យេរេមា
២១ យេរេមាបានទទួលការណែនាំពីព្រះយេហូវ៉ា កាលដែលស្ដេចសេដេគា+បានចាត់ផាសហឺ+ជាកូនម៉ាលខាយយ៉ា និងសេផានា+ជាកូនម៉ាអាសៀដែលជាសង្ឃ ឲ្យទៅជួបយេរេមាដោយនិយាយថា៖ ២ «ឥឡូវនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនកំពុងច្បាំងនឹងយើងហើយ+ សូមអ្នកជួយសួរព្រះយេហូវ៉ាឲ្យយើងផង ក្រែងលោព្រះយេហូវ៉ាធ្វើការអស្ចារ្យណាមួយដើម្បីជួយយើង ហើយដើម្បីឲ្យស្ដេចនោះដកថយពីយើង»។+
៣ យេរេមាប្រាប់ពួកគេថា៖ «អ្នករាល់គ្នាត្រូវប្រាប់សេដេគាដូចតទៅនេះថា៖ ៤ ‹ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «មើល! គ្រឿងចម្បាំងដែលអ្នកប្រើដើម្បីតយុទ្ធនឹងស្ដេចស្រុកបាប៊ីឡូន+ និងពួកខាល់ដេដែលកំពុងឡោមព័ទ្ធនៅក្រៅកំពែងក្រុងអ្នក ខ្ញុំនឹងបង្វែរគ្រឿងចម្បាំងទាំងនោះមកទាស់នឹងខ្លួនអ្នកវិញ។ ខ្ញុំនឹងប្រមូលអ្វីទាំងនោះ*មកកណ្ដាលក្រុងនេះ។ ៥ ខ្ញុំផ្ទាល់នឹងលើកដៃមកទាស់នឹងអ្នក+ដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំ គឺដោយកំហឹងដ៏ខ្លាំងក្រៃលែង។+ ៦ ខ្ញុំនឹងវាយប្រហារអ្នកក្រុងនេះ ទាំងមនុស្សទាំងសត្វ ហើយពួកគេនឹងស្លាប់ដោយរោគរាតត្បាតដ៏សាហាវ»›។+
៧ «‹ព្រះយេហូវ៉ាប្រកាសថា៖ «ក្រោយនោះ ខ្ញុំនឹងប្រគល់ស្ដេចសេដេគាជាស្ដេចស្រុកយូដា និងពួកអ្នកបម្រើគាត់ ព្រមទាំងអ្នកក្រុងនេះដែលរួចជីវិតពីរោគរាតត្បាត ពីដាវ និងពីការអត់ឃ្លាន ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន និងក្នុងកណ្ដាប់ដៃពួកសត្រូវនានា ព្រមទាំងក្នុងកណ្ដាប់ដៃពួកអ្នកដែលតាមរកជីវិតពួកគេ។+ ស្ដេចនោះនឹងវាយប្រហារពួកគេដោយដាវ ដោយគ្មានចិត្តអាណិតអាសូរចំពោះពួកគេទេ ហើយក៏មិនបង្ហាញសេចក្ដីមេត្តាឬមានចិត្តត្រាប្រណីដល់ពួកគេដែរ»›។+
៨ «អ្នកត្រូវនិយាយប្រាប់បណ្ដាជននេះថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងដាក់ផ្លូវពីរឲ្យអ្នកជ្រើសរើស គឺផ្លូវនៃជីវិតនិងផ្លូវនៃសេចក្ដីស្លាប់។ ៩ ដូច្នេះ ពួកអ្នកដែលរស់នៅក្នុងក្រុងនេះ នឹងស្លាប់ដោយដាវ ការអត់ឃ្លាន និងរោគរាតត្បាត។ ប៉ុន្តែ អ្នកណាដែលចេញទៅចុះចូលជាមួយនឹងពួកខាល់ដេដែលកំពុងឡោមព័ទ្ធក្រុងនេះ ពួកគេនឹងបានរួចជីវិត»›។+
១០ «‹ព្រះយេហូវ៉ាប្រកាសថា៖ «ព្រោះខ្ញុំបានសម្រេចចិត្តទាស់នឹងក្រុងនេះដោយសេចក្ដីវេទនាហើយ មិនមែនដោយសេចក្ដីល្អទេ។+ ខ្ញុំនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃស្ដេចស្រុកបាប៊ីឡូន+ ហើយគាត់នឹងដុតបំផ្លាញក្រុងនេះចោល»។+
១១ «‹ឱពួកអ្នកផ្ទះរបស់ស្ដេចស្រុកយូដាអើយ! ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ា។ ១២ ឱពូជពង្សដាវីឌអើយ! ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«ចូរកាត់ក្ដីដោយយុត្តិធម៌ជារៀងរាល់ថ្ងៃ
ហើយជួយសង្គ្រោះជនរងគ្រោះពីកណ្ដាប់ដៃជនបោកប្រាស់+
ដើម្បីកុំឲ្យកំហឹងខ្ញុំឆួលឡើងដូចជាភ្លើងឆេះ+ដែលគ្មាននរណាអាចពន្លត់បាន
ព្រោះតែការប្រព្រឹត្តអាក្រក់របស់អ្នករាល់គ្នា»›។+
១៣ ព្រះយេហូវ៉ាប្រកាសថា៖ ‹ឱអស់អ្នកដែលរស់នៅក្នុងក្រុង
ដែលស្ថិតនៅលើផ្ទាំងថ្មក្នុងទឹកដីទំនាបអើយ!
មើល! ខ្ញុំកំពុងទាស់នឹងអ្នករាល់គ្នាហើយ។
ចំពោះអ្នកដែលនិយាយថា៖ «តើអ្នកណាហ៊ានមកទាស់នឹងយើង?
តើអ្នកណាហ៊ានឈ្លានពានលំនៅរបស់យើង?
១៤ ខ្ញុំនឹងកាត់ទោសអ្នកនោះ ឲ្យសមនឹងការប្រព្រឹត្តរបស់ពួកគេ។+
ខ្ញុំនឹងដុតព្រៃនៅលើទឹកដីនេះ
ហើយវានឹងឆាបឆេះអ្វីៗដែលនៅជុំវិញក្រុងអស់គ្មានសល់›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។