សៀវភៅសាំយូអែលទី១
២៦ លុះក្រោយមក ពួកបុរសនៅក្រុងស៊ីប+បានមកឯសុលនៅក្រុងគីបៀ+ ហើយប្រាប់ថា៖ «ដាវីឌកំពុងលាក់ខ្លួននៅទួលហាគីឡាទល់មុខតំបន់យេស៊ីម៉ូន»។*+ ២ ដូច្នេះ សុលក្រោកឡើង ហើយធ្វើដំណើរចេញទៅជាមួយនឹងកងទ័ព៣.០០០នាក់ដែលបានត្រូវជ្រើសរើសពីចំណោមជនជាតិអ៊ីស្រាអែល ដើម្បីតាមចាប់ដាវីឌនៅតំបន់ស្ងាត់ជ្រងំជិតក្រុងស៊ីប។+ ៣ សុលបានបោះទ័ពលើទួលហាគីឡាដែលនៅក្បែរផ្លូវទល់មុខតំបន់យេស៊ីម៉ូន។ ចំណែកឯដាវីឌដែលកំពុងអាស្រ័យនៅតំបន់ស្ងាត់ជ្រងំ គាត់បានឮថាសុលមកតាមចាប់គាត់ដល់ទីនេះ។ ៤ ម្ល៉ោះហើយ ដាវីឌបានចាត់អ្នកស៊ើបការណ៍ឲ្យទៅស៊ើបមើលឲ្យដឹងច្បាស់ថា សុលពិតជាបានមកមែនឬយ៉ាងណា។ ៥ ក្រោយពីដាវីឌដឹងថាសុលពិតជាបានមកមែន គាត់បានចេញទៅដល់កន្លែងដែលសុលបោះទ័ព។ គាត់ឃើញសុលនិងអាប់ណឺ+ជាមេទ័ពដែលត្រូវជាកូនប្រុសណឺកំពុងដេក។ សុលដេកក្នុងជំរំទាំងមានជំរំទ័ពនៅជុំវិញគាត់។ ៦ បន្ទាប់មក ដាវីឌនិយាយជាមួយនឹងអាហ៊ីម៉ាឡិចជាជនជាតិហេត+ និងអាប៊ីសាយ+ជាបងបង្កើតរបស់យ៉ូអាប់ ដែលត្រូវជាកូនប្រុសរបស់សេរូយ៉ា+ ដោយសួរថា៖ «តើអ្នកណានឹងចុះទៅជំរំរបស់សុលជាមួយនឹងខ្ញុំ?»។ អាប៊ីសាយឆ្លើយថា៖ «ខ្ញុំនឹងចុះទៅជាមួយនឹងអ្នក»។ ៧ ដូច្នេះ ដាវីឌនិងអាប៊ីសាយក៏ចូលទៅជំរំទ័ពនៅយប់នោះឯង។ ពេលទៅដល់ ពួកគេឃើញសុលកំពុងដេកក្នុងជំរំ ទាំងមានលំពែងដោតជាប់ដីជិតក្បាលដំណេកគាត់។ ឯអាប់ណឺនិងពួកទាហានកំពុងដេកនៅជុំវិញគាត់។
៨ ឃើញដូច្នេះ អាប៊ីសាយនិយាយទៅដាវីឌថា៖ «ថ្ងៃនេះ ព្រះបានប្រគល់សត្រូវមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។+ ដូច្នេះ សូមឲ្យខ្ញុំយកលំពែងចាក់ទម្លុះគាត់ម្ដងឲ្យស្លាប់ទៅ មិនចាំបាច់ចាក់ពីរដងទេ»។ ៩ ក៏ប៉ុន្តែ ដាវីឌនិយាយទៅអាប៊ីសាយថា៖ «កុំធ្វើអាក្រក់ចំពោះលោកឡើយ។ តើអ្នកដែលលើកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានរើសតាំង+ នឹងគ្មានទោសឬ?»