យ៉ូហាន
១៦ «ខ្ញុំបានប្រាប់អ្នករាល់គ្នានូវអ្វីៗទាំងនេះ ដើម្បីកុំឲ្យអ្នករាល់គ្នាជំពប់ដួល។ ២ គេនឹងបណ្ដេញចោលអ្នករាល់គ្នាពីសាលាប្រជុំ ក៏នឹងមានគ្រាមកដល់ ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងនឹកស្មានថាពួកគេធ្វើដូច្នោះជាកិច្ចបម្រើពិសិដ្ឋជូនព្រះ។ ៣ ប៉ុន្តែពួកគេនឹងធ្វើការទាំងនេះ ពីព្រោះពួកគេមិនស្គាល់បិតាដែលនៅស្ថានសួគ៌ហើយក៏មិនស្គាល់ខ្ញុំដែរ។ ៤ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីការទាំងនេះ ដើម្បីនៅពេលវេលាសម្រាប់ការទាំងនេះមកដល់ អ្នករាល់គ្នានឹងនឹកឃើញថាខ្ញុំបានប្រាប់អំពីការទាំងនេះរួចហើយ។
«ក៏ប៉ុន្តែខ្ញុំមិនបានប្រាប់អ្នករាល់គ្នាអំពីការទាំងនេះនៅដើមដំបូងទេ ពីព្រោះខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា។ ៥ ប៉ុន្តែឥឡូវខ្ញុំនឹងទៅឯលោកដែលបានចាត់ខ្ញុំឲ្យមក។ ទោះជាយ៉ាងនោះក៏ដោយ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់សួរខ្ញុំទេថា៖ ‹តើលោកនឹងទៅឯណា?›។ ៦ តែអ្នករាល់គ្នាមានចិត្តពោរពេញទៅដោយក្ដីទុក្ខព្រួយ ដោយសារខ្ញុំបានប្រាប់អ្វីៗទាំងនេះដល់អ្នករាល់គ្នា។ ៧ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ខ្ញុំនឹងចេញទៅដើម្បីប្រយោជន៍អ្នករាល់គ្នា ព្រោះប្រសិនបើខ្ញុំមិនចេញទៅទេ នោះអ្នកជួយ* នឹងមិនមកឯអ្នករាល់គ្នាឡើយ។ ប៉ុន្តែប្រសិនបើខ្ញុំទៅ នោះខ្ញុំនឹងចាត់គាត់ឲ្យមកឯអ្នករាល់គ្នា។ ៨ កាលដែលអ្នកនោះមកដល់ គាត់នឹងផ្ដល់ភ័ស្តុតាងដែលនាំឲ្យជឿជាក់ដល់ពិភពលោក ស្តីអំពីភាពខុសឆ្គង ស្តីអំពីសេចក្ដីសុចរិត និងស្តីអំពីការវិនិច្ឆ័យ៖ ៩ មុនបង្អស់ ស្តីអំពីភាពខុសឆ្គង ពីព្រោះពួកគេមិនបង្ហាញជំនឿលើខ្ញុំទេ ១០ បន្ទាប់មក ស្តីអំពីសេចក្ដីសុចរិត ពីព្រោះខ្ញុំនឹងទៅឯបិតាដែលនៅស្ថានសួគ៌ ហើយអ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ១១ រួចមក ស្តីអំពីការវិនិច្ឆ័យ ពីព្រោះអ្នកគ្រប់គ្រងពិភពលោកនេះបានត្រូវវិនិច្ឆ័យហើយ។
១២ «ខ្ញុំនៅមានរឿងជាច្រើនដែលចង់ប្រាប់អ្នករាល់គ្នា តែឥឡូវនេះអ្នករាល់គ្នាមិនអាចយល់បានឡើយ។ ១៣ ក៏ប៉ុន្តែពេលដែលអ្នកជួយមកដល់ ពោលគឺសកម្មពល* របស់ព្រះ ដែលសម្ដែងពីសេចក្ដីពិត គាត់នឹងដឹកនាំអ្នករាល់គ្នា ដោយជួយឲ្យយល់សេចក្ដីពិតយ៉ាងពេញលេញ ព្រោះគាត់នឹងមិននិយាយចេញពីខ្លួនគាត់ទេ ប៉ុន្តែអ្វីដែលគាត់ឮ គាត់នឹងនិយាយ ហើយគាត់នឹងប្រកាសប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីការដែលនឹងមកដល់។ ១៤ អ្នកនោះនឹងលើកតម្កើងខ្ញុំ ពីព្រោះគាត់នឹងប្រកាសប្រាប់អ្នករាល់គ្នានូវអ្វីដែលគាត់ទទួលពីខ្ញុំ។ ១៥ អ្វីៗទាំងអស់ដែលបិតានៅស្ថានសួគ៌មាន ជារបស់ខ្ញុំ។ ហេតុនេះហើយខ្ញុំបានប្រាប់អ្នករាល់គ្នាថា គាត់នឹងប្រកាសប្រាប់អ្នករាល់គ្នានូវអ្វីដែលគាត់ទទួលពីខ្ញុំ។ ១៦ បន្ដិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ រួចបន្ដិចទៀតអ្នករាល់គ្នាក៏នឹងឃើញខ្ញុំ»។
