សៀវភៅសាំយូអែលទី២
១៨ ក្រោយមក ដាវីឌរាប់ចំនួនពួកបុរសដែលនៅជាមួយនឹងគាត់ ហើយគាត់បានតែងតាំងមេលើបុរស១០០នាក់ និងមេលើបុរស១.០០០នាក់ ឲ្យគ្រប់គ្រងលើពួកគេ។+ ២ ដាវីឌបានចែកពលទ័ពជា៣កង។ កងទី១នៅក្រោមការគ្រប់គ្រងរបស់យ៉ូអាប់។+ កងទី២នៅក្រោមការគ្រប់គ្រងរបស់អាប៊ីសាយ+ដែលជាបងប្រុសយ៉ូអាប់ និងជាកូនប្រុសសេរូយ៉ា។+ កងទី៣នៅក្រោមការគ្រប់គ្រងរបស់អ៊ីតថាយ+ជាអ្នកក្រុងកាថ។ រួចស្ដេចប្រាប់ពួកគេថា៖ «ខ្ញុំនឹងចេញទៅច្បាំងជាមួយនឹងអ្នករាល់គ្នាដែរ»។ ៣ ប៉ុន្តែ ពួកគេនិយាយថា៖ «លោកមិនត្រូវទៅទេ+ ព្រោះទោះជាពួកយើងរត់បាក់ទ័ព ឬស្លាប់អស់ពាក់កណ្ដាលក៏ដោយ យើងគ្មានន័យអ្វីសម្រាប់ពួកសត្រូវឡើយ។ តែលោកវិញ លោកមានតម្លៃស្មើនឹងពួកយើង១០.០០០នាក់។+ ហេតុនេះ គឺប្រសើរជាងបើលោកនៅក្នុងក្រុង ចាំផ្ដល់ជំនួយឲ្យយើង»។ ៤ ស្ដេចនិយាយថា៖ «បើអ្នករាល់គ្នាយល់ថាធ្វើដូចនេះល្អជាង ខ្ញុំនឹងធ្វើតាម»។ ដូច្នេះ ស្ដេចឈរក្បែរទ្វារកំពែងក្រុង ដើម្បីមើលពួកបុរសទាំងអស់ដង្ហែគ្នារាប់រយរាប់ពាន់នាក់ចេញទៅច្បាំង។ ៥ រួចមក ស្ដេចបញ្ជាយ៉ូអាប់ អាប៊ីសាយ និងអ៊ីតថាយថា៖ «កុំសម្លាប់អាប់សាឡំកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំឡើយ»។+ ពួកបុរសទាំងអស់ក៏បានឮដែរ ពេលស្ដេចចេញបញ្ជាដល់មេទ័ពទាំងប៉ុន្មាននោះ។
៦ ពួកបុរសរបស់ដាវីឌបានចេញទៅសមរភូមិ ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល។ ពួកគេច្បាំងគ្នានៅក្នុងព្រៃអេប្រាអ៊ីម។+ ៧ ពួកអ៊ីស្រាអែល+បានចាញ់ទាហានរបស់ដាវីឌ។+ ថ្ងៃនោះ មនុស្សច្រើនណាស់បានត្រូវសម្លាប់ គឺអស់ចំនួន២០.០០០នាក់។ ៨ ការប្រយុទ្ធគ្នាបានរាលដាលពេញពាសតំបន់នោះ ហើយនៅថ្ងៃនោះអ្នកដែលស្លាប់ដោយគ្រោះថ្នាក់នៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលបានត្រូវសម្លាប់។
៩ នៅទីបំផុត អាប់សាឡំក៏ប្រទះពួកទាហានរបស់ដាវីឌ។ ពេលនោះ អាប់សាឡំកំពុងជិះសត្វលាគេចខ្លួន។ សត្វលានោះបានទៅក្រោមដើមឈើធំមួយដែលមានមែកសាងញ៉ាង ស្រាប់តែសក់របស់អាប់សាឡំទាក់ជាប់នឹងដើមឈើនោះ។ ឯសត្វលាបានទៅបាត់ ទុកឲ្យគាត់នៅជាប់នឹងដើមឈើផុតជើងពីដី។ ១០ បន្ទាប់មក មានបុរសម្នាក់បានឃើញអាប់សាឡំ រួចទៅប្រាប់យ៉ូអាប់ថា៖+ «មើល! ខ្ញុំឃើញអាប់សាឡំនៅជាប់នឹងដើមឈើធំមួយ»។ ១១ យ៉ូអាប់និយាយទៅបុរសនោះថា៖ «បើអ្នកឃើញគាត់ ហេតុអ្វីអ្នកមិនសម្លាប់គាត់ចោលនៅនឹងកន្លែងតែម្ដងទៅ? នោះខ្ញុំច្បាស់ជាឲ្យ១០កាក់ធ្វើពីប្រាក់និងខ្សែក្រវាត់មួយជារង្វាន់ដល់អ្នក»។ ១២ ប៉ុន្តែ បុរសនោះនិយាយទៅយ៉ូអាប់វិញថា៖ «ទោះជាអ្នកឲ្យខ្ញុំ១.