កាឡាទី
៦ បងប្អូនអើយ ទោះជាមនុស្សម្នាក់ចាប់ផ្ដើមដើរផ្លូវខុសដោយមិនដឹងខ្លួនក៏ដោយ ចូរអ្នករាល់គ្នាជាគ្រិស្តសាសនិកដែលមានគុណសម្បត្ដិគ្រប់គ្រាន់កែតម្រង់អ្នកនោះដោយចិត្តស្លូតបូត ព្រមទាំងប្រយ័ត្នខ្លួនផង ក្រែងលោអ្នកត្រូវល្បួងដែរ។ ២ ចូរបន្តរែកពុនបន្ទុកគ្នាទៅវិញទៅមក ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញច្បាប់គ្រិស្តគ្រប់ជំពូក។ ៣ ព្រោះប្រសិនបើអ្នកណាគិតថាខ្លួនសំខាន់ តែតាមពិតខ្លួនមិនមែនជាអ្វីសោះ អ្នកនោះកំពុងបញ្ឆោតខ្លួនហើយ។ ៤ ចូរឲ្យម្នាក់ៗពិសោធឲ្យដឹងថាការរបស់ខ្លួនគឺយ៉ាងណា រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីការរបស់ខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត។ ៥ ព្រោះម្នាក់ៗត្រូវទទួលភារៈរបស់ខ្លួន។
៦ ម្យ៉ាងទៀត ចូរឲ្យអ្នកណាដែលកំពុងត្រូវគេបង្រៀន* បណ្ដាំរបស់ព្រះ រួមចំណែកក្នុងការល្អទាំងអស់ជាមួយនឹងអ្នកដែលបានបង្រៀនសេចក្ដីនោះ។
៧ កុំច្រឡំឡើយ បញ្ឆោតព្រះមិនបានទេ។ ព្រោះមនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ។ ៨ ពីព្រោះអ្នកណាដែលសាបព្រោះដោយគិតពីសេចក្ដីប៉ងប្រាថ្នានៃរូបកាយ អ្នកនោះនឹងទទួលផលជាសេចក្ដីហិនវិនាសពីរូបកាយ ប៉ុន្តែអ្នកណាដែលសាបព្រោះដោយគិតពីសកម្មពល* របស់ព្រះ អ្នកនោះនឹងទទួលផលជាជីវិតដែលគ្មានទីបញ្ចប់ពីសកម្មពលរបស់ព្រះ។ ៩ ដូច្នេះ យើងមិនត្រូវឈប់ព្យាយាមធ្វើអ្វីដែលល្អប្រសើរឡើយ ព្រោះនៅពេលកំណត់យើងនឹងទទួលផល បើយើងមិនរសាយចិត្តទេ។ ១០ ម្ល៉ោះហើយ ដរាបណាយើងមានឱកាស នោះចូរយើងធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់បងប្អូនរួមជំនឿរបស់យើង។
១១ មើល! ខ្ញុំបានសរសេរអក្សរធំៗទៅកាន់អ្នករាល់គ្នាដោយដៃខ្ញុំផ្ទាល់។
១២ អស់អ្នកណាដែលចង់ឲ្យអ្នកឯទៀតពេញចិត្តនឹងសម្បកក្រៅរបស់ពួកគេ គឺជាអ្នកដែលខំជំរុញឲ្យអ្នករាល់គ្នាទទួលការកាត់ចុងស្បែក* ដើម្បីកុំឲ្យគេបៀតបៀនខ្លួនដោយសារបង្គោលទារុណកម្ម* របស់គ្រិស្ត គឺលោកយេស៊ូ។ ១៣ ព្រោះសូម្បីតែពួកអ្នកដែលទទួលការកាត់ចុងស្បែកក៏មិនកាន់តាមច្បាប់* ដែរ ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាទទួលការកាត់ចុងស្បែក ដើម្បីឲ្យពួកគេអាចអួតអំពីសម្បកក្រៅរបស់អ្នករាល់គ្នា។ ១៤ ខ្ញុំនឹងមិនអួតអំពីអ្វីក្រៅពីបង្គោលទារុណកម្មរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដែលតាមរយៈលោក ចំពោះខ្ញុំ ពិភពលោកបានត្រូវព្យួរ* ហើយចំពោះពិភពលោក ខ្ញុំបានត្រូវព្យួរ។ ១៥ ព្រោះការកាត់ឬមិនកាត់ចុងស្បែក នោះមិនសំខាន់ឡើយ តែអ្វីដែលបានត្រូវបង្កើតជាថ្មីទើបសំខាន់។ ១៦ ហើយសូមឲ្យអស់អ្នកដែលរស់នៅស្របតាមខ្នាតតម្រានៃការប្រព្រឹត្តនេះ ពោលគឺអ៊ីស្រាអែលនៃព្រះ បានប្រកបទៅដោយសេចក្ដីសុខសាន្តនិងសេចក្ដីមេត្ដាករុណា។
១៧ អំណឹះតទៅ កុំឲ្យអ្នកណាធ្វើឲ្យខ្ញុំមានបញ្ហាឡើយ ព្រោះនៅលើរូបកាយខ្ញុំ មានស្លាកស្នាមដែលសម្គាល់ថាជាខ្ញុំបម្រើរបស់លោកយេស៊ូ។
១៨ បងប្អូនអើយ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនៅក្នុងចិត្ត* អ្នករាល់គ្នា។ អាមេន។