សាការី
៥ ខ្ញុំបានងើបមុខឡើងម្ដងទៀត ហើយឃើញរមូរមួយកំពុងហោះ។ ២ គាត់បានសួរខ្ញុំថា៖ «តើអ្នកឃើញអ្វី?»។
ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញរមូរមួយកំពុងហោះ មានបណ្ដោយ២០ហត្ថ* និងទទឹង១០ហត្ថ»។
៣ រួចគាត់ប្រាប់ខ្ញុំថា៖ «នេះជាបណ្ដាសាដែលផ្សាយចេញទៅទូទាំងផែនដី ព្រោះទោះជារមូរម្ខាងបញ្ជាក់ថាអ្នកដែលលួចត្រូវបណ្ដាសាក្ដី+ ក៏អ្នកដែលលួចនោះមិនទាន់រងទោសទេ ហើយទោះជារមូរម្ខាងទៀតបញ្ជាក់ថាអ្នកដែលស្បថបំពានត្រូវបណ្ដាសាក៏ដោយ+ ក៏អ្នកដែលស្បថបំពាននោះមិនទាន់រងទោសដែរ។ ៤ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ខ្ញុំនឹងចាត់បណ្ដាសាឲ្យចេញទៅ ហើយបណ្ដាសានឹងចូលទៅក្នុងផ្ទះរបស់ចោរ និងផ្ទះរបស់អ្នកដែលស្បថបំពានដោយអាងនាមខ្ញុំ។ បណ្ដាសានឹងនៅក្នុងផ្ទះនោះ ហើយធ្វើឲ្យផ្ទះនោះវិនាសហិនហោចអស់ទាំងឈើទាំងថ្មផង›»។
៥ បន្ទាប់មក ទេវតាដែលបានសន្ទនាជាមួយនឹងខ្ញុំក៏ចូលមក ហើយនិយាយមកកាន់ខ្ញុំថា៖ «សូមងើបមុខឡើង ហើយមើលអ្វីដែលកំពុងចេញទៅនោះ»។
៦ ដូច្នេះ ខ្ញុំបានសួរថា៖ «តើនោះជាអ្វី?»។
គាត់ឆ្លើយថា៖ «នោះជាកញ្ឆេវាល់ស្រូវ»។* គាត់បន្តទៀតថា៖ «មនុស្សទុច្ចរិតទាំងអស់នៅផែនដីមានសណ្ឋានដូចនោះ»។ ៧ ម្យ៉ាងទៀត ខ្ញុំឃើញគម្របរាងមូលធ្វើពីសំណបានត្រូវបើកឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងកញ្ឆេនោះ។ ៨ ដូច្នេះ គាត់និយាយថា៖ «ស្ត្រីនោះគឺជាអំពើទុច្ចរិត»។ រួចគាត់រុញស្ត្រីនោះទៅក្នុងកញ្ឆេវិញ ហើយគាត់ក៏យកគម្របសំណដ៏ធ្ងន់មកគ្របពីលើមាត់កញ្ឆេ។
៩ លំដាប់នោះ ខ្ញុំបានងើបមុខឡើង ហើយឃើញស្ត្រីពីរនាក់កំពុងហោះលើអាកាស។ ពួកនាងមានស្លាបដូចស្លាបរបស់សត្វកុក ហើយពួកនាងបានលើកកញ្ឆេនោះហោះឡើងទៅលើមេឃ។* ១០ ខ្ញុំក៏សួរទេវតានោះថា៖ «តើពួកនាងយកកញ្ឆេវាល់ស្រូវ*ទៅណា?»។
១១ គាត់តបថា៖ «ទៅស្រុកស៊ីណើរ*+ ដើម្បីសង់ផ្ទះឲ្យស្ត្រីនោះ។ ពេលសង់រួចហើយ ស្ត្រីនោះនឹងត្រូវរស់នៅទីនោះ ជាកន្លែងដែលស័ក្ដិសមសម្រាប់នាង»។