ដើមកំណើត
២៧ ឯអ៊ីសាក គាត់មានវ័យចាស់ណាស់ហើយ ភ្នែកគាត់ចាប់ផ្ដើមងងឹតមើលអ្វីមិនឃើញទេ។ ពេលនោះ គាត់បានហៅអេសាវ+ជាកូនច្បងចូលមកជួប ហើយនិយាយថា៖ «កូនអើយ!»។ អេសាវឆ្លើយតបថា៖ «បាទ! លោកឪពុក»។ ២ អ៊ីសាកនិយាយទៀតថា៖ «ពុកចាស់ណាស់ហើយ ពុកមិនដឹងថាថ្ងៃណានឹងស្លាប់ទេ។ ៣ ដូច្នេះ ចូរកូនយកព្រួញនិងធ្នូ ចេញទៅឯវាល ហើយបរបាញ់សត្វ។+ ៤ បន្ទាប់មក ចូរកូនយកសាច់សត្វនោះ ធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលពុកចូលចិត្ត មកឲ្យពុកបរិភោគ រួចពុកនឹងឲ្យពរកូន មុនពេលពុកស្លាប់»។
៥ ក្រោយស្ដាប់រួច អេសាវបានចេញទៅបរបាញ់សត្វនៅឯវាល។ ឯរេបិកា នាងស្ដាប់ឮអ្វីដែលអ៊ីសាកបាននិយាយជាមួយនឹងអេសាវ។+ ៦ ដូច្នេះ រេបិកាក៏និយាយទៅកាន់យ៉ាកុបថា៖+ «ម្ដាយទើបតែឮពុកកូននិយាយជាមួយនឹងអេសាវបងកូនថា៖ ៧ ‹ចូរកូនទៅបរបាញ់សត្វ ហើយធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ឲ្យពុកពិសា ក្រោយមកពុកនឹងឲ្យពរកូននៅចំពោះមុខព្រះយេហូវ៉ា មុនពេលពុកស្លាប់›។+ ៨ ដូច្នេះ កូនអើយ! ចូរកូនស្ដាប់ដោយយកចិត្តទុកដាក់ ហើយធ្វើតាមការណែនាំរបស់ម្ដាយ។+ ៩ ចូរកូនទៅឯហ្វូងសត្វ ហើយយកកូនពពែដ៏ល្អពីរមកឲ្យម្ដាយ ដើម្បីម្ដាយធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ជូនពុកកូនពិសា គឺជាម្ហូបដែលពុកកូនចូលចិត្ត។ ១០ បន្ទាប់មក ចូរកូនលើកម្ហូបនោះទៅជូនពុកកូនពិសា ដើម្បីឲ្យគាត់ឲ្យពរកូន មុនគាត់ស្លាប់»។
១១ យ៉ាកុបនិយាយទៅកាន់ម្ដាយថា៖ «ប៉ុន្តែ បងអេសាវគាត់មានរោមពេញខ្លួន+ ចំណែកកូនវិញ កូនមិនមានរោមដូចគាត់ទេ។ ១២ ចុះបើពុកស្ទាបកូនហើយដឹងថាកូនជាអ្នកណា?+ គាត់មុខជាគិតថាកូនបញ្ឆោតគាត់* ហើយច្បាស់ជាដាក់បណ្ដាសាកូនមិនខាន មិនមែនឲ្យពរកូនទេ»។ ១៣ រេបិកាក៏ឆ្លើយទៅវិញថា៖ «ឲ្យបណ្ដាសានោះធ្លាក់មកលើម្ដាយវិញចុះ។ ចូរកូនធ្វើតាមតែម្ដាយបង្គាប់ទៅបានហើយ»។+ ១៤ ដូច្នេះ យ៉ាកុបបានទៅធ្វើតាមបង្គាប់ម្ដាយ ហើយម្ដាយគាត់ធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលអ៊ីសាកឪពុកគាត់ចូលចិត្ត។ ១៥ ក្រោយនោះ រេបិកាបានយកសម្លៀកបំពាក់វិសេសរបស់អេសាវពីក្នុងត្រសាល មកបំពាក់ឲ្យយ៉ាកុបជាកូនប្អូន។+ ១៦ នាងក៏យកស្បែកកូនពពែ មករុំនៅដៃនិងកយ៉ាកុប។+ ១៧ បន្ទាប់មក នាងបានហុចម្ហូបដ៏ឆ្ងាញ់និងនំប៉័ងដែលនាងបានធ្វើ ឲ្យដល់យ៉ាកុប។+
