សកម្មភាព
២៧ ដោយសារគេបានសម្រេចឲ្យយើងឡើងសំពៅទៅស្រុកអ៊ីតាលី នោះគេប្រគល់ប៉ូលនិងអ្នកទោសមួយចំនួនទៀតទៅនាយទាហានម្នាក់ឈ្មោះយូលាសពីកងទាហានអូគូស។ ២ បន្ទាប់ពីយើងឡើងសំពៅមួយពីក្រុងអាដ្រាមីទិម ដែលហៀបនឹងចេញដំណើរទៅកន្លែងផ្សេងៗតាមឆ្នេរតំបន់អាស៊ី* នោះយើងក៏ចេញដំណើរទៅ។ អារីស្ដាក ជាអ្នកក្រុងថែស្សាឡូនិចពីស្រុកម៉ាសេដូនក៏នៅជាមួយនឹងយើងដែរ។ ៣ លុះស្អែកឡើងយើងបានចតនៅក្រុងស៊ីដូន ហើយយូលាសបានប្រព្រឹត្តដោយសប្បុរសនិងប្រកបដោយមនុស្សធម៌ចំពោះប៉ូល ក៏អនុញ្ញាតឲ្យប៉ូលទៅជួបមិត្តសម្លាញ់របស់គាត់ ហើយទទួលការទំនុកបម្រុងពីពួកគេ។
៤ រួចយើងក៏ចេញសំពៅពីកន្លែងនោះ សសៀរតាមបណ្ដោយកោះគីប្រុសដើម្បីបាំងខ្យល់ ព្រោះយើងកំពុងធ្វើដំណើរបញ្ច្រាសខ្យល់ ៥ រួចយើងបើកសំពៅឆ្លងលំហសមុទ្រក្បែរខេត្តស៊ីលីស៊ីនិងខេត្តប៉ាមភីលា រួចបានចតនៅក្រុងមីរ៉ា នាតំបន់លីស៊ី។ ៦ ប៉ុន្តែនាយទាហានយូលាសរកឃើញសំពៅមួយនៅទីនោះ ដែលមកពីក្រុងអាឡិចសង់ទ្រា ហើយនឹងចេញទៅស្រុកអ៊ីតាលី រួចគាត់ឲ្យយើងឡើងសំពៅនោះ។ ៧ បន្ទាប់មក យើងធ្វើដំណើរយឺតៗអស់ជាច្រើនថ្ងៃ ក៏មកដល់ក្រុងគ្នីដូសទាំងលំបាក រួចយើងបើកសំពៅសសៀរតាមបណ្ដោយកោះក្រេត កាត់ជ្រោយសាល់ម៉ូណេ ដោយសារខ្យល់មិនបានឲ្យយើងបន្តដំណើរដូចបំណង។ ៨ យើងក៏ធ្វើដំណើរសសៀរទៅទាំងលំបាករហូតទៅដល់កន្លែងមួយហៅថាកំពង់ផែល្អ ដែលនៅជិតក្រុងឡាសេ។
៩ ជាច្រើនថ្ងៃបានកន្លងផុតទៅ ហើយយើងអាចមានគ្រោះថ្នាក់បើបន្តដំណើរទៅមុខទៀត ពីព្រោះថ្ងៃតមអាហារនិងជម្រះការខុសឆ្គងបានកន្លងផុតទៅហើយ ដូច្នេះ ប៉ូលជូនយោបល់ ១០ ដល់ពួកគេថា៖ «អ្នករាល់គ្នាអើយ ខ្ញុំយល់ឃើញថា បើបន្តដំណើរទៅមុខទៀត យើងនឹងរងការខូចខាតនិងការបាត់បង់យ៉ាងសម្បើម មិនត្រឹមតែទំនិញនិងសំពៅប៉ុណ្ណោះទេ តែទាំងជីវិត* របស់យើងផង»។ ១១ ក៏ប៉ុន្តែនាយទាហាននោះបានស្ដាប់អ្នកបើកសំពៅនិងម្ចាស់សំពៅ ជាជាងស្ដាប់អ្វីដែលប៉ូលបាននិយាយ។ ១២ ដោយសារកំពង់ផែនោះគឺមិនមែនជាកន្លែងស្រួលស្នាក់នៅក្នុងរដូវត្រជាក់ នោះអ្នកដំណើរភាគច្រើនបានជូនយោបល់ឲ្យចេញដំណើរពីកន្លែងនោះ ហើយទៅកំពង់ផែភេនីចប្រសិនបើអាចធ្វើទៅបាន ដើម្បីស្នាក់នៅទីនោះក្នុងរដូវត្រជាក់។ ភេនីចជាកំពង់ផែមួយនៅកោះក្រេតដែលបែរទៅរកទិសខាងជើងឆៀងខាងកើត និងទិសខាងត្បូងឆៀងខាងកើត។
១៣ ម្យ៉ាងទៀត ពេលដែលខ្យល់បក់មកតិចៗ ពួកគេនឹកស្មានថាច្បាស់ជានឹងបានសម្រេចដូចបំណង ហើយពួកគេទាញយុថ្កាឡើង រួចចាប់ផ្ដើមបើកសំពៅសសៀរតាមឆ្នេរកោះក្រេត។ ១៤ ក៏ប៉ុន្តែមិនយូរក្រោយមក ខ្យល់ព្យុះហៅថាយូរ៉ូអាគីឡូបានបក់មក។ ១៥ ដោយសារខ្យល់បក់យ៉ាងខ្លាំងនាំយកសំពៅទៅ ហើយសំពៅមិនអាចទៅបញ្ច្រាសខ្យល់បាន នោះយើងបានបណ្ដោយទៅតាមខ្យល់វិញ។ ១៦ យើងបើកសំពៅរហូតដល់កោះតូចមួយហៅថាខូដា រួចបានសសៀរតាមកោះនោះដើម្បីបាំងខ្យល់។ ទោះជាយ៉ាងនោះក៏ដោយយើងទាញទូកតូចដែលចងនៅកន្ទុយសំពៅមកសឹងតែមិនបានផង។ ១៧ ប៉ុន្តែក្រោយពីបានទាញទូកតូចនោះឡើងលើសំពៅហើយ នោះពួកគេចាប់ផ្ដើមចងគ្រាកសំពៅ រួចក៏ស្រាយខ្សែដងសាវក្ដោង ហើយឲ្យខ្យល់រុញទៅ ដោយសារខ្លាចកឿងនៅផ្នូកខ្សាច់សៀទីស។* ១៨ តែស្អែកឡើង ពួកគេចាប់ផ្ដើមទម្លាក់ទំនិញចោលដើម្បីធ្វើឲ្យសំពៅស្រាល ព្រោះខ្យល់ព្យុះកំពុងធ្វើឲ្យសំពៅយោលយោគចុះឡើងយ៉ាងខ្លាំង ១៩ ហើយនៅថ្ងៃទីបី ពួកគេបោះខ្សែក្ដោងចោលដោយដៃពួកគេផ្ទាល់។
២០ លុះមិនឃើញពន្លឺថ្ងៃឬផ្កាយអស់ជាច្រើនថ្ងៃ ហើយខ្យល់ព្យុះកំពុងបក់មកលើយើងយ៉ាងខ្លាំង នោះសេចក្ដីសង្ឃឹមថានឹងបានសង្គ្រោះក៏រសាយបាត់ទៅ។ ២១ រួចមក ក្រោយពីពួកគេខានបរិភោគអាហារយូរថ្ងៃហើយ នោះប៉ូលក្រោកឈរឡើងនៅកណ្ដាលពួកគេហើយនិយាយថា៖ «អ្នករាល់គ្នាអើយ ប្រសិនបើអ្នករាល់គ្នាបានស្ដាប់តាមយោបល់ខ្ញុំ ហើយមិនចេញដំណើរពីកោះក្រេត អ្នករាល់គ្នាច្បាស់ជាមិនបានរងការខូចខាតនិងការបាត់បង់ដូច្នេះទេ។ ២២ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឥឡូវនេះថា កុំអស់សង្ឃឹមឡើយ ព្រោះគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានឹងបាត់បង់ជីវិត* ឡើយ មានតែសំពៅប៉ុណ្ណោះដែលនឹងត្រូវបាត់បង់។ ២៣ ព្រោះយប់មិញ ទេវតាមួយរូបរបស់ព្រះដែលខ្ញុំគោរពប្រណិប័តន៍និងបំពេញកិច្ចបម្រើពិសិដ្ឋជូន បានឈរនៅជិតខ្ញុំ ២៤ និយាយថា៖ ‹ប៉ូលអើយ កុំខ្លាចឡើយ។ អ្នកត្រូវឈរនៅមុខសេសារ* ហើយមើល! ដោយសារអ្នក ព្រះក៏នឹងមេត្ដាសង្គ្រោះអស់អ្នកដែលកំពុងរួមដំណើរជាមួយនឹងអ្នកដែរ›។ ២៥ ដូច្នេះ ចូរអ្នករាល់គ្នាមានចិត្តរីករាយឡើង ព្រោះខ្ញុំជឿព្រះ ថាលោកនឹងធ្វើការទាំងនោះ ដូចទេវតានោះបានប្រាប់ដល់ខ្ញុំ។ ២៦ ក៏ប៉ុន្តែយើងនឹងលិចសំពៅនៅជិតកោះមួយ»។
២៧ នៅយប់ទីដប់បួន យើងកំពុងយោលយោគចុះឡើងលើសមុទ្រអេឌ្រា លុះប្រហែលជាកណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅចាប់ផ្ដើមសង្ស័យថាពួកគេជិតដល់ដីគោកហើយ។ ២៨ រួចពួកគេស្ទង់ជម្រៅទឹកឃើញថាមានជម្រៅសាមសិបប្រាំមួយម៉ែត្រ ដូច្នេះ ពួកគេទៅមុខបន្ដិចហើយស្ទង់ម្ដងទៀតឃើញថាមានជម្រៅម្ភៃប្រាំពីរម៉ែត្រ។ ២៩ រួចដោយសារពួកគេខ្លាចថាសំពៅនឹងកឿងលើថ្ម នោះក៏ទម្លាក់យុថ្កាបួនពីកន្ទុយសំពៅ ហើយចាប់ផ្ដើមចង់ឲ្យឆាប់ភ្លឺ។ ៣០ ប៉ុន្តែកាលដែលពួកអ្នកដើរសំពៅចាប់ផ្ដើមរកវិធីរត់ចោលសំពៅ ហើយទម្លាក់ទូកតូចទៅក្នុងទឹក ដោយធ្វើហាក់ដូចជាបម្រុងនឹងទម្លាក់យុថ្កាពីក្បាលសំពៅ ៣១ នោះប៉ូលនិយាយទៅនាយទាហាននិងពួកទាហានឯទៀតថា៖ «អ្នករាល់គ្នានឹងមិនបានសង្គ្រោះទេ បើបុរសទាំងនេះមិននៅក្នុងសំពៅ»។ ៣២ រួចពួកទាហានកាត់ខ្សែទូកតូចនោះ ហើយឲ្យធ្លាក់ទៅ។
