យេរេមា
៣៤ កាលនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន និងរាជាណាចក្រនានាដែលនៅក្រោមចំណុះគាត់ ព្រមទាំងប្រជាជាតិទាំងឡាយ កំពុងច្បាំងនឹងក្រុងយេរូសាឡិមនិងក្រុងទាំងប៉ុន្មានដែលនៅជុំវិញនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមាថា៖+
២ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹ចូរទៅជួបសេដេគា+ស្ដេចស្រុកយូដា ហើយប្រាប់គាត់ថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ដូចតទៅ៖ ‹មើល! ខ្ញុំកំពុងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃស្ដេចស្រុកបាប៊ីឡូនហើយ។ គាត់នឹងដុតបំផ្លាញក្រុងនេះចោល។+ ៣ អ្នកនឹងគេចមិនរួចពីកណ្ដាប់ដៃស្ដេចនោះទេ ព្រោះគេនឹងចាប់អ្នក ហើយប្រគល់ឲ្យស្ដេចនោះជាមិនខាន។+ អ្នកនឹងឃើញស្ដេចនោះដោយផ្ទាល់ភ្នែក ហើយនិយាយទល់មុខគ្នា រួចអ្នកនឹងត្រូវនាំទៅស្រុកបាប៊ីឡូន›។+ ៤ ឱសេដេគាអើយ! ទោះជាយ៉ាងនោះក្ដី សូមស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាដែលថា៖ ‹ស្ដីអំពីអ្នក ព្រះយេហូវ៉ាប្រាប់ថា៖ «អ្នកនឹងមិនស្លាប់ដោយដាវទេ ៥ តែអ្នកនឹងស្លាប់តាមសម្រួលវិញ+ ហើយគេនឹងដុតគ្រឿងក្រអូបក្នុងពិធីបុណ្យសពអ្នក ដូចដែលគេបានធ្វើឲ្យបណ្ដាស្ដេចដែលជាបុព្វបុរសរបស់អ្នកដែរ។ រួចគេនឹងយំកាន់ទុក្ខអ្នក ដោយពោលថា៖ ‹ឱលោកម្ចាស់អើយ! គួរឲ្យអាណិតណាស់› ព្រោះ‹ខ្ញុំបានចេញវាចាហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»›»›»។
៦ បន្ទាប់មក យេរេមាជាអ្នកប្រកាសទំនាយបានប្រាប់ពាក្យទាំងនេះដល់សេដេគាស្ដេចស្រុកយូដានៅក្រុងយេរូសាឡិម។ ៧ នៅដំណាលគ្នានោះ កងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនកំពុងវាយប្រហារក្រុងយេរូសាឡិម និងក្រុងទាំងប៉ុន្មានដែលនៅសល់+ រួមមានក្រុងឡាគីស+និងក្រុងអាសេកា។+ ព្រោះក្នុងទឹកដីយូដាមានតែក្រុងទាំងនេះទេ ដែលនៅសល់ហើយមានកំពែងរឹងមាំ។
៨ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមាម្ដងទៀត ក្រោយពីស្ដេចសេដេគាបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងបណ្ដាជនទាំងឡាយនៅក្រុងយេរូសាឡិម ដើម្បីប្រកាសអំពីសេរីភាពដល់ពួកគេ+ ៩ គឺថាគ្រប់គ្នាត្រូវដោះលែងខ្ញុំបម្រើជាជនជាតិហេប្រឺទាំងប្រុសទាំងស្រីឲ្យមានសេរីភាព។ យ៉ាងនេះ នឹងគ្មានអ្នកណារក្សាទុកជនរួមជាតិខ្លួនឲ្យធ្វើជាខ្ញុំបម្រើទៀតឡើយ។ ១០ ដូច្នេះ ពួកអ្នកគ្រប់គ្រងទាំងអស់ និងបណ្ដាជនទាំងឡាយបានធ្វើតាមសេចក្ដីប្រកាសនោះ។ ពួកគេបានចុះកិច្ចព្រមព្រៀងដោយសន្យាថា នឹងដោះលែងខ្ញុំបម្រើប្រុសស្រីទាំងអស់ ហើយមិនទុកអ្នកណាម្នាក់ឲ្យនៅធ្វើជាខ្ញុំបម្រើទៀតទេ។ ម្ល៉ោះហើយ ពួកគេបានស្ដាប់តាមបង្គាប់នោះ ហើយក៏ដោះលែងខ្ញុំបម្រើទាំងនោះទៅ។ ១១ ប៉ុន្តែ ក្រោយមកពួកគេបានទៅចាប់ខ្ញុំបម្រើប្រុសស្រីដែលពួកគេបានដោះលែងនោះមកវិញ ហើយបង្ខំពួកអ្នកទាំងនោះឲ្យធ្វើជាខ្ញុំបម្រើម្ដងទៀត។ ១២ ដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមាម្ដងទៀត។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
