កូរិនថូសទី១
៧ ឥឡូវខ្ញុំសូមឆ្លើយនឹងអ្វីៗដែលអ្នករាល់គ្នាបានសរសេរទៅខ្ញុំ។ ប្រសិនបើបុរសម្នាក់មិនពាល់ស្ត្រីណាម្នាក់សោះ នោះជាការល្អប្រសើរ ២ ក៏ប៉ុន្តែដោយសារ មានអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទកើតឡើងជារឿយៗ ចូរឲ្យបុរសម្នាក់ៗ មានប្រពន្ធរៀងៗខ្លួន ហើយស្ត្រីម្នាក់ៗមានប្ដីរៀងៗខ្លួនចុះ។ ៣ ប្ដីត្រូវបំពេញករណីយកិច្ចរបស់ខ្លួនចំពោះប្រពន្ធ* តែប្រពន្ធក៏ត្រូវបំពេញករណីយកិច្ចចំពោះប្ដីនាងដែរ។ ៤ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ តែគឺជាប្ដីវិញ។ ដូចគ្នាដែរ ប្ដីមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនឡើយ តែគឺជាប្រពន្ធវិញ។ ៥ កុំបង្អត់គ្នាឡើយ លើកលែងតែបានព្រមព្រៀងគ្នា ហើយសម្រាប់តែមួយរយៈពេលប៉ុណ្ណោះ ដើម្បីឲ្យអ្នករាល់គ្នាអាចទុកពេលសម្រាប់អធិដ្ឋាន រួចមកអាចរួមគ្នាម្ដងទៀត កុំឲ្យសាថាន* បន្តល្បួងអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាទប់ចិត្តមិនបាន។ ៦ ក៏ប៉ុន្តែខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិឲ្យអ្នករាល់គ្នា មិនមែនជាការបង្គាប់ទេ។ ៧ តែខ្ញុំចង់ឲ្យបុរសទាំងអស់ដូចខ្ញុំដែរ។ ទោះជាយ៉ាងនោះក៏ដោយ មនុស្សម្នាក់ៗបានទទួលអំណោយរៀងៗខ្លួនពីព្រះ ម្នាក់បានយ៉ាងនេះ ម្នាក់ទៀតបានយ៉ាងនោះ។
៨ ឥឡូវខ្ញុំសូមប្រាប់អ្នកដែលគ្មានគូអាពាហ៍ពិពាហ៍ និងស្ត្រីមេម៉ាយថា ជាការល្អប្រសិនបើអ្នករាល់គ្នានៅដូចខ្ញុំ។ ៩ ប៉ុន្តែប្រសិនបើពួកគាត់ទប់ចិត្តមិនបាន ចូររៀបការទៅចុះ ព្រោះបើរៀបការ នោះគឺប្រសើរជាងមានតណ្ហារោលរាល។
១០ ចំពោះអ្នកដែលបានរៀបការហើយ ខ្ញុំសូមណែនាំ តាមពិត មិនមែនខ្ញុំទេ គឺជាលោកម្ចាស់ទេដែលណែនាំថា ប្រពន្ធមិនគួរចុះចោលប្ដីឡើយ។ ១១ ប៉ុន្តែប្រសិនបើនាងចុះចោលប្ដីមែន នាងមិនត្រូវរៀបការទៀតឡើយ ឬមួយក៏នាងត្រូវរកជានឹងប្ដីវិញ។ ឯប្ដីមិនគួរចុះចោលប្រពន្ធឡើយ។
១២ ប៉ុន្តែចំពោះអ្នកឯទៀត មិនមែនលោកម្ចាស់ប្រាប់ទេ តែខ្ញុំសូមប្រាប់ថា៖ ប្រសិនបើបងប្រុសណាម្នាក់មានប្រពន្ធដែលមិនមែនជាអ្នកជឿ ហើយនាងយល់ព្រមរួមរស់ជាមួយនឹងគាត់ បងប្រុសនោះមិនត្រូវចុះចោលនាងឡើយ ១៣ ហើយស្ត្រីណាមានប្ដី ដែលមិនមែនជាអ្នកជឿ តែគាត់យល់ព្រមរួមរស់ជាមួយនឹងនាង នោះនាងមិនត្រូវចុះចោលប្ដីឡើយ។ ១៤ ព្រោះប្ដីដែលមិនមែនជាអ្នកជឿបានត្រូវចាត់ទុកជាបរិសុទ្ធដោយសារប្រពន្ធ ឯប្រពន្ធដែលមិនមែនជាអ្នកជឿបានត្រូវចាត់ទុកជាបរិសុទ្ធដោយសារប្ដី បើមិនដូច្នេះ កូនរបស់អ្នករាល់គ្នានឹងត្រូវចាត់ទុកជាស្មោកគ្រោក តែឥឡូវកូនរបស់អ្នករាល់គ្នាគឺបរិសុទ្ធ។ ១៥ ប៉ុន្តែប្រសិនបើគូដែលមិនមែនជាអ្នកជឿចុះចោល ឲ្យអ្នកនោះទៅចុះ។ ក្នុងករណីនេះ បងប្រុសឬបងស្រីនោះគ្មានកាតព្វកិច្ចចំពោះអ្នកនោះទេ តែព្រះបានផ្ដល់សេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា។ ១៦ ព្រោះប្រពន្ធអើយ នាងប្រហែលជានឹងសង្គ្រោះប្ដីក៏មិនដឹង ឬប្ដីអើយ អ្នកប្រហែលជានឹងសង្គ្រោះប្រពន្ធក៏មិនដឹង។
១៧ ចូរម្នាក់ៗរក្សាសភាពរបស់ខ្លួន ឲ្យដូចចំណែកដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យពេលដែលលោកបានហៅ។ ខ្ញុំបង្គាប់ក្រុមជំនុំទាំងឡាយឲ្យធ្វើដូច្នេះ ១៨ តើមានបុរសណាដែលបានត្រូវហៅក្រោយពីបានទទួលការកាត់ចុងស្បែក* ហើយឬ? បុរសនោះមិនត្រូវធ្វើឲ្យមានចុងស្បែកម្ដងទៀតទេ។ តើមានបុរសណាដែលបានត្រូវហៅដោយមិនទាន់ទទួលការកាត់ចុងស្បែក? បុរសនោះមិនត្រូវទទួលការកាត់ចុងស្បែកទេ។ ១៩ ការកាត់ចុងស្បែកគ្មានន័យទេ ឯការដែលមិនទទួលការកាត់ចុងស្បែកក៏គ្មានន័យដែរ តែការគោរពតាមបញ្ញត្ដិរបស់ព្រះទើបមានន័យ។ ២០ ចូរគ្រប់គ្នារក្សាសភាពដែលខ្លួនមានពេលដែលបានត្រូវហៅ។ ២១ តើអ្នកបានត្រូវហៅពេលដែលនៅជាខ្ញុំបម្រើឬ? កុំខ្វល់ចិត្តពីរឿងនោះឡើយ តែបើអ្នកអាចមានសេរីភាពបាន ចូរឆក់យកឱកាសនោះ។ ២២ ព្រោះក្នុងលោកម្ចាស់ អ្នកណាដែលបានត្រូវហៅពេលដែលនៅជាខ្ញុំបម្រើ អ្នកនោះទទួលសេរីភាព ហើយទៅជារបស់លោកម្ចាស់។ ដូចគ្នាដែរ អ្នកណាដែលបានត្រូវហៅពេលដែលមានសេរីភាព អ្នកនោះជាខ្ញុំបម្រើរបស់គ្រិស្ត។ ២៣ អ្នករាល់គ្នាបានត្រូវទិញក្នុងតម្លៃថ្លៃណាស់។ ចូរឈប់ធ្វើជាខ្ញុំបម្រើរបស់មនុស្ស។ ២៤ បងប្អូនអើយ ចូរគ្រប់គ្នារក្សាសភាពដែលខ្លួនមានពេលដែលបានត្រូវហៅ ព្រមទាំងរក្សាចំណងមិត្តភាពជាមួយនឹងព្រះ។
២៥ ចំពោះអ្នកដែលនៅលីវ* ខ្ញុំគ្មានបទបញ្ជាណាមួយពីលោកម្ចាស់ទេ ប៉ុន្តែខ្ញុំសូមជូនយោបល់របស់ខ្ញុំ ក្នុងនាមជាអ្នកដែលស្មោះត្រង់ ដោយសារបានទទួលសេចក្ដីមេត្ដាករុណាពីលោកម្ចាស់។ ២៦ ដូច្នេះ ដោយសារយើងកំពុងនៅក្នុងគ្រាលំបាក ខ្ញុំគិតថាជាការល្អប្រសើរ ប្រសិនបើបុរសរក្សាសភាពដែលខ្លួនមានឥឡូវនេះ។ ២៧ តើអ្នកមានប្រពន្ធហើយឬ? ចូរឈប់រកវិធីដោះខ្លួនចេញពីនាង។ តើអ្នកគ្មានប្រពន្ធឬ? ចូរឈប់រកប្រពន្ធ។ ២៨ ប៉ុន្តែប្រសិនបើអ្នករៀបការ នោះមិនមែនជាការខុសឆ្គង* ទេ។ ហើយប្រសិនបើអ្នកដែលនៅលីវ* រៀបការ នោះក៏មិនមែនជាការខុសឆ្គងដែរ។ ប៉ុន្តែអ្នកដែលរៀបការនឹងមានការលំបាកផ្សេងៗក្នុងជីវិត។* តែខ្ញុំកំពុងជួយអ្នករាល់គ្នាឲ្យរួចពីការលំបាកនោះ។
