យ៉ាកុប
២ បងប្អូនខ្ញុំអើយ តើអ្នករាល់គ្នាកំពុងបង្ហាញជំនឿទៅលើលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដែលជាសិរីរុងរឿងរបស់យើង ហើយប្រព្រឹត្តទៅលើអ្នកឯទៀតដោយរើសមុខនៅដំណាលគ្នាឬ? ២ ព្រោះប្រសិនបើមានបុរសម្នាក់ចូលមកពេលដែលអ្នករាល់គ្នាប្រជុំ ហើយបុរសនោះពាក់ចិញ្ចៀនមាសនិងសម្លៀកបំពាក់ល្អប្រណីត រួចមានបុរសក្រីក្រម្នាក់ដែលមានសម្លៀកបំពាក់កខ្វក់ចូលមកដែរ ៣ តែអ្នករាល់គ្នាមើលទៅអ្នកដែលមានសម្លៀកបំពាក់ល្អប្រណីតដោយពេញចិត្ត ហើយនិយាយថា៖ «សូមអង្គុយកន្លែងល្អនេះ» រួចអ្នកនិយាយទៅអ្នកក្រីក្រនោះថា៖ «ចូរឈរតទៅទៀត»ឬ«ចូរអង្គុយទីនោះ នៅជិតកំណល់កល់ជើងខ្ញុំ» ៤ នោះអ្នករាល់គ្នាបែងចែកវណ្ណៈ ហើយបានក្លាយទៅជាចៅក្រមដែលកាត់ក្ដីដោយទុច្ចរិត មែនទេ?
៥ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ សូមស្ដាប់។ ព្រះបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះ ដើម្បីឲ្យធ្វើជាអ្នកមានខាងជំនឿ ហើយទទួលរាជាណាចក្រជាមត៌ក ជាអ្វីដែលលោកបានសន្យាដល់ពួកអ្នកដែលស្រឡាញ់លោក មែនទេ? ៦ ក៏ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យអ្នកក្រអាប់ឱនកិត្ដិយស។ ពួកអ្នកមានជិះជាន់អ្នករាល់គ្នា ហើយអូសអ្នករាល់គ្នាទៅតុលាការ មែនទេ? ៧ ពួកគេប្រមាថនាមល្អប្រសើរដែលអ្នករាល់គ្នាជាតំណាង មែនទេ? ៨ ឥឡូវ ប្រសិនបើអ្នករាល់គ្នាព្យាយាមប្រព្រឹត្តតាមច្បាប់របស់ស្តេចស្របតាមបទគម្ពីរដែលថា៖ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក» នោះអ្នករាល់គ្នាកំពុងប្រព្រឹត្តល្អមែន។ ៩ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាចេះតែរើសមុខ នោះអ្នករាល់គ្នាកំពុងប្រព្រឹត្តអំពើខុសឆ្គងហើយ ព្រោះច្បាប់នេះសឲ្យឃើញថាអ្នករាល់គ្នាជាអ្នករំលងច្បាប់។
១០ ព្រោះអ្នកណាដែលធ្វើតាមច្បាប់* ទាំងមូល តែបានល្មើសប្រការណាមួយ អ្នកនោះបានល្មើសច្បាប់ទាំងមូលហើយ។ ១១ ព្រោះលោកដែលមានប្រសាសន៍ថា៖ «អ្នកមិនត្រូវធ្វើឃាតកម្មឲ្យសោះ» ក៏បានមានប្រសាសន៍ដែរថា៖ «អ្នកមិនត្រូវផិតក្បត់ឲ្យសោះ»។ ឥឡូវ ប្រសិនបើអ្នករាល់គ្នាមិនផិតក្បត់ តែធ្វើឃាតកម្ម នោះអ្នករាល់គ្នាបានក្លាយទៅជាអ្នករំលងច្បាប់ហើយ។ ១២ ចូរបន្តនិយាយនិងប្រព្រឹត្តដូចអ្នកដែលនឹងត្រូវវិនិច្ឆ័យដោយផ្អែកលើច្បាប់របស់មនុស្សដែលមានសេរីភាព។ ១៣ ព្រោះអ្នកណាដែលមិនបង្ហាញសេចក្ដីមេត្ដាករុណា អ្នកនោះក៏នឹងត្រូវវិនិច្ឆ័យដោយគ្មានសេចក្ដីមេត្ដាករុណាដែរ។ សេចក្ដីមេត្ដាករុណាឈ្នះការវិនិច្ឆ័យ។
