នេហេមា
៤ ក្រោយពីសានបាឡាត+បានឮថាយើងកំពុងសាងសង់កំពែងឡើងវិញ គាត់ទើសចិត្ត និងខឹងយ៉ាងខ្លាំង ហើយចេះតែចំអកមើលងាយពួកយូដា។ ២ គាត់បាននិយាយមើលងាយពួកយូដានៅមុខបងប្អូនរបស់គាត់ និងនៅមុខទ័ពសាម៉ារីថា៖ «តើពួកយូដាកម្សោយនេះកំពុងធ្វើអ្វី? តើពួកគេមានលទ្ធភាពធ្វើកិច្ចការនេះដោយខ្លួនគេឬ? តើពួកគេអាចជូនគ្រឿងបូជាដល់ព្រះរបស់ខ្លួនបានឬ? តើពួកគេស្មានថាខ្លួននឹងបង្ហើយកិច្ចការនេះក្នុងមួយថ្ងៃឬ? តើពួកគេអាចយកដុំថ្មដែលឆេះខ្ទេចខ្ទីពីគំនរបាក់បែកមកប្រើការឡើងវិញបានឬ?»។+
៣ ឯថូបៀ+ដែលជាជនជាតិអាំម៉ូន+ គាត់ឈរនៅក្បែរសានបាឡាត ហើយនិយាយបន្ថែមថា៖ «បើកញ្ជ្រោងឡើងលើកំពែងដែលពួកគេកំពុងសង់ កំពែងនោះច្បាស់ជារលំបាក់បែកមិនខាន»។
៤ ដូច្នេះ ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះនៃយើងខ្ញុំអើយ! សូមលោកស្ដាប់ផង ព្រោះពួកគេកំពុងមើលងាយយើងខ្លាំងណាស់។+ សូមឲ្យពាក្យមើលងាយនោះធ្លាក់ទៅលើពួកគេវិញទៅ+ ហើយឲ្យពួកគេរងការវាយលុក និងត្រូវចាប់យកទៅធ្វើជាឈ្លើយចុះ។ ៥ សូមកុំភ្លេចទោសកំហុសនិងអំពើខុសឆ្គងរបស់ពួកគេឡើយ+ ព្រោះពួកគេបានមើលងាយពួកអ្នកសាងសង់របស់លោក»។
៦ ក្រោយនោះ យើងបន្តសាងសង់កំពែងទាំងមូលជុំវិញរហូតដល់រួចរាល់ និងដល់កម្ពស់ពាក់កណ្ដាល ហើយបណ្ដាជននៅតែខ្នះខ្នែងធ្វើការយ៉ាងអស់ពីចិត្ត។
៧ ឯសានបាឡាត ថូបៀ+ និងពួកអារ៉ាប់+ ជនជាតិអាំម៉ូន និងពួកអាសូតវិញ+ ពួកគេខឹងយ៉ាងខ្លាំង ក្រោយពីឮថាកិច្ចការសាងសង់កំពុងជឿនទៅមុខ ហើយប្រឡោះជាច្រើនបានត្រូវបិទភ្ជិត។ ៨ ដូច្នេះ ពួកគេបានប្រឹក្សាគ្នាមកច្បាំងនឹងក្រុងយេរូសាឡិម ដើម្បីបង្កភាពវឹកវរនៅក្នុងក្រុងនោះ។ ៩ ប៉ុន្តែ យើងបានអធិដ្ឋានទៅព្រះនៃយើង ហើយដាក់អ្នកយាមឲ្យយាមទាំងយប់ទាំងថ្ងៃ។
១០ ទោះជាដូច្នោះក្ដី បណ្ដាជនយូដានាំគ្នានិយាយថា៖ «កម្លាំងរបស់ពួកអ្នកលីសែងកាន់តែខ្សោយទៅៗ ហើយថ្មបាក់បែកក៏មានច្រើនណាស់ដែរ។ យើងច្បាស់ជាមិនអាចសង់កំពែងនេះឡើងវិញបានទេ»។
១១ រីឯសត្រូវយើងវិញ ពួកគេនិយាយម្ដងហើយម្ដងទៀតថា៖ «មុនពួកគេដឹងខ្លួន យើងនឹងលបចូលទៅក្នុងចំណោមពួកគេ ហើយសម្លាប់ពួកគេចោលដើម្បីបញ្ឈប់កិច្ចការសាងសង់នោះ»។
