សកម្មភាព
១៣ ក្នុងក្រុមជំនុំនៅក្រុងអាន់ទីយ៉ូកមានពួកអ្នកប្រកាសទំនាយនិងពួកអ្នកបង្រៀន ពោលគឺបាណាបាស និងស៊ីម៉ូនដែលហៅថាខ្មៅ* លូសៀសពីក្រុងគីរេន ម៉ាណាអេនដែលធ្លាប់រៀនជាមួយនឹងហេរ៉ូឌជាអភិបាលស្រុក ព្រមទាំងសុល។ ២ កាលដែលពួកគាត់កំពុងបម្រើព្រះយេហូវ៉ាព្រមទាំងតមអាហារ នោះសកម្មពល* បរិសុទ្ធបានប្រាប់ថា៖ «ចូរទុកបាណាបាសនិងសុលដោយឡែកឲ្យខ្ញុំ ដើម្បីបំពេញកិច្ចការដែលខ្ញុំបានហៅពួកគាត់ឲ្យមកធ្វើ»។ ៣ បន្ទាប់មក ពួកគាត់តមអាហារ អធិដ្ឋាន ហើយដាក់ដៃលើបាណាបាសនិងសុល រួចឲ្យចេញដំណើរទៅ។
៤ ម្ល៉ោះហើយ បុរសទាំងនេះដែលសកម្មពលបរិសុទ្ធបានចាត់ឲ្យទៅ ក៏បានចុះទៅក្រុងសេលូសៀ រួចពួកគាត់ចុះទូកក្ដោងនៅកន្លែងនោះ ហើយទៅកោះគីប្រុស។ ៥ លុះទៅដល់ក្រុងសាឡាមីសហើយ ពួកគាត់ចាប់ផ្ដើមផ្សព្វផ្សាយបណ្ដាំរបស់ព្រះនៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ជនជាតិយូដា។ យ៉ូហានក៏បាននៅជាមួយ ហើយបានបម្រើពួកគាត់។
៦ កាលដែលពួកគាត់បានធ្វើដំណើរពេញកោះនោះរហូតដល់ក្រុងប៉ាផូសហើយ ពួកគាត់ក៏ជួបប្រទះបុរសជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូ ជាគ្រូធ្មប់ និងជាអ្នកប្រកាសទំនាយមិនពិត ៧ ហើយគាត់នៅជាមួយនឹងស៊ើគាសប៉ូឡូសដែលជាអភិបាលខេត្ត និងជាអ្នកមានប្រាជ្ញា។ ស៊ើគាសប៉ូឡូសបានហៅបាណាបាសនិងសុលឲ្យមកឯគាត់ ព្រោះគាត់ចង់ឮបណ្ដាំរបស់ព្រះខ្លាំងណាស់។ ៨ ប៉ុន្តែអេលីម៉ាស ដែលជាគ្រូធ្មប់នោះ ចាប់ផ្ដើមប្រឆាំងពួកគាត់ ដោយខំបង្វែរស៊ើគាសប៉ូឡូសចេញពីជំនឿ។ (ឈ្មោះអេលីម៉ាសបកប្រែថាគ្រូធ្មប់) ៩ សុល ដែលហៅថាប៉ូល បានពេញទៅដោយសកម្មពលបរិសុទ្ធ ហើយបានសម្លឹងមើលចំគាត់ ១០ ដោយនិយាយថា៖ «ឱមនុស្សដែលពេញទៅដោយភាពក្លែងបន្លំ និងសេចក្ដីខូចអាក្រក់សព្វបែបយ៉ាងអើយ អ្នកជាកូនមេកំណាច* និងជាសត្រូវនៃអ្វីៗទាំងអស់ដែលសុចរិត តើអ្នកមិនព្រមឈប់ពង្វាងផ្លូវត្រង់របស់ព្រះយេហូវ៉ាទេឬ? ១១ បើដូច្នេះ មើល! ដៃរបស់ព្រះយេហូវ៉ានៅលើអ្នក ហើយអ្នកនឹងងងឹតភ្នែក មិនឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ អ្វីដែលមើលទៅដូចជាអ័ព្ទបានធ្វើឲ្យគាត់មើលមិនឃើញ រួចគាត់ក៏ងងឹតភ្នែកទៅ ហើយបានដើរសុំគេដឹកដៃគាត់។ ១២ លុះឃើញអ្វីដែលបានកើតឡើង អភិបាលខេត្តបានទៅជាអ្នកជឿ ព្រោះគាត់នឹកអស្ចារ្យក្នុងចិត្តនឹងសេចក្ដីបង្រៀននៃព្រះយេហូវ៉ា។
