រ៉ូម
១៤ ចូរទទួលស្វាគមន៍អ្នកដែលមានចំណុចខ្សោយក្នុងជំនឿរបស់គាត់ តែមិនមែនដោយធ្វើការវិនិច្ឆ័យទៅលើសំណួរដែលគាត់មានក្នុងចិត្តឡើយ។ ២ អ្នកដែលមានជំនឿ បរិភោគអ្វីទាំងអស់ ប៉ុន្តែអ្នកដែលខ្សោយបរិភោគតែបន្លែប៉ុណ្ណោះ។ ៣ អ្នកដែលបរិភោគ មិនត្រូវមើលងាយអ្នកដែលមិនបរិភោគឡើយ ឯអ្នកដែលមិនបរិភោគ មិនត្រូវវិនិច្ឆ័យអ្នកដែលបរិភោគដែរ ព្រោះព្រះបានទទួលស្វាគមន៍អ្នកនោះ។ ៤ តើអ្នកជាអ្វីបានជាវិនិច្ឆ័យអ្នកបម្រើក្នុងផ្ទះអ្នកដទៃ? ម្ចាស់របស់អ្នកបម្រើនោះជាអ្នកសម្រេចថា គាត់ត្រូវឈរ ឬត្រូវដួល។ ហើយគាត់នឹងឈរមែន ព្រោះព្រះយេហូវ៉ាអាចធ្វើឲ្យគាត់ឈរ។
៥ មនុស្សម្នាក់វិនិច្ឆ័យថាថ្ងៃមួយគឺសំខាន់ជាងថ្ងៃមួយទៀត ឯមនុស្សម្នាក់ទៀតវិនិច្ឆ័យថាថ្ងៃទាំងអស់គឺដូចគ្នា។ ចូរឲ្យមនុស្សម្នាក់ៗជឿប្រាកដក្នុងគំនិតរបស់ខ្លួន។ ៦ អ្នកណាដែលកាន់ថ្ងៃណាមួយ កាន់ថ្ងៃនោះដោយគិតដល់ព្រះយេហូវ៉ា ហើយអ្នកណាដែលបរិភោគ ក៏បរិភោគដោយគិតដល់ព្រះយេហូវ៉ា ព្រោះគាត់អរគុណព្រះ។ ឯអ្នកដែលមិនបរិភោគ គាត់មិនបរិភោគដោយគិតដល់ព្រះយេហូវ៉ា ប៉ុន្តែគាត់នៅតែអរគុណព្រះ។ ៧ តាមការពិត គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងរស់ដើម្បីតែខ្លួនឯងប៉ុណ្ណោះទេ ក៏គ្មានអ្នកណាស្លាប់ដើម្បីតែខ្លួនឯងប៉ុណ្ណោះដែរ ៨ ព្រោះប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះយេហូវ៉ា ហើយបើយើងស្លាប់ យើងស្លាប់ដើម្បីព្រះយេហូវ៉ា។ ដូច្នេះ ទោះជាយើងរស់ឬស្លាប់ក្ដី យើងជារបស់ព្រះយេហូវ៉ា។ ៩ ព្រោះនេះជាមូលហេតុដែលគ្រិស្តបានស្លាប់ហើយរស់ឡើងវិញ គឺដើម្បីឲ្យលោកទៅជាម្ចាស់លើមនុស្សស្លាប់និងលើមនុស្សរស់។
១០ ប៉ុន្តែហេតុអ្វីបានជាអ្នកវិនិច្ឆ័យបងប្អូនរបស់អ្នក? ឬហេតុអ្វីអ្នកមើលងាយបងប្អូនរបស់អ្នក? ព្រោះយើងទាំងអស់គ្នានឹងឈរនៅមុខកន្លែងកាត់ក្ដីរបស់ព្រះ ១១ ព្រោះបទគម្ពីរចែងថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ប្រាកដណាស់ដូចខ្ញុំមានជីវិតរស់នៅ មនុស្សទាំងអស់នឹងលុតជង្គង់ ហើយមនុស្សជាតិគ្រប់រូបនឹងប្រកាសទទួលស្គាល់ជាចំហថាខ្ញុំជាព្រះ›»។ ១២ ដូច្នេះ ព្រះនឹងវិនិច្ឆ័យយើងម្នាក់ៗតាមការប្រព្រឹត្តរបស់យើង។
