យ៉ាកុប
៥ ឯអ្នករាល់គ្នាជាអ្នកមាន ចូរស្រែកយំដោយសារទុក្ខលំបាកដែលនឹងកើតឡើងដល់អ្នករាល់គ្នា។ ២ ទ្រព្យរបស់អ្នករាល់គ្នាបានរលួយហើយ សត្វល្អិតបានស៊ីបំផ្លាញសម្លៀកបំពាក់ក្រៅរបស់អ្នករាល់គ្នា។ ៣ មាសនិងប្រាក់របស់អ្នករាល់គ្នាបានត្រូវច្រែះស៊ីធ្លុះអស់ហើយ ឯច្រែះនោះនឹងធ្វើជាសាក្សីប្រឆាំងអ្នករាល់គ្នា ហើយនឹងស៊ីសាច់អ្នករាល់គ្នា។ អ្វីដែលអ្នករាល់គ្នាបានប្រមូលទុកសម្រាប់គ្រាចុងក្រោយបង្អស់ គឺជាអ្វីដែលដូចភ្លើង។ ៤ មើល! ប្រាក់ឈ្នួលដែលអ្នកមិនបើកឲ្យកម្មករដែលបានប្រមូលផលពីស្រែចម្ការរបស់អ្នករាល់គ្នា ចេះតែស្រែកឡើង ហើយព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានឮពួកអ្នកច្រូតកាត់ស្រែកសុំជំនួយ។ ៥ អ្នករាល់គ្នាបានរស់នៅផែនដីយ៉ាងសម្បូណ៌សប្បាយ ហើយបានបណ្ដែតបណ្ដោយទៅតាមតណ្ហារបស់ខ្លួន។ ចិត្តរបស់អ្នករាល់គ្នាគឺប្រៀបដូចជាសត្វដែលគេបំប៉នឲ្យធំធាត់ រហូតដល់ថ្ងៃគេសម្លាប់។ ៦ អ្នករាល់គ្នាបានផ្ដន្ទាទោសនិងធ្វើឃាតអ្នកសុចរិត។ អ្នកនោះកំពុងប្រឆាំងអ្នករាល់គ្នា មែនទេ?
៧ ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់រហូតដល់លោកម្ចាស់មានវត្តមាន។ មើល! កសិករមានចិត្តអត់ធ្មត់កាលដែលរង់ចាំភោគផលវិសេសពីផែនដី រហូតដល់រដូវភ្លៀងដើមឆ្នាំនិងរដូវភ្លៀងចុងឆ្នាំមកដល់។* ៨ ចូរអ្នករាល់គ្នាមានចិត្តអត់ធ្មត់ដែរ ហើយតាំងចិត្តរឹងមាំ ពីព្រោះគ្រានៃវត្តមានរបស់លោកម្ចាស់គឺជិតដល់ហើយ។
៩ បងប្អូនអើយ កុំថ្ងូរដាក់គ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាទទួលការវិនិច្ឆ័យ។ មើល! ចៅក្រមកំពុងឈរនៅមាត់ទ្វារហើយ។ ១០ បងប្អូនអើយ ចូរទុកពួកអ្នកប្រកាសទំនាយដែលបាននិយាយតាងនាមព្រះយេហូវ៉ា ជាគំរូពីការរងសេចក្ដីអាក្រក់និងការបង្ហាញចិត្តអត់ធ្មត់។ ១១ មើល! យើងចាត់ទុកពួកអ្នកដែលបានស៊ូទ្រាំថាជាអ្នកមានសុភមង្គល។ អ្នករាល់គ្នាធ្លាប់ឮអំពីការស៊ូទ្រាំរបស់យ៉ូប ក៏ដឹងអំពីពរដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យ ហើយតាមរយៈការនោះអ្នកឃើញថាព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ហើយក៏ពេញទៅដោយសេចក្ដីមេត្ដាករុណា។
១២ តែបងប្អូនខ្ញុំអើយ ជាពិសេស ឈប់ស្បថ ទោះជាស្បថដោយយកស្ថានសួគ៌ ផែនដី ឬអ្វីផ្សេងទៀតជាសាក្សីក្ដី។ ប៉ុន្តែចូររក្សាសម្ដី បើថា«មែន» គឺមែន បើថា«ទេ» គឺទេ ដើម្បីកុំឲ្យអ្នករាល់គ្នាទទួលការវិនិច្ឆ័យ។
១៣ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកំពុងរងនូវសេចក្ដីអាក្រក់ទេ? ចូរឲ្យអ្នកនោះបន្តអធិដ្ឋាន។ តើអ្នកណាមានអារម្មណ៍ល្អទេ? ចូរឲ្យអ្នកនោះច្រៀងទំនុកតម្កើង។ ១៤ តើមានអ្នកណាឈឺក្នុងចំណោមអ្នករាល់គ្នាទេ? ចូរឲ្យអ្នកនោះហៅបុរសចាស់ទុំក្នុងក្រុមជំនុំមក ហើយឲ្យពួកគាត់អធិដ្ឋានឲ្យអ្នកនោះ ដោយលាបប្រេងក្នុងនាមព្រះយេហូវ៉ា។ ១៥ រួចសេចក្ដីអធិដ្ឋានដែលបានត្រូវពោលដោយជំនឿនឹងធ្វើឲ្យអ្នកដែលមិនស្រួលខ្លួនបានជាសះស្បើយ ហើយព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកនោះមានសុខភាពល្អឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកនោះបានប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះនឹងទទួលការអភ័យទោស។
១៦ ដូច្នេះ ចូរសារភាពការខុសឆ្គងរបស់ខ្លួនដោយចំហចំពោះគ្នាទៅវិញទៅមក ហើយអធិដ្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ។ សេចក្ដីអធិដ្ឋានអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់ ពេលដែលសេចក្ដីអធិដ្ឋាននោះទទួលចម្លើយ។ ១៧ អេលីយ៉ាចេះមានអារម្មណ៍ដូចយើងដែរ តែគាត់អធិដ្ឋានអស់ពីចិត្តសូមកុំឲ្យភ្លៀងធ្លាក់មក រួចគ្មានភ្លៀងធ្លាក់មកលើស្រុកនោះអស់បីឆ្នាំប្រាំមួយខែ។ ១៨ ហើយគាត់អធិដ្ឋានម្ដងទៀត មេឃក៏បង្អុរភ្លៀងមក ហើយដីបង្កើតភោគផល។
១៩ បងប្អូនខ្ញុំអើយ ប្រសិនបើអ្នករាល់គ្នាណាម្នាក់ត្រូវបង្វែរចេញពីសេចក្ដីពិត ហើយអ្នកណាម្នាក់ទៀតជួយនាំអ្នកនោះមកវិញ ២០ ចូរដឹងថា អ្នកណាដែលជួយនាំអ្នកប្រព្រឹត្តអំពើខុសឆ្គងមកពីផ្លូវអាក្រក់វិញ អ្នកនោះនឹងសង្គ្រោះជីវិត* អ្នកប្រព្រឹត្តអំពើខុសឆ្គងឲ្យរួចពីសេចក្ដីស្លាប់ ហើយគ្របបាំងអំពើខុសឆ្គងជាច្រើន។