យេរេមា
២២ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរទៅវិមានរបស់ស្ដេចស្រុកយូដា ហើយប្រាប់ដំណឹងនេះ។ ២ អ្នកត្រូវនិយាយថា៖ ‹ឱស្ដេចស្រុកយូដាដែលអង្គុយលើបល្ល័ង្កដាវីឌ ព្រមទាំងពួកអ្នកបម្រើ និងបណ្ដារាស្ត្រដែលចូលតាមខ្លោងទ្វារទាំងនេះអើយ! ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ាចុះ។ ៣ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរកាត់ក្ដីដោយសុចរិតយុត្តិធម៌ ហើយជួយជនរងគ្រោះឲ្យរួចពីកណ្ដាប់ដៃជនបោកប្រាស់។ កុំធ្វើបាបជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយឲ្យសោះ+ ហើយក៏កុំសម្លាប់ជនស្លូតត្រង់នៅទីនេះដែរ។+ ៤ បើអ្នករាល់គ្នាកាន់ខ្ជាប់តាមបង្គាប់ខ្ញុំ នោះបណ្ដាស្ដេចដែលអង្គុយលើបល្ល័ង្កដាវីឌ+ នឹងចូលតាមខ្លោងទ្វារក្រុងនេះដោយជិះលើរទេះសេះនិងនៅលើខ្នងសេះ រួមទាំងពួកអ្នកបម្រើរបស់ពួកគាត់និងប្រជារាស្ត្ររបស់ពួកគាត់ផងដែរ»›។+
៥ «ព្រះយេហូវ៉ាប្រកាសថា៖ ‹បើអ្នករាល់គ្នាមិនធ្វើតាមបង្គាប់ខ្ញុំទេ នោះខ្ញុំស្បថដោយខ្លួនខ្ញុំផ្ទាល់ថាវិមាននេះនឹងត្រូវបំផ្លាញចោលជាមិនខាន›។+
៦ «ស្ដីអំពីវិមានរបស់ស្ដេចស្រុកយូដា ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
‹ចំពោះខ្ញុំ វិមាននេះប្រៀបដូចជាព្រៃគីលាត និងប្រៀបដូចជាព្រៃនៅលើភ្នំលីបង់
ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំនឹងធ្វើឲ្យកន្លែងនេះប្រែទៅជាតំបន់ស្ងាត់ជ្រងំវិញ។
ឯក្រុងទាំងប៉ុន្មានក្នុងស្រុកនេះ នឹងគ្មានអ្នកណារស់នៅទេ។+
៧ ខ្ញុំនឹងតែងតាំងពួកអ្នកបំផ្លាញឲ្យមកទាស់នឹងអ្នក
ពួកគេនឹងយកគ្រឿងចម្បាំងមកជាមួយដែរ។+
ពួកគេនឹងកាប់រំលំដើមស៊ីដារប្រណីតៗរបស់អ្នក
ហើយបោះទៅក្នុងភ្លើង។+
៨ «‹ពេលនោះ ប្រជាជាតិជាច្រើននឹងឆ្លងកាត់ក្រុងនេះ ហើយនិយាយគ្នាថា៖ «ហេតុអ្វីក៏ព្រះយេហូវ៉ាធ្វើដូច្នេះចំពោះក្រុងដ៏រុងរឿងនេះ?»។+ ៩ ពួកគេនឹងឆ្លើយថា៖ «នេះគឺដោយសារពួកគេលែងធ្វើតាមកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាព្រះនៃពួកគេ ហើយបែរទៅក្រាបគោរពដល់ព្រះឯទៀត និងបម្រើព្រះទាំងនោះ»›។+
១០ ចូរកុំយំកាន់ទុក្ខឲ្យអ្នកស្លាប់នោះ ឬស្ដាយស្រណោះគាត់ឡើយ។