១៣ ម្ល៉ោះហើយ យើងមិនត្រូវវិនិច្ឆ័យគ្នាទៅវិញទៅមកតទៅទៀតឡើយ ប៉ុន្តែចូរអ្នករាល់គ្នាតាំងចិត្តថានឹងមិនដាក់ឧបសគ្គដែលនាំឲ្យបងប្អូនជំពប់ដួល ឬនាំឲ្យវង្វេងចេញពីជំនឿឡើយ។ ១៤ ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់យេស៊ូ ខ្ញុំដឹង ហើយក៏ជឿជាក់ថា គ្មានអ្វីដែលស្មោកគ្រោកឡើយ ទាល់តែមានអ្នកណាម្នាក់ចាត់ទុករបស់ណាមួយថាស្មោកគ្រោក ទើបរបស់នោះស្មោកគ្រោកចំពោះអ្នកនោះ។ ១៥ ព្រោះប្រសិនបើបងប្អូនរបស់អ្នកកើតទុក្ខដោយសារអាហារ នោះអ្នកលែងប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ទៀតហើយ។ កុំបំផ្លាញ* បងប្អូនដោយអាហាររបស់អ្នក។ គ្រិស្តបានស្លាប់ដើម្បីបងប្អូននោះហើយ។ ១៦ ដូច្នេះ កុំឲ្យគេនិយាយអាក្រក់អំពីការល្អដែលអ្នករាល់គ្នាធ្វើ។ ១៧ ព្រោះរាជាណាចក្ររបស់ព្រះមិនមែនទាក់ទងនឹងការបរិភោគនិងការផឹកនោះទេ តែទាក់ទងនឹងសេចក្ដីសុចរិត សន្ដិភាព និងអំណរដោយសកម្មពល* បរិសុទ្ធវិញ។ ១៨ ព្រោះអ្នកណាដែលធ្វើការដូចជាខ្ញុំបម្រើដើម្បីគ្រិស្តក្នុងរឿងនេះ អ្នកនោះធ្វើឲ្យព្រះពេញចិត្ត ហើយនឹងទទួលការគោរពពីមនុស្ស។
១៩ ដូច្នេះ ចូរយើងស្វែងរកអ្វីដែលនាំឲ្យមានសន្ដិភាព និងអ្វីដែលជួយគ្នាទៅវិញទៅមកឲ្យមានភាពរឹងមាំ។ ២០ ឈប់បំផ្លាញស្នាដៃរបស់ព្រះព្រោះតែអាហារ។ ពិតមែន អ្វីៗទាំងអស់ស្អាតបរិសុទ្ធ ប៉ុន្តែបើអ្នកណាម្នាក់បរិភោគហើយបណ្ដាលឲ្យជំពប់ដួល នោះជាការអាក្រក់វិញ។ ២១ ជាការល្អប្រសិនបើមិនបរិភោគសាច់ ឬផឹកស្រា ឬធ្វើអ្វីក៏ដោយដែលបណ្ដាលឲ្យបងប្អូនរបស់អ្នកជំពប់ដួល។ ២២ ជំនឿដែលអ្នកមាន ចូរទុកជារឿងរវាងអ្នកនឹងព្រះ។ អ្នកណាដែលមិនផ្ដន្ទាទោសខ្លួនចំពោះអ្វីដែលខ្លួនសម្រេចចិត្តធ្វើ អ្នកនោះមានសុភមង្គលហើយ។ ២៣ ប៉ុន្តែបើអ្នកនោះសង្ស័យ គាត់មានទោសហើយ ប្រសិនបើគាត់បរិភោគ ព្រោះគាត់មិនមែនបរិភោគដោយមានជំនឿ។ អ្វីៗទាំងអស់ដែលមិនមកពីជំនឿ គឺជាការខុសឆ្គង។