២៩ ម្យ៉ាងទៀត បងប្អូនអើយ ខ្ញុំសូមប្រាប់ថា នៅសល់ពេលវេលាតែបន្ដិចទេ។ ចាប់ពីពេលនេះទៅ អ្នកដែលមានប្រពន្ធត្រូវដូចជាអ្នកគ្មានប្រពន្ធវិញ ៣០ ហើយអ្នកដែលយំត្រូវដូចជាអ្នកដែលមិនយំ ឯអ្នកដែលត្រេកអរត្រូវដូចជាអ្នកដែលមិនត្រេកអរ ហើយអ្នកដែលទិញត្រូវដូចជាអ្នកដែលគ្មានអ្វីសោះ ៣១ ឯអ្នកដែលប្រើអ្វីៗពីពិភពលោកត្រូវដូចជាអ្នកដែលមិនប្រើប្រាស់ពេញលេញ ព្រោះស្ថានភាពពិភពលោកកំពុងប្រែប្រួល។ ៣២ ខ្ញុំចង់ឲ្យអ្នករាល់គ្នារួចពីកង្វល់។ បុរសដែលមិនរៀបការខ្វល់ខ្វាយអំពីការអ្វីដែលទាក់ទងនឹងកិច្ចបម្រើលោកម្ចាស់ ពោលគឺរបៀបដែលគាត់អាចធ្វើឲ្យលោកម្ចាស់ពេញចិត្ត។ ៣៣ ប៉ុន្តែបុរសដែលរៀបការហើយ ខ្វល់ខ្វាយអំពីអ្វីៗដែលទាក់ទងនឹងពិភពលោកនេះ ពោលគឺរបៀបដែលគាត់អាចធ្វើឲ្យប្រពន្ធពេញចិត្ត ៣៤ ហើយគាត់បានត្រូវបែងចែកជាពីរ។ ម្យ៉ាងទៀត ស្ត្រីដែលមិនរៀបការឬស្ត្រីក្រមុំខ្វល់ខ្វាយអំពីការអ្វីដែលទាក់ទងនឹងកិច្ចបម្រើលោកម្ចាស់ ដើម្បីឲ្យនាងបរិសុទ្ធទាំងចិត្ត* ទាំងកាយ។ ក៏ប៉ុន្តែស្ត្រីដែលរៀបការហើយ ខ្វល់ខ្វាយអំពីអ្វីៗដែលទាក់ទងនឹងពិភពលោកនេះ ពោលគឺរបៀបដែលនាងអាចធ្វើឲ្យប្ដីពេញចិត្ត។ ៣៥ ប៉ុន្តែខ្ញុំនិយាយដូចនេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនដើម្បីឲ្យជាប់ចំណងទេ តែដើម្បីជំរុញចិត្តឲ្យធ្វើអ្វីដែលសមរម្យ ហើយអ្វីដែលផ្ដល់លទ្ធភាពឲ្យបម្រើលោកម្ចាស់ជានិច្ចដោយគ្មានអ្វីបំបែរអារម្មណ៍។
៣៦ ប៉ុន្តែប្រសិនបើមានអ្នកណាម្នាក់គិតថាការប្រព្រឹត្តរបស់ខ្លួនគឺមិនសមរម្យព្រោះនៅលីវ* ហើយបើអ្នកនោះមិនក្មេងពេក អ្នកនោះត្រូវធ្វើដូចតទៅនេះ៖ ចូរឲ្យអ្នកនោះរៀបការទៅ បើចង់រៀបការ។ នោះមិនមែនជាការខុសឆ្គងទេ។ ៣៧ ប៉ុន្តែប្រសិនបើអ្នកណាបានតាំងចិត្តរឹងមាំ ក៏មិនត្រូវការធ្វើដូច្នោះ តែអាចគ្រប់គ្រងចិត្តខ្លួនឯង ហើយបានសម្រេចចិត្តថានឹងនៅលីវ* គាត់នឹងសម្រេចការបានល្អ។ ៣៨ ដូច្នេះ អ្នកណាដែលរៀបការ អ្នកនោះក៏សម្រេចការបានល្អដែរ តែអ្នកណាដែលមិនរៀបការ អ្នកនោះនឹងសម្រេចការបានល្អជាង។
៣៩ ប្រពន្ធត្រូវនៅជាប់នឹងប្ដី ដរាបណាប្ដីនៅរស់។ ប៉ុន្តែប្រសិនបើប្ដីរបស់នាងដេកលក់ក្នុងសេចក្ដីស្លាប់ នោះនាងមានសេរីភាពអាចរៀបការជាមួយនឹងអ្នកណាក៏បាន ឲ្យតែអ្នកនោះជាអ្នកកាន់តាមលោកម្ចាស់។ ៤០ ប៉ុន្តែតាមយោបល់ខ្ញុំ នាងនឹងមានសុភមង្គលច្រើនជាង ប្រសិនបើនាងមិនរៀបការម្ដងទៀត។ ខ្ញុំគិតថា ខ្ញុំប្រាកដជាមានសកម្មពល* របស់ព្រះដែរ។