១៣ បន្ទាប់មក ប៉ូលនិងបុរសទាំងនោះធ្វើដំណើរតាមផ្លូវទឹកទៅដល់ក្រុងពើកានៅខេត្តប៉ាមភីលា។ ប៉ុន្តែយ៉ូហានបានចាកចេញពីពួកគាត់ ហើយត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ ១៤ ក៏ប៉ុន្តែពួកគាត់បានបន្តដំណើរពីក្រុងពើកាទៅក្រុងអាន់ទីយ៉ូកនៅតំបន់ពីស៊ីឌា រួចបានចូលអង្គុយនៅក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាក។ ១៥ ក្រោយពីពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំបានអានច្បាប់* និងអ្វីៗដែលពួកអ្នកប្រកាសទំនាយបានសរសេរ ពួកអ្នកទទួលខុសត្រូវចាត់គេឲ្យទៅប្រាប់ពួកគាត់ថា៖ «បងប្អូនអើយ ប្រសិនបើមានអ្វីដែលអាចនិយាយលើកទឹកចិត្តបណ្ដាជន សូមប្រាប់មក»។ ១៦ ដូច្នេះ ប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា រួចនិយាយថា៖
«ឱជនជាតិអ៊ីស្រាអែលនិងអ្នកឯទៀតដែលកោតខ្លាចព្រះ សូមស្ដាប់ខ្ញុំ។ ១៧ ព្រះនៃបណ្ដាជនអ៊ីស្រាអែលនេះបានជ្រើសរើសពួកបុព្វបុរសរបស់យើង ក៏បានតម្កើងបណ្ដាជននេះក្នុងអំឡុងពេលពួកគេស្នាក់នៅស្រុកអេស៊ីប ហើយលោកបាននាំពួកគេចេញមកដោយឫទ្ធានុភាពខ្លាំងក្លា។* ១៨ អស់រយៈពេលប្រហែលសែសិបឆ្នាំនៅតំបន់ស្ងាត់ជ្រងំ លោកបានទ្រាំនឹងការប្រព្រឹត្តរបស់ពួកគេ។ ១៩ បន្ទាប់ពីបានបំផ្លាញអស់ប្រជាជាតិប្រាំពីរនៅស្រុកកាណាន លោកក៏ចែកដីរបស់ពួកគេដោយចាប់ឆ្នោត។ ២០ ការទាំងអស់នោះកើតឡើងក្នុងរយៈពេលប្រហែលបួនរយហាសិបឆ្នាំ។
«ក្រោយពីការទាំងនេះ លោកបានឲ្យពួកចៅក្រមដល់ពួកគេ រហូតដល់មានសាំយូអែល ជាអ្នកប្រកាសទំនាយ។ ២១ ប៉ុន្តែចាប់ពីពេលនោះ ពួកគេទាមទារឲ្យមានស្តេច រួចព្រះបានឲ្យសុល ជាកូនគីស ពីកុលសម្ព័ន្ធបេនយ៉ាមីនដល់ពួកគេ អស់រយៈពេលសែសិបឆ្នាំ។ ២២ បន្ទាប់ពីបានដកសុលពីតំណែង លោកបានតាំងដាវីឌឡើងជាស្តេច ក៏បានធ្វើជាសាក្សីបញ្ជាក់អំពីគាត់ថា៖ ‹ខ្ញុំបានរកឃើញដាវីឌ ជាកូនអ៊ីសាយ និងជាអ្នកត្រូវនឹងចិត្តរបស់ខ្ញុំ គាត់នឹងធ្វើអ្វីៗទាំងអស់ដែលខ្ញុំចង់បាន›។ ២៣ ព្រះបាននាំអ្នកសង្គ្រោះមកឲ្យអ៊ីស្រាអែលពីពូជពង្សរបស់បុរសនេះ ដូចលោកបានសន្យា ពោលគឺលោកយេស៊ូ ២៤ បន្ទាប់ពីយ៉ូហានបានផ្សព្វផ្សាយជាសាធារណៈ (មុននឹងលោកមកដល់) ឲ្យបណ្ដាជនអ៊ីស្រាអែលទាំងឡាយទទួលការជ្រមុជទឹក* ដើម្បីបង្ហាញពីការប្រែចិត្ត។ ២៥ ប៉ុន្តែកាលដែលយ៉ូហានកំពុងបំពេញកិច្ចបម្រើ គាត់ធ្លាប់និយាយថា៖ ‹តើអ្នករាល់គ្នាគិតថាខ្ញុំជាអ្វី? ខ្ញុំមិនមែនជាលោកទេ។ ប៉ុន្តែមើល! មានមនុស្សម្នាក់ដែលនឹងមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែស្បែកជើងជូនលោកឡើយ›។