០០០កាក់ធ្វើពីប្រាក់ក៏ដោយ ក៏ខ្ញុំមិនហ៊ានលើកដៃសម្លាប់កូនប្រុសរបស់ស្ដេចដែរ ព្រោះយើងបានឮស្ដេចបញ្ជាអ្នក អាប៊ីសាយ និងអ៊ីតថាយថា៖ ‹កុំឲ្យអ្នកណាម្នាក់សម្លាប់អាប់សាឡំឡើយ›។+ ១៣ បើខ្ញុំមិនធ្វើតាមបញ្ជានោះ ហើយសម្លាប់កូនប្រុសរបស់ស្ដេច រឿងនោះច្បាស់ជាដឹងដល់ស្ដេចជាមិនខាន ហើយអ្នកគ្មានថ្ងៃការពារខ្ញុំឡើយ»។ ១៤ យ៉ូអាប់និយាយថា៖ «ខ្ញុំមិនចង់ខាតពេលជាមួយនឹងអ្នកទៀតទេ!»។ រួចមក យ៉ូអាប់យកព្រួញ*៣ដើមទៅចាក់ទម្លុះបេះដូងរបស់អាប់សាឡំទាំងរស់ កាលដែលអាប់សាឡំនៅជាប់នឹងដើមឈើធំនោះនៅឡើយ។ ១៥ ក្រោយមក អ្នកកាន់គ្រឿងចម្បាំង១០នាក់របស់យ៉ូអាប់បានមក ហើយព្រួតគ្នាប្រហារអាប់សាឡំរហូតដល់គាត់ស្លាប់។+ ១៦ បន្ទាប់មក យ៉ូអាប់ផ្លុំស្នែងហៅពលទ័ព។ ដូច្នេះ ពួកគេក៏ឈប់ដេញតាមពួកអ៊ីស្រាអែល ហើយត្រឡប់មកវិញ។ ១៧ ពួកគេយកសាកសពអាប់សាឡំទៅបោះទម្លាក់ក្នុងរណ្ដៅធំមួយនៅក្នុងព្រៃ ហើយយកថ្មយ៉ាងច្រើនទៅចាក់គរពីលើសពគាត់។+ រីឯពួកអ៊ីស្រាអែលទាំងអស់ដែលបានចេញទៅច្បាំង ក៏រត់គេចទៅផ្ទះរៀងៗខ្លួនវិញ។
១៨ ពេលអាប់សាឡំនៅរស់ គាត់បានឲ្យគេសង់បង្គោលថ្មមួយទុកសម្រាប់គាត់នៅជ្រលងភ្នំស្ដេច+ ព្រោះគាត់ពោលថា៖ «ខ្ញុំមិនមានកូនប្រុសដើម្បីបន្តវង្សត្រកូលរបស់ខ្ញុំទេ»។+ ដូច្នេះ គាត់បានដាក់ឈ្មោះបង្គោលនោះតាមឈ្មោះគាត់ ហើយគេក៏ហៅបង្គោលនោះថា បង្គោលថ្មអាប់សាឡំរហូតមកដល់សព្វថ្ងៃ។
១៩ អាហ៊ីមម៉ាអេស+កូនប្រុសសេដុកនិយាយថា៖ «សូមឲ្យខ្ញុំរត់ទៅប្រាប់ស្ដេចអំពីដំណឹងនេះ ព្រោះព្រះយេហូវ៉ាបានផ្ដល់យុត្តិធម៌ដល់ស្ដេចដោយរំដោះស្ដេចពីពួកសត្រូវ»។+ ២០ ប៉ុន្តែ យ៉ូអាប់បដិសេធថា៖ «ថ្ងៃនេះមិនមែនអ្នកទេដែលត្រូវនាំដំណឹង។ អ្នកអាចនាំដំណឹងនៅថ្ងៃផ្សេងទៀត តែថ្ងៃនេះអ្នកមិនត្រូវនាំដំណឹងទៅទេ ពីព្រោះកូនប្រុសរបស់ស្ដេចផ្ទាល់បានស្លាប់»។+ ២១ បន្ទាប់មក យ៉ូអាប់បញ្ជាបុរសម្នាក់ជាជនជាតិគូសថា៖+ «ចូរអ្នកទៅប្រាប់ស្ដេចនូវអ្វីដែលអ្នកបានឃើញ»។ បុរសនោះឱនគោរពយ៉ូអាប់ រួចរត់ចេញទៅ។ ២២ អាហ៊ីមម៉ាអេសកូនប្រុសសេដុកបានសុំយ៉ូអាប់ម្ដងទៀតថា៖ «ទោះជាមានអ្វីកើតឡើងក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមបុរសជនជាតិគូស»។ យ៉ូអាប់តបថា៖ «តើអ្នករត់ទៅធ្វើអ្វី? ព្រោះគ្មានដំណឹងណាទៀតឲ្យអ្នកប្រាប់ស្ដេចទេ»។ ២៣ ប៉ុន្តែ អាហ៊ីមម៉ាអេសនៅតែទទូចសុំថា៖ «ទោះជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំទៅ»។ យ៉ូអាប់ប្រាប់ថា៖ «ទៅចុះ!»។ ដូច្នេះ អាហ៊ីមម៉ាអេសក៏រត់ទៅតាមផ្លូវតំបន់យ៉ូដាន់ ហើយមិនយូរក្រោយមក គាត់រត់ហួសបុរសជនជាតិគូស។
