លូកា
៦ នៅថ្ងៃឈប់សម្រាក លោកកំពុងដើរកាត់វាលស្រូវសាលី ហើយពួកអ្នកកាន់តាមលោកដើរបណ្ដើរ កាច់កួរស្រូវយកមកឈ្លីបរិភោគបណ្ដើរ។ ២ ឃើញដូច្នេះ ពួកផារិស៊ីខ្លះសួរថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងធ្វើអ្វីដែលអ្នកគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សម្រាកដូច្នេះ?»។ ៣ ប៉ុន្តែលោកយេស៊ូតបឆ្លើយថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានទេ អំពីអ្វីដែលដាវីឌបានធ្វើ ពេលគាត់និងបុរសទាំងប៉ុន្មានដែលនៅជាមួយនឹងគាត់បានឃ្លាននោះ? ៤ តើអ្នកមិនធ្លាប់អានទេថា ដាវីឌបានចូលក្នុងកន្លែងគោរពបូជារបស់ព្រះ ហើយទទួលយកនំប៉័ងដែលបានត្រូវដាក់តាំងជាគ្រឿងបូជា ដែលគ្មានអ្នកណាមានច្បាប់បរិភោគឡើយ លើកលែងតែពួកសង្ឃប៉ុណ្ណោះមានច្បាប់បរិភោគបាន ហើយគាត់បានបរិភោគ ក៏បានឲ្យដល់ពួកបុរសដែលនៅជាមួយនឹងគាត់?»។ ៥ ហើយលោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «កូនមនុស្សជាម្ចាស់លើថ្ងៃឈប់សម្រាក»។
៦ នៅថ្ងៃឈប់សម្រាកមួយទៀត លោកបានចូលទៅក្នុងសាលាប្រជុំ ហើយចាប់ផ្ដើមបង្រៀន។ នៅទីនោះមានបុរសម្នាក់ដែលស្វិតដៃស្ដាំ។ ៧ ពេលនោះ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីចាំសង្កេតមើលថាតើលោកធ្វើឲ្យបុរសនោះជាសះស្បើយនៅថ្ងៃឈប់សម្រាកឬទេ ដើម្បីឲ្យពួកគេមានហេតុចោទប្រកាន់លោក។ ៨ ក៏ប៉ុន្តែ លោកជ្រាបអំពីអ្វីដែលពួកគេកំពុងរិះគិតក្នុងចិត្ត។ ទោះជាយ៉ាងនោះក៏ដោយ លោកមានប្រសាសន៍ទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយឈរនៅចំកណ្ដាល» បុរសនោះក៏ក្រោកឈរឡើង។ ៩ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សម្រាក តើមានច្បាប់ធ្វើអំពើល្អឬអំពើអាក្រក់ទៅលើអ្នកដទៃ? តើមានច្បាប់សង្គ្រោះឬសម្លាប់ជីវិត?»។* ១០ បន្ទាប់ពីបានមើលមុខពួកគេទាំងអស់គ្នា លោកក៏ប្រាប់បុរសនោះថា៖ «ចូរលាដៃអ្នកទៅ»។ គាត់ក៏លាដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ ១១ ប៉ុន្តែពួកគេបានក្ដៅចិត្តក្រៃលែង ក៏ចាប់ផ្ដើមនិយាយគ្នាអំពីអ្វីដែលពួកគេអាចធ្វើដល់លោកយេស៊ូ។
១២ នៅគ្រានោះ លោកបានឡើងលើភ្នំដើម្បីអធិដ្ឋាន ហើយលោកបានអធិដ្ឋានដល់ព្រះពេញមួយយប់។ ១៣ លុះព្រឹកឡើង លោកហៅអ្នកកាន់តាមមកឯលោក ក៏បានរើសដប់ពីរនាក់ពីចំណោមពួកគេ រួចហៅអ្នកទាំងនោះថា«សាវ័ក»។* ១៤ មានស៊ីម៉ូន ដែលលោកក៏បានដាក់ឈ្មោះមួយទៀតថាពេត្រុស* និងអនទ្រេជាប្អូន ហើយក៏មានយ៉ាកុប យ៉ូហាន ភីលីព បាថូឡូម៉េ ១៥ ម៉ាថាយ ថូម៉ាស់ យ៉ាកុបជាកូនអាល់ផៀស និងស៊ីម៉ូនដែលគេហៅថា«បុរសចិត្តខ្នះខ្នែង» ១៦ យូដាសជាកូនយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលទៅជាអ្នកក្បត់។
