ពេត្រុសទី១
៣ តាមរបៀបដូចគ្នានោះ ចូរអ្នករាល់គ្នាដែលជាប្រពន្ធចុះចូលនឹងប្ដីខ្លួន ដើម្បីឲ្យប្ដីណាដែលមិនធ្វើតាមបណ្ដាំរបស់ព្រះ ក្លាយទៅជាអ្នកដែលធ្វើតាមវិញ តាមរយៈការប្រព្រឹត្តរបស់អ្នករាល់គ្នាដែលជាប្រពន្ធ ដោយមិនចាំបាច់ឲ្យអ្នករាល់គ្នាបញ្ចេញពាក្យសម្ដីមួយម៉ាត់ឡើយ ២ ពីព្រោះពួកគេឃើញដោយផ្ទាល់ភ្នែកនូវការប្រព្រឹត្តដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គួបផ្សំជាមួយនឹងការគោរពដ៏ជ្រាលជ្រៅ។ ៣ ហើយកុំឲ្យសម្រស់របស់អ្នករាល់គ្នាជាសម្រស់សម្បកក្រៅឡើយ ពោលគឺការក្រងសក់ ពាក់គ្រឿងអលង្ការមាស ឬពាក់សម្លៀកបំពាក់ក្រៅ ៤ តែចូរឲ្យសម្រស់របស់អ្នករាល់គ្នាជាអ្វីក្នុងចិត្តវិញ គឺសម្លៀកបំពាក់ដែលមិនអាចខូចទៅបាន ពោលគឺចិត្ត* ស្ងៀមស្ងាត់និងស្លូតបូត ជាអ្វីដែលមានតម្លៃថ្លៃណាស់ចំពោះព្រះ។ ៥ ព្រោះនៅសម័យមុន ពួកស្ត្រីបរិសុទ្ធដែលសង្ឃឹមលើព្រះក៏បានតុបតែងខ្លួនដូច្នេះដែរ ដោយចុះចូលនឹងប្ដីខ្លួន ៦ ដូចសារ៉ាធ្លាប់ស្ដាប់បង្គាប់អាប្រាហាំ ហើយហៅគាត់ថា«ម្ចាស់»។ ហើយអ្នករាល់គ្នាបានក្លាយទៅជាកូនរបស់នាង ឲ្យតែអ្នករាល់គ្នាបន្តធ្វើអំពើល្អ ហើយមិនភ័យខ្លាចចំពោះអ្វីដែលគួរឲ្យរន្ធត់ឡើយ។
៧ តាមរបៀបដូចគ្នាដែរ ចូរអ្នករាល់គ្នាដែលជាប្ដី បន្តរួមរស់ជាមួយនឹងប្រពន្ធដោយស្គាល់ចិត្តនាងច្បាស់ ហើយដោយឲ្យកិត្ដិយសដល់នាងជាភាជនៈខ្សោយជាង ជាស្ត្រីភេទ ពីព្រោះអ្នករាល់គ្នាក៏ជាអ្នកទទួលជីវិតជាមត៌ករួមជាមួយនឹងនាង ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ។ ពុំនោះសោត សេចក្ដីអធិដ្ឋានរបស់អ្នករាល់គ្នានឹងត្រូវរារាំង។
៨ ក្រោយបង្អស់ ចូរអ្នកទាំងអស់គ្នាមានចិត្តគំនិតតែមួយ ចូរកើតទុក្ខជាមួយគ្នា ស្រឡាញ់រាប់អានគ្នាជាបងប្អូន មានចិត្តអាណិតមេត្ដា មានចិត្តរាបទាប ៩ មិនមែនដោយធ្វើអំពើអាក្រក់សងអ្នកដែលធ្វើអំពើអាក្រក់មកលើខ្លួន ឬជេរប្រមាថសងអ្នកដែលជេរប្រមាថខ្លួនឡើយ ប៉ុន្តែផ្ទុយទៅវិញ ចូរឲ្យពរ ពីព្រោះអ្នករាល់គ្នាបានត្រូវហៅឲ្យមានវិថីជីវិតនេះ ដើម្បីឲ្យទទួលពរជាមត៌ក។
១០ ព្រោះ«អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់រស់នៅដោយមានសុភមង្គល អ្នកនោះត្រូវទប់អណ្ដាត កុំឲ្យនិយាយអ្វីដែលអាក្រក់ ហើយឃាត់បបូរមាត់ កុំឲ្យពោលពាក្យបោកបញ្ឆោត ១១ តែអ្នកនោះត្រូវជៀសចេញពីអ្វីដែលអាក្រក់ ហើយធ្វើអ្វីដែលល្អវិញ។ អ្នកនោះត្រូវខំប្រឹងឲ្យមានសន្ដិភាពជានិច្ច។ ១២ ព្រោះភ្នែកព្រះយេហូវ៉ាមើលពួកអ្នកសុចរិត ហើយត្រចៀករបស់លោកស្ដាប់ការអង្វររបស់ពួកគេ តែព្រះយេហូវ៉ា* ប្រឆាំងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់»។
