សៀវភៅសាំយូអែលទី២
១៥ លុះក្រោយមក អាប់សាឡំបានឲ្យគេធ្វើរាជរថមួយ និងយកសេះមួយចំនួន ព្រមទាំងចាត់បុរស៥០នាក់ឲ្យរត់នៅខាងមុខគាត់។+ ២ អាប់សាឡំតែងតែក្រោកពីព្រលឹម ហើយឈរនៅក្បែរផ្លូវចូលកំពែងក្រុង។+ ពេលអ្នកណាម្នាក់មានរឿងក្ដី ហើយចង់ចូលទៅជួបស្ដេចដើម្បីឲ្យស្ដេចជួយដោះស្រាយ+ នោះអាប់សាឡំតែងតែហៅអ្នកនោះមកសួរថា៖ «តើអ្នកមកពីណា?»។ គេឆ្លើយថា៖ «ខ្ញុំជាអ្នកបម្រើរបស់លោក មកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។ ៣ រាល់ដង អាប់សាឡំនិយាយថា៖ «មើល! រឿងក្ដីរបស់អ្នកគឺត្រឹមត្រូវហើយ។ ប៉ុន្តែ ស្ដេចមិនបានឲ្យអ្នកណាម្នាក់មកដោះស្រាយឲ្យអ្នកទេ»។ ៤ អាប់សាឡំនិយាយថែមទៀតថា៖ «បើខ្ញុំជាអ្នកគ្រប់គ្រងស្រុកនេះវិញ អ្នកណាក៏ដោយដែលមានរឿងក្ដី ហើយមករកខ្ញុំ នោះខ្ញុំនឹងពិនិត្យមើលរឿងក្ដីឲ្យគាត់ ហើយជួយគាត់ឲ្យទទួលបានយុត្តិធម៌»។
៥ ពេលអ្នកណាម្នាក់មកឱនគោរពអាប់សាឡំ នោះគាត់តែងលូកដៃទៅលើកអ្នកនោះឡើងហើយថើប។+ ៦ អាប់សាឡំតែងតែធ្វើដូច្នេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលចង់ចូលទៅជួបស្ដេចឲ្យវិនិច្ឆ័យក្ដី។ ដោយប្រើវិធីនេះ អាប់សាឡំបន្តទាក់ទាញចិត្តបណ្ដាជនអ៊ីស្រាអែលឲ្យមកខាងគាត់។+
៧ នៅចុងឆ្នាំទី៤* អាប់សាឡំនិយាយទៅស្ដេចថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅក្រុងហេប្រុន+ ដើម្បីធ្វើតាមពាក្យសម្បថដែលខ្ញុំបានស្បថចំពោះព្រះយេហូវ៉ា។ ៨ ព្រោះពេលខ្ញុំស្នាក់នៅស្រុកកេសឺ+ក្នុងទឹកដីស៊ីរី ខ្ញុំបានស្បថ+ថា៖ ‹បើព្រះយេហូវ៉ាឲ្យខ្ញុំត្រឡប់មកក្រុងយេរូសាឡិមវិញ នោះខ្ញុំនឹងជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា›»។ ៩ ដូច្នេះ ស្ដេចនិយាយទៅគាត់ថា៖ «សូមកូនទៅឲ្យបានសេចក្ដីសុខសាន្ត»។ អាប់សាឡំក៏ក្រោកឡើង ហើយធ្វើដំណើរទៅក្រុងហេប្រុន។
