យ៉ូហាន
២១ បន្ទាប់ពីការទាំងនេះ លោកយេស៊ូបង្ហាញខ្លួនឲ្យពួកអ្នកកាន់តាមឃើញម្ដងទៀតនៅសមុទ្រទិបេរៀស តែលោកបង្ហាញខ្លួនដូចតទៅនេះវិញ៖ ២ ស៊ីម៉ូនពេត្រុស ថូម៉ាស់ ដែលគេហៅថាកូនភ្លោះ ណាថាណែលពីក្រុងកាណានៅស្រុកកាលីឡេ កូនប្រុសរបស់សេបេដេ និងអ្នកកាន់តាមពីរនាក់ទៀតរបស់លោកបាននៅជាមួយគ្នា។ ៣ ស៊ីម៉ូនពេត្រុសនិយាយទៅកាន់ពួកគាត់ថា៖ «ខ្ញុំនឹងទៅនេសាទត្រី»។ ពួកគាត់និយាយទៅកាន់គាត់ថា៖ «យើងក៏ទៅជាមួយនឹងអ្នកដែរ»។ ដូច្នេះ ពួកគាត់ក៏ចេញទៅចុះទូក តែនៅយប់នោះពួកគាត់មិនបានត្រីសោះ។
៤ ក៏ប៉ុន្តែព្រលឹមឡើង លោកយេស៊ូឈរនៅឆ្នេរ តែពួកអ្នកកាន់តាមមិនបានដឹងថាជាលោកយេស៊ូទេ។ ៥ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «កូនៗអើយ! អ្នករាល់គ្នាគ្មានអ្វីបរិភោគទេ មែនទេ?»។ ពួកគាត់តបទៅលោកថា៖ «បាទ!»។ ៦ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរទម្លាក់អួននៅខាងស្ដាំទូក ហើយអ្នកនឹងរកបាន»។ ពួកគាត់ក៏ទម្លាក់អួនទៅ តែមិនអាចទាញឡើងវិញបានឡើយ ដោយសារជាប់បានត្រីសន្ធឹកណាស់។ ៧ ដូច្នេះ អ្នកកាន់តាមដែលលោកយេស៊ូធ្លាប់ស្រឡាញ់បាននិយាយទៅកាន់ពេត្រុសថា៖ «គឺជាលោកម្ចាស់!»។ ម្ល៉ោះហើយ កាលដែលស៊ីម៉ូនពេត្រុសឮថាជាលោកម្ចាស់ គាត់ក៏ពាក់អាវក្រៅ ព្រោះគាត់នៅខ្លួនទទេ រួចបានលោតចុះក្នុងទឹកសមុទ្រ។ ៨ ប៉ុន្តែពួកអ្នកកាន់តាមឯទៀតបានជិះទូកតូចនោះមក ទាំងទាញអួនពេញទៅដោយត្រីមកផង ព្រោះពួកគាត់នៅមិនឆ្ងាយពីគោកទេ ប្រហែលតិចជាងមួយរយម៉ែត្រ។
៩ ក៏ប៉ុន្តែពេលដែលពួកគាត់ឡើងពីទូកមកលើគោកវិញ ពួកគាត់ឃើញថាមានរងើកភ្លើងធ្យូងនិងត្រីនៅលើរងើកនោះ ក៏ឃើញមាននំប៉័ងដែរ។ ១០ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរយកត្រីខ្លះដែលអ្នករាល់គ្នាទើបតែចាប់បានមក»។ ១១ ដូច្នេះ ស៊ីម៉ូនពេត្រុសបានចុះក្នុងទូកទាញអួនពេញទៅដោយត្រីធំៗចំនួនមួយរយហាសិបបី អូសមកលើគោកវិញ។ ប៉ុន្តែទោះជាមានត្រីច្រើនយ៉ាងនេះក៏ដោយ អួនមិនបានធ្លាយទេ។ ១២ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «អញ្ជើញមកបរិភោគ»។ គ្មានអ្នកកាន់តាមណាម្នាក់ហ៊ានសួរលោកថា៖ «តើអ្នកជាអ្នកណា»ទេ ពីព្រោះពួកគាត់ដឹងថាជាលោកម្ចាស់។ ១៣ លោកយេស៊ូមកយកនំប៉័ងនោះរួចចែកពួកគាត់ ក៏យកត្រីមកចែកពួកគាត់ដែរ។ ១៤ នេះជាលើកទីបីដែលលោកយេស៊ូលេចមកជួបពួកអ្នកកាន់តាមលោក បន្ទាប់ពីលោកបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។