១២ ឯពួកយូដាដែលរស់នៅជិតពួកសត្រូវវិញ រាល់លើកពេលដែលពួកគេធ្វើដំណើរមក ពួកគេតែងតែប្រាប់យើងថា៖ «ពួកសត្រូវនឹងមកវាយប្រហារយើងពីគ្រប់ទិសទី»។
១៣ ដូច្នេះ ខ្ញុំបានដាក់ពួកបុរសខ្លះតាមវង្សត្រកូលរបស់ពួកគេ ឲ្យឈរយាមនៅទីធ្លាទាបៗក្រោយកំពែង ដោយកាន់ដាវ កាន់ធ្នូ និងលំពែង។ ១៤ ពេលខ្ញុំឃើញពួកអ្នកដឹកនាំ+ ពួកអ្នកគ្រប់គ្រងបន្ទាប់ និងបណ្ដាជនទាំងអស់ភ័យខ្លាច ខ្ញុំក៏ចូលទៅលើកទឹកចិត្តពួកគេថា៖ «ចូរកុំខ្លាចពួកគេឡើយ។+ ចូរចាំថាព្រះយេហូវ៉ា គឺជាព្រះដ៏ខ្ពង់ខ្ពស់និងគួរឲ្យកោតស្ងើច។+ ដូច្នេះ ចូរច្បាំងការពារបងប្អូន ប្រពន្ធកូន និងផ្ទះសម្បែងរបស់អ្នករាល់គ្នាចុះ»។
១៥ ចំណែកពួកសត្រូវ ពួកគេបានឮថាយើងដឹងអំពីគម្រោងការរបស់ពួកគេ ហើយពួកគេក៏បានឮថាព្រះពិតបានបំផ្លាញគម្រោងនោះដែរ។ ក្រោយមក យើងទាំងអស់គ្នាក៏បន្តសាងសង់កំពែងតទៅទៀត។ ១៦ ចាប់ពីថ្ងៃនោះមក ពួកបុរសរបស់ខ្ញុំពាក់កណ្ដាលធ្វើការ+ ហើយពាក់កណ្ដាលទៀតឈរចាំយាម ដោយពាក់អាវក្រោះទាំងកាន់លំពែង ខែល និងធ្នូ។ ឯពួកអ្នកគ្រប់គ្រង+ ពួកគេគាំទ្រ*ពួកយូដា ១៧ ដែលកំពុងសាងសង់កំពែង។ ចំណែកពួកអ្នកលីសែង ពួកគេធ្វើការដៃម្ខាង ហើយកាន់អាវុធដៃម្ខាង។ ១៨ ពួកអ្នកសាងសង់ទាំងអស់សុទ្ធតែមានដាវក្រវាត់នៅចង្កេះ កាលដែលកំពុងធ្វើការ។ ឯអ្នកផ្លុំត្រែ+ គាត់ឈរនៅជិតខ្ញុំ។
១៩ បន្ទាប់មក ខ្ញុំបាននិយាយទៅកាន់ពួកអ្នកដឹកនាំ ពួកអ្នកគ្រប់គ្រងបន្ទាប់ និងបណ្ដាជនទាំងអស់ថា៖ «កំពែងដែលយើងត្រូវសង់គឺធំនិងមានប្រវែងវែងទៀត ហើយយើងត្រូវធ្វើការនៅកន្លែងឆ្ងាយៗពីគ្នា។ ២០ ដូច្នេះ ពេលណាអ្នករាល់គ្នាឮសំឡេងផ្លុំត្រែ ចូរមូលគ្នាមកឯខ្ញុំ។ ព្រះរបស់យើងនឹងច្បាំងជំនួសយើង»។+
២១ យ៉ាងនេះ ពួកយើងពាក់កណ្ដាលធ្វើការ ហើយពាក់កណ្ដាលទៀតឈរកាន់លំពែង។ ពួកយើងធ្វើដូច្នេះ តាំងពីព្រលឹមរហូតដល់យប់។ ២២ នៅពេលនោះ ខ្ញុំបាននិយាយទៅកាន់បណ្ដាជនថា៖ «នៅពេលយប់ ចូរឲ្យពួកបុរសទាំងអស់សម្រាកក្នុងក្រុងយេរូសាឡិមជាមួយនឹងពួកអ្នកបម្រើរបស់ពួកគេចុះ។ ពួកគេត្រូវធ្វើការនៅពេលថ្ងៃ ហើយដាក់វេនគ្នាយាមនៅពេលយប់»។ ២៣ ដូច្នេះ ខ្ញុំនិងបងប្អូនខ្ញុំ ព្រមទាំងពួកអ្នកបម្រើរបស់ខ្ញុំ+ និងពួកអ្នកយាមដែលតាមខ្ញុំ ពួកយើងមិនបានប្ដូរសម្លៀកបំពាក់ទេ ហើយយើងគ្រប់គ្នាកាន់អាវុធនៅដៃស្ដាំជានិច្ច។