១៨ ដូច្នេះ យ៉ាកុបក៏លើកអាហារនោះទៅជូនឪពុក ហើយនិយាយថា៖ «លោកឪពុក!»។ អ៊ីសាកក៏ឆ្លើយថា៖ «មានការអីកូន តើកូនជាកូនមួយណា?»។ ១៩ យ៉ាកុបឆ្លើយទៅឪពុកថា៖ «ខ្ញុំជាអេសាវកូនច្បងរបស់លោកឪពុក+ ខ្ញុំបានធ្វើតាមបង្គាប់លោកឪពុករួចហើយ។ សូមលោកឪពុកក្រោកអង្គុយ ហើយអញ្ជើញពិសាសាច់ដែលកូនបរបាញ់បាន ដើម្បីលោកឪពុកឲ្យពរដល់កូន»។+ ២០ អ៊ីសាកបានសួរកូនថា៖ «ម្ដេចក៏កូនរកសត្វបានលឿនម្ល៉េះ?»។ យ៉ាកុបឆ្លើយថា៖ «ដោយសារព្រះយេហូវ៉ាជាព្រះរបស់លោកឪពុកបាននាំវាមកឲ្យកូន»។ ២១ រួចមក អ៊ីសាកក៏និយាយទៅកាន់យ៉ាកុបថា៖ «សូមកូនចូលមកជិតពុក ដើម្បីឲ្យពុកស្ទាបមើលថាកូនជាអេសាវកូនពុក មែនឬមិនមែន?»។+ ២២ ដូច្នេះ យ៉ាកុបបានចូលទៅជិតអ៊ីសាកជាឪពុក ហើយអ៊ីសាកក៏ស្ទាបយ៉ាកុប រួចនិយាយថា៖ «សំឡេងជាសំឡេងយ៉ាកុបទេ តែដៃជាដៃរបស់អេសាវ»។+ ២៣ អ៊ីសាកមិនអាចសម្គាល់យ៉ាកុបបានទេ ព្រោះដៃយ៉ាកុបមានរោមច្រើនដូចជាដៃរបស់អេសាវបងគាត់។ ដូច្នេះ អ៊ីសាកក៏ឲ្យពរដល់យ៉ាកុបទៅ។+
២៤ ក្រោយនោះ អ៊ីសាកសួរថា៖ «តើកូនពិតជាអេសាវកូនពុក មែនឬ?»។ យ៉ាកុបបានឆ្លើយថា៖ «បាទពុក!»។ ២៥ រួចអ៊ីសាកនិយាយថា៖ «ចូរកូនយកសាច់សត្វដែលកូនបានបរបាញ់ មកឲ្យពុកពិសា រួចពុកនឹងឲ្យពរកូន»។ យ៉ាកុបលើកម្ហូបមកជូនឪពុក ហើយអ៊ីសាកក៏ពិសាទៅ។ យ៉ាកុបថែមទាំងយកស្រាទំពាំងបាយជូរមកជូនឪពុកគាត់ពិសាផងដែរ។ ២៦ បន្ទាប់មក អ៊ីសាកនិយាយទៅកាន់យ៉ាកុបថា៖ «ចូរកូនចូលមកជិត ហើយថើបពុក»។+ ២៧ ដូច្នេះ យ៉ាកុបបានចូលទៅជិតឪពុក ហើយថើបគាត់។ អ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់អេសាវ+ ហើយគាត់បានឲ្យពរដោយនិយាយថា៖
«ក្លិនកូនខ្ញុំគឺដូចជាក្លិននៅឯវាល ដែលព្រះយេហូវ៉ាបានឲ្យពរ។ ២៨ សូមឲ្យព្រះពិតផ្ដល់ឲ្យកូននូវសន្សើមពីលើមេឃ+ ដីដែលមានជីជាតិ+ ព្រមទាំងស្រូវនិងស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូរ។+ ២៩ សូមឲ្យមនុស្សទាំងឡាយបម្រើកូន ហើយឲ្យប្រជាជាតិនានាឱនគោរពចំពោះកូន។ កូននឹងធ្វើជាចៅហ្វាយលើបងប្អូនរបស់កូន ឯកូនដែលកើតចេញពីផ្ទៃម្ដាយរបស់កូន ក៏ឱនគោរពចំពោះកូនដែរ។+ អ្នកណាដែលដាក់បណ្ដាសាកូន អ្នកនោះនឹងត្រូវបណ្ដាសា តែអ្នកណាដែលឲ្យពរកូន អ្នកនោះនឹងទទួលពរវិញ»។+
៣០ ពេលអ៊ីសាកបានឲ្យពរយ៉ាកុបរួចរាល់ហើយ យ៉ាកុបក៏ចាកចេញទៅ។ ភ្លាមនោះ អេសាវបានត្រឡប់មកពីបរបាញ់សត្វវិញ។+ ៣១ អេសាវក៏បានយកសាច់សត្វនោះទៅធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ រួចយកទៅជូនឪពុក ហើយនិយាយថា៖ «លោកឪពុក! សូមក្រោកឡើងបរិភោគសាច់សត្វដែលកូនបរបាញ់បាន ដើម្បីលោកឪពុកឲ្យពរកូន»។ ៣២ ឮដូច្នេះ អ៊ីសាកសួរថា៖ «តើកូនជាកូនមួយណា?»។ អេសាវឆ្លើយថា៖ «ខ្ញុំជាអេសាវ ជាកូនច្បងរបស់លោកឪពុក»។+ ៣៣ អ៊ីសាកនិយាយទាំងញ័រខ្លួនថា៖ «ចុះអ្នកណាទើបតែយកសាច់មកឲ្យពុកអម្បាញ់មិញនេះ? មុនកូនមកដល់ ពុកបានបរិភោគរួចហើយ ថែមទាំងបានឲ្យពរដល់គាត់ទៀតផង។ ដូច្នេះ គាត់នឹងទទួលពរទាំងនោះជាក់ជាពុំខាន!»។
