ការបើកបង្ហាញ
១៨ បន្ទាប់ពីការទាំងនោះ ខ្ញុំឃើញទេវតាមួយទៀតចុះពីលើស្ថានសួគ៌* ដោយមានអំណាចខ្លាំងក្លា ហើយសិរីរុងរឿងរបស់ទេវតានោះបានបំភ្លឺផែនដី។ ២ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «នាងបានរលំហើយ! បាប៊ីឡូនដ៏ខ្លាំងក្លាបានរលំ ហើយក្លាយទៅជាលំនៅរបស់ពួកវិញ្ញាណកំណាច* និងជាកន្លែងដែលពេញទៅដោយខ្យល់ពុល ហើយជាជម្រករបស់សត្វស្លាបទាំងអស់ដែលស្មោកគ្រោកនិងគួរឲ្យស្អប់ខ្ពើម! ៣ ព្រោះប្រជាជាតិទាំងអស់បានរងគ្រោះដោយសារស្រានៃកំហឹងនៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* របស់នាង ហើយស្តេចទាំងឡាយនៅផែនដីបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងនាង ឯពួកអ្នកធ្វើដំណើរជួញដូរនៅផែនដីបានក្លាយទៅជាអ្នកមាន ដោយសារភាពសម្បូរសប្បាយហួសហេតុរបស់នាង»។
៤ រួចខ្ញុំឮសំឡេងមួយទៀតបន្លឺពីលើមេឃថា៖ «រាស្ត្រខ្ញុំអើយ ចូរចេញពីក្រុងនោះមក ប្រសិនបើអ្នករាល់គ្នាមិនចង់មានចំណែកក្នុងអំពើខុសឆ្គងរបស់នាង ហើយប្រសិនបើអ្នករាល់គ្នាមិនចង់ទទួលចំណែកពីសេចក្ដីវេទនារបស់នាង។ ៥ ព្រោះអំពើខុសឆ្គងរបស់ក្រុងនោះបានគរឡើងរហូតដល់ស្ថានសួគ៌ ហើយព្រះបាននឹកឃើញការដែលនាងបានធ្វើដោយអយុត្ដិធម៌។ ៦ ចូរសងដល់នាងតាមតែក្រុងនោះបានធ្វើដល់គេហើយចូរសងដល់នាងមួយជាពីរ គឺមួយជាពីរនៃអ្វីដែលនាងបានធ្វើ។ ក្នុងពែងដែលនាងបានលាយ ចូរលាយមួយជាពីរឲ្យនាងវិញ។ ៧ នាងលើកតម្កើងខ្លួននិងរស់នៅដោយភាពសម្បូរសប្បាយហួសហេតុដល់កម្រិតណា ចូរធ្វើទារុណកម្មដល់នាងនិងធ្វើឲ្យមានទុក្ខព្រួយដល់កម្រិតនោះដែរ។ ពីព្រោះនាងនិយាយក្នុងចិត្តថា៖ ‹ខ្ញុំគ្រប់គ្រងជាមហាក្សត្រី ហើយខ្ញុំមិនមែនជាស្ត្រីមេម៉ាយទេ ខ្ញុំនឹងមិនមានទុក្ខព្រួយឡើយ›។ ៨ ហេតុនោះហើយបានជាសេចក្ដីវេទនារបស់នាងនឹងមកក្នុងមួយថ្ងៃ គឺសេចក្ដីស្លាប់ ទុក្ខព្រួយ និងការអត់ឃ្លាន ហើយនាងនឹងត្រូវដុតចោលដោយភ្លើង ពីព្រោះព្រះយេហូវ៉ាដែលជាព្រះវិនិច្ឆ័យទោសនាង លោកខ្លាំងក្លា។
៩ «ឯស្តេចទាំងឡាយនៅផែនដី ដែលបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងនាង ហើយបានរស់នៅដោយភាពសម្បូរសប្បាយហួសហេតុ នឹងយំគក់ទ្រូងដោយកើតទុក្ខអំពីនាង ពេលដែលពួកគេមើលផ្សែងដែលកំពុងហុយឡើងពីការដុតនាង ១០ កាលដែលពួកគេឈរនៅឆ្ងាយ ដោយសារខ្លាចទារុណកម្មរបស់នាងហើយនិយាយថា៖ ‹ស្ដាយណាស់! ស្ដាយណាស់ក្រុងដ៏ខ្លាំងក្លា បាប៊ីឡូនដែលជាក្រុងមាំមួន ពីព្រោះការវិនិច្ឆ័យទោសរបស់អ្នកបានមកដល់ក្នុងរយៈពេលតែមួយម៉ោង!›។
