រ៉ូម
១៦ ខ្ញុំសូមណែនាំឲ្យអ្នករាល់គ្នាស្គាល់ភីបេ ជាបងស្រីរបស់យើង ដែលជាអ្នកបម្រើក្នុងក្រុមជំនុំនៅក្រុងសង់គ្រា ២ ដើម្បីឲ្យអ្នករាល់គ្នាទទួលស្វាគមន៍នាងក្នុងលោកម្ចាស់ តាមរបៀបដែលសមនឹងពួកអ្នកបរិសុទ្ធ ហើយដើម្បីឲ្យអ្នករាល់គ្នាជួយនាងក្នុងរឿងអ្វីក៏ដោយដែលនាងត្រូវការអ្នករាល់គ្នាជួយ ព្រោះរូបនាងក៏ធ្លាប់ជួយការពារបងប្អូនជាច្រើននាក់ រួមទាំងរូបខ្ញុំផ្ទាល់ផង។
៣ ខ្ញុំផ្ដាំសួរសុខទុក្ខព្រីស្កានិងអាគីឡា ជាអ្នករួមធ្វើការជាមួយនឹងខ្ញុំក្នុងគ្រិស្តយេស៊ូ ៤ ក៏ជាអ្នកដែលបានប្រថុយជីវិតដើម្បីសង្គ្រោះជីវិត* ខ្ញុំ ហើយមិនត្រឹមតែខ្ញុំប៉ុណ្ណោះទេដែលអរគុណពួកគាត់ តែក្រុមជំនុំទាំងអស់របស់ប្រជាជាតិនានាក៏អរគុណពួកគាត់ដែរ ៥ ក៏ផ្ដាំសួរសុខទុក្ខក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគាត់។ ផ្ដាំសួរសុខទុក្ខអេប៉ាយណេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងសម្រាប់គ្រិស្ត នៅអាស៊ី។ ៦ ផ្ដាំសួរសុខទុក្ខម៉ារៀ ដែលបានធ្វើការជាច្រើនយ៉ាងនឿយហត់ដើម្បីអ្នករាល់គ្នា។ ៧ ផ្ដាំសួរសុខទុក្ខអាន់ត្រូនីកនិងយូនាស ជាសាច់ញាតិរបស់ខ្ញុំនិងជាអ្នកដែលធ្លាប់ជាប់គុកជាមួយនឹងខ្ញុំ។ បុរសទាំងនោះមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមពួកសាវ័ក ហើយបានកាន់តាមគ្រិស្តយូរជាងខ្ញុំ។
៨ ផ្ដាំសួរសុខទុក្ខអាំភ្លីអេទូសជាទីស្រឡាញ់របស់ខ្ញុំក្នុងលោកម្ចាស់។ ៩ ផ្ដាំសួរសុខទុក្ខអ៊ូបាន់ ជាអ្នករួមការងារជាមួយនឹងយើងក្នុងគ្រិស្ត ហើយខ្ញុំផ្ដាំសួរសុខទុក្ខស្ដាគីសជាទីស្រឡាញ់របស់ខ្ញុំ។ ១០ ផ្ដាំសួរសុខទុក្ខអាពើលេស ជាអ្នកស្មោះត្រង់ក្នុងគ្រិស្ត។ ផ្ដាំសួរសុខទុក្ខពួកអ្នកផ្ទះអារីស្តូប៊ូល។ ១១ ផ្ដាំសួរសុខទុក្ខហេរ៉ូឌាន ជាសាច់ញាតិរបស់ខ្ញុំ។ ផ្ដាំសួរសុខទុក្ខពួកអ្នកផ្ទះណាគីសដែលជាអ្នកកាន់តាមលោកម្ចាស់។ ១២ ផ្ដាំសួរសុខទុក្ខទ្រីភេននិងទ្រីផូស ជាពួកស្ត្រីដែលកំពុងធ្វើការយ៉ាងនឿយហត់ក្នុងលោកម្ចាស់។ ផ្ដាំសួរសុខទុក្ខពើស៊ីសជាទីស្រឡាញ់របស់យើង ព្រោះនាងបានធ្វើការជាច្រើនយ៉ាងនឿយហត់ក្នុងលោកម្ចាស់។ ១៣ ផ្ដាំសួរសុខទុក្ខរូហ្វូស ជាអ្នកបម្រើល្អឆ្នើមម្នាក់របស់លោកម្ចាស់ ហើយខ្ញុំផ្ដាំសួរសុខទុក្ខម្ដាយរបស់គាត់ ដែលខ្ញុំក៏ចាត់ទុកជាម្ដាយរបស់ខ្ញុំដែរ។ ១៤ ផ្ដាំសួរសុខទុក្ខអាស៊ីងគ្រីត ផ្លេកូន ហ៊ើមេស ប៉ាត្រូបាស ហ៊ើម៉ាស និងបងប្អូនទាំងប៉ុន្មានដែលនៅជាមួយនឹងពួកគាត់។ ១៥ ផ្ដាំសួរសុខទុក្ខភីឡូឡូកុសនិងយូលាស នេរូសនិងប្អូនស្រីរបស់គាត់ ហើយអូលីមប៉ាសនិងពួកអ្នកបរិសុទ្ធទាំងអស់ដែលនៅជាមួយនឹងពួកគាត់។ ១៦ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ជាបងប្អូន។ ក្រុមជំនុំទាំងអស់ក្នុងគ្រិស្តផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
