កូរិនថូសទី១
១ ពីខ្ញុំ ប៉ូល ដែលបានត្រូវហៅឲ្យធ្វើជាសាវ័ក* របស់លោកយេស៊ូគ្រិស្ត* តាមបំណងប្រាថ្នារបស់ព្រះ ព្រមទាំងពីសូស្តែនជាបងប្រុសរបស់យើង ២ ជូនចំពោះក្រុមជំនុំរបស់ព្រះនៅឯក្រុងកូរិនថូស គឺអ្នករាល់គ្នាដែលបានត្រូវញែកចេញជាបរិសុទ្ធក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ ក៏បានត្រូវហៅ ដើម្បីឲ្យធ្វើជាអ្នកបរិសុទ្ធ ហើយជូនចំពោះអស់អ្នកដែលកំពុងហៅរកនាមលោកម្ចាស់របស់យើងនៅគ្រប់ទីកន្លែង គឺនាមលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់ពួកគាត់និងរបស់យើងដែរ៖
៣ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះ ជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៤ ខ្ញុំតែងតែអរគុណព្រះអំពីអ្នករាល់គ្នា ដោយគិតពីគុណដ៏វិសេសលើសលប់របស់ព្រះដែលបានត្រូវផ្ដល់ឲ្យអ្នករាល់គ្នាតាមរយៈគ្រិស្តយេស៊ូ ៥ ពោលគឺអ្នករាល់គ្នាបានទទួលអ្វីៗជាបរិបូរដោយសាររួបរួមជាមួយនឹងលោក ដែលរួមបញ្ចូលសមត្ថភាពពេញលេញក្នុងការប្រកាសបណ្ដាំរបស់ព្រះ និងចំណេះសព្វគ្រប់ ៦ ពីព្រោះសក្ខីភាពអំពីគ្រិស្តបានចាក់ឫសយ៉ាងរឹងមាំក្នុងចំណោមអ្នករាល់គ្នា ៧ ដើម្បីកុំឲ្យអ្នករាល់គ្នាខ្វះអំណោយណាមួយឡើយ កាលដែលទន្ទឹងចាំដោយចិត្តរំភើបនូវគ្រាដែលលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនឹងត្រូវសម្ដែងឲ្យឃើញ។ ៨ ព្រះក៏នឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំរហូតដល់ទីបញ្ចប់ ដើម្បីកុំឲ្យអ្នករាល់គ្នាមានកន្លែងចាប់កំហុសបាននៅថ្ងៃរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។ ៩ ព្រះគឺស្មោះត្រង់ គឺលោកហើយដែលបានហៅអ្នករាល់គ្នាឲ្យមករួមចំណែកជាមួយនឹងបុត្ររបស់លោក គឺលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។
១០ ឥឡូវនេះ បងប្អូនអើយ តាមរយៈនាមរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ខ្ញុំសូមបំផុសទឹកចិត្តអ្នកទាំងអស់គ្នាឲ្យនិយាយដូចគ្នាទាំងអស់ ហើយមិនត្រូវមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ តែត្រូវមានគំនិតឯកភាព និងមានរបៀបគិតគូរតែមួយ។ ១១ បងប្អូនខ្ញុំអើយ ព្រោះមានមនុស្សពីក្រុមគ្រួសារខ្លូអេប្រាប់ខ្ញុំអំពីអ្នករាល់គ្នាថា មានការទាស់ទែងក្នុងចំណោមអ្នករាល់គ្នា។ ១២ ខ្ញុំចង់និយាយថា អ្នករាល់គ្នាម្នាក់ៗពោលថា៖ «ខ្ញុំកាន់តាមប៉ូល» «តែខ្ញុំកាន់តាមអាប៉ូឡុស» «ឯខ្ញុំកាន់តាមកេផាស» «តែខ្ញុំកាន់តាមគ្រិស្ត»។ ១៣ គ្រិស្តបែកសាមគ្គីហើយ។ គេមិនបានព្យួរ* ប៉ូលដើម្បីអ្នករាល់គ្នាទេ មែនទេ? ឬក៏អ្នករាល់គ្នាបានទទួលការជ្រមុជទឹក* ក្នុងនាមប៉ូល? ១៤ ខ្ញុំមានអំណរគុណដែលខ្ញុំមិនបានជ្រមុជទឹកឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក្រៅពីគ្រីស្ពូសនិងកៃយុស ១៥ ដើម្បីកុំឲ្យអ្នកណានិយាយថាអ្នករាល់គ្នាបានទទួលការជ្រមុជទឹកក្នុងនាមខ្ញុំ។ ១៦ ខ្ញុំក៏បានជ្រមុជទឹកឲ្យពួកអ្នកផ្ទះស្ទេផាណាសដែរ។ ក្រៅពីនោះ ខ្ញុំមិនដឹងថាខ្ញុំបានជ្រមុជទឹកឲ្យអ្នកណាទៀតទេ។ ១៧ ព្រោះគ្រិស្តមិនបានចាត់ខ្ញុំទៅជ្រមុជទឹកឲ្យគេឡើយ តែបានចាត់ខ្ញុំឲ្យទៅប្រកាសដំណឹងល្អវិញ មិនមែនដោយប្រើសម្ដីរបស់អ្នកប្រាជ្ញទេ ព្រោះបើធ្វើដូច្នេះនាំឲ្យបង្គោលទារុណកម្ម* របស់គ្រិស្តទៅជាឥតប្រយោជន៍។
