កូរិនថូសទី២
៩ ចំណែកឯកិច្ចបម្រើសម្រាប់ពួកអ្នកបរិសុទ្ធ ខ្ញុំមិនចាំបាច់សរសេរទៅអ្នករាល់គ្នាអំពីរឿងនោះទេ ២ ព្រោះខ្ញុំដឹងថាអ្នករាល់គ្នានៅប្រុងប្រៀបជានិច្ច ហើយខ្ញុំអួតប្រាប់គ្រិស្តសាសនិកនៅតំបន់ម៉ាសេដូនអំពីអ្នករាល់គ្នាថា អ្នកខេត្តអាខេយ៉ាបានប្រុងប្រៀបជួយអស់មួយឆ្នាំហើយ។ ម្យ៉ាងទៀត ចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាបានជំរុញចិត្តពួកគាត់ភាគច្រើន។ ៣ ប៉ុន្តែខ្ញុំនឹងចាត់បងប្រុសៗឲ្យទៅ ដើម្បីកុំឲ្យអ្វីដែលយើងបានអួតប្រាប់អំពីអ្នករាល់គ្នាក្នុងរឿងនេះទៅជាអសារឥតការ ហើយដើម្បីឲ្យអ្នករាល់គ្នាបានប្រុងប្រៀបជាស្រេចពិតមែន ដូចខ្ញុំធ្លាប់ប្រាប់អ្នកឯទៀតអំពីអ្នករាល់គ្នា។ ៤ ប្រសិនបើមិនដូច្នោះ កាលដែលពួកអ្នកតំបន់ម៉ាសេដូនទៅជាមួយនឹងខ្ញុំ រួចឃើញថាអ្នករាល់គ្នាមិនទាន់ប្រុងប្រៀបជាស្រេច នោះទាំងខ្ញុំទាំងអ្នករាល់គ្នានឹងត្រូវខ្មាសគេអំពីរឿងដែលយើងបានធ្វើឲ្យពួកគាត់ជឿជាក់។ ៥ ដូច្នេះ ខ្ញុំគិតថាខ្ញុំត្រូវលើកទឹកចិត្តបងប្រុសៗឲ្យទៅឯអ្នករាល់គ្នាមុន ហើយរៀបចំអំណោយដ៏សប្បុរសដែលអ្នករាល់គ្នាបានសន្យាជូន ដើម្បីឲ្យបានជាអំណោយដ៏សប្បុរស មិនមែនជាអ្វីដែលបានត្រូវគំរាមយកទេ។
៦ ប៉ុន្តែក្នុងរឿងនេះ អ្នកដែលសាបព្រោះដោយត្បិតត្បៀតនឹងទទួលផលបានតិចតួច ហើយអ្នកដែលសាបព្រោះដោយបរិបូរ នឹងប្រមូលផលបានបរិបូរដែរ។ ៧ ចូរអ្នករាល់គ្នាម្នាក់ៗធ្វើតាមការសម្រេចចិត្តរបស់ខ្លួនចុះ មិនមែនដោយទើសទាល់ឬដោយមានគេបង្ខំឡើយ ព្រោះព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ។
៨ ម្យ៉ាងទៀត ព្រះអាចធ្វើឲ្យគុណដ៏វិសេសលើសលប់របស់លោកមានកាន់តែច្រើនឡើងចំពោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានគ្រប់គ្រាន់ជានិច្ចសម្រាប់សេចក្ដីត្រូវការរបស់ខ្លួន ហើយក៏មានជាបរិបូរដើម្បីធ្វើការល្អសព្វបែបយ៉ាង។ ៩ (ដូចបទគម្ពីរចែងថា៖ «គាត់បានចែកចាយដោយចិត្តទូលាយ គាត់បានឲ្យដល់អ្នកក្រីក្រ។ សេចក្ដីសុចរិតរបស់គាត់ស្ថិតស្ថេរជារៀងរហូត»។ ១០ ឥឡូវ លោកដែលផ្គត់ផ្គង់គ្រាប់ពូជដ៏បរិបូរដល់អ្នកសាបព្រោះ ហើយផ្គត់ផ្គង់នំប៉័ងដ៏បរិបូរដល់អ្នកបរិភោគ ក៏នឹងផ្គត់ផ្គង់គ្រាប់ពូជដ៏បរិបូរឲ្យអ្នករាល់គ្នាសាបព្រោះ ហើយលោកនឹងចម្រើនផលពីសេចក្ដីសុចរិតរបស់អ្នករាល់គ្នា)។ ១១ អ្នករាល់គ្នាទទួលពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាអាចឲ្យដល់អ្នកឯទៀតដោយចិត្តទូលាយក្នុងការគ្រប់យ៉ាង ហើយតាមរយៈការព្យាយាមរបស់យើង ចិត្តទូលាយបែបនោះនាំឲ្យមនុស្សអរគុណព្រះ ១២ ពីព្រោះកិច្ចបម្រើសាធារណៈនេះ មិនគ្រាន់តែផ្ដល់ជាបរិបូរនូវអ្វីដែលពួកអ្នកបរិសុទ្ធចង់បានប៉ុណ្ណោះទេ តែនាំឲ្យមានការថ្លែងអំណរគុណជាច្រើនដល់ព្រះ។ ១៣ ដោយសារភ័ស្តុតាងដែលបានត្រូវបញ្ជាក់តាមរយៈកិច្ចបម្រើនេះ ពួកគាត់សរសើរតម្កើងព្រះ ពីព្រោះអ្នករាល់គ្នាចុះចូលស្ដាប់តាមដំណឹងល្អអំពីគ្រិស្ត ដូចអ្នករាល់គ្នាបានប្រកាសជាសាធារណៈ ហើយពីព្រោះអ្នករាល់គ្នាធ្វើវិភាគទានសម្រាប់ពួកគាត់និងអ្នកឯទៀតទាំងអស់ដោយចិត្តទូលាយ ១៤ ហើយពួកគាត់អង្វរព្រះអំពីអ្នករាល់គ្នា ហើយមានសេចក្ដីស្រឡាញ់ចំពោះអ្នករាល់គ្នាណាស់ ដោយសារគុណដ៏វិសេសលើសលប់រកអ្វីប្រៀបផ្ទឹមពុំបានដែលព្រះមានចំពោះអ្នករាល់គ្នា។
១៥ សូមអរគុណព្រះចំពោះអំណោយទានដ៏វិសេសវិសាលរកពណ៌នាពុំបានរបស់លោក។