ប្រវត្តិហេតុទី១
១០ នៅគ្រាមួយ កងទ័ពភីលីស្ទីនបានមកច្បាំងនឹងកងទ័ពអ៊ីស្រាអែល។ ពេលនោះ កងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ហើយពួកគេជាច្រើននាក់បានស្លាប់នៅលើភ្នំគីលបោ។+ ២ កងទ័ពភីលីស្ទីនបន្តដេញតាមសុលនិងកូនៗរបស់គាត់រហូតដល់ទាន់ ហើយពួកគេបានសម្លាប់កូនៗរបស់សុល គឺយ៉ូណាថាន អាប៊ីណាដាប និងម៉ាលខាយស៊ូអា។+ ៣ ទ័ពភីលីស្ទីនបានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើសុល។ ពេលនោះ ពលធ្នូបានឃើញសុល ហើយក៏បាញ់តម្រង់ទៅលើគាត់ ធ្វើឲ្យគាត់រងរបួសជាទម្ងន់។+ ៤ រួចមក សុលបានបង្គាប់អ្នកកាន់គ្រឿងចម្បាំងរបស់គាត់ថា៖ «ចូរហូតដាវមកចាក់សម្លាប់ខ្ញុំទៅ ដើម្បីកុំឲ្យពួកអ្នកដែលមិនកាត់ចុងស្បែកមកមើលងាយនិងប្រព្រឹត្តឃោរឃៅ+មកលើខ្ញុំ»។ ប៉ុន្តែ អ្នកកាន់គ្រឿងចម្បាំងនោះមិនហ៊ានសម្លាប់សុលទេ ព្រោះគាត់ភ័យខ្លាចខ្លាំងណាស់។ ដូច្នេះ សុលបានយកដាវគាត់មក រួចផ្ដួលខ្លួនទៅលើដាវនោះ ហើយគាត់ក៏ស្លាប់ទៅ។+ ៥ ពេលអ្នកកាន់គ្រឿងចម្បាំងឃើញថាសុលបានស្លាប់ហើយ គាត់បានផ្ដួលខ្លួនទៅលើដាវរបស់គាត់ ហើយក៏ស្លាប់ដែរទៅ។ ៦ ក្នុងចម្បាំងនោះ សុលនិងកូនទាំងបីនាក់របស់គាត់បានស្លាប់ ព្រមទាំងពួកអ្នកផ្ទះគាត់ដែលបានចេញទៅច្បាំងជាមួយ ក៏បានស្លាប់ដែរ។+ ៧ ពេលបណ្ដាជនអ៊ីស្រាអែលដែលនៅឯជ្រលងភ្នំបានដឹងថា សុលនិងកូនរបស់គាត់បានស្លាប់ ហើយទ័ពអ៊ីស្រាអែលបានរត់ខ្ចាត់ខ្ចាយអស់ ពួកគេក៏បោះបង់ចោលក្រុង រួចរត់ភៀសខ្លួនចេញទៅ។ ក្រោយមក ពួកភីលីស្ទីនបានមកចាប់យកក្រុងទាំងនោះ។
៨ លុះស្អែកឡើង ពួកភីលីស្ទីនបានទៅដោះយករបស់របរពីសាកសពទ័ព ហើយពួកគេក៏ប្រទះឃើញសពរបស់សុល និងសពរបស់កូនៗគាត់នៅលើភ្នំគីលបោ។+ ៩ ដូច្នេះ ពួកគេដោះយករបស់របរពីសពរបស់សុល ព្រមទាំងដោះយកគ្រឿងចម្បាំងរបស់គាត់ ហើយក៏កាត់ក្បាលគាត់យកទៅជាមួយ។ រួចមក ពួកគេផ្ញើដំណឹងទៅគ្រប់ទីកន្លែងក្នុងស្រុកភីលីស្ទីន ដើម្បីឲ្យគេប្រកាសនៅតាមវិហារព្រះរបស់ពួកគេ+ និងដល់បណ្ដាជនក្នុងស្រុក។ ១០ ក្រោយមក ពួកគេបានយកគ្រឿងចម្បាំងរបស់សុលទៅដាក់ក្នុងវិហារព្រះរបស់ពួកគេ ហើយក៏ព្យួរក្បាលរបស់គាត់នៅវិហារព្រះដាកុន។+
១១ ឯពួកអ្នកក្រុងយ៉ាបេស+ក្នុងតំបន់គីលាត ពួកគេបានឮអំពីអ្វីដែលពួកភីលីស្ទីនបានធ្វើចំពោះសពសុល។+ ១២ ដូច្នេះ ពួកទាហានអង់អាចទាំងអស់នៅក្រុងយ៉ាបេស បាននាំគ្នាចេញទៅយកសពរបស់សុល និងសពរបស់កូនៗគាត់។ ពួកគេបានយកសពមកដល់ក្រុងយ៉ាបេស+ ហើយក្រោយមកពួកគេក៏យកធាតុទៅបញ្ចុះនៅក្រោមដើមឈើធំមួយ។ រួចមក ពួកគេតមអាហារអស់៧ថ្ងៃ។
១៣ សុលបានស្លាប់ព្រោះតែគាត់មិនស្មោះត្រង់នឹងព្រះយេហូវ៉ា គឺមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។+ បន្ថែមទៅទៀត គាត់បានសុំការណែនាំពីគ្រូខាប+ ១៤ ជាជាងសុំការណែនាំពីព្រះយេហូវ៉ា។ ហេតុនេះ ព្រះបានឲ្យគាត់ស្លាប់ ហើយលោកបានប្រគល់អំណាចគ្រប់គ្រងឲ្យដាវីឌជាកូនអ៊ីសាយវិញ។+