ភីលីព
១ ពីខ្ញុំ ប៉ូល និងធីម៉ូថេ ជាខ្ញុំបម្រើរបស់គ្រិស្ត* យេស៊ូ ជូនចំពោះពួកអ្នកបរិសុទ្ធទាំងឡាយដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូ ព្រមទាំងពួកអ្នកត្រួតពិនិត្យនិងពួកជំនួយការខាងកិច្ចបម្រើនៅក្រុងភីលីព៖
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះ ជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៣ រាល់ដង ពេលដែលខ្ញុំនឹកឃើញអ្នករាល់គ្នា ខ្ញុំតែងអធិដ្ឋានអរគុណព្រះរបស់ខ្ញុំ ៤ ហើយខ្ញុំតែងអធិដ្ឋានអង្វរអំពីអ្នករាល់គ្នាដោយអំណរ ៥ ដោយសារអ្នករាល់គ្នាបានចូលរួមមួយចំណែកធំក្នុងការជួយឲ្យដំណឹងល្អជឿនទៅមុខ ចាប់តាំងពីថ្ងៃដំបូងដែលអ្នករាល់គ្នាបានឮដំណឹងនោះ រហូតមកដល់ឥឡូវនេះ។ ៦ ព្រោះខ្ញុំជឿជាក់ថា លោកដែលបានផ្ដើមការល្អក្នុងចំណោមអ្នករាល់គ្នា នឹងបង្ហើយការនោះរហូតដល់ថ្ងៃលោកយេស៊ូគ្រិស្ត។ ៧ ជាការត្រឹមត្រូវណាស់ដែលខ្ញុំមានគំនិតបែបនេះអំពីអ្នកទាំងអស់គ្នា ព្រោះអ្នករាល់គ្នានៅក្នុងចិត្តខ្ញុំ ដោយសារអ្នកទាំងអស់គ្នារួមចំណែកជាមួយនឹងខ្ញុំក្នុងគុណដ៏វិសេសលើសលប់ នៅពេលដែលខ្ញុំជាប់ចំណង ព្រមទាំងក្នុងការការពារនិងការធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់។
៨ ព្រោះព្រះជាសាក្សីថាខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ដោយមានមនោសញ្ចេតនាជ្រាលជ្រៅដូចគ្រិស្តយេស៊ូ។ ៩ ហើយខ្ញុំបន្តអធិដ្ឋានសូមឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង ព្រមជាមួយនឹងចំណេះត្រឹមត្រូវនិងសមត្ថភាពវែកញែកដ៏ពេញលេញ ១០ ដើម្បីឲ្យអ្នករាល់គ្នាពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង ដើម្បីកុំឲ្យអ្នករាល់គ្នាមានកំហុស ហើយមិនធ្វើឲ្យអ្នកណាជំពប់ដួល* រហូតដល់ថ្ងៃរបស់គ្រិស្ត ១១ ហើយដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញទៅដោយផលដ៏សុចរិត តាមរយៈលោកយេស៊ូគ្រិស្ត ដើម្បីឲ្យព្រះទទួលការលើកតម្កើងនិងសេចក្ដីសរសើរ។
១២ បងប្អូនអើយ ឥឡូវខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាអ្វីៗដែលបានកើតឡើងដល់ខ្ញុំ បានជួយធ្វើឲ្យដំណឹងល្អជឿនទៅមុខវិញ ១៣ ម្ល៉ោះហើយ ពួកអង្គរក្សរបស់អធិរាជនិងអ្នកឯទៀតទាំងប៉ុន្មានដឹងជាទូទៅថា ខ្ញុំជាប់ចំណងដោយសារកាន់តាមគ្រិស្ត ១៤ ហើយការដែលខ្ញុំជាប់ចំណងបានធ្វើឲ្យបងប្អូនភាគច្រើនក្នុងកិច្ចបម្រើលោកម្ចាស់មានទំនុកចិត្ត ហើយឥឡូវពួកគាត់មានចិត្តក្លាហានជាងមុន ដើម្បីប្រកាសបណ្ដាំរបស់ព្រះដោយចិត្តអង់អាច។
