ជំរឿនបណ្ដាជន
៩ នៅខែទី១ ក្នុងឆ្នាំទី២ ក្រោយពីជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនៅតំបន់ស្ងាត់ជ្រងំស៊ីណាយ+ ដូចតទៅនេះថា៖ ២ «បណ្ដាជនអ៊ីស្រាអែលត្រូវរៀបចំធ្វើបុណ្យរំលង+នៅពេលដែលបានត្រូវកំណត់+ ៣ គឺនៅល្ងាច*ថ្ងៃទី១៤ ក្នុងខែនេះ។ អ្នកត្រូវរៀបចំធ្វើបុណ្យរំលងស្របតាមច្បាប់និងការណែនាំគ្រប់ជំពូក»។+
៤ ដូច្នេះ ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលឲ្យរៀបចំធ្វើបុណ្យរំលង។ ៥ ហេតុនេះ នៅល្ងាចថ្ងៃទី១៤ ក្នុងខែទី១ ពួកគេបានរៀបចំធ្វើបុណ្យរំលងនៅតំបន់ស្ងាត់ជ្រងំស៊ីណាយ ស្របតាមបង្គាប់ទាំងប៉ុន្មានរបស់ព្រះយេហូវ៉ាតាមរយៈម៉ូសេ។
៦ នៅថ្ងៃនោះ អ្នកខ្លះបានទៅជាមិនស្អាតបរិសុទ្ធ ដោយសារបានប៉ះសាកសព។+ ដូច្នេះ ពួកគេមិនអាចរៀបចំធ្វើបុណ្យរំលងទេ។ នៅថ្ងៃដដែលនោះ ពួកគេបាននាំគ្នាទៅជួបម៉ូសេនិងអេរ៉ុន។+ ៧ ពួកគេបាននិយាយទៅកាន់ម៉ូសេថា៖ «ពួកយើងបានទៅជាមិនស្អាតបរិសុទ្ធ ដោយសារបានប៉ះសាកសព តើនេះមានន័យថាយើងត្រូវខកខានជូនគ្រឿងបូជាដល់ព្រះយេហូវ៉ានៅពេលកំណត់ជាមួយនឹងបណ្ដាជនអ៊ីស្រាអែលឬ?»។+ ៨ ម៉ូសេបានប្រាប់ពួកគេថា៖ «សូមចាំនៅទីនេះសិន ខ្ញុំនឹងទៅសួរព្រះយេហូវ៉ាឲ្យអ្នករាល់គ្នា»។+
៩ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ ១០ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹ចាប់ពីអ្នករាល់គ្នារហូតដល់ជំនាន់ក្រោយៗ បើអ្នកណាម្នាក់ទៅជាមិនស្អាតបរិសុទ្ធ ដោយសារបានប៉ះសាកសព+ ឬត្រូវធ្វើដំណើរទៅឆ្ងាយ នោះគាត់នៅតែត្រូវរៀបចំធ្វើបុណ្យរំលងជូនព្រះយេហូវ៉ា។ ១១ ពួកគេត្រូវរៀបចំធ្វើបុណ្យរំលងនៅល្ងាចថ្ងៃទី១៤ ក្នុងខែទី២។+ ពួកគេត្រូវបរិភោគសាច់ចៀមនៃបុណ្យរំលងជាមួយនំឥតដំបែនិងបន្លែល្វីង។+ ១២ ពួកគេមិនត្រូវបំបាក់ឆ្អឹងចៀមនោះទេ+ ហើយក៏មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹកដែរ។+ ពួកគេត្រូវរៀបចំធ្វើបុណ្យរំលង ស្របតាមការណែនាំទាំងអស់អំពីបុណ្យនោះ។ ១៣ ប៉ុន្តែ បើអ្នកណាម្នាក់ស្អាតបរិសុទ្ធ ហើយមិនត្រូវធ្វើដំណើរទៅឆ្ងាយ តែមិនរៀបចំធ្វើបុណ្យរំលងជូនព្រះយេហូវ៉ាតាមពេលកំណត់ទេ អ្នកនោះនឹងត្រូវកាត់ចេញពីជនរួមជាតិខ្លួន។+ គាត់ត្រូវទទួលទោសចំពោះកំហុសរបស់ខ្លួន។