៣៤ ពេលឮដូច្នេះ អេសាវបានស្រែកឡើងទាំងឈឺចិត្តជាខ្លាំង ហើយនិយាយទៅឪពុកថា៖ «លោកឪពុកអើយ! សូមឲ្យពរខ្ញុំផង»។+ ៣៥ ប៉ុន្តែ អ៊ីសាកបាននិយាយថា៖ «ប្អូនរបស់កូនបានមកបញ្ឆោតពុក ដើម្បីគាត់អាចទទួលពររបស់កូន»។ ៣៦ អេសាវបានតបថា៖ «គាត់ឈ្មោះយ៉ាកុប*នោះត្រូវហើយ ព្រោះគាត់បានដណ្ដើមយកពីខ្ញុំអស់ពីរលើក។+ លើកមុនគឺសិទ្ធិកូនច្បង+ ហើយលើកនេះគឺពររបស់ខ្ញុំ!»។+ អេសាវបានបន្ថែមថា៖ «តើលោកឪពុកមានបម្រុងទុកពរណាមួយឲ្យខ្ញុំទេ?»។ ៣៧ ប៉ុន្តែ អ៊ីសាកបានឆ្លើយទៅអេសាវថា៖ «ពុកបានឲ្យគាត់ធ្វើជាចៅហ្វាយលើកូន+ ហើយបងប្អូនគាត់ទាំងអស់នឹងធ្វើជាអ្នកបម្រើគាត់។ ពុកបានឲ្យពរគាត់មានស្រាទំពាំងបាយជូរថ្មីនិងស្រូវជាបរិបូរ។+ កូនអើយ! ពុកគ្មានសល់ពរណាសម្រាប់កូនទេ»។
៣៨ អេសាវនិយាយទៅកាន់ឪពុកថា៖ «លោកឪពុក! តើពិតជាគ្មានសល់ពរណាមួយសម្រាប់កូនមែនឬ? សូមឲ្យពរកូនផងលោកឪពុក!»។ រួចអេសាវបានស្រែកយំយ៉ាងខ្លាំង។+ ៣៩ ដូច្នេះ អ៊ីសាកបានឆ្លើយទៅអេសាវថា៖
«កូននឹងរស់នៅលើដីដែលគ្មានជីជាតិ និងគ្មានទឹកសន្សើមពីលើមេឃ។+ ៤០ កូននឹងរស់ដោយដាវ+ ហើយកូននឹងបម្រើប្អូនរបស់កូន។+ ប៉ុន្តែ ពេលកូនទ្រាំលែងបាន កូននឹងបំបាក់នឹមនោះចេញពីក»។+
៤១ ហេតុនេះ អេសាវបានចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុកគាត់បានឲ្យ+ ហើយអេសាវបន្តគិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុកខ្ញុំជិតមកដល់ហើយ។+ ក្រោយថ្ងៃនោះ ខ្ញុំនឹងសម្លាប់យ៉ាកុបចោល»។ ៤២ ក្រោយមក មានគេដឹងអំពីរឿងនេះ ហើយក៏នាំទៅប្រាប់រេបិកា។ ភ្លាមនោះ នាងក៏បានចាត់គេឲ្យទៅហៅយ៉ាកុបឲ្យមកជួប ហើយប្រាប់គាត់ថា៖ «មើល! អេសាវបងកូន មានបំណងសម្លាប់កូនដើម្បីសងសឹកហើយ។ ៤៣ ចូរកូនធ្វើតាមម្ដាយ ហើយប្រញាប់ធ្វើដំណើរទៅផ្ទះរបស់ឡាបាន់បងប្រុសរបស់ម្ដាយនៅឯហារ៉ានទៅ។+ ៤៤ ចូរកូនស្នាក់នៅទីនោះមួយរយៈ រហូតដល់បងប្រុសរបស់កូនស្ងប់កំហឹង ៤៥ ពេលបងប្រុសកូនភ្លេចអំពីរឿងនោះហើយ ម្ដាយនឹងចាត់គេឲ្យទៅនាំកូនត្រឡប់មកវិញ។ ម្ដាយមិនចង់បាត់បង់កូនទាំងពីរនៅថ្ងៃតែមួយនោះទេ»។
៤៦ ក្រោយពីនោះ រេបិកាតែងតែនិយាយទៅកាន់អ៊ីសាកថា៖ «ខ្ញុំឆ្អែតចិត្តនឹងកូនស្រីជនជាតិហេតទាំងនេះណាស់។+ បើយ៉ាកុបរៀបការជាមួយនឹងស្ត្រីជនជាតិហេតទៀត ដូចស្ត្រីក្នុងស្រុកនេះ ឲ្យខ្ញុំស្លាប់ទៅល្អជាង!»។+