១៧ ដូច្នេះ ពួកអ្នកកាន់តាមខ្លះរបស់លោកនិយាយគ្នាថា៖ «តើមានន័យដូចម្ដេចពេលដែលលោកមានប្រសាសន៍មកយើងថា៖ ‹បន្ដិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ រួចបន្ដិចទៀតអ្នករាល់គ្នាក៏នឹងឃើញខ្ញុំ› ហើយ ‹ពីព្រោះខ្ញុំនឹងទៅឯបិតាដែលនៅស្ថានសួគ៌›?»។ ១៨ ម្ល៉ោះហើយ ពួកគាត់និយាយគ្នាថា៖ «តើមានន័យដូចម្ដេចពេលលោកមានប្រសាសន៍ថា៖ ‹បន្ដិចទៀត›? យើងមិនដឹងថាលោកចង់មានប្រសាសន៍អំពីអ្វីទេ»។ ១៩ លោកយេស៊ូជ្រាបថាពួកគាត់ចង់សួរលោក ដូច្នេះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើអ្នករាល់គ្នាកំពុងសួរគ្នាដោយសារខ្ញុំបាននិយាយថាបន្ដិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ រួចបន្ដិចទៀតអ្នករាល់គ្នាក៏នឹងឃើញខ្ញុំឬ? ២០ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នករាល់គ្នានឹងទ្រហោយំ ប៉ុន្តែពិភពលោកនេះនឹងត្រេកអរ អ្នករាល់គ្នានឹងកើតទុក្ខ ប៉ុន្តែទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរវិញ។ ២១ ពេលដែលស្ត្រីកំពុងសម្រាលកូន នាងមានទុក្ខ ពីព្រោះវេលារបស់នាងបានមកដល់ហើយ។ ប៉ុន្តែពេលដែលបានសម្រាលកូនខ្ចីនោះរួចហើយ នាងមិននឹកឃើញពីសេចក្ដីវេទនានោះតទៅទៀតទេ ពីព្រោះនាងមានអំណរដោយសារមានមនុស្សម្នាក់កើតមកក្នុងពិភពលោក។ ២២ ឥឡូវនេះអ្នករាល់គ្នាក៏មានទុក្ខព្រួយដែរ ប៉ុន្តែខ្ញុំនឹងឃើញអ្នករាល់គ្នាម្ដងទៀត ហើយអ្នករាល់គ្នានឹងមានចិត្តអរសប្បាយ ហើយគ្មានអ្នកណានឹងយកអំណរនេះចេញពីអ្នករាល់គ្នាទេ ២៣ ហើយនៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសួរខ្ញុំនូវសំណួរណាមួយឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នករាល់គ្នាសុំអ្វីក៏ដោយពីបិតាដែលនៅស្ថានសួគ៌ ដោយនូវឈ្មោះខ្ញុំ នោះលោកនឹងឲ្យអ្នករាល់គ្នា។ ២៤ មកទល់ពេលនេះ អ្នករាល់គ្នាមិនបានសុំអ្វីមួយសោះដោយនូវឈ្មោះខ្ញុំ។ ចូរសុំ ហើយអ្នកនឹងទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពេញខ្នាត។
២៥ «ខ្ញុំបានប្រាប់អ្នករាល់គ្នានូវអ្វីៗទាំងនេះដោយប្រើពាក្យប្រៀបប្រដូច។ តែនឹងមានគ្រាមកដល់ ដែលខ្ញុំនឹងមិននិយាយដោយប្រើពាក្យប្រៀបប្រដូចទៀតទេ ប៉ុន្តែខ្ញុំនឹងរៀបរាប់ប្រាប់អ្នករាល់គ្នាយ៉ាងចំៗអំពីបិតាដែលនៅស្ថានសួគ៌។ ២៦ នៅថ្ងៃនោះ អ្នករាល់គ្នានឹងសុំដោយនូវឈ្មោះខ្ញុំ។ ខ្ញុំមិនមែននិយាយថាខ្ញុំនឹងសុំបិតាដែលនៅស្ថានសួគ៌ដើម្បីអ្នករាល់គ្នាទេ ២៧ ព្រោះបិតានៅស្ថានសួគ៌ស្រឡាញ់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ក៏ជឿថាខ្ញុំបានមកជាតំណាងរបស់បិតានៅស្ថានសួគ៌។ ២៨ ខ្ញុំបានមកពីបិតាដែលនៅស្ថានសួគ៌ ហើយបានចូលក្នុងពិភពលោក។ ម្យ៉ាងទៀត ខ្ញុំនឹងចេញពីពិភពលោកហើយនឹងទៅឯបិតាដែលនៅស្ថានសួគ៌»។
២៩ ពួកអ្នកកាន់តាមលោកបាននិយាយថា៖ «មើល! ឥឡូវលោកកំពុងមានប្រសាសន៍យ៉ាងចំៗ ហើយមិនមានប្រសាសន៍ដោយពាក្យប្រៀបប្រដូចទេ។ ៣០ ឥឡូវយើងដឹងថាលោកជ្រាបនូវអ្វីៗទាំងអស់ ក៏មិនត្រូវការអ្នកណាសួរលោកឡើយ។ ហេតុនេះហើយបានជាយើងជឿថាលោកបានមកពីព្រះ»។ ៣១ លោកយេស៊ូតបទៅពួកគាត់ថា៖ «តើអ្នករាល់គ្នាជឿឥឡូវនេះឬ? ៣២ មើល! នឹងមានគ្រាមកដល់ តាមពិតគ្រានោះបានមកដល់ហើយ ពេលដែលអ្នករាល់គ្នានឹងខ្ចាត់ខ្ចាយទៅផ្ទះរៀងខ្លួន ហើយនឹងទុកខ្ញុំឲ្យនៅម្នាក់ឯង។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមិនមែននៅម្នាក់ឯងទេ ពីព្រោះបិតានៅស្ថានសួគ៌នៅជាមួយនឹងខ្ញុំ។ ៣៣ ខ្ញុំបានប្រាប់អ្វីៗទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តដោយសារខ្ញុំ។ ក្នុងពិភពលោក អ្នករាល់គ្នាមានសេចក្ដីវេទនា ប៉ុន្តែចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»។