ប្រវត្តិហេតុទី២
១៦ នៅឆ្នាំទី៣៦នៃរាជ្យអេសា បាអាសា+ជាស្ដេចស្រុកអ៊ីស្រាអែលបានឡើងមកច្បាំងនឹងស្ដេចស្រុកយូដា ហើយគាត់ក៏បានសង់*ក្រុងរ៉ាម៉ា+ ដើម្បីរារាំងមិនឲ្យអ្នកណាចេញឬចូលទៅខាងអេសាស្ដេចស្រុកយូដាឡើយ។+ ២ នៅគ្រានោះ អេសាបានយកមាសប្រាក់ពីឃ្លាំងវិហាររបស់ព្រះយេហូវ៉ា+ និងពីឃ្លាំងវិមានរបស់ស្ដេច រួចចាត់ពួកអ្នកបម្រើរបស់គាត់ឲ្យយកទៅជូនបេនហាដាតជាស្ដេចស្រុកស៊ីរី+ ដែលអាស្រ័យនៅក្រុងដាម៉ាស់។ អេសាបាននិយាយថា៖ ៣ «អ្នកនិងខ្ញុំមានកិច្ចព្រមព្រៀងរួចហើយ ដូចឪពុកអ្នកនិងឪពុកខ្ញុំដែរ។ ខ្ញុំបានផ្ញើមាសប្រាក់ជាអំណោយដល់អ្នក។ ដូច្នេះ សូមផ្ដាច់កិច្ចព្រមព្រៀងជាមួយនឹងស្ដេចបាអាសាទៅ ដើម្បីឲ្យគាត់ដកថយចេញពីខ្ញុំ»។
៤ បេនហាដាតក៏បានធ្វើតាមស្ដេចអេសា ហើយបានចាត់ពួកមេទ័ពឲ្យទៅច្បាំងនឹងបណ្ដាក្រុងនៅស្រុកអ៊ីស្រាអែល។ ពួកគេបានវាយឈ្នះក្រុងអ៊ីយ៉ូន+ ក្រុងដាន់+ ក្រុងអេបិលម៉េម និងក្រុងទាំងអស់ដែលជាឃ្លាំងក្នុងទឹកដីណែបថាលី។+ ៥ ពេលបាអាសាបានឮដំណឹងនេះ ភ្លាមនោះគាត់ក៏ឈប់សង់ក្រុងរ៉ាម៉ា។ ៦ រួចមក ស្ដេចអេសាបានប្រមូលពួកយូដាទាំងអស់ឲ្យមកលីថ្មនិងឈើពីក្រុងរ៉ាម៉ា+ដែលបាអាសាបានប្រើដើម្បីសាងសង់។+ ស្ដេចអេសាក៏បានយករបស់ទាំងនោះទៅសាងសង់*ក្រុងកេបា+និងក្រុងមីសប៉ា។+
៧ នៅពេលនោះ ហាណាណៃ+ជាអ្នកមើលធ្លុះបានទៅជួបអេសាជាស្ដេចស្រុកយូដា ហើយប្រាប់គាត់ថា៖ «ដោយសារអ្នកបានពឹងផ្អែកលើស្ដេចស្រុកស៊ីរីជាជាងពឹងផ្អែកលើព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះកងទ័ពស៊ីរីបានរួចពីកណ្ដាប់ដៃអ្នកហើយ។+ ៨ នៅចាំទេ ពួកអេត្យូពីនិងពួកលីប៊ីមានកងទ័ពដ៏ធំ រួមទាំងរទេះចម្បាំងនិងទាហានសេះជាច្រើន។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នក ព្រោះអ្នកបានពឹងផ្អែកលើលោក។+ ៩ ព្រោះព្រះយេហូវ៉ាមើលជុំវិញផែនដី+ ហើយប្រើកម្លាំងរបស់លោកដើម្បីជួយអស់អ្នកដែលបម្រើលោកដោយស្មោះអស់ពីចិត្ត។+ នៅលើកនេះអ្នកបានប្រព្រឹត្តល្ងង់ខ្លៅណាស់ ដូច្នេះ ចាប់ពីពេលនេះតទៅ ស្រុកអ្នកនឹងមានសង្គ្រាមជានិច្ច»។+
១០ លុះឮដូច្នោះ អេសាបានខឹងយ៉ាងខ្លាំង ហើយក៏បញ្ជាគេឲ្យចាប់ហាណាណៃដាក់គុក។ នៅគ្រានោះ អេសាបានធ្វើបាបបណ្ដាជនទាំងឡាយ។ ១១ ឯកិច្ចការទាំងប៉ុន្មានដែលអេសាបានធ្វើតាំងពីដើមដល់ចប់ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅនៃបណ្ដាស្ដេចស្រុកយូដានិងបណ្ដាស្ដេចស្រុកអ៊ីស្រាអែល។+
១២ នៅឆ្នាំទី៣៩នៃរាជ្យអេសា គាត់មានជំងឺធ្ងន់ធ្ងរនៅជើង។ ទោះជាយ៉ាងនោះក៏ដោយ គាត់មិនបានសុំជំនួយពីព្រះយេហូវ៉ាទេ តែបែរជារកពួកគ្រូដើម្បីព្យាបាលវិញ។ ១៣ ក្រោយមក អេសាបានស្លាប់+នៅឆ្នាំទី៤១នៃរាជ្យរបស់គាត់ ហើយគាត់បានត្រូវបញ្ចុះជាមួយនឹងបុព្វបុរសរបស់គាត់។ ១៤ គេបានបញ្ចុះសពគាត់នៅក្នុងផ្នូរប្រណីតដ៏ធំមួយដែលគាត់បានឲ្យគេដាប់នៅក្រុងដាវីឌ+ ហើយគេបានតម្កល់សពគាត់នៅលើគ្រែដែលមានពេញដោយគ្រឿងក្រអូបនិងប្រេងក្រអូប។+ បន្ថែមទៅទៀត គេបានដុតគ្រឿងក្រអូបជាច្រើននៅក្នុងពិធីបុណ្យសពរបស់គាត់។