-
ដំណើរចាកចេញ ៣:២-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ពេលនោះ ទេវតាមួយរូបរបស់ព្រះយេហូវ៉ាបានលេចមកឲ្យគាត់ឃើញក្នុងអណ្ដាតភ្លើង ដែលកំពុងឆេះនៅក្នុងគុម្ពបន្លាមួយ។+ ពេលគាត់ខំសម្លឹងមើលទៅ គាត់ឃើញមានអណ្ដាតភ្លើងនៅក្នុងគុម្ពបន្លានោះ តែគុម្ពបន្លានោះមិនឆេះទេ។ ៣ ដូច្នេះ ម៉ូសេបានគិតក្នុងចិត្តថា៖ «ខ្ញុំនឹងចូលទៅមើលការចម្លែកនេះសិន។ ហេតុអ្វីមានអណ្ដាតភ្លើងចេញពីគុម្ពបន្លា តែគុម្ពបន្លាមិនឆេះដូច្នេះ?»។ ៤ ពេលព្រះយេហូវ៉ាឃើញថាម៉ូសេកំពុងចូលទៅជិត លោកក៏ហៅគាត់ពីកណ្ដាលគុម្ពបន្លានោះថា៖ «ម៉ូសេ! ម៉ូសេ!»។ គាត់បានឆ្លើយថា៖ «បាទ លោកម្ចាស់!»។ ៥ រួចមក ព្រះបានមានប្រសាសន៍ថា៖ «កុំចូលមកជិតទៀត។ ចូរដោះស្បែកជើងអ្នកចេញ ព្រោះកន្លែងដែលអ្នកកំពុងឈរនេះគឺជាដីបរិសុទ្ធ»។
៦ ព្រះបានមានប្រសាសន៍បន្តថា៖ «ខ្ញុំជាព្រះនៃបុព្វបុរសអ្នក* ជាព្រះនៃអាប្រាហាំ+ ព្រះនៃអ៊ីសាក+ និងព្រះនៃយ៉ាកុប»។+ ឮដូច្នោះ ម៉ូសេក៏បាំងមុខ ព្រោះគាត់មិនហ៊ានមើលទៅព្រះពិតទេ។ ៧ ព្រះយេហូវ៉ាបន្ថែមថា៖ «ខ្ញុំបានឃើញការឈឺចាប់របស់រាស្ត្រខ្ញុំនៅស្រុកអេហ្ស៊ីបហើយ។ ខ្ញុំក៏បានឮសម្រែករបស់ពួកគេ ក្នុងការដែលពួកគេត្រូវបង្ខំឲ្យធ្វើការធ្ងន់ៗ។ ខ្ញុំដឹងច្បាស់នូវទុក្ខវេទនាទាំងអស់របស់ពួកគេ។+ ៨ ខ្ញុំនឹងចុះទៅសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេហ្ស៊ីប+ ហើយនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកដ៏ល្អនិងធំទូលាយ ជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ។+ ស្រុកនោះជាទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។+ ៩ មើល! សម្រែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮមកដល់ខ្ញុំហើយ។ ខ្ញុំក៏ឃើញពួកអេហ្ស៊ីបគាបសង្កត់និងប្រព្រឹត្តយ៉ាងសាហាវទៅលើពួកគេដែរ។+ ១០ ដូច្នេះ ចូរមកចុះ ខ្ញុំនឹងចាត់អ្នកឲ្យទៅជួបផារ៉ូ ហើយអ្នកនឹងនាំជនជាតិអ៊ីស្រាអែលជារាស្ត្រខ្ញុំចេញពីស្រុកអេហ្ស៊ីប»។+
-