១៤ បងប្អូនខ្ញុំអើយ ប្រសិនបើអ្នកណាម្នាក់និយាយថាខ្លួនមានជំនឿ តែអ្នកនោះគ្មានការប្រព្រឹត្ត តើមានប្រយោជន៍អ្វី? ជំនឿរបស់អ្នកនោះមិនអាចសង្គ្រោះអ្នកនោះបានឡើយ មែនទេ? ១៥ ប្រសិនបើបងប្រុសឬបងស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ឬអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ ១៦ តែអ្នករាល់គ្នាណាម្នាក់និយាយទៅអ្នកនោះថា៖ «សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខ ហើយសូមឲ្យខ្លួនប្រាណបានកក់ក្ដៅ និងឆ្អែតស្កប់ស្កល់ចុះ» ប៉ុន្តែអ្នករាល់គ្នាមិនឲ្យអ្វីដែលពួកគាត់ត្រូវការសម្រាប់រូបកាយ តើមានប្រយោជន៍អ្វី? ១៧ ដូចគ្នាដែរ ប្រសិនបើជំនឿគ្មានការប្រព្រឹត្ត ជំនឿនោះគឺស្លាប់ហើយ។
១៨ ទោះជាយ៉ាងនោះក៏ដោយ នឹងមានអ្នកណាម្នាក់និយាយថា៖ «អ្នកមានជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត។ ចូរបង្ហាញជំនឿរបស់អ្នកឲ្យខ្ញុំឃើញដោយគ្មានការប្រព្រឹត្ត ហើយខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំឲ្យអ្នកឃើញ តាមរយៈការប្រព្រឹត្តរបស់ខ្ញុំ»។ ១៩ តើអ្នកជឿថាមានព្រះតែមួយឬ? នោះល្អហើយ។ តែពួកវិញ្ញាណកំណាច* ក៏ជឿហើយញ័ររន្ធត់។ ២០ មនុស្សគំនិតរាក់កំភែលអើយ តើអ្នកចង់ដឹងទេឬថា ជំនឿដែលគ្មានការប្រព្រឹត្ត នោះមិនបង្កើតផលឡើយ? ២១ អាប្រាហាំដែលជាឪពុករបស់យើង បានត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត បន្ទាប់ពីគាត់បានបូជាអ៊ីសាកជាកូនលើទីបូជា មែនទេ? ២២ អ្នករាល់គ្នាឃើញថា ជំនឿរបស់គាត់បានសហការជាមួយនឹងការប្រព្រឹត្តរបស់គាត់ ហើយជំនឿរបស់គាត់បានត្រូវធ្វើឲ្យល្អឥតខ្ចោះដោយសារការប្រព្រឹត្តរបស់គាត់ ២៣ ហើយបទគម្ពីរបានត្រូវសម្រេចដែលថា៖ «អាប្រាហាំបានជឿព្រះយេហូវ៉ា ហើយគាត់បានត្រូវចាត់ទុកថាជាមនុស្សសុចរិត» ហើយគាត់បានត្រូវហៅថា«សម្លាញ់របស់ព្រះយេហូវ៉ា»។
២៤ អ្នកឃើញថាមនុស្សម្នាក់នឹងត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត មិនគ្រាន់តែដោយសារជំនឿប៉ុណ្ណោះទេ។ ២៥ ដូចគ្នាដែរ រ៉ាហាបដែលជាស្រីពេស្យា បានត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត បន្ទាប់ពីនាងបានទទួលអ្នកនាំសារយ៉ាងរាក់ទាក់ រួចបានឲ្យពួកគេចេញទៅតាមផ្លូវផ្សេង មែនទេ? ២៦ ពិតមែនហើយ ជំនឿដែលគ្មានការប្រព្រឹត្តគឺស្លាប់ហើយ ដូចរូបកាយដែលគ្មានកម្លាំងជីវិត* ក៏ស្លាប់ដែរ។