៣៣ លុះជិតភ្លឺហើយ ប៉ូលចាប់ផ្ដើមលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យបរិភោគអាហារ ដោយនិយាយថា៖ «ថ្ងៃនេះ ជាថ្ងៃទីដប់បួនហើយដែលអ្នករាល់គ្នាបានចាំយាម ហើយនៅតែមិនបរិភោគ ក៏មិនបានទៅយកអាហារសម្រាប់ខ្លួនអ្នកសោះ។ ៣៤ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឲ្យទៅយកអាហារមកបរិភោគ ដើម្បីសុខភាពរបស់អ្នករាល់គ្នា ព្រោះសូម្បីតែសក់អ្នករាល់គ្នាមួយសរសៃនឹងមិនវិនាសបាត់ទៅសោះឡើយ»។ ៣៥ លុះនិយាយចប់ហើយ គាត់យកនំប៉័ងមួយដុំ អរគុណព្រះនៅមុខពួកគេទាំងអស់គ្នា រួចកាច់នំប៉័ងនោះ ហើយចាប់ផ្ដើមបរិភោគ។ ៣៦ ដូច្នេះ ពួកគេទាំងអស់គ្នាក៏មានចិត្តសប្បាយ ហើយក៏យកអាហារមកបរិភោគដែរ។ ៣៧ សរុបទៅយើងមានគ្នាពីររយចិតសិបប្រាំមួយនាក់* ក្នុងសំពៅ។ ៣៨ លុះបរិភោគឆ្អែតហើយ ពួកគេក៏ធ្វើឲ្យសំពៅស្រាល ដោយយកស្រូវសាលីទៅចោលក្នុងសមុទ្រ។
៣៩ នៅទីបំផុត ពេលភ្លឺហើយ ពួកគេឃើញដីគោកតែមិនស្គាល់កន្លែងនោះទេ ក៏ប៉ុន្តែពួកគេឃើញឆកសមុទ្រមួយដែលមានឆ្នេរ ហើយពួកគេតាំងចិត្តបើកសំពៅទៅកឿងលើឆ្នេរនោះ ប្រសិនបើអាចធ្វើទៅបាន។ ៤០ ដូច្នេះ ពួកគេកាត់ខ្សែឲ្យយុថ្កាធ្លាក់ចូលសមុទ្រ ហើយនៅដំណាលគ្នាក៏ស្រាយខ្សែចង្កូត រួចសម្រូតក្ដោងមុខឡើងឲ្យចំខ្យល់ហើយបើកសំពៅឆ្ពោះទៅឆ្នេរ។ ៤១ កាលដែលសំពៅប៉ះលើផ្នូកខ្សាច់មួយនៅចន្លោះខ្សែទឹកពីរ សំពៅក៏កឿងទៅ ហើយក្បាលសំពៅបានជាប់នឹងថ្កល់ ប៉ុន្តែរលកសមុទ្រចាប់ផ្ដើមវាយផ្ទប់កន្ទុយសំពៅយ៉ាងខ្លាំង ធ្វើឲ្យបែកបាក់ខ្ទេចខ្ទីអស់។ ៤២ ឃើញដូច្នេះ ពួកទាហានតាំងចិត្តសម្លាប់អ្នកទោសចោល ដើម្បីកុំឲ្យហែលគេចខ្លួន។ ៤៣ ប៉ុន្តែនាយទាហានចង់សង្គ្រោះប៉ូល ដូច្នេះ គាត់ឃាត់ពួកគេមិនឲ្យធ្វើតាមបំណងរបស់ពួកគេ។ រួចគាត់បង្គាប់អស់អ្នកដែលចេះហែលទឹក ឲ្យលោតទៅក្នុងទឹកហើយហែលទៅគោកមុន ៤៤ រួចគាត់បង្គាប់អ្នកដែលនៅសល់ទាំងប៉ុន្មានឲ្យធ្វើដូច្នោះដែរ ដោយមានអ្នកខ្លះតោងបន្ទះក្ដារ ហើយអ្នកខ្លះទៀតតោងរបស់ផ្សេងទៀតក្នុងសំពៅ។ ដូច្នេះ នៅទីបំផុតពួកគេទាំងអស់គ្នាបានទៅដល់គោកដោយសុវត្ថិភាព។