ការបើកបង្ហាញ
១៥ ខ្ញុំឃើញនិមិត្តរូបមួយទៀតនៅស្ថានសួគ៌ ជានិមិត្តរូបដ៏អស្ចារ្យនិងប្រសើរក្រៃលែង គឺទេវតាប្រាំពីរដែលមានសេចក្ដីវេទនាប្រាំពីរមកជាមួយ។ នេះជាសេចក្ដីវេទនាចុងក្រោយ ពីព្រោះកំហឹងរបស់ព្រះនឹងត្រូវសម្រេចរួចរាល់អស់តាមរយៈសេចក្ដីវេទនាទាំងនោះ។
២ ខ្ញុំក៏ឃើញអ្វីដែលមើលទៅដូចជាសមុទ្រដែលដូចកញ្ចក់លាយជាមួយនឹងភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វសាហាវនិងរូបវា ព្រមទាំងលេខនៃឈ្មោះរបស់វាកំពុងឈរនៅក្បែរសមុទ្រដែលដូចកញ្ចក់ ហើយពួកគេកំពុងកាន់ពិណរបស់ព្រះ។ ៣ ពួកគេកំពុងច្រៀងចម្រៀងរបស់ម៉ូសេដែលជាខ្ញុំបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀមថា៖
«ព្រះយេហូវ៉ាដែលជាព្រះមានឫទ្ធានុភាពខ្លាំងក្លាបំផុតអើយ អ្វីៗដែលលោកបានធ្វើគឺអស្ចារ្យ ហើយប្រសើរក្រៃលែង។ ស្តេចដែលរស់ជារៀងរហូតអើយ ផ្លូវរបស់លោកគឺសុចរិតនិងគួរឲ្យទុកចិត្ត។ ៤ ព្រះយេហូវ៉ាអើយ តើអ្នកណានឹងមិនកោតខ្លាចលោក ហើយមិនសរសើរតម្កើងនាមរបស់លោក? ព្រោះមានតែលោកប៉ុណ្ណោះដែលមានភក្ដីភាព។ គ្រប់ប្រជាជាតិនឹងមកគោរពប្រណិប័តន៍នៅមុខលោក ពីព្រោះបង្គាប់ដ៏សុចរិតយុត្ដិធម៌របស់លោកបានត្រូវបង្ហាញឲ្យឃើញជាក់ស្តែង»។
៥ បន្ទាប់ពីការទាំងនោះ ខ្ញុំឃើញថា ត្រសាលនៃសក្ខីភាពបានត្រូវបើកឡើងនៅស្ថានសួគ៌ ៦ ហើយទេវតាប្រាំពីររូបដែលមានសេចក្ដីវេទនាប្រាំពីរបានចេញមកពីបន្ទប់បរិសុទ្ធ ដោយស្លៀកពាក់ក្រណាត់សាច់ល្អដែលស្អាតហើយភ្លឺ ក៏មានក្រវាត់មាសនៅដើមទ្រូង។ ៧ ចេរូប៊ីនមួយពីចំណោមចេរូប៊ីនទាំងបួន បានឲ្យចានគោមមាសប្រាំពីរដល់ទេវតាទាំងប្រាំពីរនោះ។ ចានគោមទាំងនោះគឺពេញទៅដោយកំហឹងរបស់ព្រះដែលរស់នៅជារៀងរហូត។ ៨ រួចមក បន្ទប់បរិសុទ្ធបានពេញទៅដោយផ្សែងដោយសារសិរីរុងរឿងរបស់ព្រះ និងដោយសារឫទ្ធានុភាពរបស់លោក ហើយគ្មានអ្នកណាអាចចូលក្នុងបន្ទប់បរិសុទ្ធ រហូតដល់សេចក្ដីវេទនាទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់ហើយ។