កូរិនថូសទី១
៩ ខ្ញុំមានសេរីភាព មែនទេ? ខ្ញុំជាសាវ័ក មែនទេ? ខ្ញុំបានឃើញលោកយេស៊ូជាម្ចាស់របស់យើង មែនទេ? អ្នករាល់គ្នាជាផលនៃការដែលខ្ញុំបានធ្វើក្នុងលោកម្ចាស់ មែនទេ? ២ ប្រសិនបើចំពោះអ្នកឯទៀត ខ្ញុំមិនមែនជាសាវ័ក នោះខ្ញុំប្រាកដជាសាវ័កចំពោះអ្នករាល់គ្នា ព្រោះអ្នករាល់គ្នាជាត្រាដែលបញ្ជាក់ថាខ្ញុំជាសាវ័ករបស់លោកម្ចាស់។
៣ ចំពោះអ្នកដែលវិនិច្ឆ័យខ្ញុំ ខ្ញុំសូមនិយាយការពារខ្លួនដូចតទៅនេះ៖ ៤ យើងមានសិទ្ធិផឹកនិងបរិភោគ មែនទេ? ៥ យើងមានសិទ្ធិរៀបការជាមួយនឹងអ្នកជឿហើយនាំទៅជាមួយ ដូចសាវ័កឯទៀត ដូចបងប្អូនរបស់លោកម្ចាស់ និងកេផាសដែរ មែនទេ? ៦ ឬតើមានតែខ្ញុំនឹងបាណាបាសប៉ុណ្ណោះដែលមិនមានសិទ្ធិឈប់ធ្វើការចិញ្ចឹមជីវិត? ៧ តើអ្នកណាធ្វើជាទាហានតែចាយប្រាក់ខ្លួនឯង? តើអ្នកណាដាំចម្ការទំពាំងបាយជូរ តែមិនបរិភោគផល? ឬតើអ្នកណាឃ្វាលហ្វូងសត្វ តែមិនទទួលចំណែកពីទឹកដោះសត្វនោះ?
៨ តើខ្ញុំកំពុងនិយាយដោយផ្អែកលើខ្នាតតម្រារបស់មនុស្សឬ? ច្បាប់* ក៏ចែងដូច្នេះដែរ មែនទេ? ៩ ព្រោះច្បាប់ម៉ូសេចែងថា៖ «អ្នកមិនត្រូវឃ្លុំមាត់គោឈ្មោលពេលដែលវាបញ្ជាន់ស្រូវ»។ តើព្រះកំពុងយកចិត្តទុកដាក់នឹងសត្វគោឬ? ១០ ឬមួយដើម្បីប្រយោជន៍យើងវិញដែលលោកចែងដូច្នេះ? តាមពិតគឺដើម្បីប្រយោជន៍យើងដែលសេចក្ដីនោះបានត្រូវសរសេរ ព្រោះអ្នកដែលភ្ជួរដី គួរភ្ជួរដោយចិត្តសង្ឃឹម ហើយអ្នកដែលបញ្ជាន់ស្រូវ គួរបញ្ជាន់ដោយសង្ឃឹមថាខ្លួននឹងបានទទួលចំណែក។
១១ ប្រសិនបើយើងបានសាបព្រោះអ្វីៗពីព្រះ* ដល់អ្នករាល់គ្នា តើមានអ្វីអស្ចារ្យ ប្រសិនបើយើងទទួលផលពីអ្នករាល់គ្នា ជាអ្វីៗសម្រាប់ចិញ្ចឹមជីវិត? ១២ ប្រសិនបើបុរសឯទៀតប្រើសិទ្ធិនេះចំពោះអ្នករាល់គ្នា យើងមានសិទ្ធិលើសជាងនោះទៅទៀត មែនទេ? ទោះជាយ៉ាងនោះក៏ដោយ យើងមិនបានប្រើសិទ្ធិនេះទេ តែយើងកំពុងទទួលបន្ទុកទាំងស្រុង ដើម្បីមិនដាក់ឧបសគ្គចំពោះការផ្សាយដំណឹងល្អអំពីគ្រិស្ត។ ១៣ តើអ្នករាល់គ្នាមិនដឹងទេថា ពួកបុរសដែលបំពេញកិច្ចការដ៏ពិសិដ្ឋបរិភោគអាហារពីវិហារ ហើយពួកអ្នកដែលបម្រើជានិច្ចនៅទីបូជាក៏ទទួលចំណែកជាមួយនឹងទីបូជានោះដែរ? ១៤ ដូចគ្នាដែរ លោកម្ចាស់បានបង្គាប់ថា អ្នកដែលប្រកាសដំណឹងល្អ ត្រូវរស់នៅដោយសារដំណឹងល្អដែរ។