១០ នៅទីនោះ អាប់សាឡំបានចាត់អ្នកស៊ើបការណ៍ឲ្យទៅប្រាប់កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលថា៖ «ពេលដែលអ្នករាល់គ្នាឮសំឡេងផ្លុំស្នែងភ្លាម ចូរប្រកាសថា៖ ‹អាប់សាឡំបានក្លាយទៅជាស្ដេចនៅក្រុងហេប្រុនហើយ!›»។+ ១១ អាប់សាឡំបានអញ្ជើញមនុស្ស២០០នាក់ពីក្រុងយេរូសាឡិម ឲ្យធ្វើដំណើរទៅទីនោះជាមួយនឹងគាត់។ ពួកគេទៅដោយមិនមានការសង្ស័យ ហើយក៏មិនដឹងថានឹងមានអ្វីកើតឡើងក្រោយមកដែរ។ ១២ បន្ថែមទៅទៀត ក្រោយពីអាប់សាឡំបានជូនគ្រឿងបូជាហើយ គាត់បានឲ្យគេទៅក្រុងគីឡោ+ ដើម្បីហៅអាហ៊ីថូផែល+ជាអ្នកក្រុងនោះ និងជាទីប្រឹក្សារបស់ដាវីឌ+ ឲ្យមកជួបគាត់។ ការឃុបឃិតក្បត់នេះមានទ្រង់ទ្រាយកាន់តែធំឡើងៗ ហើយបណ្ដាជនដែលចូលរួមគាំទ្រអាប់សាឡំក៏មានចំនួនកាន់តែច្រើនឡើងដែរ។+
១៣ ក្រោយមក មានមនុស្សម្នាក់នាំដំណឹងមកប្រាប់ដាវីឌថា៖ «ជនជាតិអ៊ីស្រាអែលនាំគ្នាចូលដៃជាមួយនឹងអាប់សាឡំ»។ ១៤ ភ្លាមនោះ ដាវីឌនិយាយទៅកាន់អ្នកបម្រើទាំងអស់ដែលនៅជាមួយនឹងគាត់ក្នុងក្រុងយេរូសាឡិមថា៖ «ចូរយើងនាំគ្នាក្រោកឡើង ហើយរត់ចេញភ្លាម។+ បើមិនដូច្នោះទេ គ្មានអ្នកណាម្នាក់គេចផុតពីអាប់សាឡំឡើយ! ចូរប្រញាប់ឡើង ក្រែងលោគាត់មកទាន់យើង ហើយសម្លាប់យើងនិងមនុស្សទាំងអស់ក្នុងក្រុងនេះដោយមុខដាវ!»។+ ១៥ ពួកអ្នកបម្រើរបស់ស្ដេចតបវិញថា៖ «ទោះជាស្ដេចជាម្ចាស់សម្រេចចិត្តយ៉ាងណាក៏ដោយ យើងខ្ញុំត្រៀមខ្លួនធ្វើតាមលោកជានិច្ច»។+ ១៦ ស្ដេចបាននាំមនុស្សទាំងអស់ដែលនៅក្នុងក្រុមគ្រួសាររបស់គាត់ចាកចេញទៅ។ ប៉ុន្តែ ស្ដេចបានទុកប្រពន្ធបន្ទាប់១០នាក់+ឲ្យនៅមើលថែវិមាន។ ១៧ បន្ទាប់មក ស្ដេចបន្តដំណើរជាមួយនឹងមនុស្សទាំងអស់ដែលមកតាមគាត់ រួចពួកគេឈប់នៅបេតមើហាក។
១៨ អ្នកដែលចាកចេញជាមួយនឹងដាវីឌមាន ពួកអ្នកបម្រើទាំងអស់របស់គាត់ ពួកកេរ៉ែត ពួកពេលេធីមទាំងអស់+ និងពួកអ្នកក្រុងកាថចំនួន៦០០នាក់ដែលតាមគាត់ពីក្រុងនោះមក។+ រួចដាវីឌឈរពិនិត្យមើលពួកគេ កាលដែលពួកគេដើរឆ្លងកាត់។ ១៩ ពេលនោះស្ដេចនិយាយទៅអ៊ីតថាយ+ជាអ្នកក្រុងកាថថា៖ «ហេតុអ្វីបានជាអ្នកមកតាមយើង? ចូរត្រឡប់ទៅនៅជាមួយនឹងស្ដេចថ្មីវិញទៅ ព្រោះអ្នកជាជនបរទេស ថែមទាំងជានិរទេសជនទៀតផង។ ២០ អ្នកទើបតែមកនៅជាមួយនឹងយើង តើគួរឲ្យយើងនាំអ្នកដើរសាត់ព្រាត់ទៅជាមួយដែរឬ? សូម្បីតែខ្ញុំក៏មិនដឹងថានឹងទៅកន្លែងណាដែរ។ ចូរអ្នកត្រឡប់ទៅវិញ ហើយនាំបងប្អូនរបស់អ្នកទៅជាមួយផង។ សូមព្រះយេហូវ៉ាបង្ហាញភក្ដីភាពនិងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នក!»។+ ២១ ប៉ុន្តែ អ៊ីតថាយឆ្លើយទៅស្ដេចថា៖ «ខ្ញុំសូមយកព្រះយេហូវ៉ាជាសាក្សី* និងសូមស្បថជូនស្ដេចជាម្ចាស់ថា នៅកន្លែងណាដែលលោកអញ្ជើញទៅ ទោះជាស្លាប់ឬរស់ក្ដី ខ្ញុំជាអ្នកបម្រើរបស់លោកនឹងនៅជាមួយនឹងលោក!»។+ ២២ ដាវីឌនិយាយទៅអ៊ីតថាយថា៖ +«ចូរឆ្លងទៅចុះ»។ ដូច្នេះ អ៊ីតថាយជាអ្នកក្រុងកាថក៏ឆ្លងទៅជាមួយនឹងបុរសទាំងអស់របស់គាត់ ព្រមទាំងកូនចៅរបស់បុរសទាំងនោះ។
២៣ កាលដែលមនុស្សទាំងអស់ឆ្លងជ្រលងគីដ្រុន ពួកអ្នកដែលរស់នៅក្រុងយេរូសាឡិមនិងពួកអ្នកដែលរស់នៅជុំវិញក្រុងនោះ បានស្រែកទ្រហោយំ+ ហើយពេលនោះស្ដេចកំពុងឈរនៅជ្រលងគីដ្រុន។ ពួកគេទាំងអស់បានធ្វើដំណើរឆ្លងទៅតាមផ្លូវដែលឆ្ពោះទៅតំបន់ស្ងាត់ជ្រងំ។ ២៤ ចំណែកសេដុក+និងពួកលេវីទាំងអស់+ដែលសែងហឹប+នៃកិច្ចព្រមព្រៀងរបស់ព្រះពិត+ ពួកគេក៏នៅទីនោះដែរ។ ពួកលេវីដាក់ហឹបនៃព្រះពិតចុះ ហើយរង់ចាំរហូតដល់បណ្ដាជនទាំងអស់ឆ្លងផុតជ្រលងនោះ។ អាប៊ីយ៉ាថា+ក៏នៅទីនោះដែរ។ ២៥ ស្ដេចនិយាយទៅសេដុកថា៖ «ចូរយកហឹបនៃព្រះពិតត្រឡប់ទៅក្រុងវិញ។+ បើព្រះយេហូវ៉ាពេញចិត្តខ្ញុំ នោះលោកនឹងឲ្យខ្ញុំត្រឡប់មកឃើញហឹបនិងកន្លែងដាក់ហឹបនោះវិញ។+ ២៦ ប៉ុន្តែ បើលោកមិនពេញចិត្តខ្ញុំទេ សូមឲ្យលោកប្រព្រឹត្តនឹងខ្ញុំតាមដែលលោកគិតថាល្អចុះ»។ ២៧ ស្ដេចបន្តនិយាយទៅសេដុកជាសង្ឃថា៖ «អ្នកជាអ្នកមើលធ្លុះ មែនទេ?