ការបើកបង្ហាញ
២ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងអេភេសូរថា៖ លោកដែលកាន់ផ្កាយទាំងប្រាំពីរនៅក្នុងដៃស្ដាំ ហើយដែលដើរនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរមានប្រសាសន៍ដូចតទៅនេះថា៖ ២ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក ក៏ដឹងថាអ្នកធ្វើការនឿយហត់ ហើយខ្ញុំស្គាល់ការស៊ូទ្រាំរបស់អ្នក ក៏ដឹងថាអ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ។ ខ្ញុំដឹងថាអ្នកសាកល្បងពួកអ្នកដែលអះអាងថាពួកគេជាសាវ័ក* តែតាមពិតពួកគេមិនមែនជាសាវ័កទេ ហើយអ្នកឃើញថាពួកគេជាអ្នកភូតភរ។ ៣ អ្នកកំពុងស៊ូទ្រាំដែរ ក៏បានទ្រាំការលំបាកជាច្រើនដើម្បីឈ្មោះរបស់ខ្ញុំ ហើយមិនបានអស់កម្លាំងចិត្តឡើយ។ ៤ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយ គឺអ្នកបានបាត់បង់សេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង។
៥ «‹ដូច្នេះ ចូរនឹកឃើញនូវអ្វីដែលអ្នកបានបាត់បង់ ហើយចូរប្រែចិត្ត រួចប្រព្រឹត្តដូចដើមវិញ។ ពុំនោះសោត ខ្ញុំនឹងមកឯអ្នក ហើយដកជើងចង្កៀងរបស់អ្នកចេញ បើអ្នកមិនប្រែចិត្ត។ ៦ ប៉ុន្តែអ្នកនៅមានលក្ខណៈល្អមួយ គឺអ្នកស្អប់ការប្រព្រឹត្តរបស់និកាយនីកុឡាស ដូចខ្ញុំក៏ស្អប់ដែរ។ ៧ ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលសកម្មពល* ប្រាប់ដល់ក្រុមជំនុំទាំងឡាយ៖ ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកណាដែលឈ្នះ បរិភោគផ្លែពីដើមឈើដែលផ្ដល់ជីវិត ដែលនៅក្នុងសួនឧទ្យានរបស់ព្រះ›។
៨ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងស្មៀរណាថា៖ លោកដែល‹ជាអ្នកមុនបង្អស់និងជាអ្នកក្រោយបង្អស់› ដែលបានស្លាប់ ហើយរស់ឡើងវិញ មានប្រសាសន៍ដូចតទៅនេះថា៖ ៩ ‹ខ្ញុំស្គាល់សេចក្ដីវេទនានិងភាពក្រីក្ររបស់អ្នក តែអ្នកជាអ្នកមាន ខ្ញុំក៏ដឹងពីការជេរប្រមាថរបស់ពួកអ្នកដែលអះអាងថាពួកគេជាជនជាតិយូដា តែតាមពិតពួកគេមិនមែនជាជនជាតិយូដាទេ គឺជាបក្សពួករបស់សាថាន* វិញ។ ១០ កុំខ្លាចទុក្ខលំបាកដែលអ្នកនឹងរងឡើយ។ មើល! មេកំណាច* នឹងបោះអ្នករាល់គ្នាខ្លះទៅក្នុងគុកម្ដងហើយម្ដងទៀត ដើម្បីឲ្យអ្នករាល់គ្នាទទួលការល្បងលយ៉ាងពេញលេញ ហើយដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីវេទនាអស់ដប់ថ្ងៃ។ ចូររក្សាសេចក្ដីស្មោះត្រង់រហូតដល់ស្លាប់ ហើយខ្ញុំនឹងឲ្យមកុដនៃជីវិត។ ១១ ចូរអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលសកម្មពលប្រាប់ដល់ក្រុមជំនុំទាំងឡាយ៖ អ្នកណាដែលឈ្នះនឹងមិនឆ្លងកាត់សេចក្ដីស្លាប់ទីពីរសោះឡើយ›។
១២ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងពើកាម៉ុមថា៖ លោកដែលមានដាវមួយវែងយ៉ាងមុតដែលមានមុខពីរមានប្រសាសន៍ដូចតទៅនេះថា៖ ១៣ ‹ខ្ញុំដឹងថាអ្នកអាស្រ័យនៅកន្លែងណា គឺនៅកន្លែងដែលមានបល្ល័ង្ករបស់សាថាន ហើយទោះជាយ៉ាងនោះក៏ដោយ អ្នកនៅតែកាន់ខ្ជាប់តាមឈ្មោះរបស់ខ្ញុំ ក៏មិនបានបដិសេធថាមិនជឿលើខ្ញុំ សូម្បីតែនៅសម័យអាន់ទីប៉ាស ដែលជាសាក្សីរបស់ខ្ញុំ និងជាអ្នកស្មោះត្រង់ដែលបានត្រូវគេសម្លាប់នៅក្បែរអ្នករាល់គ្នា នៅកន្លែងដែលសាថានអាស្រ័យនៅ។
