បណ្ដាស្ដេចទី១
៤ ស្ដេចសាឡូម៉ូនបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល+ ២ ហើយគាត់មានមន្ត្រីជាន់ខ្ពស់មួយចំនួនដូចតទៅ៖ អាសារៀជាកូនសេដុក+ មានតំណែងជាសង្ឃ ៣ អេលីហូរែបនិងអាហាយ៉ាជាកូនស៊ីសសា មានតំណែងជាលេខាធិការ+ យេហូសាផាត+ជាកូនអាហាយលូត មានតំណែងជាអ្នកកត់ត្រា ៤ បេនណាយ៉ា+ជាកូនយេហូយ៉ាដា មានតំណែងជាមេទ័ព រីឯសេដុកនិងអាប៊ីយ៉ាថា+មានតំណែងជាសង្ឃ ៥ អាសារៀជាកូនណាថាន់+ គ្រប់គ្រងលើពួកអភិបាល សាប៊ុតជាកូនណាថាន់ មានតំណែងជាសង្ឃ ហើយគាត់ជាសម្លាញ់របស់ស្ដេច+ ៦ អាហាយសាជាអ្នកមើលការខុសត្រូវក្នុងវិមានស្ដេច ហើយអាដូណាយរ៉ាម+ជាកូនអាប់ដា មានតំណែងជាមេកំណែន។+
៧ សាឡូម៉ូនបានតែងតាំងអភិបាល១២នាក់ឲ្យត្រួតត្រាលើស្រុកអ៊ីស្រាអែលទាំងមូល។ ពួកគាត់ផ្គត់ផ្គង់ស្បៀងអាហារដល់ស្ដេចនិងពួកអ្នកដែលនៅក្នុងវិមាន។ មួយឆ្នាំម្ដង ពួកគាត់ម្នាក់ៗមានវេនទទួលខុសត្រូវខាងការផ្គត់ផ្គង់ស្បៀងអាហារអស់មួយខែ។+ ៨ ពួកគាត់មានឈ្មោះដូចតទៅ៖ កូនរបស់ហឺរត្រួតត្រាតំបន់ភ្នំអេប្រាអ៊ីម ៩ កូនរបស់ដេកឺត្រួតត្រាក្រុងស្អាលប៊ីម+ ក្រុងបេតសេមែស ក្រុងអេឡូនបេតហេណាន និងម៉ាកាស ១០ កូនរបស់ហេសេតត្រួតត្រាក្រុងអារូបូត (គាត់ត្រួតត្រាក្រុងសូគរនិងទូទាំងតំបន់ហេផឺ) ១១ កូនរបស់អាប៊ីណាដាបត្រួតត្រាតំបន់ភ្នំនៅក្រុងដោ (គាត់បានរៀបការនឹងថាផាតកូនស្រីសាឡូម៉ូន) ១២ បាអាណាជាកូនអាហាយលូត ត្រួតត្រាក្រុងថេអាណាក ក្រុងមេគីដោ+ និងតំបន់ជុំវិញក្រុងបេតសៀន+ ដែលនៅក្រោមយេសរៀល ហើយនៅក្បែរតំបន់សារីថាន គឺចាប់ពីក្រុងបេតសៀនដល់ក្រុងអេបិលមិហូឡា រហូតទៅដល់តំបន់យ៉ុកមៀម+ ១៣ កូនរបស់កេបឺត្រួតត្រារ៉ាម៉ូតគីលាត+ (គាត់ត្រួតត្រាភូមិត្រសាលរបស់យ៉ាអៀ+ជាកូនម៉ាណាសេ នៅស្រុកគីលាត។+ គាត់ក៏ត្រួតត្រាតំបន់អាកុប+ដែលនៅបាសាន+ គឺក្រុងធំៗ៦០ដែលមានកំពែងនិងរនុកស្ពាន់) ១៤ អាហ៊ីនណាដាប់ជាកូនអ៊ីតដូ ត្រួតត្រាក្រុងម៉ាហាណែម+ ១៥ អាហ៊ីមម៉ាអេសត្រួតត្រាតំបន់ណែបថាលី (គាត់បានរៀបការនឹងបាសេម៉ាតជាកូនស្រីម្នាក់ទៀតរបស់សាឡូម៉ូន) ១៦ បាអាណាជាកូនហ៊ូសាយ ត្រួតត្រាតំបន់អេស៊ើរនិងតំបន់បេអាឡូត ១៧ យេហូសាផាតជាកូនផារូអា ត្រួតត្រាតំបន់អ៊ីសាខារ ១៨ ស៊ីមម៉ាយ+ជាកូនអ៊ីឡា ត្រួតត្រាតំបន់បេនយ៉ាមីន+ ១៩ កេបឺជាកូនយូរ៉ាយ ត្រួតត្រាស្រុកគីលាត+ ជាស្រុករបស់ស៊ីហុន+ ស្ដេចជនជាតិអាម៉ូរី និងជាស្រុករបស់អុក+ ស្ដេចតំបន់បាសាន។ មានមន្ត្រីមួយរូបដែលគ្រប់គ្រងលើអភិបាលទាំងនេះ។
