ហូសេ
៧ «នៅគ្រាដែលខ្ញុំធ្វើឲ្យអ៊ីស្រាអែលជាសះស្បើយ
កំហុសឆ្គងរបស់អេប្រាអ៊ីម
និងអំពើទុច្ចរិតរបស់សាម៉ារីបានត្រូវលាតត្រដាង។+
២ ប៉ុន្តែ ពួកគេមិនបានគិតក្នុងចិត្តថា ខ្ញុំនឹងចាំរាល់អំពើទុច្ចរិតរបស់ពួកគេទេ។+
ឥឡូវ អំពើអាក្រក់របស់ពួកគេបានព័ទ្ធជុំជិតពួកគេហើយ។
ខ្ញុំឃើញការប្រព្រឹត្តទាំងអស់របស់ពួកគេ។
៣ ពួកគេបានធ្វើឲ្យស្ដេចអរសប្បាយដោយអំពើទុច្ចរិត
ហើយក៏ធ្វើឲ្យពួកអ្នកគ្រប់គ្រងរីករាយដោយការបោកបញ្ឆោតដែរ។
៤ ពួកគេទាំងអស់គ្នាសុទ្ធតែជាមនុស្សផិតក្បត់។
ពួកគេមានចិត្តរោលរាលដូចជាភ្លើងឡរបស់អ្នកដុតនំ
ដែលមិនចាំបាច់រុកភ្លើងទេ កាលដែលអ្នកដុតនំកំពុងច្របាច់ម្សៅនិងចាំឲ្យម្សៅនោះដោរឡើង។
៥ នៅថ្ងៃរបស់ស្ដេចយើង ពួកអ្នកគ្រប់គ្រងបានធ្លាក់ខ្លួនឈឺ
ពួកគេមានកំហឹងយ៉ាងខ្លាំងដោយសារជាតិស្រា។+
គាត់បានរួមដៃនឹងពួកអ្នកចំអកមើលងាយ។
៦ ព្រោះពួកគេចូលទៅទាំងមានចិត្តក្ដៅដូចជាភ្លើងក្នុងឡ។*
ពេញមួយយប់ អ្នកដុតនំសម្រាន្តលង់លក់
លុះព្រឹកឡើង ភ្លើងក្នុងឡឆេះសន្ធោសន្ធៅ។
៧ ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចជាភ្លើងក្នុងឡ
ហើយពួកគេលេបត្របាក់ពួកអ្នកគ្រប់គ្រងរបស់ខ្លួន។
រីឯបណ្ដាស្ដេចរបស់ពួកគេវិញ ក៏បានដួលទៅ។+
ពេលនោះ គ្មាននរណាម្នាក់ស្រែកសុំជំនួយពីខ្ញុំឡើយ។+
៨ អេប្រាអ៊ីមនៅលាយឡំជាមួយនឹងប្រជាជាតិនានា។+
អេប្រាអ៊ីមប្រៀបដូចជានំមូលដែលគេចម្អិនដោយមិនបានប្រែ។
៩ ពួកអ្នកដែលគាត់មិនស្គាល់បានយកកម្លាំងគាត់+ តែគាត់មិនដឹងខ្លួនទេ។
សក់គាត់ស្កូវអស់ តែគាត់មិនបានកត់សម្គាល់ឡើយ។
១០ អំណួតរបស់អ៊ីស្រាអែលជាការបញ្ជាក់ទាស់នឹងខ្លួនគាត់ហើយ។+
ប៉ុន្តែ ពួកគេមិនបានត្រឡប់ទៅឯព្រះយេហូវ៉ាជាព្រះរបស់ខ្លួនទេ។+
ទោះជាជួបប្រទះរឿងទាំងនេះក្ដី ក៏ពួកគេមិនបានស្វែងរកលោកដែរ។
១១ អេប្រាអ៊ីមប្រៀបដូចជាសត្វព្រាបល្ងីល្ងើ ដែលងាយចាញ់បោកមនុស្ស។+
ពួកគេបានសុំជំនួយពីពួកអេហ្ស៊ីប+ ហើយរត់ទៅពឹងពួកអាស៊ីរី។+
១២ កន្លែងណាដែលពួកគេទៅ ខ្ញុំនឹងបោះសំណាញ់ទៅលើពួកគេ។
ខ្ញុំនឹងចាប់ពួកគេ ដូចជាចាប់សត្វស្លាបនៅលើមេឃ។
ខ្ញុំនឹងប្រៀនប្រដៅពួកគេស្របតាមពាក្យព្រមានដែលខ្ញុំបានឲ្យដល់ពួកជំនុំ។+
១៣ ពួកគេវេទនាហើយ ព្រោះពួកគេបានរត់ចេញពីខ្ញុំ។
ពួកគេនឹងវិនាសសាបសូន្យទៅ ព្រោះពួកគេបានប្រព្រឹត្តខុសឆ្គងប្រឆាំងនឹងខ្ញុំ។
ខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីលោះពួកគេ តែពួកគេបែរជាពោលពាក្យកុហកទាស់នឹងខ្ញុំវិញ។+
១៤ ទោះជាពួកគេតែងតែទ្រហោយំនៅលើគ្រែខ្លួនក៏ដោយ
ពួកគេមិនបានស្រែកសុំជំនួយពីខ្ញុំដោយស្មោះពីចិត្តទេ។+
ដើម្បីបានស្រូវនិងស្រាថ្មី ពួកគេបានឆូតសាច់ខ្លួន
ពួកគេបានប្រឆាំងនឹងខ្ញុំហើយ។
១៥ ទោះជាខ្ញុំបានប្រដៅតម្រង់ពួកគេ ហើយពង្រឹងកម្លាំងដៃពួកគេក៏ដោយ
ពួកគេនៅតែរៀបគម្រោងធ្វើអាក្រក់ប្រឆាំងនឹងខ្ញុំដដែល។
១៦ ពួកគេបានផ្លាស់ប្ដូរគន្លងជីវិត តែមិនបានប្រសើរជាងឡើយ*
ដូចធ្នូយារខ្សែ ពួកគេទុកចិត្តមិនបានទេ។+
ពួកអ្នកគ្រប់គ្រងរបស់ពួកគេនឹងដួលស្លាប់ដោយដាវព្រោះតែពាក្យសម្ដីបះបោរប្រឆាំងរបស់ពួកគេ។
ដោយហេតុនេះ ពួកគេនឹងទទួលការចំអកមើលងាយនៅក្នុងស្រុកអេហ្ស៊ីប»។+