សាការី
៦ រួចមក ខ្ញុំបានងើបមុខឡើងម្ដងទៀត ហើយឃើញរទេះចម្បាំងបួនដែលកំពុងចេញមកពីចន្លោះរវាងភ្នំពីរ។ ភ្នំទាំងពីរនោះជាភ្នំស្ពាន់។ ២ រទេះចម្បាំងទី១ទឹមដោយសេះសម្បុរក្រហម ហើយរទេះចម្បាំងទី២ទឹមដោយសេះសម្បុរខ្មៅ។+ ៣ ឯរទេះចម្បាំងទី៣ទឹមដោយសេះសម្បុរស ហើយរទេះចម្បាំងទី៤ទឹមដោយសេះសម្បុរពព្លាក់និងសេះសម្បុរពពាល។+
៤ ខ្ញុំក៏សួរទេវតាដែលសន្ទនាជាមួយនឹងខ្ញុំថា៖ «លោកម្ចាស់ តើអ្វីទាំងនេះមានអត្ថន័យអ្វី?»។
៥ ទេវតានោះបានឆ្លើយថា៖ «នេះជាកងកម្លាំងបួន+នៃស្ថានសួគ៌ដែលចេញដំណើរទៅ ក្រោយពីបានឈរនៅចំពោះមុខម្ចាស់នៃផែនដីទាំងមូល។+ ៦ រទេះចម្បាំងដែលទឹមដោយសេះសម្បុរខ្មៅចេញទៅទឹកដីខាងជើង+ ហើយសេះសម្បុរសចេញទៅឯទឹកដីដែលនៅឆ្ងាយហួសសមុទ្រ។ ចំណែកសេះសម្បុរពព្លាក់ចេញទៅទឹកដីខាងត្បូង។ ៧ រួចសេះសម្បុរពពាលនោះពិតជាចង់ធ្វើដំណើរខ្លាំងណាស់ ទៅទឹកដីដែលបានត្រូវកំណត់ឲ្យទៅ»។ ដូច្នេះ គាត់ប្រាប់ថា៖ «ចូរធ្វើដំណើរឲ្យសព្វទឹកដីដែលបានត្រូវកំណត់ឲ្យចុះ»។ ម្ល៉ោះហើយ ពួកគេក៏តាំងធ្វើដំណើរពេញទឹកដីទាំងនោះ។
៨ បន្ទាប់មក គាត់បានហៅខ្ញុំ ហើយប្រាប់ថា៖ «ឃើញទេ ពួកអ្នកដែលចេញទៅទឹកដីខាងជើងបានធ្វើឲ្យកំហឹងរបស់ព្រះយេហូវ៉ាស្ងប់រម្ងាប់នៅទឹកដីនោះ»។*
៩ ប្រសាសន៍របស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំម្ដងទៀត។ លោកប្រាប់ថា៖ ១០ «ចូរទៅទទួលរបស់ពីហេលដាយ ថូបាយយ៉ា និងយេដាយយ៉ា ជារបស់ដែលពួកគេបានមកពីបណ្ដាជននិរទេស។ នៅថ្ងៃដដែលនោះ អ្នកត្រូវទៅផ្ទះរបស់យ៉ូសៀសជាកូនសេផានា រួមជាមួយនឹងមនុស្សទាំងនេះដែលមកពីស្រុកបាប៊ីឡូន។ ១១ ចូរអ្នកយកប្រាក់និងមាសទៅធ្វើមកុដ*មួយ ហើយបំពាក់មកុដនោះលើក្បាលយ៉ូស្វេ+ដែលជាសម្ដេចសង្ឃ និងជាកូនរបស់យេហូសាដាក។ ១២ រួចមក អ្នកត្រូវប្រាប់យ៉ូស្វេថា៖
«‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «នេះជាបុរសឈ្មោះពន្លក។+ គាត់នឹងឡើងចេញពីកន្លែងរបស់គាត់ដូចជាពន្លក ហើយគាត់នឹងសង់វិហាររបស់ព្រះយេហូវ៉ា។+ ១៣ គាត់នេះហើយជាអ្នកដែលនឹងសង់វិហាររបស់ព្រះយេហូវ៉ា ហើយគាត់ក៏ជាអ្នកដែលនឹងទទួលភាពរុងរឿងដែរ។ គាត់នឹងអង្គុយលើបល្ល័ង្ករបស់ខ្លួន គ្រប់គ្រងជាស្ដេចនិងជាសង្ឃ+ ហើយគាត់នឹងបំពេញតួនាទីទាំងពីរនេះដើម្បីលើកស្ទួយសេចក្ដីសុខសាន្ត។* ១៤ រីឯមកុដនោះនឹងត្រូវរក្សាទុកក្នុងវិហាររបស់ព្រះយេហូវ៉ា ដើម្បីជាការរំលឹក*អំពីហេលេម ថូបាយយ៉ា យេដាយយ៉ា+ និងហេនដែលជាកូនសេផានា។ ១៥ ចំណែកអស់អ្នកដែលនៅឆ្ងាយ ពួកគេនឹងមកចូលរួមសង់វិហាររបស់ព្រះយេហូវ៉ា»។ អ្នកនឹងបានដឹងថាព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានចាត់ខ្ញុំឲ្យមកជួបអ្នក។ អ្វីទាំងអស់នេះនឹងកើតឡើង បើអ្នកស្ដាប់សំឡេងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក›»។