ការបើកបង្ហាញ
១៣ បន្ទាប់មកវាទៅឈរលើខ្សាច់នៅឆ្នេរសមុទ្រ។
រួចខ្ញុំឃើញសត្វសាហាវមួយឡើងមកពីសមុទ្រ។ សត្វនោះមានស្នែងដប់ ក្បាលប្រាំពីរ ហើយស្នែងរបស់វាមានមកុដដប់ ប៉ុន្តែនៅលើក្បាលវាមានឈ្មោះផ្សេងៗដែលប្រមាថព្រះ។ ២ ឯសត្វសាហាវដែលខ្ញុំឃើញគឺដូចខ្លារខិន តែជើងរបស់វាដូចខ្លាឃ្មុំ ហើយមាត់របស់វាគឺដូចមាត់តោ។ រួចនាគឲ្យកម្លាំងខ្លាំងក្លា បល្ល័ង្ក និងអំណាចយ៉ាងធំដល់សត្វនោះ។
៣ ខ្ញុំឃើញក្បាលមួយរបស់សត្វនោះ មើលទៅដូចជាបានត្រូវកាប់ឲ្យរបួសដល់ស្លាប់ ប៉ុន្តែរបួសរបស់វាបានជាសះស្បើយ ហើយផែនដីទាំងមូលបានទៅតាមសត្វសាហាវដោយស្ងើចសរសើរ។ ៤ ពួកគេក៏គោរពប្រណិប័តន៍នាគនោះ ពីព្រោះវាជាអ្នកឲ្យអំណាចដល់សត្វសាហាវនោះ ហើយពួកគេបានគោរពប្រណិប័តន៍សត្វសាហាវនោះដោយពាក្យថា៖ «តើអ្នកណាដូចសត្វសាហាវនោះ ហើយតើអ្នកណាអាចច្បាំងនឹងសត្វនោះបាន?»។ ៥ វាបានទទួលមាត់មួយដែលនិយាយអួតនិងនិយាយប្រមាថព្រះ ហើយវាក៏បានទទួលអំណាចធ្វើសកម្មភាពអស់សែសិបពីរខែ។ ៦ វាហាមាត់ប្រមាថព្រះ និងប្រមាថនាម ព្រមទាំងលំនៅរបស់លោក ពោលគឺអស់អ្នកដែលអាស្រ័យនៅស្ថានសួគ៌។ ៧ វាបានទទួលការអនុញ្ញាតឲ្យច្បាំងឈ្នះពួកអ្នកបរិសុទ្ធ ក៏បានទទួលអំណាចលើគ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ គ្រប់ភាសា និងគ្រប់ប្រជាជាតិ។ ៨ អស់អ្នកដែលអាស្រ័យនៅផែនដីនឹងគោរពប្រណិប័តន៍វា។ តាំងពីកំណើតពិភពលោកមក ឈ្មោះរបស់អ្នកទាំងនោះមិននៅក្នុងបញ្ជីជីវិតរបស់កូនចៀមដែលបានត្រូវសម្លាប់ទេ។
៩ ចូរឲ្យអ្នកណាដែលមានត្រចៀកស្ដាប់ចុះ។ ១០ ប្រសិនបើអ្នកណាត្រូវក្លាយទៅជាឈ្លើយ អ្នកនោះនឹងត្រូវនាំចេញទៅជាឈ្លើយ។ ប្រសិនបើអ្នកណានឹងសម្លាប់ដោយដាវ អ្នកនោះនឹងត្រូវសម្លាប់ដោយដាវ។ នេះតម្រូវឲ្យពួកអ្នកបរិសុទ្ធចេះស៊ូទ្រាំនិងមានជំនឿ។
១១ ខ្ញុំឃើញសត្វសាហាវមួយទៀតឡើងមកពីផែនដី ហើយវាមានស្នែងពីរដូចស្នែងចៀម ប៉ុន្តែវាចាប់ផ្ដើមនិយាយដូចនាគ។ ១២ វាប្រើអំណាចទាំងអស់របស់សត្វសាហាវទីមួយ ក្រោមក្រសែភ្នែកសត្វនោះ។ វាធ្វើឲ្យផែនដីនិងអស់អ្នកដែលរស់នៅផែនដីគោរពប្រណិប័តន៍សត្វសាហាវទីមួយដែលបានត្រូវរបួសដល់ស្លាប់តែបានជាសះស្បើយ។ ១៣ ហើយវាធ្វើសញ្ញាសម្គាល់អស្ចារ្យជាច្រើន រហូតដល់ធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃមកផែនដី ក្រោមក្រសែភ្នែករបស់មនុស្សទាំងឡាយ។
១៤ វាបំភាន់ពួកអ្នកដែលអាស្រ័យនៅផែនដី ដោយសារសញ្ញាសម្គាល់ដែលវាបានត្រូវអនុញ្ញាតឲ្យធ្វើក្រោមក្រសែភ្នែកសត្វសាហាវនោះ កាលដែលវាប្រាប់ពួកអ្នកដែលអាស្រ័យនៅផែនដីឲ្យធ្វើរូបសត្វសាហាវនោះដែលបានត្រូវរបួសដោយដាវតែបានជាឡើងវិញ។ ១៥ ហើយវាបានត្រូវអនុញ្ញាតឲ្យផ្ដល់ដង្ហើមជីវិតឲ្យរូបសត្វសាហាវនោះ ដើម្បីឲ្យរូបនោះនិយាយនិងធ្វើឲ្យអស់អ្នកដែលមិនគោរពប្រណិប័តន៍រូបសត្វសាហាវនោះទទួលការប្រហារជីវិត។
១៦ វាបង្ខំមនុស្សទាំងអស់ អ្នកតូចនិងអ្នកធំ អ្នកមាននិងអ្នកក្រ អ្នកមានសេរីភាពនិងពួកខ្ញុំបម្រើ ដើម្បីឲ្យទទួលសញ្ញាមួយនៅលើដៃស្ដាំឬនៅលើថ្ងាស ១៧ ហើយដើម្បីកុំឲ្យអ្នកណាអាចទិញឬលក់ ក្រៅពីអ្នកដែលមានសញ្ញានោះ មានឈ្មោះរបស់សត្វសាហាវ ឬមានលេខនៃឈ្មោះរបស់វា។ ១៨ ចំណុចនេះតម្រូវឲ្យមានប្រាជ្ញា៖ ចូរឲ្យអ្នកដែលមានសមត្ថភាពរិះគិត គណនាលេខនៃសត្វសាហាវនោះ ព្រោះលេខនោះជាលេខរបស់មនុស្ស។ លេខរបស់វាគឺប្រាំមួយរយហុកសិបប្រាំមួយ។