អេសាយ
១៣ សេចក្ដីប្រកាសទាស់នឹងក្រុងបាប៊ីឡូន+ ដែលអេសាយ+ជាកូនអាម៉ុសបានឃើញក្នុងគំនិត មានដូចតទៅ៖
២ «ចូរតាំងសញ្ញាសម្គាល់មួយ+ នៅលើភ្នំមួយដែលគ្មានដើមឈើ។
ចូរបក់ដៃស្រែកហៅពួកគេ ដើម្បីឲ្យពួកគេអាចចូលមកតាមខ្លោងទ្វាររបស់ពួកអ្នកមានត្រកូលខ្ពស់។
៣ ខ្ញុំបានចេញបង្គាប់ដល់ពួកអ្នកដែលខ្ញុំបានតែងតាំងហើយ+
ខ្ញុំបានហៅពួកទាហានខ្លាំងពូកែរបស់ខ្ញុំ គឺពួកអ្នកដែលត្រេកអរដោយមានមោទនភាព
ដើម្បីខ្ញុំអាចបញ្ចេញកំហឹងរបស់ខ្ញុំតាមរយៈពួកគេ។
៤ ឮទេ? មានមនុស្សមួយក្រុមនៅលើភ្នំ
ឮសូរសំឡេងដូចជាមនុស្សកុះករ!
ឮទេ? សំឡេងអឺងកងរបស់រាជាណាចក្រទាំងឡាយ!
គឺសំឡេងកងរំពងរបស់ប្រជាជាតិដែលបានប្រមូលផ្ដុំគ្នា!+
ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌កំពុងប្រមូលកងទ័ពធ្វើចម្បាំងហើយ។+
៥ ព្រះយេហូវ៉ាកំពុងមកជាមួយនឹងគ្រឿងចម្បាំងនៃកំហឹងរបស់លោក
ពីស្រុកដែលស្ថិតនៅឆ្ងាយ+ គឺកំពុងមកពីជើងមេឃ
ដើម្បីនាំឲ្យមានសេចក្ដីហិនវិនាសលើផែនដីទាំងមូល។+
៦ ចូរទ្រហោយំទៅ ព្រោះថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ!
នៅថ្ងៃនោះព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតនឹងនាំឲ្យមានការបំផ្លិចបំផ្លាញ។+
៧ ហេតុនេះ ដៃរបស់មនុស្សទាំងអស់នឹងស្រយង់ទៅ
ហើយចិត្តរបស់បុរសទាំងអស់នឹងស្រយុតចុះព្រោះតែភ័យខ្លាច។+
៨ បណ្ដាជននឹងភ័យតក់ស្លុត។+
ពួកគេនឹងរមួលខ្លួនឈឺចុកចាប់ ដូចស្ត្រីឈឺពោះសម្រាលកូន។
ពួកគេនឹងមើលមុខគ្នាទាំងភ័យរន្ធត់
ហើយទឹកមុខពួកគេមានតែការព្រួយបារម្ភ។
៩ មើល! ថ្ងៃរបស់ព្រះយេហូវ៉ាកំពុងមកហើយ
ទាំងមានសេចក្ដីក្រោធនិងកំហឹងដ៏ខ្លាំង ហើយលោកនឹងមិនប្រណីអ្នកណាម្នាក់ឡើយ
គឺលោកនឹងបំផ្លាញពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងចេញពីស្រុកនោះ
ហើយធ្វើឲ្យទឹកដីនោះទៅជាទីដ៏គួរឲ្យរន្ធត់វិញ។+
១០ នៅពេលនោះ កញ្ចុំផ្កាយនិងផ្កាយទាំងឡាយនៅលើមេឃ+
នឹងលែងបញ្ចេញពន្លឺទៀត
ឯដួងអាទិត្យនឹងងងឹតសូន្យសុងពេលរះឡើង
ហើយដួងខែក៏លែងមានរស្មីទៀតដែរ។
១១ ខ្ញុំនឹងកាត់ទោសមនុស្សជាតិដោយសារកំហុសរបស់ពួកគេ+
