ពេត្រុសទី១
៥ ដូច្នេះ ខ្ញុំសូមបំផុសទឹកចិត្តបុរសចាស់ទុំទាំងឡាយក្នុងចំណោមអ្នករាល់គ្នា ព្រោះខ្ញុំក៏ជាបុរសចាស់ទុំរួមជាមួយនឹងពួកគេដែរ ក៏ជាសាក្សីអំពីទុក្ខលំបាករបស់គ្រិស្ត និងជាអ្នករួមចំណែកក្នុងសិរីរុងរឿងដែលនឹងត្រូវបើកបង្ហាញ៖ ២ ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្ត ហើយមិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែដោយស្មោះអស់ពីចិត្ត ៣ ក៏មិនមែនដោយធ្វើជាចៅហ្វាយលើពួកអ្នកដែលជាមត៌ករបស់ព្រះដែរ តែដោយធ្វើជាគំរូដល់ហ្វូងចៀម។ ៤ ហើយពេលដែលមេគង្វាលនឹងត្រូវសម្ដែងឲ្យឃើញ នោះអ្នករាល់គ្នានឹងទទួលមកុដនៃសិរីរុងរឿងដែលមិនអាចសាបសូន្យបានឡើយ។
៥ តាមរបៀបដូចគ្នា ចូរអ្នករាល់គ្នាដែលជាយុវជន ចុះចូលនឹងបុរសចាស់ទុំ។ ប៉ុន្តែចូរអ្នកទាំងអស់គ្នាក្រវាត់ខ្លួនដោយចិត្តរាបទាបក្នុងរបៀបដែលប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ពីព្រោះព្រះប្រឆាំងមនុស្សក្រអឺតក្រទម តែលោកឲ្យគុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប។
៦ ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួនក្រោមដៃដ៏ខ្លាំងក្លារបស់ព្រះ ដើម្បីឲ្យលោកតម្កើងអ្នករាល់គ្នានៅពេលកំណត់ ៧ កាលដែលអ្នករាល់គ្នាផ្ទេរកង្វល់ទាំងអស់ទៅ* ព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា។ ៨ ចូរដឹងខ្លួនជានិច្ច ហើយប្រុងប្រយ័ត្នចុះ។ មេកំណាច* ដែលជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់។ ៩ ប៉ុន្តែចូរតតាំងនឹងវា ដោយមានជំនឿមាំមួន ហើយដោយដឹងថាបងប្អូនទាំងអស់របស់អ្នករាល់គ្នាពេញពិភពលោកកំពុងឆ្លងកាត់ទុក្ខលំបាកដូចគ្នាដែរ។ ១០ ក៏ប៉ុន្តែក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដែលផ្ដល់គុណដ៏វិសេសលើសលប់គ្រប់យ៉ាង ដែលបានហៅអ្នករាល់គ្នាទៅឯសិរីរុងរឿងរបស់លោកដែលស្ថិតស្ថេរជានិរន្តរ៍តាមរយៈគ្រិស្ត នឹងបង្គ្រប់ការហ្វឹកហ្វឺនរបស់អ្នករាល់គ្នា។ លោកនឹងធ្វើឲ្យអ្នករាល់គ្នាមាំមួនហើយខ្លាំងក្លាឡើង។ ១១ សូមឲ្យលោកប្រកបដោយកម្លាំងខ្លាំងក្លាជារៀងរហូត។ អាមេន។
១២ ខ្ញុំបានសរសេរទៅកាន់អ្នករាល់គ្នាយ៉ាងខ្លី តាមរយៈស៊ីលវេនុស ដែលខ្ញុំចាត់ទុកជាបងប្រុសស្មោះត្រង់ ដើម្បីលើកទឹកចិត្តអ្នករាល់គ្នា ហើយបញ្ជាក់យ៉ាងស្មោះអស់ពីចិត្តថា នេះហើយជាគុណដ៏វិសេសលើសលប់ដ៏ពិតរបស់ព្រះ។ ចូរកាន់ជំហរមាំមួនក្នុងគុណដ៏វិសេសនេះ។ ១៣ ស្ត្រី* ដែលនៅក្រុងបាប៊ីឡូន ដែលបានត្រូវជ្រើសរើសដូចអ្នករាល់គ្នា ផ្ដាំសួរសុខទុក្ខ ហើយម៉ាកុស ជាកូនរបស់ខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខដែរ។ ១៤ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដែលប្រកបដោយសេចក្ដីស្រឡាញ់ជាបងប្អូន។
សូមឲ្យអ្នកទាំងអស់គ្នាដែលជាអ្នកកាន់តាមគ្រិស្តប្រកបដោយសេចក្ដីសុខសាន្ត។