១៥ លុះបានបរិភោគហើយ លោកយេស៊ូមានប្រសាសន៍ទៅស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនយ៉ូហាន តើអ្នកស្រឡាញ់* ខ្ញុំច្រើនជាងអ្វីៗទាំងនេះទេ?»។ គាត់និយាយទៅកាន់លោកថា៖ «បាទ លោកម្ចាស់ លោកជ្រាបហើយថាខ្ញុំស្រឡាញ់* លោក»។ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរឲ្យចំណីដល់កូនចៀមរបស់ខ្ញុំ»។ ១៦ លោកមានប្រសាសន៍ទៅគាត់ម្ដងទៀត ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនយ៉ូហាន តើអ្នកស្រឡាញ់* ខ្ញុំទេ?»។ គាត់និយាយទៅកាន់លោកថា៖ «បាទ លោកម្ចាស់ លោកជ្រាបហើយថាខ្ញុំស្រឡាញ់* លោក»។ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរឃ្វាលចៀមតូចៗរបស់ខ្ញុំ»។ ១៧ លោកមានប្រសាសន៍ទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហាន តើអ្នកស្រឡាញ់* ខ្ញុំទេ?»។ ពេត្រុសតាំងកើតទុក្ខក្នុងចិត្ត ដោយសារលោកសួរគាត់ជាលើកទីបីថា៖ «តើអ្នកស្រឡាញ់ខ្ញុំទេ?»។ ដូច្នេះ គាត់និយាយទៅកាន់លោកថា៖ «លោកម្ចាស់ លោកជ្រាបនូវអ្វីៗទាំងអស់ លោកជ្រាបហើយថាខ្ញុំស្រឡាញ់លោក»។ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរឲ្យចំណីដល់ចៀមតូចៗរបស់ខ្ញុំ។ ១៨ ខ្ញុំប្រាប់អ្នកការពិតថា កាលដែលអ្នកនៅក្មេង អ្នកធ្លាប់ស្លៀកពាក់ខ្លួនឯង ហើយដើរទៅកន្លែងណាដែលអ្នកចង់ទៅ។ ប៉ុន្តែពេលដែលអ្នកចាស់ទៅ អ្នកនឹងលាដៃទៅ ហើយបុរសម្នាក់ទៀតនឹងស្លៀកពាក់* ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅទេ»។ ១៩ លោកមានប្រសាសន៍ដូច្នេះ ដើម្បីបញ្ជាក់ថាគាត់នឹងលើកតម្កើងព្រះដោយស្លាប់តាមរបៀបណា។ ដូច្នេះ កាលមានប្រសាសន៍អ្វីៗទាំងនេះហើយ លោកក៏មានប្រសាសន៍ទៅគាត់ថា៖ «ចូរបន្តកាន់តាមខ្ញុំ»។
២០ កាលដែលពេត្រុសបែរទៅ គាត់ឃើញអ្នកកាន់តាមដែលលោកយេស៊ូធ្លាប់ស្រឡាញ់កំពុងដើរតាម គឺអ្នកដែលបានផ្អែកខ្លួនទៅលើទ្រូងលោកពេលបរិភោគអាហារល្ងាច ហើយបានសួរថា៖ «លោកម្ចាស់ តើអ្នកណានឹងក្បត់លោក?»។ ២១ ដូច្នេះ កាលដែលក្រឡេកទៅឃើញគាត់ ពេត្រុសនិយាយទៅកាន់លោកយេស៊ូថា៖ «លោកម្ចាស់ ចុះបុរសនេះវិញ?»។ ២២ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ប្រសិនបើខ្ញុំមានបំណងប្រាថ្នាឲ្យគាត់នៅរហូតដល់ខ្ញុំមក តើនោះទាក់ទងអ្វីនឹងអ្នក? ចូរអ្នកបន្តកាន់តាមខ្ញុំ»។ ២៣ ម្ល៉ោះហើយ ពាក្យនេះបានលេចឮក្នុងចំណោមបងប្អូនថា អ្នកកាន់តាមនោះនឹងមិនស្លាប់ឡើយ។ ក៏ប៉ុន្តែលោកយេស៊ូមិនបានមានប្រសាសន៍ទៅគាត់ថាគាត់នឹងមិនស្លាប់ទេ តែបានមានប្រសាសន៍ថា៖ «ប្រសិនបើខ្ញុំមានបំណងប្រាថ្នាឲ្យគាត់នៅរហូតដល់ខ្ញុំមក តើនោះទាក់ទងអ្វីនឹងអ្នក?»។
២៤ គឺអ្នកកាន់តាមនោះហើយដែលបានធ្វើជាសាក្សីបញ្ជាក់អំពីការទាំងនេះ ក៏ជាអ្នកដែលបានសរសេរអ្វីៗទាំងនេះ ហើយយើងដឹងថាការបញ្ជាក់របស់គាត់គឺជាការពិត។
២៥ តាមការពិត មានការជាច្រើនទៀតដែលលោកយេស៊ូបានធ្វើ ហើយប្រសិនបើសរសេរអំពីការទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំគិតថាពិភពលោកទាំងមូលមិនល្មមទុករមូរទាំងអស់នោះឡើយ។