១៧ រួចលោកចុះមកជាមួយនឹងពួកគាត់ ហើយឈរនៅកន្លែងមួយដែលរាបស្មើ។ នៅទីនោះមានអ្នកកាន់តាមលោកមួយក្រុមធំ និងមនុស្សសន្ធឹកណាស់ពីគ្រប់កន្លែងនៅតំបន់យូឌានិងក្រុងយេរូសាឡិម ហើយពីក្រុងទីរ៉ុសនិងក្រុងស៊ីដូន ដែលនៅមាត់សមុទ្រ។ ពួកគេបានមកដើម្បីស្ដាប់លោក ហើយដើម្បីឲ្យបានជាសះស្បើយពីជំងឺរបស់ពួកគេ។ ១៨ សូម្បីតែមនុស្សដែលពួកវិញ្ញាណ* អសោចបានធ្វើទុក្ខ ក៏បានជាដែរ ១៩ ឯបណ្ដាជនទាំងមូលបានរកពាល់លោក ពីព្រោះឫទ្ធានុភាពកំពុងចេញពីលោកទៅធ្វើឲ្យពួកគេទាំងអស់គ្នាជាសះស្បើយ។
២០ រួចលោកងើបមុខមើលពួកអ្នកកាន់តាម ក៏ចាប់ផ្ដើមមានប្រសាសន៍ថា៖
«អ្នករាល់គ្នាជាអ្នកក្រីក្រ មានសុភមង្គលហើយ! ពីព្រោះរាជាណាចក្ររបស់ព្រះជារបស់អ្នករាល់គ្នា។
២១ «អ្នករាល់គ្នាដែលស្រេកឃ្លានឥឡូវនេះ មានសុភមង្គលហើយ! ពីព្រោះអ្នកនឹងបានឆ្អែតស្កប់ស្កល់។
«អ្នករាល់គ្នាដែលយំឥឡូវនេះ មានសុភមង្គលហើយ! ពីព្រោះអ្នកនឹងសើច។
២២ «កាលណាមនុស្សស្អប់អ្នករាល់គ្នា ឈប់រាប់អាន ជេរប្រមាថ និងបង្ខូចឈ្មោះអ្នក ទុកជាមនុស្សទុច្ចរិត ដោយសារកូនមនុស្ស នោះអ្នកមានសុភមង្គលហើយ! ២៣ នៅគ្រានោះ ចូរត្រេកអរហើយលោតកញ្ឆេងចុះ ព្រោះមើល! អ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ពីព្រោះបុព្វបុរសរបស់ពួកគេធ្លាប់ប្រព្រឹត្តទៅលើពួកអ្នកប្រកាសទំនាយដូច្នោះដែរ។
២៤ «ប៉ុន្តែអ្នករាល់គ្នាជាអ្នកមាន នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកបានទទួលភាពសុខស្រួលគ្រប់សព្វហើយ។
២៥ «អ្នករាល់គ្នាដែលឆ្អែតស្កប់ស្កល់ឥឡូវនេះ នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកនឹងមានសេចក្ដីអត់ឃ្លាន។
«អ្នករាល់គ្នាដែលសើចឥឡូវនេះ នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកនឹងយំដោយមានក្ដីទុក្ខព្រួយ។
២៦ «អ្នករាល់គ្នានឹងត្រូវវេទនាណាស់! នៅពេលដែលមនុស្សទាំងអស់សរសើរអ្នករាល់គ្នា ព្រោះបុព្វបុរសរបស់អ្នកទាំងនោះធ្លាប់ប្រព្រឹត្តដូច្នោះទៅលើពួកអ្នកប្រកាសទំនាយមិនពិត។