ប៉ុន្តែ ចូរទ្រហោយំចំពោះអ្នកដែលត្រូវចាកចេញវិញទៅ
ព្រោះគាត់នឹងមិនត្រឡប់មកឃើញស្រុកកំណើតខ្លួនឡើយ។
១១ «ព្រោះស្ដីអំពីសាលូម*+ជាកូនយ៉ូសៀស+ ជាស្ដេចស្រុកយូដាដែលកំពុងគ្រប់គ្រងជំនួសឪពុកគាត់ និងជាអ្នកដែលបានត្រូវនិរទេសចេញពីទឹកដីនេះ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹គាត់នឹងមិនត្រឡប់មកស្រុកនេះវិញឡើយ ១២ ព្រោះគាត់នឹងស្លាប់នៅក្នុងស្រុកដែលគេចាប់គាត់ទៅ ហើយគាត់នឹងមិនឃើញស្រុកកំណើតខ្លួនទៀតទេ›។+
១៣ វេទនាដល់បុគ្គលដែលសង់វិមានខ្លួនដោយមិនសុចរិត
និងសង់បន្ទប់ខាងលើដោយមិនទៀងត្រង់
ព្រោះគាត់ឲ្យគេធ្វើការដោយទទេៗ ហើយមិនព្រមបង់ប្រាក់ឈ្នួលឲ្យគេទេ។+
១៤ គាត់និយាយថា៖ ‹ខ្ញុំនឹងសង់វិមានស្កឹមស្កៃមួយសម្រាប់ខ្លួន
ទាំងមានបន្ទប់ធំនៅខាងលើ ព្រមទាំងបង្អួចដែរ។
ខ្ញុំនឹងស្រោបជញ្ជាំងដោយឈើស៊ីដារ រួចលាបពណ៌ក្រហមស្រស់›។
១៥ តើអ្នកគិតថាអ្នកនឹងបន្តគ្រប់គ្រងដោយសារតែអ្នកប្រើឈើស៊ីដារច្រើនជាងគេដើម្បីសង់វិមានឬ?
សូមចាំអំពីឪពុករបស់អ្នក ទោះជាគាត់មានអាហារបរិភោគជាបរិបូរក្ដី
ក៏គាត់នៅតែកាត់ក្ដីដោយសុចរិតយុត្តិធម៌ដែរ។+
ហេតុនេះ គាត់មានភាពចម្រុងចម្រើនជានិច្ច។
១៦ គាត់បានកាត់ក្ដីឲ្យជនរងទុក្ខនិងជនក្រីក្រដោយយុត្តិធម៌
ដូច្នេះ បណ្ដាជនមានសេចក្ដីសុខសាន្ត។
‹នោះហើយជាការស្គាល់ខ្ញុំ មែនទេ?›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៧ ‹ប៉ុន្តែ អ្នកតែងតែស្វះស្វែងរកវិធីបោកបញ្ឆោតអ្នកទៀត។ អ្នកតាំងចិត្តរកផលចំណេញដោយការមិនទៀងត្រង់ សម្លាប់ជនស្លូតត្រង់ និងបោកប្រាស់
ថែមទាំងគំរាមយកទ្រព្យគេទៀតផង›។
១៨ «ហេតុនេះ ព្រះយេហូវ៉ាមានប្រសាសន៍អំពីយេហូយ៉ាគីម+ជាកូនយ៉ូសៀសស្ដេចស្រុកយូដាថា៖
‹គេនឹងមិនយំកាន់ទុក្ខគាត់ ដោយនិយាយថា៖ «ឱបងអើយ! ឱប្អូនអើយ!»។
គេក៏មិនទួញសោកចំពោះសពគាត់ដែរ ដោយពោលថា៖
«ឱលោកម្ចាស់ខ្ញុំអើយ! ឱស្ដេចជាម្ចាស់ខ្ញុំអើយ!»។
១៩ គេនឹងអូសសពគាត់កាត់តាមខ្លោងទ្វារក្រុងយេរូសាឡិម
រួចយកទៅចោលនៅខាងក្រៅក្រុង+
ហើយកប់សពគាត់ដូចជាខ្មោចលា›។+
២០ ចូរឡើងទៅតំបន់ភ្នំលីបង់ ហើយស្រែកឡើង
ចូរបន្លឺសំឡេងនៅតំបន់បាសានទៅ