២៦ «បងប្អូនជាកូន* អាប្រាហាំ និងអ្នកឯទៀត ដែលកោតខ្លាចព្រះអើយ បណ្ដាំរបស់ព្រះស្តីអំពីសេចក្ដីសង្គ្រោះបានត្រូវផ្ញើមកយើង។ ២៧ ព្រោះអ្នកក្រុងយេរូសាឡិមនិងពួកអ្នកគ្រប់គ្រងមិនបានស្គាល់លោកទេ តែកាលដែលពួកគេបានធ្វើជាចៅក្រម នោះពួកគេបានសម្រេចអ្វីៗទាំងប៉ុន្មានដែលពួកអ្នកប្រកាសទំនាយបានប្រាប់ ជាអ្វីៗដែលគេអានឲ្យស្ដាប់រាល់ថ្ងៃឈប់សម្រាក ២៨ ហើយទោះជាពួកគេមិនបានឃើញថាលោកមានទោសអ្វីគួរនឹងស្លាប់ក៏ដោយ ក៏ពួកគេទាមទារឲ្យពីឡាតប្រហារជីវិតលោក។ ២៩ ក្រោយពីពួកគេបានសម្រេចការទាំងអស់ដែលបានត្រូវសរសេរអំពីលោកហើយ គេក៏យកលោកចេញពីបង្គោលឈើ រួចដាក់ក្នុងទីបញ្ចុះសព។ ៣០ ប៉ុន្តែព្រះបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ ៣១ រួចអស់ជាច្រើនថ្ងៃ លោកបានលេចមកជួបពួកអ្នកដែលបានឡើងពីស្រុកកាលីឡេទៅក្រុងយេរូសាឡិមជាមួយនឹងលោក ហើយអ្នកទាំងនេះកំពុងធ្វើជាសាក្សីបញ្ជាក់អំពីលោកប្រាប់បណ្ដាជន។
៣២ «ដូច្នេះ យើងកំពុងប្រកាសប្រាប់អ្នករាល់គ្នានូវដំណឹងល្អអំពីសេចក្ដីសន្យាដែលបានត្រូវធ្វើជាមួយនឹងពួកបុព្វបុរស ៣៣ គឺថាព្រះបានសម្រេចសេចក្ដីសន្យានោះយ៉ាងពេញលេញដើម្បីយើង ដែលជាកូនរបស់បុព្វបុរសទាំងនោះ ដោយប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ ដូចបានត្រូវសរសេរនៅទំនុកតម្កើងទីពីរថា៖ ‹អ្នកជាបុត្ររបស់ខ្ញុំ ហើយខ្ញុំបានក្លាយទៅជាបិតារបស់អ្នកនៅថ្ងៃនេះ›។ ៣៤ ហើយព្រះបានបញ្ជាក់ថាលោកបានប្រោសលោកយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ ដោយមិនអាចត្រឡប់ទៅមានរូបកាយមនុស្សដែលអាចខូចបង់បានឡើយ ពេលដែលមានប្រសាសន៍ដូច្នេះថា៖ ‹ខ្ញុំនឹងឲ្យអ្នករាល់គ្នានូវគុណដ៏វិសេសលើសលប់ ជាគុណដ៏ស្មោះត្រង់ដែលខ្ញុំបានសន្យាចំពោះដាវីឌ›។ ៣៥ ដូច្នេះ លោកចែងក្នុងទំនុកតម្កើងមួយទៀតថា៖ ‹លោកនឹងមិនឲ្យសាច់របស់អ្នកដែលមានភក្ដីភាពចំពោះលោកខូចទៅឡើយ›។ ៣៦ ចំណែកដាវីឌវិញ គាត់បានធ្វើតាមបំណងប្រាថ្នាច្បាស់លាស់របស់ព្រះនៅជំនាន់របស់គាត់ រួចបានដេកលក់ក្នុងសេចក្ដីស្លាប់ ក៏បានត្រូវគេដាក់ជាមួយនឹងពួកបុព្វបុរសរបស់គាត់ ហើយបានជួបនឹងសេចក្ដីខូចបង់។ ៣៧ ចំណែកលោកដែលព្រះបានប្រោសឲ្យរស់ឡើងវិញ លោកមិនបានជួបសេចក្ដីខូចបង់ទេ។
