-
ម៉ាថាយ ២១:២៣-២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ បន្ទាប់ពីលោកចូលទៅក្នុងវិហារ ហើយកំពុងបង្រៀន នោះពួកសង្ឃនាយកនិងពួកអ្នកចាស់ទុំបានចូលមកជិតលោក ហើយសួរថា៖ «តើលោកធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី? ហើយតើអ្នកណាបានប្រគល់សិទ្ធិអំណាចនេះឲ្យអ្នក?»។+ ២៤ លោកយេស៊ូតបថា៖ «ខ្ញុំក៏សួរអ្នករាល់គ្នារឿងមួយដែរ។ ប្រសិនបើអ្នកអាចឆ្លើយបាន ខ្ញុំនឹងប្រាប់អ្នកថាខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី។ ២៥ តើយ៉ូហានបានទទួលសិទ្ធិអំណាចជ្រមុជទឹកឲ្យគេពីណាមក? ពីស្ថានសួគ៌ ឬពីមនុស្ស?»។ ប៉ុន្តែ ពួកគេចាប់ផ្ដើមជជែកវែកញែកគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា៖ ‹ពីស្ថានសួគ៌› នោះគាត់នឹងសួរថា៖ ‹ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿយ៉ូហាន?›។+ ២៦ ប៉ុន្តែ បើយើងឆ្លើយថា៖ ‹ពីមនុស្ស›វិញ យើងខ្លាចបណ្ដាជនខឹង ពីព្រោះពួកគេចាត់ទុកយ៉ូហានជាអ្នកប្រកាសទំនាយ»។ ២៧ ដូច្នេះ ពួកគេឆ្លើយទៅលោកយេស៊ូថា៖ «យើងមិនដឹងទេ»។ លោកមានប្រសាសន៍តបទៅវិញថា៖ «ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាថា ខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វីដែរ។
-
-
ម៉ាកុស ១១:២៧-៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ក្រោយមក លោកនិងពួកគាត់បានចូលទៅក្នុងក្រុងយេរូសាឡិមម្ដងទៀត។ ពេលដែលលោកកំពុងដើរក្នុងវិហារ នោះពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកអ្នកចាស់ទុំបានមកឯលោក ២៨ ហើយសួរថា៖ «តើលោកធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី? ឬតើអ្នកណាបានប្រគល់សិទ្ធិអំណាចឲ្យលោកធ្វើអ្វីៗទាំងនេះ?»។+ ២៩ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាសំណួរមួយ។ អ្នកត្រូវឆ្លើយសំណួរនោះសិន រួចខ្ញុំនឹងប្រាប់ថាខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី។ ៣០ តើយ៉ូហានបានទទួលសិទ្ធិអំណាចជ្រមុជទឹក*ឲ្យគេ+ ពីស្ថានសួគ៌ ឬពីមនុស្ស? ចូរឆ្លើយប្រាប់មក»។+ ៣១ ដូច្នេះ ពួកគេចាប់ផ្ដើមជជែកវែកញែកគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា៖ ‹ពីស្ថានសួគ៌› នោះគាត់នឹងសួរថា៖ ‹បើដូច្នេះ ហេតុអ្វីអ្នករាល់គ្នាមិនបានជឿយ៉ូហាន?›។ ៣២ ក៏ប៉ុន្តែ តើយើងគួរនិយាយថា៖ ‹ពីមនុស្ស›ឬ?»។ តែពួកគេមិនហ៊ាននិយាយដូច្នេះទេ ដោយសារខ្លាចបណ្ដាជន ពីព្រោះមនុស្សទាំងនោះចាត់ទុកយ៉ូហានជាអ្នកប្រកាសទំនាយពិតមែន។+ ៣៣ ម្ល៉ោះហើយ ពួកគេឆ្លើយប្រាប់លោកយេស៊ូថា៖ «យើងមិនដឹងទេ»។ រួចលោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាថា ខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វីដែរ»។
-