១៣ តើអ្នកណានឹងធ្វើបាបអ្នករាល់គ្នា បើអ្នករាល់គ្នាខ្នះខ្នែងធ្វើអំពើល្អ? ១៤ ប៉ុន្តែទោះជាអ្នករាល់គ្នារងទុក្ខដោយសារសេចក្ដីសុចរិតក៏ដោយ ក៏អ្នករាល់គ្នាមានសុភមង្គលដែរ។ ក៏ប៉ុន្តែកុំខ្លាចអ្វីដែលមនុស្សឯទៀតខ្លាចឡើយ ហើយកុំព្រួយបារម្ភ។ ១៥ ប៉ុន្តែ ចូរទទួលស្គាល់គ្រិស្តជាម្ចាស់ក្នុងចិត្តអ្នករាល់គ្នា ហើយប្រុងប្រៀបជានិច្ចដើម្បីនិយាយការពារសេចក្ដីសង្ឃឹមដែលនៅក្នុងអ្នករាល់គ្នា នៅចំពោះមុខមនុស្សទាំងអស់ដែលទាមទារឲ្យអ្នករាល់គ្នាប្រាប់អំពីមូលហេតុដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមនោះ តែចូរធ្វើដូច្នេះដោយចិត្តស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ។
១៦ កុំធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោសឡើយ យ៉ាងនោះ ទោះជាពួកគេនិយាយប្រឆាំងអ្នករាល់គ្នាក្ដី នោះពួកអ្នកដែលនិយាយអាក្រក់អំពីការល្អដែលអ្នករាល់គ្នាធ្វើក្នុងនាមជាអ្នកកាន់តាមគ្រិស្ត នឹងអៀនខ្មាស។ ១៧ ព្រោះ គឺប្រសើរជាងបើអ្នករាល់គ្នារងទុក្ខដោយសារធ្វើអំពើល្អ (ប្រសិនបើជាបំណងប្រាថ្នារបស់ព្រះ) ជាជាងរងទុក្ខដោយសារធ្វើអំពើអាក្រក់។ ១៨ សូម្បីតែគ្រិស្ត ដែលជាមនុស្សសុចរិត ក៏បានស្លាប់មួយដងជាការស្រេច ដើម្បីមនុស្សមិនសុចរិត ហើយបានរំដោះពួកគេពីការខុសឆ្គង។ លោកបានធ្វើដូច្នោះដើម្បីនាំអ្នករាល់គ្នាទៅឯព្រះ។ ពេលដែលគេសម្លាប់លោក លោកជាមនុស្ស តែលោកបានត្រូវប្រោសឲ្យមានជីវិតរស់ឡើងវិញជាវិញ្ញាណ។* ១៩ ពេលនោះលោកបានទៅផ្សព្វផ្សាយដល់ពួកវិញ្ញាណដែលជាប់ឃុំឃាំង ២០ ជាពួកវិញ្ញាណដែលមិនបានស្ដាប់បង្គាប់ ពេលដែលព្រះកំពុងរង់ចាំដោយអត់ធ្មត់នៅសម័យណូអេ ខណៈដែលគាត់កំពុងសង់ទូកធំ ដែលក្នុងនោះមនុស្សតែប៉ុន្មាននាក់បានត្រូវនាំកាត់ទឹកដោយសុវត្ថិភាព គឺមនុស្ស* ប្រាំបីនាក់។
២១ ព្រឹត្ដិការណ៍នោះជានិមិត្តរូបនៃអ្វីដែលកំពុងសង្គ្រោះអ្នករាល់គ្នាឥឡូវនេះ ពោលគឺការជ្រមុជទឹក (មិនមែនជាការជម្រះរូបកាយឲ្យអស់ភាពកខ្វក់ទេ ប៉ុន្តែជាការសុំព្រះផ្ដល់នូវសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស) តាមរយៈការប្រោសលោកយេស៊ូគ្រិស្តឲ្យរស់ឡើងវិញ។ ២២ ព្រោះលោកបានទៅស្ថានសួគ៌ ហើយឥឡូវលោកនៅខាងស្ដាំព្រះ ក្រោយមក ទេវតា អំណាច និងអាជ្ញាធរនានាបានត្រូវដាក់ឲ្យនៅក្រោមអំណាចរបស់លោក។