២០ បណ្ដាជនយូដានិងអ៊ីស្រាអែលមានចំនួនច្រើនសន្ធឹកដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។+ ពួកគេមានអាហារជាបរិបូរ ហើយរស់នៅយ៉ាងសប្បាយរីករាយ។+
២១ សាឡូម៉ូនបានគ្រប់គ្រងលើរាជាណាចក្រទាំងប៉ុន្មាន ចាប់ពីទន្លេអឺប្រាត+ទៅដល់ទឹកដីរបស់ជនជាតិភីលីស្ទីន ហើយរហូតដល់ព្រំប្រទល់ស្រុកអេហ្ស៊ីប។ ពួកគេបានជូនសួយអាករដល់សាឡូម៉ូន ហើយនៅជាចំណុះគាត់រហូតដល់គាត់ស្លាប់។+
២២ អាហារប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ក្នុងវិមានរបស់សាឡូម៉ូន មានម្សៅម៉ដ្ឋ៣០រង្វាល់* និងម្សៅធម្មតា៦០រង្វាល់ ២៣ គោបំប៉នធាត់ៗ១០ក្បាល គោនៅវាល២០ក្បាល និងចៀម១០០ក្បាល រួមទាំងប្រើស ឈ្លូស ក្ដាន់ និងសត្វស្លាបបំប៉នធាត់ៗ។ ២៤ សាឡូម៉ូនបានគ្រប់គ្រងតំបន់ទាំងប៉ុន្មាននៅខាងលិចទន្លេអឺប្រាត+ ចាប់ពីធីបសាដល់កាសា។+ ឯស្ដេចនានាដែលនៅខាងលិចទន្លេក៏នៅជាចំណុះគាត់ដែរ។ គ្រានោះ មានសន្តិភាពគ្រប់ទិសទី។+ ២៥ ក្រោមការគ្រប់គ្រងរបស់សាឡូម៉ូន បណ្ដាជនយូដានិងអ៊ីស្រាអែលបានរស់នៅដោយសុខសាន្ត ចាប់ពីដាន់រហូតដល់បៀរសេបា គ្រប់គ្នាអង្គុយក្រោមដើមទំពាំងបាយជូរ និងដើមល្វាតូចរបស់ខ្លួន។
២៦ សាឡូម៉ូនមានក្រោលសេះដែលមានបន្ទប់៤.០០០* សម្រាប់ដាក់សេះដែលទឹមរទេះចម្បាំង ហើយមានសេះ*១២.០០០ក្បាល។+
២៧ ពួកអភិបាលបានផ្គត់ផ្គង់ស្បៀងអាហារដល់ស្ដេចសាឡូម៉ូន និងអស់អ្នកដែលបរិភោគនៅតុរបស់ស្ដេច។ អភិបាលម្នាក់ៗបានមើលការខុសត្រូវតាមវេនក្នុងខែរបស់ខ្លួន មិនឲ្យខ្វះខាតអ្វីឡើយ។+ ២៨ ពួកគាត់ក៏បានផ្ដល់ស្រូវ*និងចំបើងសម្រាប់ហ្វូងសេះ និងសេះទឹមរទេះចម្បាំងទៅតាមកន្លែងដែលគេត្រូវការ តាមដែលស្ដេចបានកំណត់ឲ្យ។
២៩ ព្រះបានឲ្យសាឡូម៉ូនមានប្រាជ្ញាច្រើនលើសលប់ និងសមត្ថភាពវែកញែកយ៉ាងពូកែ ព្រមទាំងមានការយល់ដឹងទូលំទូលាយ ដែលគ្មាននរណាអាចវាស់ស្ទង់បានឡើយ។*+ ៣០ សាឡូម៉ូនមានប្រាជ្ញាលើសអស់អ្នកដែលមកពីស្រុកខាងកើត និងអស់អ្នកដែលនៅស្រុកអេហ្ស៊ីប។+ ៣១ គាត់មានប្រាជ្ញាលើសមនុស្សឯទៀត គឺមានប្រាជ្ញាជាងអ៊ីថាន+ជាកូនចៅអែសរ៉ា និងហេម៉ាន+ កាល់កូល+ និងដាដាដែលជាកូនម៉ាហូល។ កិត្តិនាមរបស់សាឡូម៉ូនល្បីរន្ទឺដល់គ្រប់ប្រជាជាតិដែលនៅជុំវិញ។+ ៣២ គាត់បាននិពន្ធសុភាសិត៣.០០០ខ+ ហើយតែងចម្រៀង+១.០០៥បទ។ ៣៣ គាត់បានពណ៌នាអំពីដើមឈើផ្សេងៗ គឺពីដើមស៊ីដារ*នៅតំបន់ភ្នំលីបង់ រហូតដល់ដើមហ៊ីសុប+ដែលដុះនៅលើកំពែង។ គាត់ក៏បានរៀបរាប់អំពីសត្វជើងបួន+ សត្វស្លាប+ សត្វលូនវារ សត្វល្អិត+ និងត្រីផងដែរ។ ៣៤ មនុស្សពីគ្រប់ប្រជាជាតិបានមកស្ដាប់សម្ដីរបស់សាឡូម៉ូនដែលប្រកបដោយប្រាជ្ញា។ ឯបណ្ដាស្ដេចនៅទូទាំងផែនដីក៏បានឮអំពីប្រាជ្ញារបស់គាត់ដែរ។+