២៧ «ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយប្រព្រឹត្តល្អទៅលើអស់អ្នកដែលស្អប់អ្នករាល់គ្នា ២៨ ថែមទាំងជូនពរអស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា ហើយអធិដ្ឋានដើម្បីអស់អ្នកដែលដៀលត្មះអ្នក។ ២៩ បើអ្នកណាទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យទះម្ខាងទៀតទៅ ហើយបើអ្នកណាយកសម្លៀកបំពាក់ក្រៅរបស់អ្នក កុំឃាត់មិនឲ្យយកសម្លៀកបំពាក់ក្នុងផង។ ៣០ ពេលមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យទៅគាត់ចុះ ហើយបើអ្នកណាយកអ្វីដែលជារបស់អ្នក កុំទារពីគាត់វិញ។
៣១ «ម្យ៉ាងទៀត ចូរប្រព្រឹត្តទៅលើអ្នកឯទៀត ដូចអ្នកចង់ឲ្យពួកគេប្រព្រឹត្តមកលើអ្នក។
៣២ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអ្នកណាដែលស្រឡាញ់អ្នក តើមានគុណបំណាច់អ្វី? ព្រោះសូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គងក៏ស្រឡាញ់អ្នកដែលស្រឡាញ់ពួកគេដែរ។ ៣៣ ហើយបើអ្នករាល់គ្នាប្រព្រឹត្តអំពើល្អចំពោះតែអ្នកណាដែលប្រព្រឹត្តអំពើល្អចំពោះអ្នក តើមានគុណបំណាច់អ្វីទៅ? សូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គងក៏ប្រព្រឹត្តដូច្នេះដែរ។ ៣៤ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាឲ្យអ្នកណាខ្ចីដោយមិនយកការ ដោយសង្ឃឹមថាអ្នកនោះនឹងសងវិញ តើអ្នកមានគុណបំណាច់អ្វី? សូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គងក៏ឲ្យអ្នកផ្សេងទៀតដែលប្រព្រឹត្តខុសឆ្គងខ្ចីដោយមិនយកការដែរ ដើម្បីអាចទទួលសំណងគ្រប់ចំនួន។ ៣៥ ផ្ទុយទៅវិញ ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយប្រព្រឹត្តអំពើល្អ ថែមទាំងឲ្យគេខ្ចីដោយមិនយកការ និងដោយមិនសង្ឃឹមថាគេនឹងសងវិញឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានរង្វាន់យ៉ាងធំ ក៏នឹងទៅជាកូនរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ពីព្រោះលោកមានចិត្តសប្បុរសចំពោះមនុស្សរមិលគុណនិងមនុស្សទុច្ចរិត។ ៣៦ ចូរបន្តក្លាយជាមនុស្សដែលមានចិត្តមេត្ដាករុណា ដូចបិតារបស់អ្នករាល់គ្នាមានចិត្តមេត្ដាករុណា។
៣៧ «ម្យ៉ាងវិញទៀត ឈប់វិនិច្ឆ័យអ្នកឯទៀត នោះអ្នកនឹងមិនទទួលការវិនិច្ឆ័យឡើយ។ ឈប់ផ្ដន្ទាទោសអ្នកឯទៀត នោះអ្នកនឹងមិនទទួលការផ្ដន្ទាទោសឡើយ។ ចូរបន្តឲ្យអ្នកឯទៀតរួចខ្លួន នោះអ្នកក៏នឹងបានរួចខ្លួនដែរ។ ៣៨ ចូរទម្លាប់ឲ្យគេ ហើយគេនឹងឲ្យអ្នករាល់គ្នា។ ពួកគេនឹងវាល់ឲ្យអ្នកនូវរង្វាល់មួយពេញ ទាំងសង្កត់ រលាក់ និងថែមឲ្យហៀរទៀត រួចចាក់ចូលថ្នក់អាវរបស់អ្នក។ ព្រោះអ្នកវាល់ឲ្យគេប៉ុណ្ណា នោះគេនឹងវាល់ឲ្យអ្នកប៉ុណ្ណឹងដែរ»។