១៤ «‹ឯជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា គាត់ក៏ត្រូវរៀបចំធ្វើបុណ្យរំលងជូនព្រះយេហូវ៉ា+ ស្របតាមច្បាប់និងការណែនាំអំពីបុណ្យនោះដែរ។+ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ដូចគ្នា ទាំងជនបរទេស ទាំងជនជាតិអ៊ីស្រាអែល›»។+
១៥ នៅថ្ងៃដែលគេដំឡើងត្រសាលជំនុំរួចរាល់ហើយ+ បង្គោលពពកបានមកស្ថិតនៅលើត្រសាលជំនុំ គឺត្រសាលដែលមានហឹបនៃសេចក្ដីរំលឹក។ ប៉ុន្តែ នៅពេលល្ងាច បង្គោលពពកនោះមើលទៅដូចជាបង្គោលភ្លើង ហើយស្ថិតនៅលើត្រសាលជំនុំរហូតដល់ព្រឹក។+ ១៦ នៅពេលថ្ងៃ បង្គោលពពកតែងស្ថិតនៅលើត្រសាលជំនុំ តែនៅពេលយប់ បង្គោលភ្លើងតែងស្ថិតនៅលើនោះវិញ។+ ១៧ កាលណាបង្គោលពពកឡើងផុតពីត្រសាលជំនុំ បណ្ដាជនអ៊ីស្រាអែលធ្វើដំណើរចេញទៅភ្លាម+ ហើយនៅត្រង់កន្លែងណាដែលបង្គោលពពកឈប់ ពួកគេក៏បោះជំរំនៅទីនោះ។+ ១៨ បណ្ដាជនអ៊ីស្រាអែលតែងធ្វើដំណើរចេញទៅតាមបង្គាប់ព្រះយេហូវ៉ា ហើយក៏បោះជំរំតាមបង្គាប់ព្រះយេហូវ៉ាដែរ។+ ដរាបណាបង្គោលពពកស្ថិតនៅលើត្រសាលជំនុំ ដរាបនោះពួកគេស្នាក់នៅទីនោះ។ ១៩ ពេលបង្គោលពពកស្ថិតនៅលើត្រសាលជំនុំអស់ជាច្រើនថ្ងៃ បណ្ដាជនអ៊ីស្រាអែលធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយក៏ស្នាក់នៅទីនោះអស់ជាច្រើនថ្ងៃដែរ។+ ២០ ប៉ុន្តែ ពេលខ្លះបង្គោលពពកស្ថិតនៅលើត្រសាលជំនុំតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ហេតុនេះ បណ្ដាជនអ៊ីស្រាអែលតែងតែបោះជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយក៏តែងតែធ្វើដំណើរចេញទៅតាមបង្គាប់ព្រះយេហូវ៉ាដែរ។ ២១ ពេលខ្លះ បង្គោលពពកស្ថិតនៅលើត្រសាលជំនុំពីល្ងាចដល់ព្រឹកប៉ុណ្ណោះ។ ដូច្នេះ នៅពេលព្រឹក បង្គោលពពកក៏ឡើងផុតពីត្រសាលជំនុំ ហើយបណ្ដាជនក៏ធ្វើដំណើរចេញទៅ។ បើបង្គោលពពកឡើងផុតនៅពេលណា ពួកគេក៏ធ្វើដំណើរចេញទៅនៅពេលនោះដែរ ទោះជាយប់ឬថ្ងៃក្ដី។+ ២២ បើបង្គោលពពកស្ថិតនៅលើត្រសាលជំនុំអស់ពីរថ្ងៃ មួយខែ ឬយូរជាង បណ្ដាជនអ៊ីស្រាអែលក៏ស្នាក់នៅតាមរយៈពេលនោះដែរ។ ប៉ុន្តែ ពេលបង្គោលពពកនោះឡើងផុត ពួកគេត្រូវចេញដំណើរទៅ។ ២៣ បណ្ដាជនអ៊ីស្រាអែលតែងតែធ្វើដំណើរចេញទៅតាមបង្គាប់ព្រះយេហូវ៉ា ហើយក៏បោះជំរំតាមបង្គាប់ព្រះយេហូវ៉ាដែរ។ យ៉ាងនេះ ពួកគេបានធ្វើតាមការណែនាំដែលព្រះយេហូវ៉ាបានឲ្យម៉ូសេ គឺធ្វើតាមបង្គាប់ព្រះយេហូវ៉ាគ្រប់ជំពូក។