ហេប្រឺ
៤ ដូច្នេះ ដោយសារនៅមានសេចក្ដីសន្យាដែលថា រាស្ត្ររបស់ព្រះនឹងចូលក្នុងការសម្រាករបស់លោក ចូរយើងប្រុងប្រយ័ត្ន ក្រែងលោនៅពេលណាមួយ អ្នករាល់គ្នាណាម្នាក់នឹងត្រូវចាត់ទុកថាមិនសមនឹងសេចក្ដីសន្យានោះ។ ២ ព្រោះយើងបានឮដំណឹងល្អ ដូចពួកបុព្វបុរសរបស់យើងបានឮដែរ ប៉ុន្តែបណ្ដាំដែលពួកគាត់បានឮ មិនមានប្រយោជន៍ដល់ពួកគាត់ឡើយ ពីព្រោះពួកគាត់មិនមានជំនឿដូចពួកអ្នកដែលបានស្ដាប់តាម។ ៣ យើងដែលបង្ហាញជំនឿ បានចូលក្នុងការសម្រាកនោះ។ ព្រោះទោះជាការរបស់លោកបានចប់រួចរាល់អស់ហើយតាំងពីកំណើតពិភពលោកក៏ដោយ ក៏លោកបានមានប្រសាសន៍ថា៖ «ដូច្នេះ ខ្ញុំបានស្បថទាំងកំហឹងថា៖ ‹ខ្ញុំនឹងមិនឲ្យពួកគេចូលក្នុងការសម្រាករបស់ខ្ញុំទេ›»។ ៤ ព្រោះនៅបទគម្ពីរមួយលោកមានប្រសាសន៍អំពីថ្ងៃទីប្រាំពីរថា៖ «ហើយព្រះបានសម្រាកពីការទាំងអស់របស់លោកនៅថ្ងៃទីប្រាំពីរ» ៥ ហើយលោកក៏មានប្រសាសន៍តទៅទៀតថា៖ «ខ្ញុំនឹងមិនឲ្យពួកគេចូលក្នុងការសម្រាករបស់ខ្ញុំទេ»។
៦ ដូច្នេះ ដោយសារនៅមានអ្នកខ្លះដែលនឹងចូលទៅ ហើយពួកអ្នកដែលបានឮដំណឹងល្អនៅដើមដំបូងមិនបានចូលទៅ ពីព្រោះពួកគេមិនស្ដាប់បង្គាប់ ៧ នោះលោកក៏កំណត់ថ្ងៃមួយទៀត ដោយមានប្រសាសន៍ក្រោយមួយរយៈពេលយូរក្នុងបទទំនុកតម្កើងរបស់ដាវីឌថា៖ «ថ្ងៃនេះ» ដូចដែលបានរៀបរាប់ខាងលើថា៖ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់តាមសំឡេងរបស់លោក កុំក្លាយទៅជាមនុស្សរឹងចចេស»។ ៨ ព្រោះប្រសិនបើយ៉ូស្វេបាននាំពួកគេទៅកន្លែងសម្រាក នោះក្រោយមកព្រះមិនបានមានប្រសាសន៍អំពីថ្ងៃមួយផ្សេងទៀតទេ។ ៩ ដូច្នេះ នៅមានថ្ងៃឈប់សម្រាកសម្រាប់រាស្ត្ររបស់ព្រះ។ ១០ ព្រោះអ្នកណាដែលបានចូលក្នុងការសម្រាករបស់ព្រះហើយ អ្នកនោះបានសម្រាកពីការរបស់ខ្លួន ដូចព្រះក៏បានសម្រាកពីការរបស់លោកដែរ។
១១ ហេតុនេះ ចូរយើងខំអស់ពីសមត្ថភាពដើម្បីចូលក្នុងការសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាម្នាក់ធ្លាក់ខ្លួន រួចដើរតាមគន្លងរបស់ពួកអ្នកដែលមិនបានស្ដាប់បង្គាប់។ ១២ ព្រោះបណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព ក៏មុតជាងដាវដែលមានមុខពីរ ហើយទម្លុះរហូតដល់ញែកលក្ខណៈខាងក្រៅ* ចេញពីធាតុពិត* និងសន្លាក់ឆ្អឹងចេញពីខួរឆ្អឹង ក៏អាចបង្ហាញឲ្យឃើញគំនិតនិងបំណងចិត្ត។ ១៣ ហើយក្នុងចំណោមអ្វីៗទាំងអស់ដែលបានត្រូវបង្កើតមក គ្មានអ្វីសោះដែលលោកមិនអាចមើលឃើញនោះឡើយ តែអ្វីៗទាំងអស់នៅចំហនិងមិនកំបាំងពីភ្នែករបស់លោក ជាអ្នកដែលយើងត្រូវជម្រាបអំពីការដែលយើងបានធ្វើ។
១៤ ដូច្នេះ ដោយឃើញថាយើងមានសម្ដេចសង្ឃឧត្តុង្គឧត្តមដែលបានឡើងទៅស្ថានសួគ៌ ពោលគឺ លោកយេស៊ូដែលជាបុត្រព្រះ នោះចូរយើងតាំងចិត្តមោះមុតក្នុងការប្រកាសទទួលស្គាល់លោក។ ១៥ ព្រោះសម្ដេចសង្ឃរបស់យើងមិនមែនជាអ្នកដែលមិនអាចយល់ភាពទន់ខ្សោយរបស់យើងនោះទេ តែគឺជាអ្នកដែលបានត្រូវល្បងលគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែគ្មានភាពខុសឆ្គងឡើយ។ ១៦ ហេតុនេះ ចូរយើងចូលទៅនិយាយដោយក្លាហាននៅមុខបល្ល័ង្កនៃគុណដ៏វិសេសលើសលប់ ដើម្បីយើងអាចទទួលសេចក្ដីមេត្ដាករុណានិងគុណដ៏វិសេសលើសលប់នៅពេលដែលយើងត្រូវការជំនួយ។