យេរេមា
២៨ នៅឆ្នាំដដែលនោះ គឺនៅខែទី៥ ក្នុងឆ្នាំទី៤នៃរាជ្យសេដេគា+ស្ដេចស្រុកយូដា ហាណានាជាកូនអាសសឺដែលជាអ្នកប្រកាសទំនាយមកពីក្រុងគីបៀន+ បាននិយាយមកខ្ញុំនៅមុខពួកសង្ឃនិងបណ្ដាជនទាំងឡាយនៅវិហារព្រះយេហូវ៉ា។ គាត់និយាយថា៖ ២ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល បានមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងបំបាក់នឹមរបស់ស្ដេចស្រុកបាប៊ីឡូន។+ ៣ ក្នុងរយៈពេលពីរឆ្នាំ ខ្ញុំនឹងនាំយកប្រដាប់ប្រដាប្រើប្រាស់ក្នុងវិហារព្រះយេហូវ៉ាមកវិញ គឺជាប្រដាប់ប្រដាដែលនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបាននាំយកទៅស្រុកគាត់›»។+ ៤ «‹ហើយខ្ញុំក៏នាំយេកូនាស+ជាកូនយេហូយ៉ាគីម+ដែលជាស្ដេចស្រុកយូដា និងពួកយូដាទាំងអស់ដែលបានត្រូវចាប់យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ឲ្យត្រឡប់មកវិញដែរ។+ ព្រោះខ្ញុំនឹងបំបាក់នឹមរបស់ស្ដេចស្រុកបាប៊ីឡូនជាមិនខាន›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
៥ បន្ទាប់មក យេរេមាជាអ្នកប្រកាសទំនាយ ក៏និយាយទៅកាន់ហាណានានៅខាងមុខពួកសង្ឃនិងបណ្ដាជនទាំងអស់ ដែលកំពុងឈរនៅបរិវេណវិហារព្រះយេហូវ៉ា។ ៦ យេរេមានិយាយថា៖ «អាមេន!* សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យកើតឡើងដូច្នេះ! សូមឲ្យព្រះយេហូវ៉ានាំយកប្រដាប់ប្រដាប្រើប្រាស់ក្នុងវិហារព្រះយេហូវ៉ា និងនាំពួកយូដាដែលបានត្រូវចាប់យកទៅធ្វើជាឈ្លើយ ឲ្យត្រឡប់មកវិញដូចពាក្យអ្នកប្រកាសចុះ! ៧ ប៉ុន្តែ សូមផ្ទៀងត្រចៀកស្ដាប់ដំណឹងដែលខ្ញុំកំពុងប្រាប់អ្នកនិងបណ្ដាជនទាំងអស់។ ៨ នៅសម័យមុនខ្ញុំនិងមុនអ្នក ធ្លាប់មានពួកអ្នកប្រកាសទំនាយដែលបានប្រកាសអំពីសង្គ្រាម សេចក្ដីវេទនា និងរោគរាតត្បាត ដែលស្រុកទាំងឡាយនិងរាជាណាចក្រខ្លាំងក្លាជាច្រើននឹងជួបប្រទះ។ ៩ បើអ្នកប្រកាសទំនាយម្នាក់ប្រកាសថានឹងមានសន្តិភាព ហើយពាក្យរបស់គាត់ក្លាយទៅជាការពិត នោះគេនឹងដឹងថាអ្នកប្រកាសទំនាយនោះពិតជាត្រូវព្រះយេហូវ៉ាចាត់ឲ្យមកមែន»។
១០ ឮដូច្នេះ ហាណានាជាអ្នកប្រកាសទំនាយ បានយកនឹមពីកយេរេមាទៅបំបាក់ចោល។+ ១១ រួចហាណានានិយាយទៅកាន់បណ្ដាជនទាំងអស់ថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹គឺយ៉ាងនេះឯង ខ្ញុំនឹងបំបាក់នឹមរបស់ស្ដេចនេប៊ូក្នេសានៃស្រុកបាប៊ីឡូន ពីប្រជាជាតិទាំងឡាយក្នុងរយៈពេលពីរឆ្នាំប៉ុណ្ណោះ›»។+ ស្ដាប់រួច យេរេមាក៏ចាកចេញពីទីនោះទៅ។
១២ ក្រោយពីហាណានាជាអ្នកប្រកាសទំនាយបំបាក់នឹមពីកយេរេមា ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់យេរេមាជាអ្នកប្រកាសទំនាយថា៖ ១៣ «ចូរទៅប្រាប់ហាណានាថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អ្នកបានបំបាក់នឹមឈើ+ តែនឹងមាននឹមដែកជំនួសវិញ»។ ១៤ ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ខ្ញុំនឹងដាក់នឹមដែកនៅលើកប្រជាជាតិនានា ដើម្បីឲ្យពួកគេបម្រើនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ហើយពួកគេត្រូវបម្រើស្ដេចនោះជាប្រាកដ។+ សូម្បីតែសត្វព្រៃដែលនៅឯវាល ក៏ខ្ញុំឲ្យពួកវានៅក្រោមអំណាចគាត់ដែរ»›»។+
១៥ បន្ទាប់មក យេរេមានិយាយទៅកាន់ហាណានា+ជាអ្នកប្រកាសទំនាយថា៖ «ឱហាណានាអើយ! សូមស្ដាប់ចុះ! ព្រះយេហូវ៉ាមិនបានចាត់អ្នកទេ តែអ្នកបាននិយាយពាក្យកុហកដែលនាំឲ្យបណ្ដាជនជឿស្លុងតាមអ្នក។+ ១៦ ហេតុនេះ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំនឹងកាត់អ្នកចេញពីផែនដី គឺនៅឆ្នាំនេះឯង អ្នកនឹងស្លាប់ជាមិនខាន ព្រោះអ្នកបានញុះញង់បណ្ដាជនឲ្យបះបោរប្រឆាំងនឹងខ្ញុំជាយេហូវ៉ា›»។+
១៧ ដូច្នេះ ហាណានាជាអ្នកប្រកាសទំនាយបានស្លាប់នៅខែទី៧ក្នុងឆ្នាំនោះឯង។