សៀវភៅម៉ាកុស
២ ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក លោកបានចូលក្រុងកាពើណិមម្ដងទៀត ហើយមនុស្សបានឮថាលោកកំពុងនៅផ្ទះ។+ ២ ម្ល៉ោះហើយ មនុស្សជាច្រើនបានផ្ដុំគ្នានៅទីនោះ រហូតដល់គ្មានកន្លែងសល់ទេ សូម្បីតែនៅមាត់ទ្វារផ្ទះ។ លោកក៏ចាប់ផ្ដើមប្រាប់ពួកគេអំពីដំណឹងល្អ។+ ៣ រួចមានបុរសបួននាក់សែងបុរសស្លាប់ដៃស្លាប់ជើងម្នាក់មករកលោក។+ ៤ ប៉ុន្តែ ដោយសារមានមនុស្សច្រើនកកកុញ ពួកគេមិនអាចនាំបុរសនោះចូលទៅជិតលោកយេស៊ូបានទេ។ ដូច្នេះ ពួកគេក៏បើកដំបូលត្រង់កន្លែងដែលលោកនៅ រួចចោះប្រឡោះមួយ ហើយសម្រូតគ្រែស្នែងដែលមានបុរសស្លាប់ដៃស្លាប់ជើងដេក ចុះតាមប្រឡោះនោះ។ ៥ ពេលដែលលោកយេស៊ូឃើញជំនឿរបស់ពួកគេ+ លោកមានប្រសាសន៍ទៅបុរសស្លាប់ដៃស្លាប់ជើងថា៖ «កូនអើយ! ការខុសឆ្គងរបស់កូនបានត្រូវអភ័យទោសឲ្យហើយ»។+ ៦ នៅទីនោះ មានអ្នកខ្លះជាអ្នកជំនាញខាងច្បាប់កំពុងអង្គុយរិះគិតក្នុងចិត្តថា៖+ ៧ «ហេតុអ្វីបុរសនេះនិយាយដូច្នេះ? គាត់កំពុងនិយាយប្រមាថព្រះ។ តើអ្នកណាអាចអភ័យទោសចំពោះការខុសឆ្គងបានក្រៅពីព្រះ?»។+ ៨ ប៉ុន្តែ លោកយេស៊ូបានជ្រាបភ្លាមអំពីអ្វីដែលពួកគេកំពុងរិះគិត។ ម្ល៉ោះហើយ លោកសួរពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នារិះគិតបែបនេះ?+ ៩ តើមួយណាស្រួលជាង? និយាយទៅកាន់បុរសស្លាប់ដៃស្លាប់ជើងថា៖ ‹ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ› ឬនិយាយថា៖ ‹ចូរងើបឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ›។ ១០ ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្ស+មានអំណាចនៅផែនដីដើម្បីអភ័យទោសចំពោះការខុសឆ្គង»។+ រួចលោកមានប្រសាសន៍ទៅកាន់បុរសស្លាប់ដៃស្លាប់ជើងថា៖ ១១ «ខ្ញុំប្រាប់អ្នកថា ចូរងើបឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះចុះ»។ ១២ រំពេចនោះ គាត់បានងើបឡើង ហើយយកគ្រែស្នែង ដើរកាត់មុខពួកគេទាំងអស់គ្នា។ នេះបានធ្វើឲ្យពួកគេនឹកអស្ចារ្យក្នុងចិត្តក្រៃលែង ហើយសរសើរតម្កើងព្រះដោយនិយាយថា៖ «យើងមិនដែលឃើញអ្វីដូច្នេះឡើយ»។+
១៣ លោកបានចេញទៅឆ្នេរសមុទ្រម្ដងទៀត រួចបណ្ដាជនបានមករកលោកយ៉ាងហូរហែ ហើយលោកចាប់ផ្ដើមបង្រៀនពួកគេ។ ១៤ បន្ទាប់មក កាលដែលលោកកំពុងដើរហួសពីនោះ លោកក្រឡេកឃើញលេវីជាកូនអាល់ផៀស កំពុងអង្គុយនៅកន្លែងយកពន្ធ។ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។* រួចគាត់ក៏ក្រោកឡើងទៅតាមលោក។+ ១៥ ក្រោយមក ពេលលោកយេស៊ូកំពុងអង្គុយពិសាអាហារក្នុងផ្ទះរបស់លេវី នោះអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គងជាច្រើននាក់ បានមករួមតុជាមួយនឹងលោកយេស៊ូនិងពួកអ្នកកាន់តាមលោក ហើយពួកគេជាច្រើននាក់បានក្លាយជាអ្នកកាន់តាមលោក។+ ១៦ ប៉ុន្តែ ពេលដែលពួកអ្នកជំនាញខាងច្បាប់ពីក្រុមផារិស៊ី បានឃើញលោកកំពុងពិសាអាហារជាមួយនឹងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងនិងអ្នកយកពន្ធ នោះពួកគេសួរអ្នកកាន់តាមលោកថា៖ «តើគាត់ក៏បរិភោគជាមួយនឹងអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គងដែរឬ?»