២៤ នៅពេលនោះ ដាវីឌកំពុងអង្គុយនៅរវាងទ្វារខាងក្នុងនិងទ្វារកំពែងក្រុង។+ អ្នកយាមម្នាក់+បានឡើងទៅលើខ្លោងទ្វារកំពែង ហើយងើបមុខទៅឃើញបុរសម្នាក់កំពុងរត់សំដៅមក។ ២៥ ឃើញដូច្នោះ អ្នកយាមនោះក៏ស្រែកប្រាប់ស្ដេច ហើយស្ដេចនិយាយថា៖ «បើគាត់មកតែម្នាក់ឯង នោះមានន័យថាគាត់នាំដំណឹងមក»។ កាលដែលបុរសនោះរត់មកកាន់តែជិត ២៦ អ្នកយាមនោះឃើញបុរសម្នាក់ទៀតរត់មក។ គាត់ក៏ស្រែកប្រាប់ឆ្មាំទ្វារថា៖ «មើល! មានបុរសម្នាក់ទៀតកំពុងរត់មក!»។ ស្ដេចនិយាយថា៖ «អ្នកនោះក៏នាំដំណឹងមកដែរ»។ ២៧ អ្នកយាមនោះនិយាយថា៖ «មើលទៅបុរសទី១ដែលរត់មកនេះ រត់ដូចអាហ៊ីមម៉ាអេស+កូនប្រុសសេដុក»។ ដូច្នេះ ស្ដេចនិយាយថា៖ «គាត់ជាមនុស្សល្អ គាត់ច្បាស់ជានាំដំណឹងល្អមក»។ ២៨ អាហ៊ីមម៉ាអេសស្រែកប្រាប់ស្ដេចថា៖ «ខ្ញុំមានដំណឹងល្អ!»។ រួចគាត់ក្រាបក្បាលដល់ដីនៅចំពោះមុខស្ដេច ហើយនិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ស្ដេចទទួលការសរសើរតម្កើង ព្រោះព្រះបានប្រគល់អស់អ្នកដែលបះបោរប្រឆាំងទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចជាម្ចាស់!»។+
២៩ ស្ដេចសួរថា៖ «តើអាប់សាឡំកូនប្រុសខ្ញុំយ៉ាងណាហើយ?»។ អាហ៊ីមម៉ាអេសឆ្លើយថា៖ «ពេលដែលយ៉ូអាប់ចាត់ខ្ញុំជាអ្នកបម្រើលោកនិងអ្នកបម្រើម្នាក់ទៀតឲ្យមក ខ្ញុំឃើញមានស្ថានភាពជ្រួលច្របល់ជាខ្លាំង តែខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេ»។+ ៣០ ដូច្នេះ ស្ដេចបង្គាប់គាត់ថា៖ «សូមឈរនៅម្ខាងសិន»។ គាត់ក៏ទៅឈរនៅម្ខាង។
៣១ រំពេចនោះ បុរសជនជាតិគូសក៏មកដល់+ ហើយជម្រាបស្ដេចថា៖ «សូមស្ដេចជាម្ចាស់មេត្តាជ្រាប នៅថ្ងៃនេះព្រះយេហូវ៉ាផ្ដល់យុត្តិធម៌ដល់ស្ដេច ដោយរំដោះស្ដេចឲ្យរួចពីកណ្ដាប់ដៃនៃអស់អ្នកដែលបះបោរប្រឆាំងលោកម្ចាស់»។+ ៣២ ប៉ុន្តែ ស្ដេចសួរបុរសជនជាតិគូសថា៖ «តើអាប់សាឡំកូនប្រុសខ្ញុំយ៉ាងណាហើយ?»។ បុរសជនជាតិគូសឆ្លើយថា៖ «សូមឲ្យសត្រូវទាំងអស់និងអស់អ្នកដែលបះបោរប្រឆាំងស្ដេចជាម្ចាស់ វិនាសទៅដូចបុរសនោះ!»។+
៣៣ ដំណឹងនោះបានធ្វើឲ្យស្ដេចក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។ គាត់បានឡើងទៅបន្ទប់ខាងលើខ្លោងទ្វារកំពែងក្រុង ហើយយំនៅទីនោះ។ គាត់ដើរបណ្ដើរយំបណ្ដើរ ទាំងពោលថា៖ «ឱអាប់សាឡំកូនអើយ កូនប្រុសពុក កូនអើយកូនអាប់សាឡំ! បើពុកស្លាប់វិញល្អជាង ឱអាប់សាឡំកូនប្រុសពុកអើយ!»។+