ចម្រៀងសរសើរព្រះ
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«កុំបំផ្លាញ»។ មីកថេម។* ទំនុករបស់ដាវីឌ ពេលគាត់រត់គេចពីសុលទៅលាក់ខ្លួនក្នុងរូងភ្នំ។+
៥៧ ឱព្រះអើយ សូមលោកបង្ហាញចិត្តមេត្តាករុណាចំពោះខ្ញុំសូមមេត្តាដល់ខ្ញុំផង
ព្រោះខ្ញុំបានពឹងជ្រកលោក+
ហើយខ្ញុំនឹងនៅក្រោមម្លប់នៃស្លាបរបស់លោករហូតដល់ទុក្ខលំបាកកន្លងផុតទៅ។+
២ ខ្ញុំស្រែកហៅព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺស្រែករកព្រះពិត ជាព្រះដែលបំបាត់ទុក្ខលំបាករបស់ខ្ញុំ។
៣ លោកនឹងចាត់ជំនួយពីស្ថានសួគ៌ ហើយសង្គ្រោះខ្ញុំ+
លោកនឹងទប់ស្កាត់មនុស្សដែលកំពុងវាយប្រហារខ្ញុំ។ (ស៊ីឡា)
ព្រះនឹងចាត់សេចក្ដីស្រឡាញ់*និងសេចក្តីស្មោះត្រង់របស់លោកមក។+
៤ ហ្វូងតោឡោមព័ទ្ធខ្ញុំជុំជិត+
ខ្ញុំដេកនៅកណ្ដាលក្រុមមនុស្សដែលចង់លេបត្របាក់ខ្ញុំ
ធ្មេញរបស់ពួកគេស្រួចដូចជាផ្លែព្រួញនិងលំពែង
ហើយអណ្ដាតរបស់ពួកគេមុតដូចជាមុខដាវ។+
៥ ឱព្រះអើយ សូមឲ្យលោកបានទទួលការលើកតម្កើងខ្ពស់ជាងមេឃ
សូមឲ្យសិរីរុងរឿងរបស់លោកមានពាសពេញផែនដី។+
៦ ពួកគេបានរៀបអន្ទាក់ចាំទាក់ជើងខ្ញុំ+
ខ្ញុំក្រាបដល់ដីដោយសារក្ដីទុក្ខព្រួយ+
ពួកគេបានជីករណ្ដៅនៅពីមុខខ្ញុំ
តែពួកគេបែរជាធ្លាក់ទៅក្នុងរណ្ដៅនោះវិញ។+ (ស៊ីឡា)
៧ ឱព្រះអើយ ចិត្តរបស់ខ្ញុំមិនប្រែប្រួលឡើយ+
ចិត្តរបស់ខ្ញុំមិនប្រែប្រួលឡើយ
ខ្ញុំនឹងច្រៀងជូនលោក ព្រមទាំងលេងភ្លេងផង។
៨ ឱចិត្ត*ខ្ញុំអើយ! ចូរភ្ញាក់ឡើង
ឱពិណនិងឧបករណ៍ភ្លេង*អើយ! ចូរភ្ញាក់ឡើង
ខ្ញុំនឹងក្រោកមុនថ្ងៃរះ។+
៩ ឱព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងតម្កើងលោកក្នុងចំណោមជនជាតិទាំងឡាយ+
១០ ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកធំធេងដូចវេហាស៍+
ហើយសេចក្ដីស្មោះត្រង់របស់លោកខ្ពស់ដល់មេឃា។
១១ ឱព្រះអើយ សូមឲ្យលោកបានទទួលការលើកតម្កើងខ្ពស់ជាងមេឃ
សូមឲ្យសិរីរុងរឿងរបស់លោកមានពាសពេញផែនដី។+