+ បើដូច្នេះ ចូរត្រឡប់ទៅក្រុងវិញដោយសេចក្ដីសុខសាន្តចុះ ហើយនាំកូនប្រុសពីរនាក់របស់ពួកអ្នកទៅវិញផង គឺអាហ៊ីមម៉ាអេសកូនប្រុសរបស់អ្នក និងយ៉ូណាថាន+កូនប្រុសរបស់អាប៊ីយ៉ាថា។ ២៨ ចំណែកខ្ញុំវិញ ខ្ញុំនឹងរង់ចាំនៅជិតតំបន់ស្ងាត់ជ្រងំត្រង់កន្លែងដែលអាចលុយទឹកបាន* រហូតដល់បានទទួលដំណឹងពីអ្នក»។+ ២៩ ដូច្នេះ សេដុកនិងអាប៊ីយ៉ាថាបានយកហឹបនៃព្រះពិតត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយពួកគេរស់នៅទីនោះ។
៣០ ដាវីឌធ្វើដំណើរឡើងភ្នំដើមអូលីវ+ទាំងយំ ហើយទទូរក្បាល។ គាត់ឡើងទៅដោយមិនពាក់ស្បែកជើងទេ។ ឯមនុស្សទាំងអស់ដែលនៅជាមួយនឹងគាត់ ពួកគេក៏ឡើងទៅទាំងយំនិងទទូរក្បាលដែរ។ ៣១ មានគេប្រាប់ដាវីឌថា៖ «អាហ៊ីថូផែលក៏សមគំនិត+ជាមួយនឹងអាប់សាឡំដែរ»។+ ឮដូច្នេះ ដាវីឌក៏ពោលថា៖ «ឱព្រះយេហូវ៉ាអើយ! សូមឲ្យគេចាត់ទុកយោបល់របស់អាហ៊ីថូផែលថាជាយោបល់ដែលគ្មានប្រយោជន៍ចុះ!»។+
៣២ ពេលដាវីឌឡើងមកដល់កំពូលភ្នំជាកន្លែងដែលបណ្ដាជនធ្លាប់ក្រាបគោរពព្រះ នោះគាត់ឃើញហ៊ូសាយ+ជាអំបូរអើគី+កំពុងចាំជួបគាត់ ទាំងអាវរហែកនិងមានដីលើក្បាល។ ៣៣ ដាវីឌប្រាប់គាត់ថា៖ «បើអ្នកទៅជាមួយនឹងខ្ញុំ អ្នកមិនអាចជួយខ្ញុំបានទេ។ ៣៤ ប៉ុន្តែ បើអ្នកត្រឡប់ទៅក្រុងវិញ អ្នកអាចជួយធ្វើឲ្យផែនការរបស់អាហ៊ីថូផែលបរាជ័យ។+ សូមប្រាប់អាប់សាឡំថា៖ ‹ឱស្ដេចរបស់ខ្ញុំអើយ! ពីមុនខ្ញុំជាអ្នកបម្រើរបស់ឪពុកលោក តែឥឡូវខ្ញុំជាអ្នកបម្រើរបស់លោកវិញ›។+ ៣៥ ម្យ៉ាងទៀត នៅទីនោះក៏មានសេដុកនិងអាប៊ីយ៉ាថាជាសង្ឃនៅជាមួយនឹងអ្នកដែរ។ អ្នកត្រូវប្រាប់សេដុកនិងអាប៊ីយ៉ាថានូវរឿងគ្រប់យ៉ាងដែលអ្នកបានឮពីវិមានរបស់ស្ដេច។+ ៣៦ មើល! នៅទីនោះក៏មានអាហ៊ីមម៉ាអេស+កូនប្រុសសេដុក និងយ៉ូណាថាន+កូនប្រុសអាប៊ីយ៉ាថាដែរ។ បើអ្នកបានឮដំណឹងអ្វី អ្នកត្រូវចាត់ពួកគេទាំងពីរនាក់នោះឲ្យមកប្រាប់ខ្ញុំផង»។ ៣៧ ម្ល៉ោះហើយ ហ៊ូសាយដែលជាសម្លាញ់*របស់ដាវីឌ+ បានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ចំពេលដែលអាប់សាឡំចូលមកក្រុងវិញដែរ។