១៥ ប៉ុន្តែខ្ញុំមិនបានប្រើការរៀបចំទាំងនេះឡើយ សូម្បីតែមួយក៏ដោយ។ ខ្ញុំមិនបានសរសេរសេចក្ដីនេះដើម្បីចាប់ផ្ដើមប្រើការរៀបចំទាំងនេះឡើយ ព្រោះខ្ញុំស៊ូស្លាប់ល្អជាង! គ្មានអ្នកណានឹងធ្វើឲ្យហេតុដែលខ្ញុំអួតអាងទៅជាអសារឥតការទេ! ១៦ ឥឡូវ ប្រសិនបើខ្ញុំប្រកាសដំណឹងល្អ នោះមិនមែនជាហេតុឲ្យខ្ញុំអួតអាងឡើយ ព្រោះខ្ញុំត្រូវតែប្រកាសដំណឹងល្អ។ តាមពិត ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អ ខ្ញុំត្រូវវេទនាណាស់! ១៧ ប្រសិនបើខ្ញុំធ្វើដូច្នេះស្ម័គ្រពីចិត្ត ខ្ញុំបានរង្វាន់។ ប៉ុន្តែប្រសិនបើខ្ញុំធ្វើដោយមិនស្ម័គ្រពីចិត្ត ខ្ញុំនៅមានភារកិច្ចដែលបានត្រូវផ្ញើនឹងខ្ញុំ។ ១៨ ដូច្នេះ តើរង្វាន់របស់ខ្ញុំជាអ្វី? គឺពេលដែលខ្ញុំប្រកាសដំណឹងល្អ ខ្ញុំអាចផ្ដល់ដំណឹងល្អដោយមិនយកថ្លៃ ដើម្បីកុំឲ្យខ្ញុំប្រើសិទ្ធិដែលខ្ញុំមានក្នុងការប្រកាសដំណឹងល្អឲ្យបានពេញលេញ។
១៩ ព្រោះទោះជាខ្ញុំគ្មានកាតព្វកិច្ចចំពោះអ្នកណាក៏ដោយ ខ្ញុំបានធ្វើឲ្យខ្លួនទៅជាខ្ញុំបម្រើរបស់មនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំបានមនុស្សច្រើនបំផុត។ ២០ ដូច្នេះ ចំពោះជនជាតិយូដា ខ្ញុំបានធ្វើដូចជនជាតិយូដា ដើម្បីខ្ញុំអាចបានជនជាតិយូដា។ ចំពោះអ្នកដែលនៅក្រោមច្បាប់ ខ្ញុំបានធ្វើដូចអ្នកនៅក្រោមច្បាប់ ទោះជាខ្ញុំមិននៅក្រោមច្បាប់ក៏ដោយ ដើម្បីខ្ញុំអាចបានអ្នកដែលនៅក្រោមច្បាប់។ ២១ ចំពោះអ្នកដែលមិននៅក្រោមច្បាប់ ខ្ញុំបានធ្វើដូចអ្នកដែលមិននៅក្រោមច្បាប់ ដើម្បីខ្ញុំអាចបានអ្នកដែលមិននៅក្រោមច្បាប់ ទោះជានៅចំពោះព្រះខ្ញុំមិនមែនជាអ្នកដែលមិននៅក្រោមច្បាប់ក៏ដោយ តែជាអ្នកនៅក្រោមច្បាប់ចំពោះគ្រិស្ត។ ២២ ចំពោះអ្នកដែលខ្សោយ ខ្ញុំបានធ្វើដូចអ្នកដែលខ្សោយ ដើម្បីខ្ញុំអាចបានអ្នកដែលខ្សោយ។ ខ្ញុំបានធ្វើដូចមនុស្សគ្រប់ប្រភេទ ដើម្បីខ្ញុំអាចសង្គ្រោះពួកគេខ្លះតាមគ្រប់មធ្យោបាយទាំងអស់។ ២៣ ប៉ុន្តែខ្ញុំធ្វើអ្វីៗទាំងអស់ដើម្បីដំណឹងល្អ ដើម្បីឲ្យខ្ញុំអាចប្រាប់ដល់អ្នកឯទៀត។
២៤ តើអ្នករាល់គ្នាមិនដឹងទេថា អ្នកដែលរត់ប្រណាំង រត់ទាំងអស់គ្នា ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះទទួលរង្វាន់? ចូររត់យ៉ាងណាឲ្យបានរង្វាន់។ ២៥ ម្យ៉ាងទៀត បុរសទាំងអស់ដែលចូលរួមក្នុងការប្រកួតខំទប់ចិត្តក្នុងរឿងទាំងអស់។ ឯពួកគេធ្វើដូច្នេះ ដើម្បីបានមកុដដែលនឹងខូចទៅ តែយើងធ្វើដូច្នេះដើម្បីបានមកុដដែលមិនអាចខូចទេ។ ២៦ ហេតុនេះ របៀបដែលខ្ញុំកំពុងរត់ មិនមែនដូចជារត់ដោយគ្មានគោលដៅទេ។ របៀបដែលខ្ញុំដាល់ មិនដូចជាដាល់ខ្យល់ឡើយ ២៧ ប៉ុន្តែខ្ញុំវាយដំរូបកាយរបស់ខ្ញុំ ហើយបង្ខំឲ្យចុះចូលដូចខ្ញុំបម្រើ ដើម្បីកុំឲ្យខ្ញុំទៅជាមនុស្សដែលព្រះលែងពេញចិត្តដោយសារហេតុណាមួយ ក្រោយពីខ្ញុំបានផ្សព្វផ្សាយដល់អ្នកឯទៀត។