១៨ ព្រោះអ្នកដែលកំពុងវិនាសចាត់ទុកការនិយាយអំពីបង្គោលទារុណកម្មថាជាការនិយាយផ្ដេសផ្ដាស តែយើងដែលកំពុងទទួលសេចក្ដីសង្គ្រោះចាត់ទុកការនោះជាឫទ្ធានុភាពរបស់ព្រះ។ ១៩ ព្រោះបទគម្ពីរចែងថា៖ «ខ្ញុំនឹងធ្វើឲ្យប្រាជ្ញារបស់ពួកអ្នកប្រាជ្ញសាបសូន្យទៅ ហើយចំណេះរបស់អ្នកចេះដឹង ខ្ញុំនឹងច្រានចោល»។ ២០ តើអ្នកប្រាជ្ញ អ្នកជំនាញខាងច្បាប់* និងអ្នកជជែកវែកញែកនៃពិភពលោកនេះនៅឯណា? ព្រះបានបង្ហាញឲ្យឃើញថាប្រាជ្ញារបស់ពិភពលោកនេះ ជាអ្វីដែលផ្ដេសផ្ដាសទៅវិញ មែនទេ? ២១ ព្រោះទោះជាពិភពលោកមិនបានស្គាល់ព្រះដោយប្រាជ្ញារបស់ពួកគេក៏ដោយ ក៏ព្រះបានយល់ដោយប្រាជ្ញារបស់លោកថាជាការល្អដែលសង្គ្រោះពួកអ្នកជឿ តាមរយៈការផ្សព្វផ្សាយអ្វីដែលផ្ដេសផ្ដាស។
២២ ព្រោះជនជាតិយូដាសុំសញ្ញាសម្គាល់ ហើយជនជាតិក្រិចស្វែងរកប្រាជ្ញា ២៣ តែយើងផ្សព្វផ្សាយអំពីគ្រិស្តដែលបានត្រូវព្យួរ ជាអ្វីដែលធ្វើឲ្យជនជាតិយូដាជំពប់ដួល តែជនជាតិដទៃចាត់ទុកជាការនិយាយផ្ដេសផ្ដាស ២៤ ក៏ប៉ុន្តែចំពោះជនជាតិយូដានិងជនជាតិក្រិចដែលបានត្រូវហៅ គ្រិស្តជាឫទ្ធានុភាពរបស់ព្រះ និងជាប្រាជ្ញារបស់ព្រះ។ ២៥ ការរបស់ព្រះដែលគេចាត់ទុកថាផ្ដេសផ្ដាស គឺប្រកបដោយប្រាជ្ញាវាងវៃជាងមនុស្ស ហើយការរបស់ព្រះដែលគេចាត់ទុកថាខ្សោយ គឺខ្លាំងជាងមនុស្ស។
២៦ ព្រោះបងប្អូនអើយ អ្នករាល់គ្នាអាចឃើញក្នុងករណីរបស់អ្នករាល់គ្នាថា ព្រះមិនបានហៅមនុស្សជាច្រើនដែលជាអ្នកប្រាជ្ញតាមទស្សនៈមនុស្ស ឬជាអ្នកមានអំណាច ឬក៏ជាអ្នកដែលបានកើតក្នុងវង្សត្រកូលខ្ពង់ខ្ពស់ឡើយ ២៧ តែព្រះបានជ្រើសរើសមនុស្សដែលពិភពលោកចាត់ទុកថាល្ងង់ខ្លៅ ដើម្បីលោកអាចធ្វើឲ្យអ្នកប្រាជ្ញអាម៉ាស់មុខ ហើយព្រះក៏បានជ្រើសរើសមនុស្សដែលពិភពលោកចាត់ទុកថាទន់ខ្សោយ ដើម្បីលោកអាចធ្វើឲ្យអ្នកខ្លាំងពូកែអាម៉ាស់មុខ ២៨ ព្រះបានជ្រើសរើសអ្វីដែលពិភពលោកចាត់ទុកថាអាប់ឱន អ្វីដែលគេមើលងាយ និងអ្វីដែលគេចាត់ទុកថាគ្មានតម្លៃសោះ ដើម្បីលោកអាចធ្វើឲ្យអ្វីដែលគេចាត់ទុកថាសំខាន់ទៅជាអសារឥតការវិញ ២៩ ដើម្បីកុំឲ្យមនុស្សណាម្នាក់មានហេតុអួតខ្លួននៅចំពោះព្រះឡើយ។ ៣០ ប៉ុន្តែគឺដោយសារព្រះហើយដែលអ្នករាល់គ្នាគឺជាអ្នកកាន់តាមគ្រិស្តយេស៊ូ។ ចំពោះយើង លោកបានទៅជាប្រាជ្ញាពីព្រះ ក៏បានទៅជាសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងការរំដោះដោយការលោះ ៣១ ដើម្បីឲ្យបានដូចបទគម្ពីរដែលចែងថា៖ «អ្នកណាដែលអួត ចូរឲ្យអ្នកនោះអួតពីព្រះយេហូវ៉ា»។