១១ «ម្យ៉ាងទៀត ពួកអ្នកធ្វើដំណើរជួញដូរនៅផែនដីក៏យំ ហើយកើតទុក្ខដោយសារនាង ពីព្រោះលែងមានអ្នកណាទិញទំនិញដែលពួកគេបានប្រមូលទុកយ៉ាងច្រើន ១២ បានប្រមូលមាស ប្រាក់ ត្បូងវិសេស គជ់ខ្យង ក្រណាត់សាច់ល្អ ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមឆ្អៅ របស់ទាំងអស់ដែលធ្វើពីឈើក្រអូប និងរបស់គ្រប់យ៉ាងដែលធ្វើពីភ្លុក និងរបស់សព្វបែបយ៉ាងដែលធ្វើពីឈើវិសេស ពីស្ពាន់ ពីដែក និងពីថ្មកែវ ១៣ ហើយឈើអែម គ្រឿងទេសពីឥណ្ឌា ធូប ប្រេងក្រអូប ធូបស ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅហ្មត់ ស្រូវសាលី ហ្វូងគោ ហ្វូងចៀម សេះ រទេះ ពួកខ្ញុំបម្រើ និងជីវិត* មនុស្ស។ ១៤ ផ្លែឈើល្អៗដែលអ្នកចង់បាន បានបាត់ពីអ្នកទៅ ហើយរបស់ប្រណីត និងរបស់ស្អាតៗរបស់អ្នកបានសាបសូន្យអស់ទៅ ហើយមនុស្សនឹងរកមិនឃើញអ្វីៗទាំងនោះទេ។
១៥ «ពួកអ្នកដែលធ្វើដំណើរជួញដូររបស់ទាំងនោះ និងដែលបានក្លាយទៅជាអ្នកមានដោយសារនាង នឹងឈរនៅឆ្ងាយ ដោយសារខ្លាចទារុណកម្មរបស់នាង ហើយពួកគេនឹងយំ ហើយកើតទុក្ខ ១៦ និងនិយាយថា៖ ‹ស្ដាយណាស់! ស្ដាយណាស់ក្រុងដ៏ខ្លាំងក្លា ដែលស្លៀកពាក់ក្រណាត់សាច់ល្អ ក្រណាត់ពណ៌ស្វាយ និងក្រណាត់ពណ៌ក្រហមឆ្អៅ និងដែលពាក់អលង្ការមាស ត្បូងវិសេស និងគជ់ខ្យងជាច្រើន ១៧ ពីព្រោះក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បូរហូរហៀរទាំងនោះបានត្រូវបំផ្លាញអស់ទៅ!›។
«ឯមេសំពៅទាំងអស់ និងមនុស្សទាំងឡាយដែលធ្វើដំណើរតាមសំពៅ និងពួកអ្នកដើរសំពៅ ហើយអស់អ្នកដែលចិញ្ចឹមជីវិតដោយសារសមុទ្របានឈរនៅឆ្ងាយ ១៨ ហើយស្រែកឡើងពេលដែលពួកគេមើលផ្សែងហុយឡើងពីការដុតនាង។ ពួកគេនិយាយថា៖ ‹តើមានក្រុងណាដែលដូចក្រុងដ៏ខ្លាំងក្លានោះ?›។ ១៩ ពួកគេបាចធូលីដីលើក្បាលរបស់ពួកគេ ក៏ស្រែកយំដោយកើតទុក្ខ ហើយនិយាយថា៖ ‹ស្ដាយណាស់! ស្ដាយណាស់ក្រុងដ៏ខ្លាំងក្លា ជាកន្លែងដែលអស់អ្នកដែលមានសំពៅលើសមុទ្របានក្លាយទៅជាអ្នកមានដោយសារភាពស្តុកស្តម្ភរបស់នាង ពីព្រោះនាងបានត្រូវបំផ្លាញក្នុងរយៈពេលតែមួយម៉ោង!›។
២០ «ស្ថានសួគ៌អើយ! រួមទាំងអ្នករាល់គ្នាដែលជាអ្នកបរិសុទ្ធ ជាសាវ័ក* និងជាអ្នកប្រកាសទំនាយ ចូរត្រេកអរដោយសារអ្វីដែលបានកើតឡើងដល់នាង ពីព្រោះព្រះបានវិនិច្ឆ័យក្ដីឲ្យអ្នករាល់គ្នាដោយដាក់ទោសនាង!»។
២១ រួចមក ទេវតាខ្លាំងពូកែមួយរូបបានលើកថ្មត្បាល់កិនធំមួយហើយបោះទៅក្នុងសមុទ្រ ដោយនិយាយថា៖ «ក្រុងបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវបោះទម្លាក់ទៅយ៉ាងរហ័សដូច្នេះដែរ ហើយគ្មានអ្នកណានឹងប្រទះឃើញវាម្ដងទៀតទេ ២២ នឹងលែងមានសំឡេងអ្នកចម្រៀងដែលច្រៀងផងដេញពិណបន្ទរតាមផង និងសូរសំឡេងអ្នកលេងភ្លេង និងអ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែក្នុងអ្នកទៀត ហើយនឹងលែងមានជាងជំនាញគ្រប់មុខក្នុងអ្នកទៀត ហើយសូរត្បាល់កិនក៏លែងមានក្នុងអ្នកទៀតដែរ ២៣ នឹងលែងមានចង្កៀងភ្លឺក្នុងអ្នកទៀត ហើយនឹងលែងមានសំឡេងកូនកំលោះ កូនក្រមុំក្នុងអ្នកទៀតដែរ ពីព្រោះពួកអ្នកធ្វើដំណើរជួញដូររបស់អ្នក គឺជាអ្នកមានមុខមាត់ធំដុំនៅផែនដី ហើយពីព្រោះប្រជាជាតិទាំងអស់បានត្រូវបំភាន់ដោយការប្រព្រឹត្តរបស់អ្នកដែលទាក់ទងនឹងពួកវិញ្ញាណអាក្រក់។ ២៤ នៅក្នុងនាង មានឈាមរបស់ពួកអ្នកប្រកាសទំនាយ ពួកអ្នកបរិសុទ្ធ និងអស់អ្នកដែលបានត្រូវសម្លាប់នៅផែនដី»។