១៣ «ប្រសាសន៍របស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលមានដូចតទៅ៖ ‹ខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងបុព្វបុរសរបស់អ្នករាល់គ្នា+ នៅថ្ងៃដែលខ្ញុំបាននាំពួកគេចេញពីស្រុកអេហ្ស៊ីប គឺចេញពីភាពជាខ្ញុំបម្រើ។+ ខ្ញុំបានប្រាប់ថា៖ ១៤ «នៅដំណាច់ឆ្នាំទី៧ អ្នករាល់គ្នាត្រូវដោះលែងជនជាតិហេប្រឺជាជនរួមជាតិខ្លួនដែលអ្នករាល់គ្នាបានទិញយកមកធ្វើជាខ្ញុំបម្រើ ឲ្យមានសេរីភាពឡើងវិញ ព្រោះពួកគេបានបម្រើអ្នករាល់គ្នាអស់៦ឆ្នាំហើយ»។+ ប៉ុន្តែ បុព្វបុរសរបស់អ្នករាល់គ្នាមិនបានផ្ទៀងត្រចៀកស្ដាប់ខ្ញុំទេ ហើយក៏មិនបានធ្វើតាមខ្ញុំដែរ។ ១៥ ថ្មីៗនេះ អ្នករាល់គ្នាបានកែខ្លួន ហើយប្រព្រឹត្តត្រឹមត្រូវតាមទស្សនៈខ្ញុំវិញ ដោយប្រកាសឲ្យជនរួមជាតិខ្លួនមានសេរីភាព រួចធ្វើកិច្ចព្រមព្រៀងនៅចំពោះខ្ញុំ ក្នុងវិហារដែលជាតំណាងនាមខ្ញុំ។ ១៦ ប៉ុន្តែ ក្រោយមកអ្នករាល់គ្នាបានដូរចិត្ត ហើយធ្វើឲ្យនាមខ្ញុំអាប់ឱនខ្លាំងណាស់+ ព្រោះបន្ទាប់ពីអ្នករាល់គ្នាបានដោះលែងខ្ញុំបម្រើប្រុសស្រីឲ្យមានសេរីភាពហើយ អ្នករាល់គ្នាបានចាប់ពួកគេមកវិញ ហើយបង្ខំពួកគេឲ្យធ្វើជាខ្ញុំបម្រើម្ដងទៀត›។
១៧ «ហេតុនេះ ខ្ញុំយេហូវ៉ាមានប្រសាសន៍ថា៖ ‹អ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ខ្ញុំស្ដីអំពីការប្រកាសឲ្យដោះលែងបងប្អូននិងជនរួមជាតិរបស់អ្នករាល់គ្នាទេ។+ ដូច្នេះ ឥឡូវខ្ញុំនឹងប្រកាសឲ្យអ្នករាល់គ្នាមានសេរីភាពវិញម្ដង គឺឲ្យអ្នករាល់គ្នាស្លាប់ដោយដាវ ដោយការអត់ឃ្លាន និងរោគរាតត្បាត›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ‹ខ្ញុំនឹងធ្វើឲ្យរាជាណាចក្រទាំងឡាយនៅផែនដីភ័យរន្ធត់ ពេលដឹងអំពីរឿងនោះ។+ ១៨ នេះជាអ្វីដែលនឹងកើតឡើងចំពោះពួកប្រុសៗដែលបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ គឺមិនធ្វើតាមពាក្យក្នុងកិច្ចព្រមព្រៀងដែលពួកគេបានចុះនៅមុខខ្ញុំ ពេលដែលពួកគេកាត់កូនគោជាពីរ រួចដើរឆ្លងកាត់ចន្លោះរវាងកំណាត់ទាំងពីរនៃកូនគោនោះ។+ ១៩ ពួកអ្នកទាំងនោះ គឺពួកអ្នកគ្រប់គ្រងស្រុកយូដា ពួកអ្នកគ្រប់គ្រងក្រុងយេរូសាឡិម ពួកមន្ត្រីជាន់ខ្ពស់ ពួកសង្ឃ ព្រមទាំងបណ្ដាជនទាំងអស់ដែលដើរឆ្លងកាត់ចន្លោះរវាងកំណាត់ទាំងពីរនៃកូនគោនោះដែរ។ ២០ ខ្ញុំនឹងប្រគល់អ្នកទាំងនោះទៅក្នុងកណ្ដាប់ដៃពួកសត្រូវ និងពួកអ្នកដែលតាមរកជីវិតពួកគេ។ សាកសពរបស់ពួកគេនឹងទៅជាចំណីដល់សត្វស្លាបនៅលើមេឃ និងសត្វសាហាវនៅលើដី។+ ២១ ខ្ញុំនឹងប្រគល់សេដេគាស្ដេចស្រុកយូដានិងពួកអ្នកគ្រប់គ្រងទៅក្នុងកណ្ដាប់ដៃពួកសត្រូវ និងពួកអ្នកដែលតាមរកជីវិតពួកគេ ព្រមទាំងទៅក្នុងកណ្ដាប់ដៃទ័ពស្ដេចស្រុកបាប៊ីឡូន+ ដែលកំពុងដកថយចេញពីអ្នករាល់គ្នា›។+
២២ «‹មើល! ខ្ញុំនឹងបង្គាប់ពួកគេឲ្យត្រឡប់មកឡោមព័ទ្ធ ហើយច្បាំងនឹងក្រុងនេះម្ដងទៀត។ ពួកគេនឹងដណ្ដើមយកក្រុងនេះ ហើយដុតបំផ្លាញចោល។+ រីឯក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា នឹងទៅជាកន្លែងស្ងាត់ជ្រងំគ្មានមនុស្សរស់នៅទៀត›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។