួនដូច្នោះ? ៥ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកខ្លួនអ្នកជាមុនសិន ទើបអ្នកអាចមើលឃើញច្បាស់ ដើម្បីអាចយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នកបាន។
៦ «កុំឲ្យអ្វីដែលបរិសុទ្ធដល់ឆ្កែ ហើយកុំបោះគជ់ខ្យងរបស់អ្នកនៅមុខសត្វជ្រូកឡើយ ក្រែងវាជញ្ជ្រំគជ់ទាំងនោះ រួចបែរមកខ្វេះអ្នកវិញ។
៧ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ ៨ ពីព្រោះ អស់អ្នកដែលសុំនឹងទទួល ហើយអស់អ្នកដែលរក នឹងរកឃើញ ហើយចំពោះអស់អ្នកដែលគោះ ទ្វារនឹងត្រូវបើកឲ្យ។ ៩ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំប៉័ងនោះ តើមានអ្នកណានឹងឲ្យដុំថ្មទៅកូនទេ? ១០ ចុះបើកូនសុំត្រី តើមានអ្នកណានឹងឲ្យសត្វពស់ទៅកូន? ១១ ដូច្នេះ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សទុច្ចរិត ចេះឲ្យរបស់ល្អទៅកូន ទម្រាំតែបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់អ្វីដ៏ល្អដល់អ្នកដែលសុំពីលោកយ៉ាងណាទៅហ្ន៎!
១២ «ម្ល៉ោះហើយ អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ។ តាមពិត នេះជាខ្លឹមសារនៃសេចក្ដីបង្រៀននៅក្នុងច្បាប់ និងសេចក្ដីបង្រៀនរបស់អ្នកប្រកាសទំនាយ។
១៣ «ចូរចូលតាមខ្លោងទ្វារតូច ពីព្រោះផ្លូវដែលនាំទៅដល់ការវិនាសជីវិត គឺធំហើយទូលាយផង ក៏មានមនុស្សច្រើនចូលតាមផ្លូវនោះ។ ១៤ រីឯផ្លូវដែលទៅឯជីវិត នោះចង្អៀត ក៏មានខ្លោងទ្វារតូចផង ហើយមានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ។
១៥ «ចូរប្រយ័ត្នចំពោះអ្នកប្រកាសទំនាយមិនពិត ដែលមកឯអ្នករាល់គ្នាដោយក្លែងខ្លួនជាសត្វចៀម ប៉ុន្តែតាមពិត ជាឆ្កែចចកអត់ឃ្លានវិញ។ ១៦ អ្នករាល់គ្នានឹងស្គាល់ពួកគេដោយផលផ្លែរបស់ពួកគេ។ គ្មានអ្នកណាដែលបេះផ្លែទំពាំងបាយជូរឬល្វាតូច* ពីដើមបន្លាទេ មែនទេ? ១៧ ស្រដៀងគ្នាដែរ ដើមឈើល្អ បង្កើតផលល្អ ប៉ុន្តែ ដើមឈើមិនល្អ បង្កើតផលមិនល្អ។ ១៨ ដើមឈើល្អមិនអាចបង្កើតផលមិនល្អបានទេ ឯដើមឈើមិនល្អក៏មិនអាចបង្កើតផលល្អបានដែរ។ ១៩ ដើមឈើណាដែលមិនបង្កើតផលល្អ ត្រូវកាត់ចោលហើយបោះទៅក្នុងភ្លើង។ ២០ ដូច្នេះ អ្នករាល់គ្នាពិតជានឹងស្គាល់មនុស្សទាំងនោះដោយផលផ្លែរបស់ពួកគេ។
២១ «មិនមែនអស់អ្នកដែលនិយាយមកខ្ញុំថា៖ ‹លោកម្ចាស់! លោកម្ចាស់!› នឹងចូលក្នុងរាជាណាចក្រស្ថានសួគ៌ឡើយ តែគឺអ្នកណាដែលធ្វើតាមបំណងប្រាថ្នានៃបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌វិញ។ ២២ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា៖ ‹លោកម្ចាស់! លោកម្ចាស់! តើយើងមិនបានប្រកាសទំនាយតាងនាមលោក ហើយបណ្ដេញវិញ្ញាណកំណាចតាងនាមលោក ថែមទាំងធ្វើការដែលប្រកបដោយឫទ្ធានុភាពជាច្រើនតាងនាមលោកទេឬ?›។ ២៣ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំនឹងប្រកាសប្រាប់ពួកគេជាសាធារណៈនៅពេលនោះថា៖ នែ! មនុស្សប្រព្រឹត្តប្រឆាំងច្បាប់! ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ! ចូរទៅឆ្ងាយពីខ្ញុំទៅ!
២៤ «ដូច្នេះ អស់អ្នកដែលឮសម្ដីរបស់ខ្ញុំហើយធ្វើតាម អ្នកទាំងនោះប្រៀបដូចជាមនុស្សចេះពិចារណា ដែលសង់ផ្ទះលើផ្ទាំងថ្ម។ ២៥ រួចមក ភ្លៀងធ្លាក់ខ្លាំង ទឹកក៏ជន់ឡើង ហើយខ្យល់បក់បោកវាយសន្ធាប់មកលើផ្ទះនោះ ប៉ុន្តែ វាមិនបានបាក់ស្រុតទេ ពីព្រោះបានត្រូវសង់នៅលើផ្ទាំងថ្ម។ ២៦ ម្យ៉ាងទៀត អស់អ្នកណាដែលឮសម្ដីរបស់ខ្ញុំតែមិនធ្វើតាម អ្នកទាំងនោះប្រៀបដូចជាមនុស្សមិនចេះពិចារណា ដែលសង់ផ្ទះលើខ្សាច់។ ២៧ រួចមក ភ្លៀងធ្លាក់ខ្លាំង ទឹកក៏ជន់ឡើង ហើយខ្យល់បក់បោកវាយសន្ធាប់មកលើផ្ទះនោះ ហើយវាបានបាក់ស្រុតខូចអស់»។
២៨ ពេលដែលលោកយេស៊ូមានប្រសាសន៍ចប់ហើយ នោះបណ្ដាជនបានកោតស្ងើចក្រៃលែងនឹងសេចក្ដីបង្រៀនរបស់លោក ២៩ ពីព្រោះលោកបង្រៀនក្នុងនាមជាអ្នកដែលមានអំណាចពីព្រះ មិនមែនដូចពួកអ្នកជំនាញខាងច្បាប់របស់ពួកគេនោះទេ។