។ ១៧ ពេលឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «អ្នកដែលមានសុខភាពមាំមួនមិនត្រូវការគ្រូពេទ្យឡើយ តែអ្នកដែលឈឺ ទើបត្រូវការគ្រូពេទ្យ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតឡើយ តែបានមកដើម្បីហៅអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងវិញ»។+
១៨ ចំណែកឯអ្នកកាន់តាមយ៉ូហាននិងអ្នកកាន់តាមពួកផារិស៊ី ពួកគេមានទម្លាប់តមអាហារ។ ដូច្នេះ ពួកគេបានមកសួរលោកថា៖ «អ្នកកាន់តាមយ៉ូហាននិងអ្នកកាន់តាមពួកផារិស៊ី មានទម្លាប់តមអាហារ តែហេតុអ្វីបានជាអ្នកកាន់តាមលោកមិនតមអាហារ?»។+ ១៩ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ក្នុងពេលដែលកូនកំលោះ+នៅជាមួយនឹងមិត្តភក្ដិ នោះពួកគេគ្មានមូលហេតុឲ្យតមអាហារឡើយ មែនទេ? ដរាបណាពួកគេមានកូនកំលោះនៅជាមួយ ពួកគេមិនអាចតមអាហារបានទេ។ ២០ ក៏ប៉ុន្តែ នឹងមានគ្រាមកដល់ ពេលដែលកូនកំលោះនឹងត្រូវគេពង្រាត់ចេញពីមិត្តភក្ដិ+ ហើយនៅថ្ងៃនោះពួកគេនឹងតមអាហារវិញ។ ២១ គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ។ បើធ្វើដូច្នេះ ក្រណាត់ថ្មីនោះនឹងរួញ ហើយធ្វើឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើម។+ ២២ ម្យ៉ាងទៀត ក៏គ្មានអ្នកណាយកស្រាថ្មីមកដាក់ក្នុងថង់ស្បែកចាស់ដែរ។ បើធ្វើដូច្នេះ ស្រាថ្មីនោះនឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយស្រាក៏ហូរចេញអស់ ហើយថង់ស្បែកក៏ត្រូវខូចដែរ។ ប៉ុន្តែ គេដាក់ស្រាថ្មីក្នុងថង់ស្បែកថ្មីវិញ»។
២៣ នៅថ្ងៃឈប់សម្រាក លោកកំពុងដើរកាត់វាលស្រូវ ហើយពួកអ្នកកាន់តាមលោកដើរបណ្ដើរ កាច់កួរស្រូវបណ្ដើរ។+ ២៤ ម្ល៉ោះហើយ ពួកផារិស៊ីសួរលោកថា៖ «មើល! ហេតុអ្វីពួកគេកំពុងធ្វើអ្វីដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សម្រាកដូច្នេះ?»។ ២៥ ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានអំពីអ្វីដែលដាវីឌបានធ្វើ ពេលគាត់និងពួកបុរសដែលនៅជាមួយនឹងគាត់ឃ្លានទេឬ?+ ២៦ តើអ្នកមិនធ្លាប់អានក្នុងកំណត់ហេតុអំពីសង្ឃនាយកអាប៊ីយ៉ាថាទេឬ+ ដែលថាដាវីឌបានចូលក្នុងវិហារ*របស់ព្រះ ហើយយកនំប៉័ងតាំងទុកជាគ្រឿងបូជាមកបរិភោគជាមួយនឹងពួកបុរសរបស់គាត់ ដែលគ្មានអ្នកណាមានច្បាប់បរិភោគទេ ក្រៅពីពួកសង្ឃ?»។+ ២៧ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅពួកគេថា៖ «ថ្ងៃឈប់សម្រាកបានត្រូវបង្កើតជាប្រយោជន៍ដល់មនុស្ស+ មិនមែនមនុស្សបានត្រូវបង្កើតជាប្រយោជន៍ដល់ថ្ងៃឈប់សម្រាកទេ។ ២៨ ដូច្នេះ កូនមនុស្សជាម្ចាស់សូម្បីតែលើថ្ងៃឈប់សម្រាក»។+