យ៉ូប
៣៥ អេលីហ៊ូនិយាយបន្តទៀតថា៖
២ «តើអ្នកជឿជាក់ថាអ្នកត្រឹមត្រូវ រហូតដល់ហ៊ានពោលថា៖
‹ខ្ញុំសុចរិតជាងព្រះ›ឬ?+
៣ ព្រោះអ្នកស្រដីថា៖ ‹បើខ្ញុំធ្វើអ្វីដែលត្រឹមត្រូវ តើនោះសំខាន់ឬ?*
ដោយសារខ្ញុំមិនបានធ្វើខុស តើនោះបានធ្វើឲ្យជីវិតខ្ញុំប្រសើរជាងទេ?›។+
៤ ខ្ញុំនឹងតបឆ្លើយទៅអ្នក
និងពួកអ្នកដែលស្គាល់អ្នក។+
៥ ចូរងើយទៅមេឃ
ហើយសង្កេតមើលពពកលើវេហា រួចពិចារណាចុះ។+
៦ បើអ្នកប្រព្រឹត្តអំពើខុសឆ្គង តើនេះប៉ះពាល់អ្វីដល់ព្រះ?+
បើអ្នកប្រព្រឹត្តការរំលងជាច្រើន តើអ្នកអាចធ្វើបាបលោកឬ?+
៧ បើអ្នកជាមនុស្សសុចរិត តើមានផលអ្វីដល់លោក?
តើលោកនឹងបានអ្វីពីអ្នក?+
៨ បើអ្នកធ្វើអំពើទុច្ចរិត នោះជះឥទ្ធិពលទៅលើតែមនុស្សដូចគ្នា
ហើយបើអ្នកប្រព្រឹត្តអំពើសុចរិត មានតែមនុស្សជាតិប៉ុណ្ណោះដែលទទួលប្រយោជន៍។
៩ មនុស្សទាំងឡាយស្រែកថ្ងូរ ពេលរងការសង្កត់សង្កិនយ៉ាងខ្លាំង
ពួកគេស្រែកសុំការជួយសង្គ្រោះឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកមានអំណាច។+
១០ ប៉ុន្តែ គ្មានអ្នកណាស្រែកសួរថា‹តើព្រះជាអ្នកបង្កើតដ៏ឧត្ដមរបស់ខ្ញុំនៅឯណា?+
លោកដែលធ្វើឲ្យមានសូរសំឡេងច្រៀងនៅពេលយប់+ម្ដេចបានជាមិនឃើញលោក?›។
១១ លោកបង្រៀនយើង+ឲ្យមានចំណេះច្រើនជាងសត្វនានានៅលើដី+
ហើយលោកបង្កើតយើងឲ្យមានប្រាជ្ញាច្រើនជាងបក្សាបក្សីនៅលើអាកាស។
១២ មនុស្សស្រែកសុំលោកឲ្យជួយ តែលោកមិនតប+
ព្រោះតែពួកគេមានចិត្តអំណួតនិងប្រព្រឹត្តអំពើទុច្ចរិត។+
១៣ ព្រះច្បាស់ជាមិនស្ដាប់អ្នកដែលស្រែកយំដោយគ្មានចិត្តស្មោះ*ទេ+
ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។
១៤ ដូច្នេះ ពេលអ្នកនិយាយថាមិនឃើញព្រះអើពើនឹងអ្នកសោះ
តើលោកនឹងស្ដាប់ពាក្យត្អូញត្អែររបស់អ្នកឬ?+
លោកនឹងវិនិច្ឆ័យរឿងក្ដីរបស់អ្នក ដូច្នេះសូមអ្នករង់ចាំសិន។+
១៥ ពីព្រោះលោកមិនបានខឹង ហើយដាក់ទោសអ្នកទេ
ហើយលោកក៏មិនបានប្រកាន់នឹងសម្ដីជ្រុលហួសរបស់អ្នកដែរ។+
១៦ យ៉ូបចេះតែបើកមាត់ធំឥតបានការ
គាត់ពោលពាក្យច្រើនសុទ្ធតែគ្មានខ្លឹមសារ»។+