ហើយស្រែកយ៉ាងខ្លាំងពីតំបន់អាបារីមចុះ+
ព្រោះគូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកបានត្រូវបំផ្លាញអស់ហើយ។+
២១ ពេលដែលអ្នកមានសេចក្ដីសុខ ខ្ញុំបានឲ្យឱវាទអ្នក
តែអ្នកបដិសេធថា៖ ‹ខ្ញុំមិនស្ដាប់ទេ›។+
តាំងពីក្មេងមក អ្នកតែងមានទម្លាប់ដូច្នេះ
ព្រោះអ្នកមិនដែលស្ដាប់បង្គាប់ខ្ញុំឡើយ។+
២២ ខ្យល់នឹងកួចនាំយកគង្វាលទាំងអស់របស់អ្នកទៅ។+
ឯគូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកវិញ ពួកគេនឹងត្រូវចាប់យកទៅធ្វើជាឈ្លើយ។
ពេលនោះ អ្នកនឹងបាក់មុខ ហើយអាម៉ាស់ជាខ្លាំងដោយសារតែទុក្ខវេទនាដែលមានមកលើអ្នក។
២៣ ឱអស់អ្នកដែលរស់នៅក្នុងតំបន់ភ្នំលីបង់+ដែលមានជម្រកក្នុងព្រៃស៊ីដារអើយ!+
អ្នកនឹងស្រែកថ្ងូរដោយឈឺចាប់ ពេលសេចក្ដីវេទនាធ្លាក់មកលើអ្នក
គឺឈឺចាប់ដូចជាស្ត្រីឈឺពោះសម្រាលកូន»។+
២៤ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ឱកូនៀ*+ជាកូនយេហូយ៉ាគីម+ដែលជាស្ដេចស្រុកយូដាអើយ! ខ្ញុំស្បថដោយនូវជីវិតខ្ញុំថា ទោះបីអ្នកប្រៀបដូចជាចិញ្ចៀនត្រានៅម្រាមដៃស្ដាំខ្ញុំក៏ដោយ ក៏ខ្ញុំនឹងទាញកន្ដ្រាក់អ្នកចេញដែរ។ ២៥ ខ្ញុំនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន និងពួកខាល់ដេ គឺពួកអ្នកដែលតាមរកជីវិតអ្នក និងពួកអ្នកដែលអ្នកខ្លបខ្លាចផងដែរ។+ ២៦ ខ្ញុំនឹងបោះអ្នកនិងម្ដាយដែលបង្កើតអ្នកចេញពីស្រុកកំណើតទៅស្រុកដទៃ ហើយអ្នកនឹងស្លាប់នៅទីនោះ។ ២៧ ទោះជាអ្នកចង់ត្រឡប់មកវិញជាខ្លាំង ក៏អ្នកមិនអាចត្រឡប់មកវិញបានដែរ។+
២៨ តើកូនៀគ្រាន់តែជាអំបែងក្អមដ៏គម្រក់ដែលគ្មាននរណាត្រូវការឬ?
ហេតុអ្វីក៏គាត់និងកូនចៅគាត់បានត្រូវបោះទម្លាក់
និងត្រូវគ្រវែងទៅក្នុងស្រុកដទៃដែលពួកគេមិនស្គាល់ដូច្នេះ?›។+
២៩ ឱផែនដី* ផែនដី ផែនដីអើយ! ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ា។
៣០ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
‹ចូរកត់ត្រាឈ្មោះបុរសនេះទុកជាអ្នកដែលគ្មានកូនចៅ
ជាអ្នកដែលមិនបានសម្រេចអ្វីល្អនៅក្នុងជីវិតខ្លួន
ព្រោះគ្មានកូនចៅគាត់ណាម្នាក់នឹងអង្គុយលើបល្ល័ង្កដាវីឌ
ហើយគ្រប់គ្រងបន្តលើស្រុកយូដាឡើយ›»។+