។+ ១០ ដាវីឌនិយាយបន្តទៀតថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដ៏មានជីវិតរស់នៅថា ព្រះយេហូវ៉ានឹងសម្លាប់លោកដោយផ្ទាល់+ ឬលោកនឹងអស់ជីវិតដូចមនុស្សទូទៅដែរ+ ឬលោកនឹងស្លាប់ក្នុងសមរភូមិ។+ ១១ ដោយគិតពីទស្សនៈរបស់ព្រះយេហូវ៉ា ខ្ញុំមិនអាចលើកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានរើសតាំងឡើយ!+ ឥឡូវ សូមអ្នកយកក្អមទឹកនិងលំពែងនៅជិតក្បាលដំណេកលោកមក រួចយើងនឹងចេញទៅវិញ»។ ១២ ដូច្នេះ ដាវីឌក៏យកក្អមទឹកនិងលំពែងដែលនៅជិតក្បាលដំណេករបស់សុល ហើយនាំគ្នាចេញទៅ។ គ្មានទាហានណាម្នាក់បានឃើញ+ ឬដឹងថាពួកគេមកទេ ព្រោះពួកទាហានបានដេកលង់លក់ទាំងអស់គ្នា។ នេះគឺដោយសារព្រះយេហូវ៉ាបានធ្វើឲ្យពួកគេដេកលក់ស៊ប់។ ១៣ រួចមក ដាវីឌក៏ឆ្លងទៅជ្រលងម្ខាងទៀត ហើយឈរលើកំពូលភ្នំដែលនៅឆ្ងាយពីកន្លែងរបស់សុល។ នៅចន្លោះរវាងពួកគេមានប្រឡោះធំមួយ។
១៤ ដាវីឌស្រែកហៅពួកទាហាន និងអាប់ណឺ+ជាកូនប្រុសរបស់ណឺថា៖ «អាប់ណឺ! ឮខ្ញុំហៅទេ?»។ អាប់ណឺឆ្លើយថា៖ «តើអ្នកជានរណាបានជាហ៊ានស្រែកហៅរំខានស្ដេចដូច្នេះ?»។* ១៥ ដាវីឌឆ្លើយទៅអាប់ណឺថា៖ «តើអ្នកមិនមែនជាបុរសក្លាហានទេឬ? ក្នុងស្រុកអ៊ីស្រាអែល តើមានអ្នកណាដូចអ្នក? ហេតុអ្វីបានជាអ្នកមិនចាំការពារស្ដេចជាម្ចាស់? អ្នកដឹងទេ មានទាហានម្នាក់បានចូលទៅប៉ុនប៉ងសម្លាប់ស្ដេចជាម្ចាស់របស់អ្នក។+ ១៦ អ្នកបានធ្វេសប្រហែសនឹងភារកិច្ចរបស់អ្នកហើយ។ ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដ៏មានជីវិតរស់នៅថា អ្នកសមតែស្លាប់ ពីព្រោះអ្នកមិនបានចាំការពារលោកម្ចាស់របស់អ្នក ដែលព្រះយេហូវ៉ាបានរើសតាំងឡើយ។+ ចូរអ្នករកមើល! តើក្អមទឹកនិងលំពែង+ដែលនៅជិតក្បាលដំណេកស្ដេចនៅឯណា?»។
១៧ សុលស្គាល់សំឡេងរបស់ដាវីឌ ដូច្នេះសុលក៏សួរថា៖ «ដាវីឌកូនអើយ តើនេះជាសំឡេងរបស់កូនឬ?»។+ ដាវីឌឆ្លើយថា៖ «ឱស្ដេចជាម្ចាស់របស់ខ្ញុំ នេះជាសំឡេងខ្ញុំមែន»។ ១៨ ដាវីឌនិយាយទៀតថា៖ «ហេតុអ្វីលោកម្ចាស់ដេញតាមចាប់ខ្ញុំជាអ្នកបម្រើលោក?+ តើខ្ញុំបានធ្វើអ្វីខុស? តើខ្ញុំមានទោសកំហុសអ្វី?