៣៩ រួចមក លោកមានប្រសាសន៍ទៅពួកគេដោយលើកឧទាហរណ៍ថា៖ «មនុស្សងងឹតភ្នែកមិនអាចនាំផ្លូវមនុស្សងងឹតភ្នែកដូចគ្នាបានឡើយ មែនទេ? បើដូច្នេះ ពួកគេទាំងពីរនាក់នឹងធ្លាក់រណ្ដៅ មែនទេ? ៤០ សិស្សមិនមែនធំជាងគ្រូឡើយ តែអស់អ្នកណាដែលបានត្រូវបង្រៀនយ៉ាងល្អឥតខ្ចោះនឹងបានដូចគ្រូរបស់ពួកគេ។ ៤១ បើដូច្នេះ ហេតុអ្វីអ្នកមើលកម្ទេចក្នុងភ្នែករបស់បងប្អូនអ្នក តែមិនសង្កេតមើលធ្នឹមដែលនៅក្នុងភ្នែករបស់អ្នកវិញ? ៤២ តើអ្នកអាចប្រាប់បងប្អូនបានយ៉ាងដូចម្ដេចថា៖ ‹បង! សូមឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកបង› ពេលដែលអ្នកមិនមើលធ្នឹមក្នុងភ្នែកខ្លួនដូច្នោះ? មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកខ្លួនអ្នកជាមុនសិន ទើបអ្នកអាចមើលឃើញច្បាស់ ដើម្បីអាចយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នកបាន។
៤៣ «ព្រោះគ្មានដើមឈើល្អណាបង្កើតផលមិនល្អនោះទេ ក៏គ្មានដើមឈើមិនល្អណាបង្កើតផលល្អដែរ។ ៤៤ ព្រោះគេស្គាល់ដើមឈើដោយផលរបស់វា។ ជាឧទាហរណ៍ គេមិនដែលបេះផ្លែល្វាតូច* ពីដើមបន្លា ក៏មិនកាត់យកផ្លែទំពាំងបាយជូរពីគុម្ពបន្លានោះដែរ។ ៤៥ មនុស្សល្អ បញ្ចេញអ្វីដ៏ល្អ ពីរបស់ល្អដែលគាត់បានសន្សំទុក តែមនុស្សអាក្រក់ បញ្ចេញអ្វីដ៏អាក្រក់ ពីរបស់អាក្រក់ដែលគាត់បានសន្សំទុក ព្រោះមាត់របស់គាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត។
៤៦ «បើដូច្នេះ ហេតុអ្វីអ្នករាល់គ្នាហៅខ្ញុំថា‹លោកម្ចាស់! លោកម្ចាស់!› តែមិនប្រព្រឹត្តតាមអ្វីដែលខ្ញុំនិយាយ? ៤៧ ខ្ញុំនឹងបង្ហាញអ្នកថា អស់អ្នកណាដែលមកឯខ្ញុំ ឮពាក្យរបស់ខ្ញុំ ហើយក៏ធ្វើតាមគឺប្រៀបដូចមនុស្សបែបណា៖ ៤៨ អ្នកនោះគឺប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ ហើយបានជីកដីយ៉ាងជ្រៅ ក៏ចាក់គ្រឹះលើផ្ទាំងថ្ម។ ម្ល៉ោះហើយ ពេលមានទឹកជំនន់ ទឹកទន្លេបានហូរមកបុកផ្ទះនោះ តែមិនខ្លាំងល្មមនឹងធ្វើឲ្យផ្ទះនោះរង្គើឡើយ ពីព្រោះផ្ទះនោះបានត្រូវសង់យ៉ាងមាំ។ ៤៩ ផ្ទុយទៅវិញ អ្នកណាដែលឮតែមិនធ្វើតាម អ្នកនោះគឺប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដីដោយមិនចាក់គ្រឹះឡើយ ហើយទឹកទន្លេហូរមកបុកផ្ទះធ្វើឲ្យបាក់ស្រុតភ្លាម ហើយផ្ទះនោះក៏ខូចអស់ទៅ»។