ហើយខ្ញុំនឹងដាក់ទោសមនុស្សទុច្ចរិតព្រោះតែអំពើអាក្រក់របស់ពួកគេ។
ខ្ញុំនឹងបំបាក់អំណួតរបស់មនុស្សព្រហើន
ហើយបន្ទាបពួកអ្នកគ្រប់គ្រងផ្ដាច់ការដែលក្រអឺតក្រទម។+
១២ ខ្ញុំនឹងធ្វើឲ្យមនុស្សមានគ្នាតិចជាងចំនួនមាសសុទ្ធ+
គឺពិបាករកពួកគេជាងរកមាសពីអូភាទៅទៀត។+
១៣ ដូច្នេះ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំ
ខ្ញុំនឹងធ្វើឲ្យមេឃញាប់ញ័រ ផែនដីរង្គោះរង្គើ+
ដោយសារកំហឹងដ៏ខ្លាំងរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
១៤ ដូចសត្វឈ្លូសដែលរត់នៅមុខនាយព្រាន ហើយដូចហ្វូងចៀមដែលគ្មានគង្វាល
ពួកគេម្នាក់ៗនឹងវិលត្រឡប់ទៅរកជនរួមជាតិខ្លួន
គឺពួកគេម្នាក់ៗនឹងរត់ទៅស្រុករបស់ពួកគេវិញ។+
១៥ អស់អ្នកណាដែលសត្រូវប្រទះឃើញ នឹងត្រូវចាក់ទម្លុះ
ហើយអស់អ្នកណាដែលសត្រូវចាប់បាន នឹងត្រូវសម្លាប់ដោយដាវ។+
១៦ ឯកូនៗរបស់ពួកគេ នឹងត្រូវខ្មាំងបោកសម្លាប់នៅមុខពួកគេ+
ហើយប្រពន្ធរបស់ពួកគេ នឹងត្រូវខ្មាំងចាប់រំលោភ។
ចំណែកទ្រព្យសម្បត្តិក្នុងផ្ទះពួកគេ នឹងត្រូវខ្មាំងរឹបអូសយក។
១៧ មើល! ខ្ញុំនឹងចាត់ពួកមេឌីឲ្យទៅប្រឆាំងនឹងពួកគេ។+
ពួកមេឌីនឹងចាត់ទុកប្រាក់ថាគ្មានតម្លៃ ហើយពួកគេមិនចង់បានមាសទេ។
១៨ ធ្នូរបស់ពួកគេនឹងកម្ទេចពួកយុវជន។+
ពួកគេនឹងមិនអាណិតអាសូរដល់កូនក្មេង
ហើយក៏មិនប្រណីដល់កុមារដែរ។
១៩ រាជាណាចក្របាប៊ីឡូនជារាជាណាចក្រដ៏រុងរឿងអស្ចារ្យបំផុត+
ហើយជាលម្អនិងជាមោទនភាពរបស់ពួកខាល់ដេ។+
រាជាណាចក្រនោះនឹងទៅដូចជាក្រុងសូដុមនិងក្រុងកូម៉ូរ៉ាដែលត្រូវព្រះបំផ្លាញចោល។+
២០ ក្នុងស្រុកនោះនឹងគ្មានអ្នកណារស់នៅទៀតទេ
ហើយគ្រប់ជំនាន់តរៀងទៅ នឹងគ្មាននរណាអាស្រ័យនៅទីនោះឡើយ។+
ពួកអារ៉ាប់នឹងមិនដំឡើងត្រសាលនៅឯនោះទេ
ហើយពួកគង្វាលក៏មិនឃ្វាលហ្វូងសត្វនៅកន្លែងនោះដែរ។
២១ ទីនោះនឹងទៅជាជម្រកសត្វព្រៃ
ឯផ្ទះរបស់អ្នកស្រុកនោះនឹងពេញទៅដោយហ្វូងទីទុយ។
២២ ហ្វូងសត្វនឹងលូនៅក្នុងដំណាក់របស់ពួកគេ
ហើយហ្វូងឆ្កែព្រៃនឹងរស់នៅក្នុងវិមានដ៏ស្កឹមស្កៃរបស់ពួកគេ។
ពេលកំណត់របស់ស្រុកបាប៊ីឡូនគឺជិតមកដល់ហើយ នឹងមិនពន្យារពេលឡើយ។+