+ ១៩ ស្ដេចជាម្ចាស់របស់ខ្ញុំ សូមមេត្តាស្ដាប់ខ្ញុំសិន។ បើព្រះយេហូវ៉ាជាអ្នកញុះញង់លោកឲ្យទាស់នឹងខ្ញុំ នោះខ្ញុំនឹងជូនគ្រឿងបូជាពីស្រូវដល់ព្រះ។ ប៉ុន្តែ បើមនុស្សជាអ្នកញុះញង់លោកវិញ+ នោះពួកគេនឹងត្រូវបណ្ដាសានៅចំពោះមុខព្រះយេហូវ៉ា ព្រោះពួកគេធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានសិទ្ធិអាស្រ័យនៅក្នុងស្រុកជាមត៌ករបស់ព្រះយេហូវ៉ាឡើយ។+ ពួកគេបណ្ដេញខ្ញុំឲ្យចេញឆ្ងាយ ដោយនិយាយថា៖ ‹ចូរទៅបម្រើព្រះផ្សេងទៅ!›។ ២០ ដូច្នេះ សូមកុំឲ្យខ្ញុំបាត់បង់ជីវិតឆ្ងាយពីមុខព្រះយេហូវ៉ាឡើយ* ព្រោះស្ដេចនៃជនជាតិអ៊ីស្រាអែលតាមចាប់ខ្ញុំដែលជាចៃមួយក្បាល+ ដូចដេញតាមចាប់សត្វទទានៅលើភ្នំ»។
២១ ឮដូច្នេះ សុលនិយាយថា៖ «ខ្ញុំធ្វើខុសហើយ។+ ដាវីឌកូនអើយ សូមកូនត្រឡប់មកវិញ ខ្ញុំនឹងឈប់ធ្វើអាក្រក់ចំពោះកូនទៀត ព្រោះនៅថ្ងៃនេះកូនបានចាត់ទុកជីវិត*ខ្ញុំថាថ្លៃវិសេស។+ តែខ្ញុំបែរជាប្រព្រឹត្តដោយឆោតល្ងង់ ថែមទាំងធ្វើខុសយ៉ាងធ្ងន់ទៀតផង»។ ២២ ដាវីឌតបថា៖ «នេះជាលំពែងរបស់ស្ដេច។ សូមលោកចាត់យុវជនម្នាក់ឲ្យមកយកទៅវិញចុះ។ ២៣ ព្រះយេហូវ៉ានឹងសងដល់មនុស្សម្នាក់ៗតាមសេចក្ដីសុចរិតនិងសេចក្ដីស្មោះត្រង់របស់ពួកគេរៀងៗខ្លួន។+ នៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រគល់លោកមកក្នុងកណ្ដាប់ដៃខ្ញុំ តែខ្ញុំមិនព្រមលើកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានរើសតាំងឡើយ។+ ២៤ មើល! ថ្ងៃនេះខ្ញុំបានចាត់ទុកជីវិត*របស់លោកថាថ្លៃវិសេស ដូច្នេះសូមឲ្យជីវិត*របស់ខ្ញុំថ្លៃវិសេសនៅភ្នែករបស់ព្រះយេហូវ៉ាយ៉ាងនោះដែរ ហើយសូមឲ្យព្រះសង្គ្រោះខ្ញុំពីទុក្ខវេទនាសព្វបែបយ៉ាងផង»។+ ២៥ សុលតបទៅដាវីឌវិញថា៖ «ដាវីឌកូនអើយ សូមឲ្យព្រះផ្ដល់ពរដល់កូន។ កូនច្បាស់ជានឹងសម្រេចកិច្ចការអស្ចារ្យជាច្រើន ហើយកូនច្បាស់ជានឹងបានជ័យជម្នះជាមិនខាន»។+ រួចមក ដាវីឌធ្វើដំណើរចេញទៅ រីឯសុលត្រឡប់ទៅវិមានគាត់វិញ។+