១៧ បងប្អូនអើយ ខ្ញុំសូមបំផុសទឹកចិត្តអ្នករាល់គ្នាឲ្យចំណាំមើលពួកអ្នកដែលបណ្ដាលឲ្យបែកបាក់គ្នានិងបង្កហេតុដែលនាំឲ្យជំពប់ដួល ដែលផ្ទុយនឹងសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល ហើយចូរជៀសចេញពីអ្នកទាំងនោះ។ ១៨ ព្រោះមនុស្សបែបនោះមិនមែនជាខ្ញុំបម្រើរបស់គ្រិស្តជាម្ចាស់យើងទេ តែជាខ្ញុំបម្រើក្រពះរបស់ពួកគេវិញ ហើយពួកគេល្បួងលួងលោមចិត្តរបស់មនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះនិងសម្ដីបញ្ចើចបញ្ចើ។ ១៩ ព្រោះមនុស្សទាំងអស់បានកត់សម្គាល់ថាអ្នករាល់គ្នាស្ដាប់បង្គាប់។ ដូច្នេះ ខ្ញុំអរសប្បាយដោយសារអ្នករាល់គ្នា។ ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងអ្វីដែលល្អ តែគ្មានពិសោធន៍ខាងអ្វីដែលអាក្រក់។ ២០ បន្ដិចទៀតព្រះដែលផ្ដល់សេចក្ដីសុខសាន្តនឹងកិនកម្ទេចសាថាន* ក្រោមជើងរបស់អ្នករាល់គ្នា។ សូមគុណដ៏វិសេសលើសលប់របស់លោកយេស៊ូជាម្ចាស់របស់យើងនៅជាមួយនឹងអ្នករាល់គ្នា។
២១ ធីម៉ូថេ ជាអ្នករួមការងារជាមួយនឹងខ្ញុំផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា ហើយលូសៀស យេសុន និងសូស៊ីប៉ាទែរ ដែលជាសាច់ញាតិរបស់ខ្ញុំក៏សួរសុខទុក្ខអ្នករាល់គ្នាដែរ។
២២ ខ្ញុំ ទើទាស ដែលជាអ្នកសរសេរសំបុត្រនេះ សូមសួរសុខទុក្ខអ្នករាល់គ្នាក្នុងលោកម្ចាស់។
២៣ កៃយុស ជាអ្នកទទួលខ្ញុំនិងជាអ្នកទទួលក្រុមជំនុំទាំងមូលក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ អេរ៉ាស្ទុស ជាមេឃ្លាំងប្រាក់របស់ក្រុង និងគ័រទូសជាប្អូនប្រុសរបស់គាត់ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ ២៤ * ——
២៥ ព្រះអាចធ្វើឲ្យអ្នករាល់គ្នារឹងមាំ ស្របទៅតាមដំណឹងល្អដែលខ្ញុំប្រកាស និងស្របទៅតាមការផ្សព្វផ្សាយអំពីលោកយេស៊ូគ្រិស្ត តាមការបើកបង្ហាញនូវអាថ៌កំបាំងដ៏ពិសិដ្ឋដែលបានត្រូវទុកជារឿងសម្ងាត់អស់កាលយូរលង់ ២៦ តែឥឡូវបានត្រូវសម្ដែងឲ្យឃើញវិញ ស្របទៅតាមបង្គាប់របស់ព្រះដែលស្ថិតនៅជារៀងរហូត ក៏បានត្រូវប្រកាសឲ្យដឹងក្នុងប្រជាជាតិទាំងអស់ តាមរយៈទំនាយក្នុងបទគម្ពីរ ដើម្បីឲ្យពួកគេមានជំនឿហើយស្ដាប់បង្គាប់លោក។ ២៧ សូមព្រះ ដែលមានតែលោកប៉ុណ្ណោះដែលមានប្រាជ្ញា ប្រកបដោយសិរីរុងរឿងតាមរយៈលោកយេស៊ូគ្រិស្តជារៀងរហូត។ អាមេន។