១៤ «‹ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយចំនួន គឺនៅទីនោះ អ្នកមានមនុស្សខ្លះកាន់ខ្ជាប់តាមសេចក្ដីបង្រៀនរបស់បាឡាម ដែលជាអ្នកបង្រៀនបាឡាក់ឲ្យទាក់ទាញពួកកូនអ៊ីស្រាអែលឲ្យធ្វើអំពើខុសឆ្គង គឺឲ្យបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះ ហើយធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។* ១៥ នៅទីនោះ អ្នកក៏មានមនុស្សដែលកាន់ខ្ជាប់តាមសេចក្ដីបង្រៀនរបស់និកាយនីកុឡាសដែរ។ ១៦ ដូច្នេះ ចូរប្រែចិត្តចុះ។ ពុំនោះសោត ខ្ញុំនឹងមកឯអ្នកយ៉ាងឆាប់ រួចច្បាំងនឹងអ្នកទាំងនោះដោយដាវវែងដែលចេញពីមាត់របស់ខ្ញុំ។
១៧ «‹ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលសកម្មពលប្រាប់ដល់ក្រុមជំនុំទាំងឡាយ៖ ខ្ញុំនឹងឲ្យនំម៉ាណាខ្លះដែលលាក់កំបាំង ដល់អ្នកណាដែលឈ្នះ ក៏នឹងឲ្យក្រួសពណ៌សមួយ ហើយលើក្រួសនោះឈ្មោះថ្មីមួយបានត្រូវសរសេរ ជាឈ្មោះដែលគ្មានអ្នកណាស្គាល់ទេក្រៅពីអ្នកដែលទទួលក្រួសនោះ›។
១៨ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងធាទេរ៉ាថា៖ បុត្រព្រះ ដែលមានភ្នែកដូចអណ្ដាតភ្លើង ហើយជើងដូចស្ពាន់សុទ្ធមានប្រសាសន៍ដូចតទៅនេះថា៖ ១៩ ‹ខ្ញុំស្គាល់ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ កិច្ចបម្រើ និងការស៊ូទ្រាំរបស់អ្នក ក៏ដឹងថាការប្រព្រឹត្តរបស់អ្នកឥឡូវនេះ គឺល្អប្រសើរជាងការប្រព្រឹត្តរបស់អ្នកកាលពីមុន។
២០ «‹ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយ គឺអ្នកប្រណីដល់យេសិបិល ជាស្ត្រីដែលអះអាងថាខ្លួនជាអ្នកប្រកាសទំនាយ ហើយដែលបង្រៀននិងបំភាន់ពួកខ្ញុំបម្រើរបស់ខ្ញុំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះ។ ២១ ហើយខ្ញុំបានទុកពេលឲ្យនាងប្រែចិត្ត តែនាងមិនព្រមប្រែចិត្តពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទរបស់នាងទេ។ ២២ មើល! ខ្ញុំហៀបនឹងធ្វើឲ្យនាងឈឺងើបមិនរួច ហើយធ្វើឲ្យអ្នកដែលផិតក្បត់ជាមួយនឹងនាងមានសេចក្ដីវេទនាជាខ្លាំង បើពួកគេមិនប្រែចិត្តពីការប្រព្រឹត្តដែលដូចការប្រព្រឹត្តរបស់នាង។ ២៣ ហើយខ្ញុំនឹងប្រហារជីវិតកូនរបស់នាងដោយជំងឺដែលនាំឲ្យស្លាប់ ដើម្បីឲ្យក្រុមជំនុំទាំងឡាយដឹងថា ខ្ញុំជាអ្នកដែលស្ទង់មើលចិត្តនិងថ្លើម* ក៏សងដល់អ្នករាល់គ្នា តាមការប្រព្រឹត្តរៀងៗខ្លួន។
២៤ «‹ក៏ប៉ុន្តែចំណែកពួកអ្នកទាំងប៉ុន្មានទៀតនៅក្រុងធាទេរ៉ាដែលមិនកាន់តាមសេចក្ដីបង្រៀនរបស់យេសិបិល គឺពួកអ្នកដែលមិនដឹងសោះអំពីអ្វីដែលគេហៅថា«សេចក្ដីជ្រាលជ្រៅរបស់សាថាន» ខ្ញុំប្រាប់ថា៖ ខ្ញុំមិនបន្ថែមបន្ទុកលើអ្នករាល់គ្នាឡើយ។ ២៥ ទោះជាយ៉ាងនោះក៏ដោយ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នករាល់គ្នាមាន រហូតដល់ខ្ញុំមក។ ២៦ ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការប្រព្រឹត្តរបស់ខ្ញុំរហូតដល់ទីបញ្ចប់ ខ្ញុំនឹងឲ្យអ្នកនោះមានអំណាចលើប្រជាជាតិទាំងឡាយ ២៧ ហើយអ្នកនោះនឹងឃ្វាលបណ្ដាជនដោយដំបងដែក ដើម្បីធ្វើឲ្យពួកគេបែកខ្ចាយដូចភាជនៈដី ដូចអំណាចដែលខ្ញុំបានទទួលពីបិតារបស់ខ្ញុំ ២៨ ហើយខ្ញុំនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។ ២៩ ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលសកម្មពលប្រាប់ដល់ក្រុមជំនុំទាំងឡាយ›។