៣៨ «ដូច្នេះ បងប្អូនអើយ សូមជ្រាបថា យើងកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាអំពីការអភ័យទោសចំពោះការខុសឆ្គងតាមរយៈលោកនោះហើយ។ ៣៩ តាមរយៈលោកដែរ អស់អ្នកណាដែលជឿក៏រាប់ជាគ្មានទោស ពីការទាំងអស់ដែលអ្នករាល់គ្នាមិនអាចត្រូវរាប់ជាគ្មានទោសតាមរយៈច្បាប់ម៉ូសេ។ ៤០ ម្ល៉ោះហើយ ត្រូវឲ្យអ្នករាល់គ្នាប្រយ័ត្ន កុំឲ្យអ្វីដែលពួកអ្នកប្រកាសទំនាយបានចែង កើតឡើងចំពោះអ្នករាល់គ្នា ពោលគឺ៖ ៤១ ‹ឱពួកអ្នកមើលងាយអើយ ចូរមើល ហើយងឿងឆ្ងល់ចុះ ហើយចូរបាត់សូន្យទៅ ពីព្រោះខ្ញុំនឹងធ្វើការមួយនៅសម័យរបស់អ្នករាល់គ្នា ជាការដែលអ្នករាល់គ្នានឹងមិនជឿសោះ ទោះជាមានគេរៀបរាប់ប្រាប់យ៉ាងល្អិតល្អន់ក៏ដោយ›»។
៤២ កាលដែលពួកគាត់កំពុងចេញទៅ បណ្ដាជនចាប់ផ្ដើមអង្វរពួកគាត់ឲ្យប្រាប់ពួកគេអំពីរឿងទាំងនេះនៅថ្ងៃឈប់សម្រាកបន្ទាប់។ ៤៣ ដូច្នេះ បន្ទាប់ពីអង្គប្រជុំបែកគ្នាហើយ ជនជាតិយូដានិងអ្នកដូរសាសនា* ជាច្រើននាក់ដែលគោរពប្រណិប័តន៍ព្រះក៏បានទៅតាមប៉ូលនិងបាណាបាស ឯពួកគាត់បានព្យាយាមលើកទឹកចិត្តពួកគេឲ្យបន្តធ្វើជាមនុស្សសមនឹងទទួលគុណដ៏វិសេសលើសលប់ពីព្រះ។
៤៤ នៅថ្ងៃឈប់សម្រាកបន្ទាប់ អ្នកក្រុងសឹងតែទាំងអស់បានមកមូលគ្នាស្ដាប់បណ្ដាំរបស់ព្រះយេហូវ៉ា។ ៤៥ នៅពេលដែលជនជាតិយូដាឃើញមនុស្សសន្ធឹកយ៉ាងនេះ ពួកគេមានចិត្តច្រណែនក្រៃលែង ក៏ចាប់ផ្ដើមនិយាយមួលបង្កាច់ប្រឆាំងសម្ដីរបស់ប៉ូល។ ៤៦ ដូច្នេះ ប៉ូលនិងបាណាបាសបាននិយាយដោយក្លាហានថា៖ «ជាការចាំបាច់ដែលបណ្ដាំរបស់ព្រះត្រូវប្រាប់ដល់អ្នករាល់គ្នាមុនគេ។ ប៉ុន្តែដោយសារអ្នករាល់គ្នាកំពុងច្រានបណ្ដាំនោះចោល ហើយមិនចាត់ទុកថាខ្លួនសមនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ មើល! យើងបែរទៅឯប្រជាជាតិដទៃវិញ។ ៤៧ ការពិត ព្រះយេហូវ៉ាបានបង្គាប់យើងដោយមានប្រសាសន៍ថា៖ ‹ខ្ញុំបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងឡាយ ដើម្បីឲ្យអ្នកធ្វើជាសេចក្ដីសង្គ្រោះរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី›»។
៤៨ កាលដែលជនជាតិដទៃឮដូច្នេះ ពួកគេក៏ត្រេកអរហើយចាប់ផ្ដើមតម្កើងបណ្ដាំរបស់ព្រះយេហូវ៉ា រួចអស់អ្នកដែលមានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់បានក្លាយទៅជាអ្នកជឿ។ ៤៩ ម្យ៉ាងទៀត គេបន្តនាំបណ្ដាំរបស់ព្រះយេហូវ៉ាទៅគ្រប់កន្លែងក្នុងស្រុកនោះ។ ៥០ ប៉ុន្តែជនជាតិយូដាបានញុះញង់ពួកស្ត្រីដែលមានកេរ្ដិ៍ឈ្មោះល្អ ហើយជាអ្នកគោរពប្រណិប័តន៍ព្រះ ព្រមទាំងញុះញង់ពួកបុរសដែលមានមុខមាត់នៅក្រុងនោះ រួចអ្នកទាំងនោះបណ្ដាលឲ្យគេបៀតបៀនប៉ូលនិងបាណាបាស ហើយបានបោះពួកគាត់ទៅក្រៅដែនដីរបស់ពួកគេ។ ៥១ បន្ទាប់មក ពួកគាត់បានរលាស់ធូលីដីពីជើងពួកគាត់ចេញទាស់នឹងពួកគេ រួចបានទៅក្រុងអ៊ីកូនាម ៥២ ហើយពួកអ្នកកាន់តាមបានពោរពេញទៅដោយអំណរនិងសកម្មពលបរិសុទ្ធជានិច្ច។