ណាហ៊ុម
៣ វេទនាដល់ក្រុងដែលពេញទៅដោយការបង្ហូរឈាម!
នាងមានសុទ្ធតែការបោកប្រាស់ និងការលួចប្លន់។
នាងមានចំណីមិនដែលខាន។
២ មើល! មានឮសំឡេងខ្សែតី សូរសន្ធឹកកង់រទេះ
សម្រឹបសេះបោល និងសំឡេងរទេះចម្បាំង។
៣ ទ័ពសេះសម្រុកមកទាំងមានដាវភ្លឺចិញ្ចាច និងលំពែងភ្លឺផ្លេក។
ពេលនោះ មានសាកសពច្រើនសន្ធឹកគរលើគ្នា
គឺមានសាកសពច្រើនឥតគណនា។
ពួកគេជំពប់ដួលដោយសាកសពទាំងនោះ។
៤ នេះកើតឡើងដោយសារអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដ៏ច្រើនលើសលប់របស់ស្ត្រីពេស្យា។
នាងមានសម្រស់ស្រស់ស្អាត ពូកែទាក់ទាញ ហើយជាគ្រូធ្មប់។
នាងល្បួងលួងលោមប្រជាជាតិទាំងឡាយនិងកុលសម្ព័ន្ធនានាដោយអំពើពេស្យាចារនិងអំពើធ្មប់របស់នាង។
៥ ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រកាសថា៖ «មើល! ខ្ញុំទាស់នឹងនាង*ហើយ។+
ខ្ញុំនឹងសើយសំពត់នាងគ្របមុខនាង។
ខ្ញុំនឹងឲ្យប្រជាជាតិនានាឃើញកេរ្តិ៍ខ្មាសរបស់នាង
ហើយឲ្យរាជាណាចក្រនានាឃើញសេចក្ដីអាម៉ាស់របស់នាង។
៦ ខ្ញុំនឹងបោះអ្វីដែលកខ្វក់ទៅលើនាង ដើម្បីធ្វើឲ្យនាងស្មោកគ្រោក។
ខ្ញុំនឹងឲ្យគេចំអកមើលងាយនាង។+
៧ អស់អ្នកដែលឃើញនាងនឹងរត់ចេញពីនាង+ ទាំងពោលថា៖
‹ក្រុងនីនីវេបានត្រូវបំផ្លាញហើយ!
តើមានអ្នកណាអាណិតអាសូរនាងទៅ?›។
តើខ្ញុំស្វែងរកអ្នកសម្រាលទុក្ខនាងនៅឯណា?
៨ តើនាងប្រសើរជាងក្រុងណូអេម៉ុន*+ដែលនៅក្បែរប្រឡាយទន្លេនីលឬ?+
ផ្លូវទឹកព័ទ្ធជុំវិញនាង ហើយសមុទ្រជាទ្រព្យនិងជាកំពែងរបស់នាង។
៩ ស្រុកអេត្យូពីនិងស្រុកអេហ្ស៊ីបជាប្រភពនៃកម្លាំងមហិមារបស់នាង។
ពួកផឹត+និងពួកលេប៊ីជាអ្នកជំនួយរបស់នាង។+
១០ ទោះជាយ៉ាងនោះក៏ដោយ នាងបានត្រូវនិរទេស
ហើយត្រូវចាប់យកទៅធ្វើជាឈ្លើយ។+
ឯកូនៗរបស់នាងវិញ ពួកគេបានត្រូវវាយកម្ទេចនៅគ្រប់ជ្រុងផ្លូវ។
ចំណែកពួកអ្នកមានមុខមាត់ ត្រូវគេចាប់ឆ្នោតយក
ហើយពួកអ្នកមានឋានៈខ្ពស់ ត្រូវគេដាក់ខ្នោះច្រវាក់។
១១ នាងនឹងស្រវឹងស្រា+ ហើយរត់ទៅលាក់ខ្លួន
រួចរកកន្លែងជ្រកដើម្បីគេចពីសត្រូវ។
១២ រីឯបន្ទាយរឹងមាំទាំងអស់របស់នាង ប្រៀបដូចជាដើមល្វាតូចដែលមានផ្លែទុំដំបូង។
បើគេអង្រួនដើមនោះ ផ្លែនឹងជ្រុះចូលទៅក្នុងមាត់របស់អ្នកដែលបរិភោគ។
១៣ មើល! ពួកទាហានរបស់នាងប្រៀបដូចជាស្ត្រីភេទ។
ខ្លោងទ្វារស្រុកនឹងត្រូវបើកចំហឲ្យពួកសត្រូវ
ហើយភ្លើងនឹងឆាបឆេះរនុកទ្វារទាំងអស់។
១៤ ចូរដងទឹកទុកសម្រាប់ការឡោមព័ទ្ធទៅ!+
ចូរពង្រឹងបន្ទាយរបស់នាងឲ្យកាន់តែរឹងមាំ។
ចូរចុះទៅក្នុងភក់ ហើយជាន់ដីឥដ្ឋ រួចយកមកធ្វើជាដុំឥដ្ឋទៅ!
១៥ ទោះជាយ៉ាងនោះក៏ដោយ ភ្លើងនឹងឆាបឆេះនាង
ហើយដាវនឹងកាប់រំលំនាង។+
អ្វីទាំងនោះនឹងបំផ្លាញនាងដូចកូនកណ្ដូបស៊ីបំផ្លាញ។+
ចូរបង្កើនគ្នាឲ្យបានច្រើនដូចកូនកណ្ដូប
គឺឲ្យមានសន្ធឹកសន្ធាប់ដូចហ្វូងកណ្ដូបទៅ!
១៦ នាងធ្វើឲ្យមានពួកឈ្មួញកាន់តែច្រើន គឺច្រើនជាងផ្កាយនៅលើមេឃទៅទៀត។
ឯកណ្ដូបក៏សកខ្លួន រួចហើរទៅ។
១៧ ពួកអ្នកយាមរបស់នាងប្រៀបដូចជាកណ្ដូប
ហើយពួកមន្ត្រីរបស់នាងប្រៀបដូចជាហ្វូងកណ្ដូប។
ពួកគេជ្រកក្នុងក្រោលថ្មនៅថ្ងៃត្រជាក់
លុះថ្ងៃរះឡើង ពួកគេហើរទៅអស់
ហើយគ្មាននរណាដឹងថាពួកគេនៅទីណាឡើយ។
១៨ ឱស្ដេចស្រុកអាស៊ីរីអើយ! ពួកគង្វាលរបស់អ្នកកំពុងងោកងុយ
ហើយពួកអ្នកមានឋានៈខ្ពស់កំពុងស្នាក់នៅក្នុងលំនៅរបស់ខ្លួន។
ឯបណ្ដាជនវិញ ពួកគេខ្ចាត់ខ្ចាយនៅលើភ្នំនានា
ហើយគ្មាននរណាប្រមូលពួកគេមកវិញទេ។+
១៩ អ្នកនឹងមិនបានស្រាកស្រាន្តពីទុក្ខវេទនាឡើយ
ហើយរបួសរបស់អ្នកនឹងមិនជាសះស្បើយដែរ។