ដំណើរចាកចេញ
៣១ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្ថែមទៀតថា៖ ២ «មើល! ខ្ញុំបានជ្រើសរើសបេសាលែល+ជាកូនរបស់យូរ៉ាយ ត្រូវជាចៅរបស់ហឺរដែលមកពីកុលសម្ព័ន្ធយូដា។+ ៣ ខ្ញុំនឹងឲ្យឫទ្ធានុភាពរបស់ខ្ញុំដល់គាត់ ព្រមទាំងឲ្យប្រាជ្ញា ការយល់ដឹង និងចំណេះសព្វគ្រប់ក្នុងការធ្វើអ្វីៗដោយដៃ។ ៤ គាត់នឹងចេះធ្វើក្បាច់រចនា ចេះធ្វើគ្រឿងផ្សេងៗពីមាស ពីប្រាក់ និងពីស្ពាន់។ ៥ គាត់ចេះច្នៃនិងដាំត្បូង+ ថែមទាំងចេះធ្វើឧបករណ៍ផ្សេងៗពីឈើផងដែរ។+ ៦ បន្ថែមទៅទៀត ខ្ញុំបានតែងតាំងអូហូលាភ+ជាកូនអាហ៊ីសាម៉ាក់ដែលមកពីកុលសម្ព័ន្ធដាន់ ឲ្យធ្វើជាជំនួយការគាត់។ ឯអស់អ្នកដែលមានជំនាញផ្សេងៗ ខ្ញុំនឹងឲ្យពួកគេមានប្រាជ្ញា ដើម្បីពួកគេអាចធ្វើតាមការណែនាំទាំងអស់ដែលអ្នកបានទទួលពីខ្ញុំ។+ ៧ អ្វីៗដែលត្រូវធ្វើនោះមានដូចតទៅ៖ ត្រសាលជំនុំ+ ហឹបនៃសេចក្ដីរំលឹក+និងគម្របហឹប+ ឧបករណ៍ទាំងអស់សម្រាប់ត្រសាល ៨ តុ+និងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងវា ជើងចង្កៀងធ្វើពីមាសសុទ្ធនិងប្រដាប់ប្រដារបស់វា+ ទីបូជាសម្រាប់ដុតគ្រឿងក្រអូប+ ៩ ទីបូជាសម្រាប់គ្រឿងបូជាដុត+និងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងវា អាងទឹកនិងជើងទ្រវា+ ១០ សម្លៀកបំពាក់ធ្វើពីក្រណាត់ត្បាញយ៉ាងល្អ សម្លៀកបំពាក់បរិសុទ្ធសម្រាប់អេរ៉ុន និងសម្លៀកបំពាក់សង្ឃសម្រាប់កូនប្រុសៗរបស់គាត់+ ១១ ព្រមទាំងប្រេងបរិសុទ្ធ និងគ្រឿងក្រអូបសម្រាប់ទីបរិសុទ្ធ។+ ពួកគេនឹងធ្វើតាមការណែនាំទាំងអស់ដែលអ្នកបានទទួលពីខ្ញុំ»។
១២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេទៀតថា៖ ១៣ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាត្រូវកាន់តាមថ្ងៃឈប់សម្រាករបស់ខ្ញុំយ៉ាងហ្មត់ចត់+ ព្រោះនេះជាសញ្ញាសម្គាល់រវាងខ្ញុំនិងអ្នករាល់គ្នានៅគ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំជាយេហូវ៉ា ជាអ្នកដែលញែកអ្នករាល់គ្នាជាបរិសុទ្ធ។ ១៤ អ្នករាល់គ្នាត្រូវកាន់តាមថ្ងៃឈប់សម្រាក ព្រោះថ្ងៃនោះជាថ្ងៃបរិសុទ្ធដល់អ្នករាល់គ្នា។+ អ្នកណាដែលបំពានច្បាប់ថ្ងៃឈប់សម្រាក អ្នកនោះនឹងត្រូវស្លាប់។ បើអ្នកណាម្នាក់ធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន។+ ១៥ ក្នុងរយៈពេល៦ថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន តែនៅថ្ងៃទី៧អ្នករាល់គ្នាត្រូវឈប់សម្រាកទាំងស្រុង+ ព្រោះថ្ងៃនោះជាថ្ងៃបរិសុទ្ធចំពោះព្រះយេហូវ៉ា។ អស់អ្នកដែលធ្វើការនៅថ្ងៃឈប់សម្រាកនឹងត្រូវស្លាប់។ ១៦ បណ្ដាជនអ៊ីស្រាអែលត្រូវកាន់តាមថ្ងៃឈប់សម្រាកនៅគ្រប់ជំនាន់តរៀងទៅ។ នេះជាកិច្ចព្រមព្រៀងដែលស្ថិតស្ថេរជាដរាប។ ១៧ ព្រោះក្នុងរយៈពេល៦ថ្ងៃ ព្រះយេហូវ៉ាបានបង្កើតមេឃនិងផែនដី។ នៅថ្ងៃទី៧ លោកបានសម្រាកពីកិច្ចការបង្កើត និងបានរីករាយពេញចិត្តនឹងស្នាដៃរបស់លោក។+ នេះជាសញ្ញាសម្គាល់រវាងខ្ញុំនិងបណ្ដាជនអ៊ីស្រាអែលជារៀងរហូតតទៅ›»។+
១៨ ក្រោយពីព្រះបានមានប្រសាសន៍ទៅកាន់ម៉ូសេនៅភ្នំស៊ីណាយចប់សព្វគ្រប់ហើយ លោកក៏បានឲ្យបន្ទះថ្មពីរដល់គាត់ គឺជាបន្ទះថ្មនៃសេចក្ដីរំលឹក+ដែលលោកបានសរសេរដោយម្រាមដៃរបស់លោក។+