យ៉ូប
២ តើអ្នកអាចយកខ្សែខ្លុះច្រមុះវាឬដាក់កន្លុះថ្គាមរបស់វាបានទេ?
៣ តើវានឹងអង្វរករអ្នកឬនិយាយទន់ភ្លន់ទៅកាន់អ្នកឬ?
៤ តើវានឹងចុះកិច្ចព្រមព្រៀងជាមួយនឹងអ្នក
ដើម្បីធ្វើជាខ្ញុំបម្រើរបស់អ្នកអស់មួយជីវិតឬ?
៥ តើអ្នកហ៊ានលេងជាមួយនឹងវាដូចលេងជាមួយនឹងសត្វស្លាប
ឬក៏ចងវាទុកឲ្យកូនស្រីរបស់អ្នកមើលកម្សាន្តទេ?
៦ តើពួកឈ្មួញនឹងជួញដូរវាទេ?
តើពួកគេនឹងយកវាទៅចែកគ្នាទេ?
៧ តើអ្នកហ៊ានយកស្នចាក់ស្បែករបស់វា+ឬយកលំពែងទម្លុះក្បាលវាទេ?
៨ បើអ្នកយកដៃពាល់វា នោះវាច្បាស់ជាតទល់នឹងអ្នក
រហូតដល់អ្នករាងចាលលែងហ៊ានប៉ះវាម្ដងទៀត!
៩ កុំសង្ឃឹមឲ្យសោះថាអ្នកអាចបង្ក្រាបវាបាន
គ្រាន់តែក្រឡេកឃើញវា អ្នកក៏ភ័យស្លុតទៅហើយ។
១០ គ្មាននរណាហ៊ានរំខានវាទេ
បើដូច្នេះ តើនរណាហ៊ានប្រឈមមុខនឹងខ្ញុំ?+
១១ តើមានអ្នកណាដែលបានឲ្យអ្វីមកខ្ញុំមុនដើម្បីជាហេតុឲ្យខ្ញុំតបស្នងទៅគេវិញ?+
ព្រោះអ្វីៗទាំងអស់ដែលនៅក្រោមមេឃជារបស់ខ្ញុំ។+
១២ ខ្ញុំចង់និយាយថែមទៀតអំពីជើងរបស់វា
អំពីកម្លាំងខ្លាំងក្លា និងអំពីរាងកាយដ៏អស្ចារ្យរបស់វា។
១៣ តើអ្នកណាអាចពន្លាត់ស្បែកដ៏ក្រាស់របស់វាបាន?
តើអ្នកណាហ៊ានចូលទៅជិតមាត់*វា?
១៤ តើនរណាអាចបើកមាត់របស់វាបាន?
ធ្មេញទាំងអស់របស់វាគួរឲ្យខ្លាចខ្លាំងណាស់។
១៥ ខ្នងរបស់វាមានស្រកាដុះជាជួរ* ហើយស្អិតជាប់គ្នាល្មួត។
១៦ ស្រកានីមួយៗជាប់គ្នាខ្លាំងដល់ម្ល៉េះ
រហូតដល់ខ្យល់មិនអាចចូលបានឡើយ។
១៧ ស្រការបស់វាតោងគ្នាស្អិត
មិនអាចផ្ដាច់ចេញពីគ្នាបានទេ។
១៨ ពេលវាបញ្ចេញខ្យល់តាមច្រមុះ នោះមានពន្លឺភ្លឺផ្លេកចេញមក
ហើយភ្នែករបស់វាដូចជារស្មីនាវេលាថ្ងៃរះ។
១៩ មានពន្លឺផ្លេកបន្ទោរចេញពីមាត់របស់វា
ហើយក៏មានផ្កាភ្លើងព្រោងព្រាតចេញមកដែរ។
២០ មានផ្សែងហុយចេញពីច្រមុះរបស់វា
ប្រៀបដូចជាឡកំពុងឆេះក្ដៅ។*
២១ ខ្យល់ដង្ហើមរបស់វាធ្វើឲ្យមានរងើកភ្លើងឆាបឆេះ
ហើយមានអណ្ដាតភ្លើងចេញពីមាត់របស់វា។
២២ ចំណែកករបស់វា នោះរឹងមាំអស្ចារ្យ
ហើយអស់អ្នកណាដែលជួបវាក៏ភ័យស្លន់ស្លោ។
២៣ ស្រទាប់សាច់របស់វាជាប់គ្នាតឹងណែន
គឺមានភាពស្វិតមាំដូចដែកថែប បកចេញមិនបានទេ។
២៤ រីឯបេះដូងរបស់វារឹងដូចថ្ម
គឺរឹងដូចថ្មត្បាល់កិន។
២៥ ពេលវាងើបខ្លួន សូម្បីតែអ្នកខ្លាំងពូកែក៏ខ្លបខ្លាចវាដែរ
ហើយគ្រប់គ្នាតក់ស្លុត ពេលវាកញ្ជ្រោលឡើង។
២៦ គ្មានដាវ លំពែង ព្រួញឬអាវុធណា
អាចចាក់ទម្លុះវាបានទេ។+
២៧ វាចាត់ទុកដែកដូចចំបើង។ ឯស្ពាន់វិញ ដូចជាឈើពុក។
២៨ ចំណែកមុខព្រួញមិនបានធ្វើឲ្យវាពួនខ្លួនទេ
ចំពោះវា ថ្មរលីងប្រៀបដូចជាជញ្ជ្រាំងប៉ុណ្ណោះ។
២៩ វាចាត់ទុកដំបងដូចជាគល់ស្រូវស្ងួត
ពេលឃើញលំពែងសំដៅមកវា វាសើចចំអកឲ្យ។
៣០ ពោះរបស់វាមានក្រឡាដូចអំបែងឆ្នាំង
ពោះវាធ្វើឲ្យមានដានលើភក់ដូចក្ដារបញ្ជាន់ស្រូវ។+
៣១ ពេលវាចូលក្នុងជលសាក៏មានពពុះស្គុល ដូចទឹកកំពុងពុះក្នុងឆ្នាំង
វាកញ្ជ្រោកមហាសមុទ្រឲ្យបាចសាចដូចប្រេងកំពុងពុះខ្ជោលឡើង។
៣២ កាលដែលវាហែលទៅ វាបន្សល់ទុកពពុះសស្គុសពីក្រោយវា
អ្នកណាដែលបានឃើញ ស្មានថាសមុទ្រមានសក់ស្កូវ។
៣៣ ក្នុងផែនដីនេះគ្មានសត្វណាមួយឲ្យដូចវាទេ
វាបានត្រូវបង្កើតមក ដោយមិនឲ្យភ័យខ្លាចអ្វីឡើយ។
៣៤ វាមិនញញើតនឹងសម្លឹងមើលសត្វទាំងឡាយដែលមានអំណួតឡើយ
ព្រោះវាជាស្ដេចលើអស់ទាំងសត្វព្រៃដ៏ខ្លាំងក្លា»។