១៥ ពិតមែនតែអ្នកខ្លះកំពុងផ្សព្វផ្សាយអំពីគ្រិស្តដោយសារមានចិត្តច្រណែនហើយចង់ឈ្នានីស ប៉ុន្តែអ្នកខ្លះទៀតផ្សព្វផ្សាយដោយមានបំណងល្អ ១៦ ពួកគាត់ប្រកាសអំពីគ្រិស្តដោយសារមានសេចក្ដីស្រឡាញ់ ព្រោះពួកគាត់ដឹងថាខ្ញុំបានត្រូវតម្រូវឲ្យនៅទីនេះដើម្បីការពារដំណឹងល្អ ១៧ ប៉ុន្តែពួកអ្នកដែលមានចិត្តច្រណែនហើយខំឈ្នានីស ផ្សព្វផ្សាយដើម្បីធ្វើឲ្យមានទំនាស់ មិនមែនដោយចិត្តបរិសុទ្ធទេ ព្រោះពួកគេចង់ធ្វើឲ្យខ្ញុំមានសេចក្ដីវេទនាកាលដែលជាប់ចំណង។ ១៨ បើដូច្នេះ តើមានលទ្ធផលយ៉ាងណា? ទោះជាយ៉ាងណាក៏ដោយ លទ្ធផលគឺ គ្រិស្តកំពុងត្រូវផ្សព្វផ្សាយ ទោះជាដោយក្លែងបន្លំ ឬដោយសេចក្ដីពិតក្ដី ហើយការនោះធ្វើឲ្យខ្ញុំត្រេកអរ ហើយខ្ញុំនឹងបន្តត្រេកអរ ១៩ ព្រោះខ្ញុំដឹងថាការនោះនឹងនាំឲ្យខ្ញុំទទួលសេចក្ដីសង្គ្រោះតាមរយៈការអធិដ្ឋានអង្វររបស់អ្នករាល់គ្នា ហើយដោយទទួលសកម្មពល* របស់លោកយេស៊ូគ្រិស្ត ២០ ស្របតាមអ្វីដែលខ្ញុំកំពុងទន្ទឹងរង់ចាំយ៉ាងរំភើប ហើយស្របតាមសេចក្ដីសង្ឃឹមរបស់ខ្ញុំថា ខ្ញុំនឹងមិនអៀនខ្មាសសោះ តែខ្ញុំនឹងនិយាយដោយក្លាហានបំផុត ដើម្បីឲ្យគ្រិស្តទទួលការលើកតម្កើងដូចដែលលោកតែងតែទទួលពីមុន តាមរយៈរូបកាយខ្ញុំ ទោះជាខ្ញុំស្លាប់ឬរស់ក្ដី។
២១ ព្រោះក្នុងករណីរបស់ខ្ញុំ បើរស់ ខ្ញុំរស់ដើម្បីគ្រិស្ត ហើយបើស្លាប់ នោះមានផលប្រយោជន៍ដល់ខ្ញុំ។ ២២ ប្រសិនបើខ្ញុំរស់នៅក្នុងរូបកាយនេះតទៅទៀត នោះជាផលនៃកិច្ចការរបស់ខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនប្រាប់ថាខ្ញុំជ្រើសរើសមួយណាទេ។ ២៣ ជម្រើសទាំងពីរនោះធ្វើឲ្យខ្ញុំពិបាកជ្រើសរើស។ ប៉ុន្តែអ្វីដែលខ្ញុំប្រាថ្នាចង់បានគឺការរំដោះដើម្បីនៅជាមួយនឹងគ្រិស្ត ពីព្រោះការនេះពិតជាល្អជាងឆ្ងាយណាស់។ ២៤ ក៏ប៉ុន្តែ គឺជាការចាំបាច់ដែលខ្ញុំរស់ជាមនុស្សតទៅទៀត ដើម្បីអ្នករាល់គ្នា។ ២៥ ដូច្នេះ ដោយជឿជាក់លើការនោះ ខ្ញុំនឹងរស់តទៅទៀត ហើយនៅជាមួយនឹងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាជឿនទៅមុខ ហើយឲ្យអ្នករាល់គ្នាប្រកបដោយអំណរដែលមានជាមួយនឹងជំនឿរបស់អ្នករាល់គ្នា ២៦ ដើម្បីឲ្យអ្នករាល់គ្នាត្រេកអរក្រៃលែង ក្នុងនាមជាអ្នកកាន់តាមគ្រិស្ត ដោយសារខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាម្ដងទៀត។
២៧ ចូរប្រព្រឹត្តឲ្យសមនឹងដំណឹងល្អអំពីគ្រិស្ត ដើម្បីពេលដែលខ្ញុំទៅជួបអ្នករាល់គ្នា ឬពេលខ្ញុំមិននៅជាមួយនឹងអ្នករាល់គ្នា ខ្ញុំនឹងឮដំណឹងអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយមានគំនិត* ឯកភាព ហើយរួមចិត្ត* តែមួយ តស៊ូជាមួយគ្នាដើម្បីជំនឿដែលមកពីដំណឹងល្អ ២៨ ដោយមិនខ្លាចអ្នកដែលប្រឆាំងអ្នករាល់គ្នាឡើយ។ ការនោះឯងជាភ័ស្តុតាងថា ពួកគេនឹងត្រូវបំផ្លាញចោល តែគឺជាភ័ស្តុតាងថាអ្នករាល់គ្នានឹងទទួលសេចក្ដីសង្គ្រោះ ហើយសញ្ញាសម្គាល់នេះមកពីព្រះ ២៩ ពីព្រោះអ្នករាល់គ្នាបានទទួលសិទ្ធិពិសេស មិនមែនជាការជឿលើគ្រិស្តតែប៉ុណ្ណោះទេ តែជាការរងទុក្ខដើម្បីលោក។ ៣០ ព្រោះអ្នករាល់គ្នាត្រូវតស៊ូនឹងអ្វីដែលអ្នករាល់គ្នាឃើញខ្ញុំតស៊ូ និងដូចអ្នករាល់គ្នាឮអំពីខ្ញុំថា ខ្ញុំនៅតស៊ូនៅឡើយ។